អត្ថបទដោយ TCD / 18-7-2020

ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា សហគមន៍អ៊ឺរ៉ុប (EU) កំពុងជំរុញ​ឲ្យប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា​ អនុវត្ត​​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ជាមូលដ្ឋាន ដើម្បី​កុំឲ្យ​បាត់បង់​ផលអនុគ្រោះ​ពន្ធ (EBA) ២០% នាពេល​ខាង​មុខ​នេះ។

លោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវ​អំពី​ការអភិវឌ្ឍន៍​សង្គម មាន​ប្រសាសន៍​ថា «វិបត្តិ​នយោបាយ​ដែល​ជាប់​គាំង ដោះស្រាយ​មិន​ចេញ​ រហូត​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់ប្រយោជន៍​ប្រជាពលរដ្ឋ គឺ​ការបាត់​​បង់​ផល​អនុគ្រោះ​ពន្ធ (EBA) ពីសហគមន៍​អ៊ឺរ៉ុប​នោះ បណ្តាល​មក​ពីទំនាស់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ របស់​​អ្នក​​នយោបាយ និង​បក្ខពួក​របស់​ពួក​គេ​តែប៉ុណ្ណោះ»។ លោក​អះអាង​ថា «ប្រសិន​បើអ្នកនយោបាយ​ទាំង​នោះ ​នាំ​គ្នា​គិត​ពិ​ផលប្រយោជន៍​ជាតិ​ជាចម្បង ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ឲ្យចប់​សព្វគ្រប់ ក៏មិន​បណ្តាលឲ្យ​វិបត្តិ​សេដ្ឋកិច្ច​​កម្ពុជា នឹង​ធ្លាក់ដល់​កម្រិត -៥,៥%​ ក្នុងឆ្នាំ២០២០ នេះ ដូច​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករណ៍​នោះដែរ»។ នេះបើ​តាម​ការលើក​ឡើង​របស់លោក​បណ្ឌិត ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ដេលី (The Cambodia Daily) កាលពី​ល្ងាចថ្ងៃ ០២ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ។

ចំណែក​សកម្មជន​នៃ​អតីតគណបក្សសង្គ្រោះជាតិ​ លោក ហ៊ុន កុសល មាន​ប្រសាសន៍​ថា «ពលរដ្ឋ​​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ និង​កាតព្វកិច្ច​យ៉ាង​ពេញ​លេញ ក្នុងការចូលរួម​ការពារ និង​តវ៉ាទាមទារ ក្នុង​ករណី​រដ្ឋាភិបាល ​អនុវត្ត​ច្បាប់​ផ្ទុយ​ពីស្មារតី​រដ្ឋធម្មនុញ្ញ»។ លោក​ជំរុញ​ឲ្យប្រជាពលរដ្ឋ តស៊ូមតិ​តាម​គ្រប់រូបភាព ដើម្បី​ឲ្យរដ្ឋាភិបាល​កម្ពុជា ត្រឡប់​មក​គោរពរដ្ឋធម្មនុញ្ញ និង​ស្មារតីនៃ​ កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ និង​ស្តារសេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ។

ជាមួយគ្នានេះ ​លោក​បណ្ឌិត សេង សារី លើកឡើងថា «កម្ពុជា​​គួរ​ជ្រើសរើស​ ចងមិត្តភាព​គ្រប់​បណ្តា​ប្រទេស ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន ​នោះ​ទើប​ជារឿង​ត្រឹមត្រូវ តែ​ផ្ទុយ​ទៅវិញ បើទំនាក់​ទំនង​គ្រាន់​តែ​ដើម្បី​ការពារ​អំណាច និង​ដើម្បី​ផលប្រយោជន៍​បក្ខពួក​គ្រួសារ​ខ្លួន នោះ​ប្រទេសកម្ពុជា នឹង​រងការវិនាស​ជាក់​ជាមិន​ខាន»។ លោកបញ្ជាក់ថា «ការសម្រេច​របស់រដ្ឋាភិបាល​កម្ពុជា​ ងាក​ទៅ​ចាប់​ដៃ​ជាមួយ​ចិន ជ្រុល​ហូស​ហេតុ រហូត​មាន​ការអនុញ្ញត​ឲ្យ​ចិន បោះ​ទីតាំង​យោធា​ លើ​ទឹក​ដី​របស់​ខ្លួន គឺជា​ការ​បង្កាត់​ភ្លើង​សង្គ្រាម​ក្នុង​តំបន់ និង​កម្ពុជាខ្លួន​ឯង កំពុងធ្លាក់ចូល​ក្នុង​វិបត្តិ​នយោបាយ និង​វិបត្តិ​សេដ្ឋកិច្ច ​នៅ​ពេល​ខាង​មុខ»

