សហគមន៍​ខ្មែរ នៅក្នុងប្រទេសន័រវេស៍ (Norway) សម្រេច​លុប​ចោល​​គម្រោង​រៀបចំ​ពិធីបុណ្យ​​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅខែមេសា ខណៈមេរោគកូរ៉ូណា (Covid-19) ឆ្លងកើនឡើង ៧២០ នាក់ (VG -live) ដែលក្នុងនោះ អ្នកឆ្លងថ្មីសម្រាប់ថ្ងៃនេះ មាន​ ៨៩ នាក់ បើគិត​មក​ទល់​ម៉ោង ០៥:១៦ នាទីល្ងាច (ម៉ោងក្នុងតំបន់) ថ្ងៃទី ១២ មីនា ឆ្នាំ​២០២០ ត្រូវនឹង​ម៉ោង ១១:១៦ នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី ១២ មីនា ដដែល។

សេចក្តីជូនដំណឹងរបស់សមាគមពុទ្ធសាសនិកជនខ្មែរ និង សមាគមខ្មែរ ធ្វើ​នៅទីក្រុង​គ្រីស្ទានសាន់ នាថ្ងៃទី ១១ ខែមីនានេះ បានឲ្យដឹងថា គម្រោងរៀបចំ​ពិធីចូលឆ្នាំ​ថ្មី ចំនួន ២ កន្លែងផ្សេងគ្នា នៅក្នុង​ខែមេសា ត្រូវបានផ្អាកទាំងស្រុង ដើម្បីចូលរួម​ជាមួយរដ្ឋាភិបាល​​ន័រវេស៍ ក្នុង​ការទប់ស្កាត់​ការរីករាលដាន​មេរោគ Covid-19។ «ម្រោងកម្មវិធីចូលឆ្នាំនេះ ទាំងនៅពុទ្ធមណ្ឌល សង្កាត់លីឡេសាន់ និង នៅ​សាលវេណេស្លា សង្កាត់​វេណេស្លា នឹងមិនប្រារព្ធធ្វើទេ» នេះបើតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ដែលមានសរសេរជាភាសាខ្មែរ និងភាសាន័រវេស៍ ហើយនិងចុះហត្ថលេខាដោយ លោក ម៉ែន ណាត ប្រធានសមាគមពុទ្ធសាសនិកជនខ្មែរ និង លោក ពុធ ប៉ាន ប្រធានសមាគមខ្មែរ (សូមទាញយក ឬ Download)។

នៅប្រទេសន័រវេស៍ មានពលរដ្ឋខ្មែរ សរុប ៦០៦ នាក់ (អ្នកកាន់ពុទ្ធសាសនា មាន ៥៨៧ នាក់) – ត្រង់នេះ សូមអានលំអិត។ នេះបើតាមរបាយការណ៍របស់សហភាពពុទ្ធសាសនា ដែលបាន​ដកស្រង់ពី​ស្ថាប័នស្ថិតិ​ជាតិ ក្រោយធ្វើ​បច្ចុប្បន្នភាព កាលពីថ្ងៃទី ១៤ មីនា ២០១៩ កន្លងទៅ។

គួសបញ្ជាក់ថា ពលរដ្ឋន័រវេស៍ កាលពីថ្ងៃទី ២៦ កុម្ភៈ ២០២០ បានឆ្លង​មេរោគ​កូរ៉ូណា តែ ១ ករណី​ប៉ុណ្ណោះ។ លុះគិត​មកដល់​ពេលនេះ គឺមាន​រយៈពេល ២ សប្តាហ៍ ដែល​មេរោគនេះ បានឆ្លង​កើន​ឡើង​ជាង ៦០០ នាក់ នៅក្នុងប្រទេសន័រវេស៍​នេះ​។ ប៉ុន្តែ​មិនទាន់​មាន​អ្នកណាម្នាក់ បាត់​បង់​ជីវិត​ដោយសាមេរោគកូរ៉ូណានេះ​នៅឡើយទេ។

នៅថ្ងៃទី ១២ ខែមីនានេះ សាលារៀន និង មេតេយ្យជាច្រើន បានបិទ្វារជាបន្តបន្ទាប់ បន្ទាបន្ទាប់ពីមានសិស្សសាលា និងបុគ្គលិកសិក្សា បានឆ្លងមេរោគកូរ៉ូណា (Covid-19) ក្រោយពីពួកគេ ប្រឡប់​ពី​សម្រាកវិសមកាល នៅប្រទេសអ៊ីតាលី៕
(អត្ថបទដោយលោក ម៉ែន ណាត)

.