អត្ថបទដោយ TCD /03rd-7-2020
ព្រះសង្ឃនៃចលនាខ្មែរថាវរៈ មានថេរៈដីកាថា ព្រះសង្ឃមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមជួយកែតម្រូវសង្គម ឲ្យមានសីលធម៌ សច្ចធម៌ យុតិ្តធម៌ និងអហិង្សា ក្នុងការប្រព្រឹត្តបដិបត្តិរបស់ប្រជាពុទ្ធសាសនិកខ្មែរ។ ព្រះសង្ឃលើកឡើងថា ការចូលរួមក្នុងកិច្ចការសង្គម គឺស្របទៅនឹងពុទ្ធានុញ្ញាតិ ហើយក៏ស្របទៅនឹងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ព្រះតេជគុណព្រះនាម កើត សារ៉ាយ តំណាងព្រះសង្ឃខ្មែរថាវរៈ ដែលគង់នៅវត្តដំរីស ខេត្តបាត់ដំបង មានសង្ឃដីកាថា ព្រះពុទ្ធសាសនា ជាដួងព្រលឹង ដែលកប់ជ្រៅក្នុងបេះដូង ពលរដ្ឋខ្មែរគ្រប់រូប។ ហេតុដូច្នេះហើយទើបរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានប្រកាសយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះអង្គលើកឡើងថា ការជួយផ្សព្វផ្សាយធម៌របស់ព្រះសម្មាសម្ពុទ្ធ ទៅដល់ប្រជាជនខ្មែរ តាមរយៈអង្គការ សមាគមន៍ និងស្ថាប័ននានា ដើម្បីឲ្យប្រជាជនយល់កាន់តែច្បាស់ អំពីខ្លឹមសាររបស់ព្រះពុទ្ធសាសនា គឺជាកាតព្វកិច្ចរបស់ព្រះសង្ឃ ដែលត្រូវចូលរួមដោយមិនអាចខ្វះបាន។ ព្រះអង្គបន្តថា សីល ៥ ជាគោលធម៌ចម្បង ដើម្បីលុបបំបាត់អំពើហិង្សា ការជិះជាន់ អយុត្តិធម៌សង្គម ដូច្នេះក្នុងយុទ្ធនាការផ្សេងៗ តាមរយៈការហែរធម្មយាត្រា ការពារបរិស្ថាន ការជួយទាមទារសិទ្ធិសេរីភាព ជូនពលរដ្ឋស្លូតត្រង់ជាដើម សុទ្ធសឹងជាការបង្ហាញឆន្ទៈរបស់ព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គមជាតិ។ សង្ឃដីការបស់ព្រះតេជគុណ កើត សារ៉ាយ នេះ ធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) កាលពីរាត្រីថ្ងៃទី២៥ ខែមិថុនា កន្លងទៅនេះ។
ចំណែកព្រះតេជគុណព្រះនាម ភា រុណ មានសង្ឃដីកាថា ក្រៅអំពីការដឹកនាំពុទ្ធបរិស័ទ្ធបដិបត្តិតាមពុទ្ធឪវាទ ព្រះសង្ឃក៏អាចចូលរួមចំណែកក្នុងកិច្ចការប្រទេសជាតិ តាមរយៈការដឹកនាំពុទ្ធសាសនិកអភិវឌ្ឍសហគមន៍តូចធំ មានការសាងសង់សាលារៀន ជីកស្រះ អណ្តូងទឹក ធ្វើផ្លូវថ្នល់ ស្តារប្រឡាយទឹកជាដើម។ ស្របពេលគ្នានេះ ព្រះអង្គក៏បានសង្កេតឃើញផងដែរថា សកម្មភាពរបស់ព្រះសង្ឃ ក្នុងកិច្ចការសង្គមមិនត្រូវបានស្វាគមន៍ដោយមនុស្ស ដែលកំពុងកេងប្រវញ្ចប្រយោជន៍ជាតិ និងប្រជាជននោះទេ។
ចំណែកព្រះតេជគុណ កើត សារ៉ាយ មានថេរៈដីកាថា សេរីភាពក្នុងកិច្ចការសង្គម ការទាមទាររកយុតិ្តធម៌ សកម្មភាពមនុស្សធម៌ និងការតស៊ូមតិដោយអហិង្សារបស់ព្រះសង្ឃ ត្រូវបានអាជ្ញាធរ រឹតត្បិតយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ដោយអាជ្ញាធរយកលេសថា សកម្មភាពរបស់ព្រះសង្ឃ បានធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់កិត្តិយសរបស់ព្រះពុទ្ធសាសនា។
