វិទ្យុអាស៊ីសេរី RFA អត្ថបទដោយ វ៉ែន សុមេត / ១០ វិច្ឆិកា ២០២០

ពលរដ្ឋ​​រស់​នៅ​​ក្បែរ​ព្រំដែន​​កម្ពុជា​-​វៀតណាម ក្នុង​​ខេត្ត​​ត្បូងឃ្មុំ ​អះអាង​​ថា ពលរដ្ឋ​វៀត​ណាម​​រាប់​​រយ​​នាក់ ​ឆ្លង​​ដែន​​ចូល​​ដី​ខ្មែរ ​ធ្វើ​​កសិកម្ម​​តាម​​បណ្ដោយ​​ព្រំដែន ក្នុង​​ឃុំ​​ចំនួន ៤ ក្នុង​​ស្រុក​​មេមត់។ អ្នក​ភូមិ​​នៅ​​តំបន់​​នោះ​ ចាត់​​ទុក​​ទង្វើ​​របស់​​ពលរដ្ឋ​​វៀតណាម ​នេះ​​ជា​រូបភាព​​ឈ្លានពាន​​ដី​ខ្មែរ បើ​ទោះ​​បី​​ជា​​តំបន់​​នោះ បាន​​កំណត់​​ខណ្ឌ​សីមា​​ព្រំដែន​​រួច​រាល់​​ហើយ​​ក្ដី។

ពលរដ្ឋ​​រស់នៅ​​ស្រុក​មេមត់ ខេត្ត​​ត្បូងឃ្មុំ ​អំពាវនាវ​​ឱ្យ​​រដ្ឋាភិបាល​ បង្ហាញ​​ភាព​​​ច្បាស់​​​លាស់​ ដោះ​​​ស្រាយ​​បញ្ហា​​ព្រំដែន ឱ្យ​​ដាច់​​ស្រឡះ បន្ទាប់​​ពី​​បោះ​​បង្គោល​​ព្រំដែន​​រួច​រាល់​​ហើយ។ ការ​លើក​ឡើង​​នេះ ក្រោយ​​ពី​ពួក​​គេ ​ប្រទះ​​ឃើញ​​ពលរដ្ឋ​​វៀតណាម​​​រាប់​​​រយ​​​នាក់​​ឆ្លង​​ដែន ចូល​​ដី​​ខ្មែរ​ ​មក​​ដាំ​​អំពៅ​​ ស្រូវ និង​​ដំឡូងមី ​ជា​ដើម ហ៊ុមព័ទ្ធ​​បង្គោល​​​ព្រំដែន ​លេខ​ ៨៨ រហូត​​ដល់​​បង្គោល​​លេខ ៩៥ ឆ្ងាយ​​​ពី​​អ័ក្ស​​ព្រំដែន ​ជាង ១០០ ​ម៉ែត្រ ឋិត​​ក្នុង​​ឃុំ​ចំនួន ៤ នៅ​​ស្រុក​​មេមត់ គឺ​ឃុំ​​ជាំ ​ឃុំ​​ចាន់​មូល ឃុំ​​រូង និង​​ឃុំ​​ជាំ​ក្រវៀន

