ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រតិកម្មតបទៅលោក ហ៊ុន សែន បានថ្លែងនៅវិមានសន្តិភាព ថ្ងៃទី ០៧ ខែមសា ឆ្នាំ ២០២០ ដែលតម្រូវឲ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស និងធនាគារ ធ្វើការជាធម្មតា នៅថ្ងៃសម្រាកបុណ្យជាតិ ដែលជាពិធីចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា។ សូមទាញយក (Download) ឬអានខ្លឹមសារទាំងស្រុងនៅខាងក្រោម។
សេចក្តីថ្លែងការណ៍
ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី គប្បីត្រូវបានគោរព ទោះបីផ្អាកប្រារព្ធពិធីចូលឆ្នាំថ្មី
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថានាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ដែលប្រកាសផ្ទាល់មាត់ តម្រូវឲ្យមន្ត្រីរាជការ ក្រុមហ៊ុនឯកជន រោងចក្រសហគ្រាស និងធនាគារ ធ្វើការជាធម្មតា នៅថ្ងៃសម្រាកបុណ្យជាតិ ដែលជាពិធីចូលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដ៏សំខាន់ ក្នុងថ្ងៃទី ១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០ នោះ គឺជាការធ្វើឡើងដោយគ្មានការពិចារណាល្អិតល្អន់ និងនិយាយតាមតែទំនើងចិត្ត។
យើងយល់ស្របចំពោះការផ្អាកប្រារព្ធពិធីចូលឆ្នាំថ្មី ក្នុងបរិបទរីករាលដាលជំងឺកូរ៉ូណា ឬកូវីដ១៩ (Covid-19) ប៉ុន្តែថ្ងៃឈប់សម្រាកបុណ្យជាតិដ៏វិសេសវិសាល គប្បីត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវ ដោយអនុញ្ញាតឲ្យពលរដ្ឋ បានឈប់សម្រាក ដូចរៀងរាល់ឆ្នាំកន្លងទៅ។ ក្នុងន័យនេះ រដ្ឋាភិបាល អាចគ្រាន់តែដាក់បម្រាមបន្ថែម និងតម្រូវឲ្យពលរដ្ឋ ត្រូវតែអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចំពោះវិធានការប្រឆាំងការរីករាលដាលជំងឺកូរ៉ូណា។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពិនិត្យឃើញថា ការថ្លែងរបស់លោក ហ៊ុន សែន នៅថ្ងៃទី ០៧ ខែមសា ដូចបានបញ្ជាក់ខាងលើនេះ គឺជាការធ្វើឲ្យធាក់ថយក្រោយ នូវខ្លឹមសារអនុក្រឹត្យ សេចក្តីសម្រេច គោលការណ៍ច្បាប់គតិយុត្តិ និងប្រពៃណីទំនៀមទម្លាប់របស់កម្ពុជា នាំឲ្យមានគំរូមិនល្អ សម្រាប់ប្រជាជាតិមួយ។
ជាថ្មីម្តទៀត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវយ៉ាងទទូច ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវតែ៖
១. កែតម្រូវពីសេចក្តីប្រកាសផ្ទាល់មាត់ មកសរសេរជាលាយលក្ខអក្សរ ដើម្បីជម្រាបជូនដល់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងពលរដ្ឋគ្រប់គ្នា ឲ្យបានឈប់សម្រាក ស្របតាមប្រតិទិនស្តីពីពិធីចូលឆ្នាំថ្មី។
២. ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គប្បីត្រូវផ្អាកនីតិវិធី ឬលុបចោលវិញតែម្តង ពីព្រោះច្បាប់នេះ មានលក្ខណៈតឹតត្បិតសេរីភាពពលរដ្ឋហួសហេតុ។
គ្រីស្ទានសាន់ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
Look good news 🙂