មាត្រា៤៩ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៤ របស់គណៈសង្ឃមហានិកាយ និងគណៈសង្ឃធម្មយុត្តិកនិកាយ ដែលមានសម្តេចព្រះសង្ឃរាជទាំងពីរគណៈ និងលោក មិន ឃិន (មរណភាពឆ្នាំ២០១៦) រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា កាលនោះ បានលើកឡើងពីព្រះរាជានុស្សវនកម្មវាចា (សេចក្តីណែនាំបន្ថែម) របស់គណៈសង្ឃទាំងពីរគណៈ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ និងច្បាប់រដ្ឋ ដូចមានចែងក្នុងច្បាប់ ស្តីអំពីគណបក្សនយោបាយ ត្រង់មាត្រា១៥ ថា «បព្វជិត អាចចូលជាសមាជិកនៃ គណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។ គណបក្សនយោបាយ មិនត្រូវរៀបចំរចនាសម្ព័ន្ធចាត់តាំងក្នុងស្ថាប័នសាសនាទេ»។
ព្រះគ្រូចៅអធិការវត្តម៉ុងរ៉េអាល់ ប្រទេសកាណាដា ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ធ្លាប់មានសង្ឃដីកាថា «បើចង់ឱ្យខ្មែរបានសុខ ទាល់តែបក្សកាន់អំណាច ឈប់បៀតបៀនបក្សប្រឆាំង ដូចសព្វថ្ងៃនេះតទៅទៀត»។ ព្រះតេជព្រះគុណ ក៏បានលើកទឹកចិត្តឱ្យគណបក្សសង្គ្រោះជាតិ បន្តរើបម្រះតទៅទៀត ដើម្បីទាមទារឱ្យមានការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ព្រោះគណបក្សនេះ ជាជនរងគ្រោះដោយអំពើបាប របស់គណបក្សកាន់អំណាច។
ព្រះអង្គ កើត សារ៉ាយ មានថេរដីការថា ចំពោះព្រះសង្ឃ ដែលជួយប្រជាជនក្នុងការតស៊ូរមតិ រើបម្រះពីការគៀបសង្កត់ ការធ្វើបាបពីអ្នកមានអំណាច ដើម្បីយុត្តិធម៌សង្គម តែងតែត្រូវរងការគម្រាមកំហែង និងការធ្វើបាបពីអាជ្ញាធរ របស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ ផ្ទុយពីព្រះសង្ឃដែលជាដៃជាជើងរបស់បក្សកាន់អំណាច ចង់ធ្វើអ្វីក៏បានស្រេចតែនឹងចិត្ត។ ព្រះអង្គបន្តថា ដូចជាករណីព្រះអង្គ លួន សុវ៉ាត ដែលត្រូវមហាជនទទួលស្គាល់ថា ជាព្រះសង្ឃដែលមានប្រជាប្រិយភាព ក្នុងការជួយតវ៉ារកយុតិធម៌ជូនប្រជាពលរដ្ឋកន្លងមក ក៏ត្រូវអាជ្ញាធរចេញសេចក្តីជូនដំណឹងចាប់ខ្លូនព្រះអង្គ ដោយផ្ទុយពីច្បាប់សាសនាទាំងស្រុង។ ផ្ទុយទៅវិញអាជ្ញា គ្មានសមត្ថកិច្ចចោទ ឬកាត់ទោសក្នុងកម្រិតណាមួយ ទៅលើព្រះសង្ឃឡើយ លើកលែងតែក្រសួងធម្មការ និងសាសនា ព្រមទាំងមន្ត្រីសង្ឃប៉ុណ្ណោះ ទើបមានសិទ្ធិស្របច្បាប់ក្នុងព្រះពុទ្ធសាសនា ចាត់វិធានការលើករណីនេះ តែចំពោះករណីនេះ បង្ហាញពីចេតនារើសអើងនយោបាយច្រើន ជាងការប្រព្រឹត្តកំហុសរបស់ព្រះអង្គ។
ព្រះអង្គ ភា រុណ មានថេរៈដីការថា ស្ថាប័នព្រះសង្ឃ ជាតួអង្គអាទិភាពបំផុតមួយ ដឹកនាំប្រជាពលរដ្ឋខ្មែរ មានសាមគ្គីភាព ផ្សះផ្សារជាតិ លុបបំបាត់អំពើហិង្សា និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ប្រទេសជាតិបានយ៉ាងល្អ។
រីឯព្រះតេជគុណ កើត សារ៉ាយ មានថេរដីកាថា សង្គមមួយ អាចរីកចម្រើនបាន លុះត្រាតែប្រជាពលរដ្ឋមានការយល់ដឹងត្រូវ និងធ្វើត្រូវ ជាពិសេសវិស័យព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងធំធេង ក្នុងការជួយលើកកម្ពស់លើវិស័យអប់រំនេះ៕
.