ពលរដ្ឋ​រស់នៅ​​ស្រុក​មេមត់ ​លោក ចាន់ ឌឺន ឱ្យ​​ដឹង​​នៅ​​ថ្ងៃ​ទី​៩ វិច្ឆិកា ​ថា ប្រសិន​បើ​​បញ្ហា​​នេះ​ ​រដ្ឋាភិបាល​ ​មិន​​រក​​មធ្យោបាយ​​​ដោះ​​ស្រាយ​​​ជា​​បន្ទាន់​​ទេ នោះ​​ពលរដ្ឋ​​​វៀតណាម​ អាច​​​នឹង​​រំកិល​​ចូល​​ដី​ខ្មែរ​​បន្តិច​​ម្តងៗ សង់​ផ្ទះ ឬ​​ខ្ទម និង​​ធ្វើ​កសិកម្ម​​កាន់​​តែ​​រីក​​​ធំ​​ឡើង។ លោក​​ថា សមត្ថកិច្ច​​ដែល​​ឈរ​​ជើង​​នៅ​​តំបន់​​នោះ ​មិន​​​អើពើ​​ចាត់​វិធានការ​​រឿង​​នេះ ផ្ទុយ​ទៅ​​វិញ​​បែរជា​​ព្យាយាម​​រារាំង និង​​ហាម​​ពលរដ្ឋ​ខ្មែរ ​មិន​​ឱ្យ​​ចូល​​ទៅ​​តំបន់​​ព្រំដែន​​នោះ​​ឡើយ​៖ «ចង់​បាន​​ដំណោះ​ស្រាយ​​សាច់​​ការ​​ទាំង​​អស់​ ទាំង​​ខាង​​វៀតណាម និង​​ភាគី​​កម្ពុជា។ នៅ​ជាប់​ព្រំ​គ្នា ​កុំ​​ឱ្យ​​ឈ្លោះ​​ប្រកែក​​គ្នា បើ​ថា​​បោះ​បង្គោល​​ ត្រូវ​​ស្រាយ​​ចម្ងល់​​ឱ្យ​​ស្រេច។ រដ្ឋាភិបាល​​សម័យ​​ឥឡូវ កុំ​​ឱ្យ​​មាន​​ឈ្លោះ​​គ្នា​​ទៀត ខ្ញុំ​​ទទួល​​ស្គាល់​​ពលរដ្ឋ»

ពលរដ្ឋ​ម្នាក់​​ទៀត រស់​​នៅ​​ក្បែរ​​ព្រំដែន​ ​ក្នុង​ស្រុក​​មេមត់ លោក ជា វីរៈ ថ្លែង​​ថា ដី​ខ្មែរ​​ដែល​​ពលរដ្ឋ​​វៀតណាម ​ធ្វើ​​កសិកម្ម​​ តាម​​បណ្ដោយ​​ព្រំដែន​​ ភាគ​ច្រើន​​​ជា​ដី​​របស់​​ក្រុមហ៊ុន​​ឯកជន​ ​តែ​​លោក​ មិន​​ប្រាកដ​​ថា ជា​ដី​​របស់​​ក្រុមហ៊ុន​​ណា​​នោះ​​ទេ។ លោក​ ចាត់​​ទុក​​បញ្ហា​នេះ​​ ជា​​ការ​​ឈ្លាន​ពាន​​អធិបតេយ្យ​​កម្ពុជា ដែល​​ទាមទារ​​ឱ្យ​អាជ្ញាធរ​​ខ្មែរ​​ ដោះ​ស្រាយ​​រឿង​នេះ​​ឱ្យ​​ហ្មត់ចត់ ជាពិសេស ត្រូវ​​បែងចែក​​ឱ្យ​​ដាច់​​ស្រឡះ ​រវាង​​ដី​ខ្មែរ និង​​ដី​​វៀតណាម ​ក្រោយ​​​ពី​​បោះ​​បង្គោល​​ព្រំដែន​​រួចរាល់៖ «ទោះ​បី​បោះ​​បង្គោល​​ព្រំដែន​​ហើយ​ក៏​ដោយ​​អាជ្ញាធរ​​យួន និង​​ពលរដ្ឋ​​យួន ខ្ញុំ​​មើល​​ទៅ​​ហាក់​ដូច​ជា​​ នៅ​​មក​​ធ្វើ​ស្រែ​​ចម្ការ​​ហួស​បង្គោល​​ព្រំដែន​​សេរី​​តែ​ម្ដង។ ជាក់​ស្ដែង​ ដូច​ជា​​នៅ​​ភូមិ​​ជាំ​ក្រវៀន គឺ​យួន​ ចូល​​មក​​ខ្មែរ​សេរី​​ ចូល​​ធ្វើ​​ចម្ការ ​ម្នាក់ៗ​សុទ្ធ​​មាន​​ដី​ឡូ ហើយ​​ក្នុង​មួយ​ឡូ​ មិន​​ដឹង​​ប៉ុន្មាន​​ហិកតារ​ទេ? អត់​​ជឿ​សោះ​​ថា យួន​​ថា បញ្ឈប់​​ការ​ឈ្លាន​ពាន ព្រោះ​​ខ្ញុំ​​ស្ដែង​​ហ្នឹង​​ភ្នែក»។

