សកម្មជន​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ៤​នាក់ រួម​មាន​​លោក យ័ញ ម៉ិញក្វាង រស់នៅ​​ខេត្ត​​ឃ្លាំង, លោក ថាច់ កឿង លោក តោ ហ្វាងចឿង រស់នៅ​​ខេត្ត​​ព្រះត្រពាំង ​និង​លោកស្រី ឌិន ធីហ្វិន រស់នៅ​ខេត្ត​ឃ្លាំង។

គួរបញ្ជាក់ថា អាជ្ញាធរ​វៀតណាម បាន​ចាប់​ឃុំខ្លួន និង​គំរាមកំហែង​សកម្មជន​​សិទ្ធិ​មនុស្ស​​ខ្មែរ​ក្រោម ៩​នាក់ កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​កេង​​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​​លទ្ធិ​ប្រជា​ធិបតេយ្យ បំពាន​លើ​ផលប្រយោជន៍​​របស់​​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់ នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» តាម​​មាត្រា​ ៣៣១ នៃ​​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម។ ក្រោយ​ការ​សាកសួរ អាជ្ញាធរ​វៀតណាម នៅ​បន្ត​ឃុំខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​​ ៤​នាក់ រួមមាន​លោក យ័ញ ម៉ិញក្វាង រស់​នៅ​​ខេត្ត​​ឃ្លាំង លោក ថាច់ កឿង និង​លោក តោ ហ្វាងចឿង រស់​នៅ​​ខេត្ត​​ព្រះត្រពាំង។ ដោយឡែក អាជ្ញាធរ​វៀតណាម ​បាន​ឃុំខ្លួន សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរក្រោម​ជា​ស្ត្រី​ម្នាក់ទៀត គឺ​លោកស្រី ឌិន ធីហ្វិន រស់​នៅ​​ខេត្ត​​ឃ្លាំង កាលពី​ថ្ងៃទី​៣ ខែ​សីហា ក្រោម​បទ​ចោទ «​មិន​អនុវត្ត​តាម​សាលក្រម​របស់​​តុលាការ​» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី។ (វិទ្យុអាស៊ីសេរី RFA Khmer ថ្ងៃទី​១៣ សីហា ២០២៣)


The Cambodia Daily
14-8-2023

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ គ្រោង​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ពិភពលោក ​នៅ​មុខ​ស្ថាន​ទូត​​វៀតណាម ចាប់ពី​ថ្ងៃទី​២១ ខែ​សីហា ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ៤​នាក់​ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន ខណៈ​ពលរដ្ឋ​ខ្មែរក្រោម​ ក៏​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ក្នុង​ផ្ទះ។

ក្នុង​សេចក្ដី​ជូនដំណឹង​ស្ដីពី «មហា​បាតុកម្ម​ទូទាំង​ពិភពលោក» របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​ពេល​​ថ្មីៗ​​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​នៅ​មុខ​ស្ថានទូត​វៀតណាម ទាមទារ​ឲ្យ​របប​ក្រុង​ហាណូយ (Hanoi) ដោះលែង​សកម្មជន​​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ចំនួន​ ៤នាក់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

សហព័ន្ធ​ខ្មែរក្រោម​កម្ពុជា​ ដែល​ប្រកាស​ធ្វើ​មហា​បាតុកម្ម ក្នុង​នោះ​នៅ​ថ្ងៃទី​២១ ខែ​សីហា នឹង​ធ្វើ​នៅ​ក្នុង​រដ្ឋធានី Washington D.C នៃ​​សហរដ្ឋ​អាមេរិក ហើយ​នៅ​ថ្ងៃទី​១ ខែ​កញ្ញា នឹង​ធ្វើ​នៅ​ក្នុង​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។ ចំណែក​ថ្ងៃទី​២៥ ខែ​សីហា នឹង​ធ្វើ​បាតុកម្ម​នៅ​ខេត្ត Ontorio នៃ​ប្រទេស​កាណាដា ហើយ​​ថ្ងៃទី​២ ខែ​កញ្ញា សហព័ន្ធ​ខ្មែរក្រោម​នឹង​ធ្វើ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ ទ្វីប​អឺរ៉ុប។

ក្រៅពី​ទីតាំង​នេះ សហព័ន្ធ​ខ្មែរក្រោម​ អះអាង​ថា ការ​ធ្វើ​បាតុកម្ម​ក៏​មាន​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដែរ ដោយ​អ្នក​ចូល​រួម​​ការ​ទាមទារ​ពាក់​អាវយឺត មាន​រូប​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម ៤​រូប ដែល​ត្រូវ​សមត្ថកិច្ច​វៀតណាម ចាប់​ខ្លួន​ផង​ដែរ។

សកម្មជន​សិទ្ធិមនុស្ស​ទាំង ៤​រូប​ ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម និង​ឯកសារ​ស្ដីពី «សិទ្ធិ​ជនជាតិ​ដើម» របស់​អង្គការ​​សហប្រជាជាតិ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។

ក្រោយពី​អាជ្ញាធរ​វៀតណាម​ ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី​០១ ខែ​សីហា សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​ទាម​ទារ​​ឲ្យ​​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៤​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ បំពាន​ផល​ប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​​ស្រប​ច្បាប់​នៃ​អង្គការ​ចាត់តាំង និង​បុគ្គល» តាម​ច្បាប់​របស់​រដ្ឋាភិបាល​វៀតណាម និង​បញ្ឈប់​រាល់​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ខ្មែរក្រោម ដោយ​ចាត់ទុក​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​នេះ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំពាន​លើ​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​តាម​ផ្ទះ ដោយ​សរសេរ​ពាក្យ «ដោះ​លែង​​សកម្មជន​​សិទ្ធិ​មនុស្ស» ដោយ​ពាក់​អាវ​រូប​អ្នក​ទាំង ៤​រូប និង​បាន​ប្ដូរ​ប្រូហ្វាល់​ហ្វេសប៊ុក​ ដោយ​ដាក់​រូប​សកម្មជន​សិទ្ធិមនុស្ស​ទាំង ៤​រូប ដោយ​​ភ្ជាប់​ជាមួយ​នឹង​ការ​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ផង​ដែរ។

ទឹកដី​កម្ពុជា​ក្រោម​មាន​ផ្ទៃដី​ទំហំ ៦៧៧០០​គីឡូម៉ែត្រ​ក្រឡា ឬ​មាន​ចំនួន ២១​​ខេត្ត-ក្រុង ត្រូវ​បាន​រដ្ឋាភិបាល​អាណា​និគម​​បារាំង​ចុះ​ហត្ថលេខា​ប្រគល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម​ ត្រួតត្រា​បន្ត​ ដែល​ខ្មែរក្រោម​ចាត់ទុក​ថា​ខុស​ច្បាប់ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

ដែនដី​កម្ពុជា​ក្រោម ​ដែល​អាណានិគម​បារាំង​ហៅថា ​កូសាំងស៊ីន បច្ចុប្បន្ន​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ប៉ាន់​ប្រមាណ​ថា​ មាន​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ប្រមាណ​ជាង ៧​លាន​នាក់ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម ​តែង​អះអាង​ថា ខ្មែរក្រោម​មាន​ចំនួន​ប្រមាណ ១​លាន ៣​សែន​នាក់​ប៉ុណ្ណោះ៕