រឿង​នយោបាយ​​​នៅ​​​ប្រទេស​​កម្ពុជា ​ធ្លាក់ក្នុងស្ថនភាព​វិបត្តិ​ធ្ងន់ធ្ងរ បន្ទាប់​​​ពី​​​លោក​ ​កឹម​ ​សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង {គណបក្ស​សង្គ្រោះជាតិ} ​ត្រូវ​​បាន​​ចាប់ឃុំ​ខ្លួន ​កាល​ពី​​ដើម​​ខែ​​កញ្ញា​ ​ឆ្នាំ​ ២០១៧​ ​ក្រោម​បទ​​ចោទ​​ប្រកាន់​​ថា​ «​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ»។​ ​បន្ទាប់​មក​ ​គណបក្ស​​សង្គ្រោះ​ជាតិ​ ត្រូវ​​បាន​​រំលាយ​ ​កាល​​ពី​​ថ្ងៃ​ទី ​១៦​ ​វិច្ឆិកា​ ​២០១៧​ ​តាម​អំណាច​​សាលដីកា​​ របស់​​តុលាការ​កំពូល​ ​ទាក់ទង​​នឹង​​ការ​ចោទ​ប្រកាន់​​ថា​ ​គណបក្ស​ប្រឆាំង​នេះ​ ​មាន​​បំណង​​ធ្វើ​​បដិវត្ត​ពណ៌​ ​ដើម្បី​​ផ្ដួលរំលំ​​រដ្ឋាភិបាល។​ ក្រោយ​​ពី​​គណបក្ស​នេះ​ត្រូវ​បាន​​រំលាយ​ ​ក្រុម​មន្ត្រី​​ជាន់​ខ្ពស់​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន ​១១៨ ​នាក់​ ​ត្រូវ​​បាន​​ហាម​ឃាត់​ មិន​​ឲ្យ​​ធ្វើ​​នយោបាយ​​រយៈពេល ​៥​​ឆ្នាំ​ ​ក្នុង​​នោះ​​ក៏មាន​រូប​​​លោក​ ​កឹម​ ​សុខា​ ​ផង​ដែរ។ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នានា ទៅ​​លើលោក កឹម សុខា និង​គណបក្សប្រឆាំង​នេះ ត្រូវ​បាន​​ច្រាន​ចោល​ដោយ​សហ​គមន៍​​ជាតិ និង​អន្តរជាតិ រួមទាំង​អង្គការ​សហប្រជាជាតិផង ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​លោក ហ៊ុន សែន ងាក​ទៅ​រកការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើង​វិញ

​បណ្ឌិត សេង សារី ថ្លែងថា «អ្នកនយោបាយ​ក្នុងពេល​បច្ចុប្បន្ន​នេះ កំពុង​ធ្វើឲ្យ​យុវជន​បាត់បង់​ការ​ជឿ​ទុក​ចិត្ត លើ​ការ​ដឹកនាំ​របស់ខ្លួន​យ៉ាងខ្លាំង ព្រោះ​អ្នកដឹកនាំ​ទាំង​នោះ តែងតែ​ប្រើ​ទំនាស់​បុគ្គល​ផ្ទាល់​ខ្លួន សង​សឹក​គ្នា​ទៅ​វិញ​ទៅមក ដោយ​ប្រើទីលាន​នយោបាយ ជា​កន្លែង​យកឈ្នះ​ចាញ់​គ្នា ដែល​បាន​បណ្តាលឲ្យ​ខូច​ខាត​ប្រយោជន៍​ជាតិ និង​ប្រជាជន​អស់រាប់​ទសវត្សរ៍​មកហើយ»។ លោកបន្ថែម​ថា «អ្នក​នយោបាយ​សព្វថ្ងៃ​នេះ បាន​ប្រើអំណាចរបស់ខ្លួន រំលោភលើរដ្ឋធម្មនុញ្ញ ​និង​ដើរ​ចាក​ឆ្ងាយ​ពីស្មារតី​នៃ កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​ ២៣ តុលា ១៩៩១ ដែល​ជាយន្ត​សិក្តិសិទ្ធ អាច​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​របស់​កម្ពុជា ឲ្យរួច​ផុតពី​បរទេស​ឈ្លានពាន​បាន»

លោក ហ៊ុន កុសល អំពាវនាវ​ឲ្យអ្នក​នយោបាយ ឈប់យក​ច្បាប់​ធ្វើជា​ឧបករណ៍ ដើម្បី​សម្រេច​មហិច្ឆតា ​ក្នុង​​ការការពារ​អំណាច​របស់​ខ្លួន ដែល​នាំ​ឲ្យឃ្លាត​ចាក​ពីគោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​បណ្តាល​ឲ្យមាន​ការបែក​បាក់​ជាតិ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត៕

សេក សារី និងលោក ហ៊ុន កុសល

.

.