អាស៊ី​សេរី​ បាន​ព្យាយាម​​ទាក់ទង​​មេឃុំ​ជាំ លោក មើក នូវ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ្ឌ និង​ស្នងការ​ខេត្ត លោក បែន រ័ត្ន ដើម្បី​​សុំ​​​ការ​​បំភ្លឺ​​​រឿង​​​នេះ តែ​​ទូរស័ព្ទ​​​ហៅ​​ចូល​​ច្រើន​​ដង គ្មាន​​អ្នក​​ទទួល នៅ​​ថ្ងៃ​ទី​៩ វិច្ឆិកា។ ចំណែក​​ទេស​រដ្ឋមន្ត្រី​​ទទួល​បន្ទុក​​បេសកកម្ម​​ពិសេស​​កិច្ចការ​​ព្រំដែន​ លោក វ៉ា គឹម​ហុង និង​អ្នកស្រី​ ​កុយ ពិសី ក៏​មិន​​អាច​​ទាក់ទង​​បាន​​ដែរ ​នៅ​​ថ្ងៃ​ដដែល​​នេះ។

ទោះ​យ៉ាង​ណា ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​ធ្លាប់​ប្រាប់​​អាស៊ី​សេរី​​ថា​ ​«ក្រោយ​​​ពី​បោះ​​​បង្គោល​​ព្រំដែន​​​​រួច​​​រាល់​ ​អាច​​ការពារ​​ទឹក​ដី បញ្ចប់​​ជម្លោះ​​ព្រំដែន​ ​និង​​ផ្តល់​​ប្រយោជន៍​​​​ធំ​ធេង​​ សម្រាប់​​​ជាតិ​ខ្មែរ។ លោក​​ថា​ ​រដ្ឋាភិបាល​​កម្ពុជា ​បាន​​ប្រឹងប្រែង​​ជាច្រើន​​ឆ្នាំ​​មក​​ហើយ​ ​ទម្រាំ​​កសាង​ព្រំដែន​​សន្តិភាព​ ​និង​​បោះ​​បង្គោល​​ព្រំដែន​​សម្រេច​​បាន ៨៤ ភាគ​រយ» គណៈកម្មាធិការ​​កិច្ចការ​​ព្រំដែន ​ឱ្យ​​ដឹង​​ថា ក្នុងចំណោម​​ខេត្ត​ទាំង​ ៩ ​របស់​កម្ពុជា​​ ជាប់​ព្រំដែន​​វៀតណាម​ មាន​​ខេត្ត​​ព្រៃវែង ក្រចេះ និង​​ត្បូងឃ្មុំ ត្រូវ​​បាន​​បញ្ចប់​​ទាំង​ស្រុង​​ហើយ ក្នុង​​ការ​បោះ​​បង្គោល​​ព្រំដែន ​នៅ​​សល់​ខេត្ត​​កំពត ស្វាយរៀង រតនគិរី មណ្ឌលគិរី តាកែវ និង​​ខេត្ត​​កណ្ដាល។

