ក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍ជួនពរឆ្នាំថ្មី ឆ្នាំសាកល ២០២១ ដោយអំពាវនាវឲ្យអ្នកនយោបាយខ្មែរ ចងក្រងសៀវភៅស ដើម្បីដាក់ចេញគោលការណ៍ផ្សះផ្សាជាតិ។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក ទូច វិបុល ជាប្រធានប្រតិបត្តិនៃចលនានិស្សិតនេះ ចេញផ្សាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១។ សូមទាញយកសេចក្តីថ្លែងការណ៍ (Download)។
សេចក្តីថ្លែងការណ៍
ភាគីជម្លោះនយោបាយខ្មែរ គួរដាក់ចេញ«សៀវភៅស» អំពីគោលការណ៍ផ្សះផ្សាផ្ទៃក្នុងជាតិ
ពលរដ្ឋខ្មែរម្ចាស់ប្រទេស ធ្លាប់បានផ្ដល់សេចក្ដីទុកចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យគណបក្សទាំងពីរ មានឥទ្ធិពលកម្លាំងនយោបាយប្រហាក់ប្រហែលគ្នា ក្នុងរដ្ឋសភា កាលពីការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ដើម្បីបម្រើប្រទេសជាតិ។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយយ៉ាងអយុត្តិធម៌ ដោយអំណាចនយោបាយ សម្លាប់ធម្មនុញ្ញប្រជាធិបតេយ្យ ក្រោមស្ថាប័នសមត្ថកិច្ចអាជ្ញា នៃគណបក្សប្រជាជនកម្ពុជា កាលពីចុងឆ្នាំ២០១៧។ វិបត្តិជាតិ និងទុក្ខវេទនានៃប្រជាពលរដ្ឋខ្មែរ ធ្លាក់ដុនដាបហួសប្រមាណ បន្តដល់កាលៈទេសៈបច្ចុប្បន្ន។
នៅក្នុងស្ថានការណ៍វិបត្តិដ៏ធ្ងន់ធ្ងរនេះ បើទោះបីជាក្រុមមេដឹកនាំគណបក្សធំៗ បាននាំគ្នា លើកឡើង អំពីនយោបាយផ្សះផ្សាជាតិដូចៗគ្នាក៏ដោយ ក៏ការវិវត្តជាក់ស្ដែងវិញ ឃើញម្តងម្កាល ត្រឹមតែជាសារអក្សរខ្លីៗ ឬជាសារសម្លេងមិនប្រាកដប្រជាប៉ុណ្ណោះ។ ក្រុមមេដឹកនាំមួយភាគធំនៃ គណបក្សជម្លោះ ដើរដល់ដំណាក់កាលឈ្លោះគ្នា ដណ្ដើមអំនួតឈ្នះជាក្រុមបុគ្គល ស្ទើរតែលែងខ្វល់អំពីបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋ ដែលចង់បានការផ្សះផ្សាជាតិឡើងវិញ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ យល់ឃើញថា ២០២១ គួរតែជាឆ្នាំថ្មី សម្រាប់ក្រុមអ្នកនយោបាយទាំងឡាយ ដូចជាភាគីលោក ហ៊ុន សែន, ភាគីលោក សម រង្ស៊ី និងភាគីលោក កឹម សុខា ដែលតែងតែតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋនោះ ល្មមដល់ពេល វេលាបង្ហាញគោលការណ៍ជាក់លាក់ អំពីបទដ្ឋានផ្សះផ្សាជាតិ តាមរយៈ«សៀវភៅស»រៀងៗក្រុម ដែលអាចហៅថា «គោលជំហរផ្សះផ្សាផ្ទៃក្នុងជាតិ» របស់ភាគីនីមួយៗ ដើម្បីជាបង្អែកដោះស្រាយបញ្ហាប្រឈមមុខរបស់ប្រជាជាតិខ្មែរ។
«សៀវភៅស»របស់ភាគីទាំងបី គួរតែចែងបញ្ជាក់អំពីចំណុចរឿង និងមូលហេតុដែលភាគីខ្លួនទាមទារ ព្រមទាំងចំណុចរឿង និងហេតុផល ដែលភាគីខ្លួនអាចអនុគ្រោះបាន ចំពោះគូប្រជែង ដើម្បីពន្លត់ជម្លោះខ្មែរ និងបញ្ចប់ការចងគំនុំសងសឹកគ្នា។ ក្រមសីលធម៌នយោបាយ ទាំងសារថ្លែងសម្ដី និងគោលប្រតិបត្តិ ក៏គួរចែងឲ្យច្បាស់នៅក្នុង«សៀវភៅស»។ យើងខ្ញុំក៏សូម លើកទឹកចិត្តដល់គណបក្សនយោបាយឯទៀត បើទោះបីជាមានកម្លាំងនយោបាយតូចនៅឡើយ ក៏គួរចងក្រង«សៀវភៅស»ប្រភេទនេះ ដើម្បីបង្ហាញប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងបេសកកម្ម ស្វែងរកការគាំទ្រនយោបាយ។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ មានជំនឿថា គ្រប់ចំណុចលក្ខខណ្ឌ ចែងក្នុង«សៀវភៅស» ដែលគណបក្សនយោបាយខ្មែរបង្ហាញនូវគោលឆន្ទៈច្បាស់លាស់ អំពីបែបបទផ្សះផ្សាជាតិនោះ នឹងក្លាយជាសេចក្ដីសច្ចាប្រណិធានជាចំហរបស់ក្រុមអ្នកនយោបាយ ចំពោះមុខពលរដ្ឋខ្មែរទូទាំងប្រទេស និងអង្គការសង្គមនានា ទាំងជាតិនិងអន្តរជាតិ លើយន្តការ ដោះស្រាយបញ្ហា ពេលប្រឈមជម្លោះនយោបាយ។ ប្រជាពលរដ្ឋខ្មែរទូទៅ និងអង្គការសង្គម នឹងក្លាយជាសាក្សីដ៏មានឥទ្ធិពល ក្នុងការរួមគ្នាដាក់សម្ពាធលើគណបក្សនយោបាយណា ដែលដើរខុសគោលការណ៍ផ្សះផ្សាផ្ទៃក្នុងជាតិ តាមខ្លឹមសារឯកសារ«សៀវភៅស»។
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ មានសេចក្ដីសង្ឃឹមថា ភាគីទាំងអស់ នឹងពិចារណាប្រតិបត្តិតាមផែនទីបង្ហាញផ្លូវនេះ ដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយវិបត្តិជាតិខ្មែរ ប្រកបដោយការជឿទុកចិត្តគ្នា ក្នុងរង្វង់ផ្ទៃក្នុងជាតិ។ ការរួមគ្នាប្រតិបត្តិតាមគន្លងផ្លូវនេះ គឺជាពរជ័យប្រវត្តិសាស្ត្រ ក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២១ សម្រាប់បម្រើប្រជាពលរដ្ឋខ្មែរទូទៅ ។
រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១
ទូច វិបុល
ប្រធានប្រតិបត្តិចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ

.
.