21427368_2010695109165320_7055090814070649128_o

ថ្ងៃសៅរិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ ពលរដ្ឋខ្មែរនៅ​ជុំវិញ​ពិភពលោក នៅ​អឺរ៉ុប អូស្ត្រាលី សហរដ្ឋ​អាមេរិក កាណាដា និង កូរ៉េ​ខាងត្បូង ធ្វើ​មហា​បាតុកម្ម​ដោយ​ឡែកពីគ្នា លើប្រធានបទ «ទាម​ទារ​ដោះ​លែង​លោក កឹម សុខា, បើក​ទូលាយ​លំហ​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន»។


ពលរដ្ឋខ្មែរនៅអឺរ៉ុប បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា

(09-9-2017 /អត្ថបទដោយ ម៉ែន ណាត)

ពលរដ្ឋខ្មែរនៅអឺរ៉ុប ប្រមាណ ៤០០​នាក់ ជួបជុំគ្នាក្រោមភ្លៀង​ក្រោម​ខ្យល់ នៅ​ទីលាន​សេរីភាព ទីក្រុង​​ប៉ារីស ប្រទេស​បារាំង ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យរដ្ឋាភិបាល ហ៊ុន សែន ដោះលែងលោក កឹម សុខា មេដឹកនាំ​បក្ស​ប្រឆាំង និង​ជា​​សមាជិរដ្ឋសភា ដោយ​​គ្មាន​​លក្ខខណ្ឌ ហើយ​ទាមទារ​ឲ្យ​មាន​ការបើក​សិទ្ធិ​ទូលាយ​ឡើង​វិញ នូវ​សេរីភាព​បញ្ចេញ​មតិ និង សេរីភាព​សារព័ត៌មាន នៅកម្ពុជា ដើម្បី​ធានា​ប្រក្រតីភាព ក្នុង​ដំណើរការ​បោះ​ឆ្នោត​ជាតិ ខែ​កក្កដា ឆ្នាំ២០១៨

ក្នុងសកម្មភាពចលនាបាតុកម្មនេះ មាន​ចូលរួម​ចម្រុះ​ដោយ​អង្គការ សមាគម និង​សកម្មជន​គណ​បក្ស​ប្រឆាំង ដែល​​​អម​ដោយ​សុន្ទរកថា​របស់​តំណាង​ពួក​គេ, មាន​លើក​ទង់ជាតិ​ខ្មែរ និង មាន​បដា ដែល​​សរសេរ​​​ជា​ភាសា​បារាំង ខ្មែរ និង អង់គ្លេសថា៖ «ដោះលែង កឹម សុខា»។ «កម្ពុជា ត្រូវការ​សភាព​អឺរ៉ុប ជួយ​អន្តរាគមន៍​ជា​បន្ទាន់»។ «ដោះ​លែង​អ្នកទោស​មនសិការ»។ «ហ៊ុន សែន ផ្តាច់ការ»។ «រដ្ឋាភិបាល ហ៊ុន សែន ត្រូវ​គោរព​កិច្ច​ព្រម​ព្រៀង​​ក្រុងប៉ារីស ១៩៩១» ជាដើម។ល។

ក្រុមបាតុករ អំពាវនាវ​ដល់​រដ្ឋាភិបាល​បារាំង ជា​សហ​ប្រធាន​ហត្ថលេខី នៃ​កិច្ច​ព្រម​ព្រម​ព្រៀង​ក្រុងប៉ារីស ១៩៩១ ហើយ​​និង​​សភាព​អឺរ៉ុប ត្រូវ​ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ការ​​បំបិទ​​សេរីភាព​​បញ្ចេញ​​មតិ និង​សេរីភាព​សារ​ព័ត៌មាន ជាពិសេស​ត្រូវ​ធ្វើ​យ៉ាង​ណា ជួយ​អន្តរាគមន៍ ដើម្បី​ដោះ​លែង​លោក កឹម សុខា មេដឹកនាំ​​បក្ស​​ប្រឆាំង​​ធំ​​ជាង​​គេ នៅ​កម្ពុជា។

ដោយឡែកនៅថ្ងៃនេះដែរ បងប្អូន​ខ្មែរ​នៅ អាល្លឺម៉ង់ ​ក៏​រៀបចំ​បាតុកម្ម ដូច​​ប្រធានបទ​ខាង​លើ ដោយ​ពួកគេ​ជួប​ជុំ​គ្នា​នៅ ទីក្រុង​ប៊ែឡាំង ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ដាក់​សម្ពាធ ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ដោះ​លែង​លោក កឹម សុខា។

ក្រុមបាករ បានប្រកាស​បន្ត​ធ្វើ​បាតុកម្ម នៅ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​​២០១៧ ម្តង​ទៀត ដែល​នឹង​ទៅ​ជួប​ជុំ​គ្នា នៅ​ខាង​​មុ​ខ​​ទីស្នាក់​ការ​សហភាព​អឺរ៉ុប មាន​​មូលដ្ឋាន​​នៅ​ប្រទេស បែលហ្ស៊ិក ផង។

គួរបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​ចាប់​ខ្លួន ដោយ​​​គ្មាន​​​ដីកា​ពី​តុលាការ​អ្វីទាំង​អស់ កាលពីយប់រំលងអាធ្រាត ចូល​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ខណៈ​ពេល​អភ័យ​ឯកសិទ្ធិ​ជា​សមាជិក​រដ្ឋសភា របស់​លោក នៅ​មាន​នៅ​​ឡើយ។ ក្រុម​អ្នក​ច្បាប់​ឯករាជ្យ អ្នក​ឃ្លាំមើល និង​សហគមន៍​អន្តរជាតិ រួម​មាន​អង្គការ​សហ​ប្រជាជាតិ និង​សហភា​អឺរ៉ុប បាន​​ហៅ​​ការ​​ចាប់​ខ្លួន​នោះ​​ថា «ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ មាត្រា​៨០ និង បំពាន​នីតិ​រដ្ឋបាល (ខុស​ម៉ោង​រដ្ឋបាល)»។ លោក កឹម សុខា ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ត្រពាំងផ្លុង (ព្រំ​ប្រទល់​យួន) ខេត្ត​ត្បូងឃ្មុំ៕

.