បើ​ទោះ​ជា​​មាន​​ការ​​បោះ​​បង្គោល​​ព្រំដែន​​រួច​រាល់​​ហើយ​​ក្ដី អ្នកភូមិ​​ថា មាន​​​ដី​ស្រែ​​​​របស់​​​ពលរដ្ឋ​​​​ខ្មែរ ក្នុង​​ចន្លោះ​​បង្គោល​​ព្រំដែន​​ លេខ ១១៩ ដល់ ១២០ ក្នុង​ស្រុក​​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ មាន​​ទំហំ​​ជាង ៦០ ហិកតារ ​នៅ​មិន​ទាន់​​ឃើញ​​អាជ្ញាធរ​​ ប្រគល់​​ឱ្យ​​ពលរដ្ឋ​​ខ្មែរ ​ធ្វើ​ស្រែ​​ចម្ការ​​នៅ​​ឡើយ​ទេ។ កន្លង​ទៅ​ អ្នក​ភូមិ​​​ជាង ១០០ គ្រួសារ បាន​​ទៅ​​ដាក់​​ញត្តិ​​ទៅ​​ក្រសួង​​ដែនដី និង​​ស្ថាប័ន​​ពាក់ព័ន្ធ​​ នៅ​​រាជធានី​​ភ្នំពេញ ​តែ​​មក​​ទល់​​ពេល​​នេះ នៅ​​មិន​ទាន់​​ទទួល​​បាន​​ដំណោះ​​ស្រាយ​​នៅ​ឡើយ​​ទេ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​ភាគច្រើន​ មិន​​ហ៊ាន​​និយាយ និង​​តវ៉ា​​រឿង​ព្រំដែនទេ​ ​ខ្លាច​​ក្រែង​​អាជ្ញាធរ​ ចាប់​​ដាក់​​គុក។

កាល​ពី​ខែ​​ ​កក្កដា ឆ្នាំ​២០២០ ពលរដ្ឋ​​រស់នៅ​​​តាម​​​បណ្ដោយ​​​ព្រំដែន​​​កម្ពុជា​​-​​វៀត​ណាម ​ក្នុង​​ស្រុក​​​ពញាក្រែក ខេត្ត​​​ត្បូងឃ្មុំ​ អះអាង​​ថា ពលរដ្ឋ​​ខ្មែរ​​ជាង ៤០ នាក់ ភាគ​​​ច្រើន​​​ជា​​ម្ចាស់​​ដី​​​ស្រែ​​ រស់នៅ​​ភូមិ​​ត្រពាំង​​ផ្លុង ឃុំ​​ត្រពាំង​ផ្លុង បាន​​តវ៉ា​​ទាម​ទា​​ដីស្រែ​ នៅ​​ចំណុច ដែល​​​វៀតណាម​ ឈ្លាន​ពាន ​ដោយ​​ខឹង​​សម្បា​​នឹង​​ទាហាន​​វៀតណាម ​ជាង ៣០ នាក់ ប្រដាប់​​ដោយ​​អាវុធ និង​​ដំបង​ឆក់​ ឆ្លង​​ចូល​​ដី​ខ្មែរ ហើយ​​ពួក​គេ​ បាន​​ថត​វីដេអូ​ បង្ហោះ​​តាម​បណ្ដាញ​​សង្គម។ ក្រុម​ពលរដ្ឋ​ទាំង​នោះ ​រិះគន់​​អាជ្ញាធរ​​ខ្មែរ​​ថា មិន​​ហ៊ាន​​តទល់​​ជាមួយ​​ទាហាន​​វៀតណាម​​ទាំងនោះ​​ទេ។

