អត្ថបទ CWCI Cambodia / 09th-6-2020
សកម្មជនទាមទារសិទ្ធិសេរីភាពខ្មែរកម្ពុជាក្រោម បានយល់ស្របគ្នាថា ពលរដ្ឋខ្មែរក្រោម មិនបោះបង់ទឹកដីរបស់ខ្លួនដាច់ជាខាត ទោះត្រូវរងការធ្វើធ្វើទុក្ខបុកម្នេញ ពីរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមក៏ដោយ។ ពួកគេប្តេជ្ញាថា នៅតែតស៊ូរការពារ អត្តសញ្ញាណជាតិ ប្រពៃណី វប្បធម៌របស់ខ្លួន ដើម្បីទឹកដី និងកូនចៅជំនាន់ក្រោយរបស់ពួកគេ។ នេះបើតាមការលើកឡើងរបស់ក្រុមវាគ្មិន ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឺខេមបូឌា ឌែលី (The Cambodia Daily) កាលពីរាត្រីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។
ប្រធានសហព័ន្ធខ្មែរក្រោមពិភពលោក នៅប្រទេសកាណាដា លោក ថាច់ ងុក ថាច់ បានប្តេជ្ញាថា «នឹងស្វះស្វែងរកការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយទ្រទ្រង់ដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងធ្វើការតស៊ូប្រឆាំងទាមទារសិទ្ធិលើទឹកដីរបស់ខ្លួន ពីប្រទេសវៀតណាម»។ លោកបន្តថា ការជួយនិស្សិតបញ្ញវន្តខ្មែរក្រោម ឲ្យមានកម្រិតវប្បធម៌ខ្ពង់ខ្ពស់ ផ្នែកប្រវត្តិសាស្ត្រ ផ្លូវច្បាប់ និងនយោបាយការទូត ជាកម្លាំងចលករមួយ អាចឲ្យពួកគេមានសមត្ថភាពតស៊ូមតិស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងការទាមទារមាតុភូមិកំណើតរបស់ពួកគេ ត្រឡប់មកវិញ។
ចំណែកលោក ត្រឹង ម៉ាន់រិន ប្រធានផ្នែកផែនការរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម បានគូសបញ្ជាក់ថា «ចំណុចខ្លាំងរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម គឺត្រូវតែបន្តរក្សាអត្តសញ្ញាណជាតិ ព្រះពុទ្ធសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ហើយត្រូវបន្តប្រើប្រាស់ភាសា និងអក្សរសាស្រ្តខ្មែរ ឲ្យបានកាន់តែទូលំទូលាយថែមទៀត»។ លោកមានសុទិដ្ឋិនិយមថា កាលៈទេសៈនេះ ការប្រើអំពើហិង្សាដើម្បីទាមទារទឹកដី មិនមែនជាដំណោះស្រាយឡើយ ផ្ទុយទៅវិញ ការតស៊ូដោយប្រើវិធានការច្បាប់ជាតិ និងអន្តរជាតិ ទើបមានប្រសិទ្ធិភាព។
ជុំវិញការលើកឡើងនេះ លោក មាជ សុវណ្ណរ៉ា អតីតអ្នកទោសនយោបាយ បានផ្តល់អនុសាសន៍ថា «ប្រទេសកម្ពុជា អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទាមទារទឹកដីកម្ពុជាក្រោម ត្រឡប់មកវិញ ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ មានភស្តុតាងស្របច្បាប់គ្រប់គ្រាន់ តម្កល់នៅប្រទេសបារាំង និងអង្គការសហប្រជាជាតិ ដែលបញ្ជាក់ថា ទឹកដីកម្ពុជាក្រោម ជារបស់ខ្មែរ»។ ម្យ៉ាងវិញទៀត លោកក៏ងាកមករិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជារដ្ឋាភិបាលជាប់ខ្នោះនយោបាយជាមួយវៀតណាម ទើបបណ្តោយឲ្យវៀតណាម ឈ្លានពានកម្ពុជា មកទល់សព្វថ្ងៃ។
ទឹកដីកម្ពុជាក្រោម ជាដីសណ្តរស្ថិតនៅភាគខាងក្រោមនៃប្រទេសកម្ពុជា ដែលមាន ២១ ខេត្ត និង ទំហំប្រមាណ ៦៧៧០០ គីឡូម៉ែត្រក្រឡា ប្រហាក់ប្រហែលពាក់កណ្តាលនៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន។ «នៅថ្ងៃទី ០៤ ខែមិថុនា ១៩៤៩ សភាបារាំង បានអនុម័តកាត់ទឹកដីកម្ពុជាក្រោម ដែលហៅថាកូសាំងស៊ីន (Cochinchine) ទៅឲ្យវៀតណាម ដោយគ្មានការឯកភាពពីព្រះមហាក្សត្រខ្មែរ ក្នុងអំឡុងពេលបារាំង ដាក់អាណាព្យាបាលលើកម្ពុជានោះទេ»។
ចាប់តាំងពីទទួលសិទ្ធិគ្រប់គ្រងពីបារាំងមក វៀតណាមបានប្រើល្បិចកល ដើម្បីបំបាត់វប្បធម៌ អត្តសញ្ញាណខ្មែរ ជំនឿសាសនា រំលោភសិទ្ធិមនុស្ស ផ្លាស់ប្តូរទំនៀមទម្លាប់ប្រពៃណីខ្មែរ និងធ្វើទុក្ខបុកម្នេញចាប់ព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជា ដាក់ពន្ធនាគារ ហើយនិងបង្ក្រាបការប្រឆាំងតវ៉ាទាមទារសិទ្ធិជាជនជាតិដើមកំណើត។
សកម្មជនការពារសិទ្ធិខ្មែរក្រោម បានអះអាងថា ទឹកដីកម្ពុជាក្រោម មិនទាន់បាត់បង់ ឬជាកម្មសិទ្ធិផ្ដាច់មុខរបស់វៀតណាមនោះទេ។ ពួកគេអះអាងថា «ផ្អែកលើធម្មនុញ្ញនៃ អង្គការសហប្រជាជាតិឆ្នាំ ១៩៤៦ ដែលចែង មុនពេលបារាំងផ្ទេរទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមថា រដ្ឋណាមួយ ដែលខ្លួនឯងមិនមែនជាម្ចាស់ រដ្ឋនោះមិនអាចផ្ទេរសិទ្ធិឱ្យទៅភាគីណាមួយឡើយ»។
ថ្ងៃទី ០៤ មិថុនា ឆ្នាំ ២០២០ នេះ គឺជាខួប ៧១ ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រងបន្តពីអាណានិគមបារាំង។ អង្គការខ្មែរកម្ពុជាក្រោម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ នៅតាមគហដ្ឋាន តាមវត្តអារាមនានា ដើម្បីបង្ហាញពីការឈឺចាប់ និងចងចាំថ្ងៃជាប្រវត្តិសាស្ត្រមួយនេះ ដើម្បីសម្ដែងនូវកតញ្ញូតាធម៌ គារវកិច្ច ចំពោះវិញ្ញាណក្ខន្ធវីរបុរស ក្នុងបុព្វហេតុជាតិមាតុភូមិ៕
.