អត្ថបទដោយ TCD /03rd-7-2020
ក្រុមអ្នកតាមដានសង្គមរិះគន់ថា រដ្ឋាភិបាលកម្ពុជា គ្មានឆន្ទៈស្រាវជ្រាវការពិត ចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី តាមការទាមទាររបស់ពលរដ្ឋនោះឡើយ ផ្ទុយទៅវិញរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់ត្រឹមតែភស្តុតាងក្លែងក្លាយ និងឃាតកសិប្បនិម្មិតប៉ុណ្ណោះ។
លោក មាស ពិសាល សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង លើកឡើងថា ពន្លឺយុត្តិធម៌នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ហាក់ងងឹតសូន្យឈឹង បើទោះបីជាមានការជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញភស្តុតាង និងឃាតកពិតយ៉ាងណាក្តី។ លោកបន្តថា ប្រជាពលរដ្ឋនៅតែមានការសង្ស័យលើ«ក្រុមគ្រួសារត្រកូលហ៊ុន {លោក ហ៊ុន សែន}» យ៉ាងខ្លាំងចំពោះឃាតកម្មនេះ ព្រោះលោក ហ៊ុន សែន ហាក់មានចេតនាលាក់បាំងការពិតនៃ សំណុំរឿងឃាតកម្មនេះ ដែលទាក់ទិនទៅនឹងការលាតត្រដាងរបស់លោក កែម ឡី តាមបាយការណ៍អង្គការ Global Witness ស្តីពីការគ្រប់គ្រងជំនួញរាប់រយលានដុល្លាអាមេរិករបស់ខ្សែបណ្តាញបក្ខពួកក្រុមគ្រួសារត្រកូលហ៊ុន ២ ថ្ងៃប៉ុណ្ណោះ មុននឹងឃាតកម្មនេះកើតឡើងលើរូបលោកបណ្ឌិត។ នេះបើតាមការលើកឡើងរបស់លោក មាស ពិសាល ធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) កាលពីរាត្រីថ្ងៃទី០៣ ខែកក្កដា កន្លងទៅ។
ចំណែកលោក ឃ្លោក លាភ សមាជិកចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង អះអាងថា ការបាត់បង់ជីវិអ្នកវិភាគដ៏ឆ្នើមរូបនេះ ជាការបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីរបបដឹកនាំសាហាវព្រៃផ្សៃយង់ឃ្នងរបស់លោក ហ៊ុន សែន ដែលតែងតែប្រើអំពើទុច្ចរិតគ្រប់រូបភាព ដើម្បីកំចាត់អ្នកស្នេហាជាតិ ដែលបានដឹងការពិតផ្ទៃក្នុង ឃុបឃឹតលក់ជាតិនៃ ក្រុមគ្រួសាររបស់ខ្លួន។
ជាងនេះទៅទៀត លោក យង់ ស៊ីណេត ជាសមាជិកនៃចលនាយុវជននេះដែរ បានថ្លែងក្នុងកម្មវិធី Idea Talk នេះផងដែរថា វីរភាពរបស់លោក កែម ឡី នៅតែស្ថិតក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរជានិច្ច ហើយកិច្ចការរបស់បណ្ឌិតរូបនេះ ដើម្បីផ្សព្វផ្សាយការពិតពីរបបផ្តាច់ការ អមនុស្សធម៌របស់លោក ហ៊ុន សែន ទៅកាន់ពិភពលោក នៅតែមានអ្នកបន្តវេនកាន់តែច្រើនឡើងៗ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដែលនិយាយមិនសំចៃមាត់ ត្រូវបានឃាតក បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ កក្កដា ២០១៦ នៅហាងស្តាម៉ាតកាល់តិច (Star Mart, Caltex) ស្តុបបូកគោកណ្តាលទីក្រុងភ្នំពេញ។ អាជ្ញាធរកម្ពុជា បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ឬហៅ ជួប សម្លាប់ និងបានផ្តន្ទាទោសបុរសម្នាក់នេះ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ឃាតកម្មនេះ កើតឡើង ២ ថ្ងៃក្រោយលោក កែម ឡី លាតត្រដាងផែនការលក់ជាតិ និងការគ្រប់គ្រងជំនួញក្នុងប្រទេសកម្ពុជា ស្ទើរតែទាំងអស់ ដែលមានទឹកប្រាក់រាប់រយលានដុល្លាសហរដ្ឋអាមេរិក របស់បក្ខពួកក្រុមគ្រួសារត្រកូលហ៊ុន តាមរបាយការណ៍អង្គការ Global Witness ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រោមការដឹកនាំជាង ៤០ឆ្នាំរបស់លោក ហ៊ុន សែន កន្លងមកនេះ អំពើឃាតកម្មធំៗក្រៅប្រព័ន្ធច្បាប់ជាច្រើន មិនត្រូវបានផ្តល់យុត្តិធម៌ពិតប្រាកដ ជូនជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះនោះឡើយ។
អំពើឃាតកម្មធំៗទាំងនោះរួមមាន ការសម្លាប់តារាសំដែងក្នុងទសវត្សរ៍ទី៩០ អ្នកស្រី ពិសិដ្ឋ ពីលិកា នៅខែកក្កដា ឆ្នាំ១៩៩៩។ ការសម្លាប់អតីតប្រធានសហជីពសេរីកម្មករ លោក ជា វិជ្ជា នៅឆ្នាំ២០០៤ ក្បែរវត្តលង្កា ក្នុងទីក្រុងភ្នំពេញ។ ការបាញ់ប្រប្រហារទៅលើព្រះតេជព្រះគុណ សំ ប៊ុនធឿន ក្នុងឆ្នាំ២០០៣ ក្នុងបរិវេណវត្តលង្កា ក្នុងរាជធានីភ្នំពេញ។ ឃាតកម្មលើប្រធានអង្គការការពារធនធម្មជាតិ លោក ឈុត វុទ្ធី នៅខេត្តកោះកុង ក្នុងឆ្នាំ២០១២។
ភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រី ដែលជិតនឹងដល់ថ្ងៃគម្រប់ខួប ៤ឆ្នាំនៃការស្លាប់របស់ប្តីអ្នកស្រីថា «ក្តីសង្ឃឹមទទួលបានយុត្តិធម៌លុះត្រាតែប្រទេសជាតិ មានការផ្លាស់ប្តូរទាំងស្រុង។ បើពឹងទៅលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដើម្បីរកយុត្តិជូនប្តីលោកស្រី គឹឆ្ងាយដូចជើងមេឃ»។
នៅមុនខួប ៤ឆ្នាំនៃឃាតកម្ម លោក កែម ឡី ដែលនឹងមកដល់នៅថ្ងៃទី១០ កក្កដា ខាងមុខនេះ អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន កំពុងធ្វើយុទ្ធនាការដែលហៅថា ក«ការចងចាំលោកបណ្ឌិត កែម ឡី»។ យុទ្ធនាការនេះ ធ្វើឡើងតាមរយៈបណ្តាញហ្វេសប៊ុក ចាប់ផ្តើមពីថ្ងៃទី១ រហូតដល់ថ្ងៃ១០ កក្កដា ឆ្នាំ២០២០ នះ ជាថ្ងៃខួបគម្រប់ ៤ឆ្នាំនៃមរណភាពរបស់អ្នកវិភាគសង្គមដ៏ល្បីឈ្មោះរូបនេះ។ អង្គការនេះ នឹងបង្កើតជាកម្រងសំណួរមានដូចជា «តើលោកបណ្ឌិត កែម ឡី ត្រូវបានឃាតក ធ្វើឃាតនៅថ្ងៃណា ខែណា ឆ្នាំណា? តើមានសារអ្វីធ្វើឲ្យពលរដ្ឋចងចាំលោកបណ្ឌិតជាងគេ?» ដើម្បីឲ្យយុវជនឆ្លើយយករង្វាន់ដូចជា ដបទឹក សៀវភៅ ជាដើម។ យុវជនជាច្រើន នៅតែចងចាំពាក្យពេជន៍ ឬអនុសាសន៍របស់លោក បណ្ឌិត កែម ឡី ដែលបានវិភាគកន្លងមក។
ក្រុមសមាជិកចលនាយុវជននៃ គណបក្សង្គ្រោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ពួកគេនឹងប្រារព្ធខួប ៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្ថិតនៅវត្តគោមី ទៅតាមប្រពៃណីព្រះពុទ្ធសាសនា តាមដែលអាចធ្វើទៅបាន ទោះស្ថិតក្នុងការហាមប្រាម ធ្វើជួបជុំក្នុងពេលរីករាលដាល នៃជំងឺកូវីដ១៩ នេះក្តី។ ក្រុមសមាជិកចលនាយុវជននេះ បានអះអាងថា ពួកគេគ្រោងនឹងធ្វើពិធីរំលឹកខួបរបស់លោកបណ្ឌិត កែម ឡី ឲ្យអធិកអធម ក្រោយការបញ្ចប់វិបត្តិកូវីដ១៩ ដោយរៀបចំឲ្យមានការចូលរួម ពីអ្នកស្រី ប៊ូ រចនា លើកទឹកដីកូរ៉េនេះ ផងដែរ៕
.