ក្រុមវាគ្មិន បង្ហាញការព្រួយបារម្ភចំពោះការធ្វើនយោបាយ សងសឹកគ្នាទៅវិញទៅមក ក្នុងចំណោមអ្នកនយោបាយប្រឆាំង និងអ្នកកាន់អំណាច ខណៈដែលមានមតិលើកឡើងថា អ្នកនយោបាយ គប្បីយកឈ្នះគ្នា តាមរយៈការបោះឆ្នោត ល្អជាជាងការបង្កើតវោហាសាស្ត្រ ដើម្បីផ្តួលរំលំគ្នា។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកម្មវិធីពិភាក្សា (Idea Talk) របស់សារព័ត៌មាន ឌីខេមបូឌា ដេលី ថ្ងៃទី១៨ ខែឧសភា ២០២០។ វាគ្មិនចូលរួមក្នុងកម្មវិធីនេះ មានលោក ហ៊ុន កុសល សកម្មជនបក្សសង្គ្រោះជាតិ និងលោក ទូច វិបុល ប្រធានក្រុមពលរដ្ឋនិយម បានលើកឡើងស្របគ្នាថា «អ្នកនយោបាយ មិនត្រូវដើរជាន់ដានប្រវត្តិសាស្ត្រ នៃការយកឈ្នះចាញ់គ្នា ដោយការផ្តួលរំលំនោះទេ»។
លោក ទូច វិបុល បានជំរុញឲ្យលោក កឹម សុខា និងលោក ហ៊ុន សែន កំណត់ចក្ខុវិស័យដើម្បីបញ្ជៀសវិបត្តិនយោបាយ ដែលកំពុងតែកើតមានក្នុងពេលបច្ចុប្បន្ន។ តាមការលើកឡើងរបស់លោក គឺបានផាត់ចោលសកម្មភាពនយោបាយ លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំង CNRP ដែលធ្លាប់បានប្រកាសចលនាផ្តួលរំលំ លោក ហ៊ុន សែន ក្នុងផែនការមាតុភូមិនិវត្តិន៍ កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩។
លោក ទូច វិបុល ក៏បានបញ្ជាក់ផងដែរថា លោក កឹម សុខា តស៊ូនយោបាយអហិង្សា តាមប្រព័ន្ធតុលាការ និងតាមរយៈការទូត គឺជានយោបាយមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យមានសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ពីព្រោះស្របទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
សូមរំលឹកថាលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានតុលាការ ចោទប្រកាន់ពីបទឃុបឃិត ជាមួយបរទេស {អាមេរិក} ដើម្បីរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា របស់លោក ហ៊ុន សែន។ លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ឃុំខ្លួនតាំងពីថ្ងៃទី ០៣ កញ្ញា ២០១៧ មករហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ២០១៨ លោក ត្រូវបានផ្ទេរការឃុំខ្លួនពីពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មកឃុំឃាំងនៅគេហដ្ឋានរបស់លោក ក្នុងក្រុងភ្នំពេញវិញ នៅក្រោមហេតុផល«សុខភាព»។ នៅថ្ងៃទី ១០ វិច្ឆិកា ២០១៩ តុលាការក្រុងភ្នំពេញ បានចេញដីកាដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែស្ថិតក្រោមការត្រូតពិនិត្យផ្លូវតុលាការ ដដែល។ នៅក្រោមលក្ខណថ្មីនេះ លោក កឹម សុខា មានសេរីភាពដើរហើរនៅគ្រប់ទីកន្លែង នៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែហាមមិនឲ្យចេញទៅក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយឡើយ។
សូមបញ្ជាក់ថា សំណុំរឿងរបស់អតីតប្រធានបក្សប្រឆាំងរូបនេះ កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីកាត់សេចក្តីរបស់តុលាការដំបូងរាជធានីភ្នំពេញ នៅឡើយ។
បើគិតចាប់តាំងពីឆ្នាំ ២០១៦ មក លោក កឹម សុខា ទើបតែមានជំនួបលើកដំបូង ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២០។ ឯអគ្គរដ្ឋទូតនៃបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន បានចូលជួបលោក កឹម សុខា ជាបន្តបន្ទាប់ នៅគេហដ្ឋានរបស់លោក បើទោះបីជាស្ថានភាពកំពុងញាំញីដោយជំងឺកូវីដ១៩ ក៏ដោយ។ ឯកអគ្គរដ្ឋទូតទាំងនោះ រួមមាន អាល្លឺម៉ង់ បារាំង សហភាពអ៊ឺរ៉ុប និងចុងក្រោយគឺ អូស្ត្រាលី។ ក្នុងជំនួបទាំងនោះ មានមន្ត្រីទូតមួយចំនួន បានប្រកាសជាចំហ សាទរជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ថាជាជំហរវិជ្ជមាន និងបន្តលើកទាំងទឹកចិត្តឲ្យមានការសន្ទនាបែបនេះ តទៅទៀត។
លោក ទូច វិបុល បានសង្កត់ធ្ងន់ថា ការធ្វើនយោបាយដោយការប្រើមធ្យោបាយផ្តួលរំលំ កុំសង្ឃឹមឈ្នះឲ្យសោះ មានតែនាំគ្រោះមហន្តរាយដល់ជាតិតែប៉ុណ្ណោះ មិនមែននាំសន្តិភាព ភាពរុងរឿងមកឲ្យប្រទេស និងពលរដ្ឋកម្ពុជា នោះទេ។ លោក ក៏បានផ្តល់អនុសាសន៍ផងដែរថា «ដើម្បីឲ្យអ្នកមានសមត្ថភាព និងអ្នកមានសក្កានុពល អាចចូលរួមគ្នារដោះស្រាយវិនយោបាយបាន នោះលោក កឹម សុខា ត្រូវតែបើកគណបក្សថ្មីមួយ នៅពេលអនាគត»។
លោក ហ៊ុន កុសល បានរំលឹកថា «អ្នកនយោបាយ ត្រូវតែបញ្ចប់គំនុំ គ្មានការសងសឹក និងមិនត្រូវអនុវត្តតាមអ្នកនយោបាយចាស់ៗ ដែលនាំឲ្យជាតិបែកបាក់នោះទេ»។ លោកបញ្ជាក់ថា ត្រូវផ្លាស់ប្តូរដោយវិជ្ជមាន និងត្រូវនាំគ្នាសាបព្រោះនយោបាយអហិង្សាគ្រប់គ្នា»៕
(អត្ថបទដោយ CWCI Cambodia / 27-5-2020)
.