រីឯ​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា ​ប្រចាំ​​ប្រទេស​​ន័រវេ (Norway) លោក ម៉ែន ណាត យល់​​ថា ការ​បណ្ដោយ​​ឱ្យ​​វៀតណាម​ ដាំ​​ដំណាំ​​ហ៊ុមព័ទ្ធ​​បង្គោល​​ព្រំដែន ឆ្លង​​​ចូល​​​ដី​​ខ្មែរ ​គឺ​​ជា​​​ទង្វើ​​​ឈ្លាន​ពាន​​​អធិបតេយ្យ​​ជាតិ​​កម្ពុជា ដែល​​ទាមទារ​​ឱ្យ​​រដ្ឋាភិបាល ​ត្រូវ​​ដោះ​​ស្រាយ​​ជា​​បន្ទាន់។ លោក​​ថា ប្រសិន​​បើ​បញ្ហា​​នេះ គណៈ​កម្មាធិការ​​​ព្រំដែន​​​ខ្មែរ និង​អាជ្ញាធរ​​​ខេត្ត​​​ត្បូងឃ្មុំ​ មិន​​​អាច​​​ដោះ​​ស្រាយ​​​រួច​​​ទេ ឆ្លុះ​​បញ្ចាំង​​ថា រដ្ឋាភិបាល ​អសមត្ថភាព​​ក្នុង​​​ការ​​ការពារ​​បូរណភាព​​​ទឹក​​ដី​៖ «គេ (ពលរដ្ឋ​​​វៀត​ណាម) មាន​​​សិទ្ធិ​​​ចូល​​​មក​​​ដាំ​ ធ្វើ​ស្រែ​​​ចម្ការ​​​ហ៊ុម​ព័ទ្ធ​​​បង្គោល​​ព្រំដែន​​ អ៊ីចឹង​​ទៀត។ យើង​​ សង្ឃឹម​​​រដ្ឋាភិបាល​​កម្ពុជា ដែល​​មាន​​លោក វ៉ា គឹម​ហុង ជា​​តំណាង​​ហ្នឹង តើ​​មក​​ធ្វើ​ជា​​មុខ​មាត់​​ស្អី​កើត ក្នុង​​បញ្ហា​​ដោះ​​ស្រាយ​​ទុក្ខ​​កង្វល់​​របស់​​ពលរដ្ឋ​​ហ្នឹង? បើ​​រដ្ឋាភិបាល​​ហ្នឹង​ ធ្វើ​អ្វី​​តាម​តែ​​បំណង​ឈ្លាន​ពាន​​របស់​​វៀតណាម។ បើ​រដ្ឋាភិបាល ​ធ្វើ​​ឯកសារ​​ព្រំដែន​ ធ្វើ​​ផែនទី​​ព្រំដែន​​ថ្មីៗ ហ្នឹង ផ្អែក​​តាម​​អ្វី​ ដែល​​វៀតណាម ​ចង់​​បាន​​តែ​​ទាំង​​អស់​​ហ្នឹង»។

កាល​ពី​ឆ្នាំ​២០១៥ ក្រសួង​មហាផ្ទៃ​ បាន​​ចេញ​​លិខិត​​មួយ​​ច្បាប់​ ស្នើ​​ឲ្យ​​​អភិបាល​​​​ខេត្ត​ ដែល​​​គ្រប់​គ្រង​​តំបន់​ មាន​​ព្រំដែន​​ជាប់​​នឹង​​ប្រទេស​​​វៀតណាម ឡាវ និង ថៃ ទប់​​ស្កាត់​​ពលរដ្ឋ​​ខ្មែរ​​ ជួល​​ដី​​ទៅ​​កសិករ​​ប្រទេស​​ជិត​ខាង ដើម្បី​​រក្សា​ការពារ​​ឲ្យ​បាន​​នូវ​​បូរណភាព​ទឹកដី និង​​អធិបតេយ្យ​​ជាតិ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​​រស់​នៅ​​ក្បែរ​​បន្ទាត់​​ព្រំដែន​ ក្នុង​​ខេត្ត​​ត្បូងឃ្មុំ​ អះ​អាង​​​ថា ពលរដ្ឋ​​​វៀត​ណាម ​ឆ្លង​​ចូល​ដី​​ខ្មែរ​ ធ្វើ​ស្រែ​​ចម្ការ​​តាម​​បណ្ដោយ​ព្រំដែន​​ ក្នុង​​ទឹកដី​​ខ្មែរ​ កើត​មាន​​ជា​​ច្រើន​​ឆ្នាំ​​មក​​ហើយ ប៉ុន្តែ​​អាជ្ញាធរ​​មូលដ្ឋាន និង​​សមត្ថកិច្ច​ មិន​​ចាត់​​វិធានការ​​ទប់​ស្កាត់​​ឲ្យ​មាន​​ប្រសិទ្ធភា​ព​ឡើយ ​ហាក់​​ដូច​ជា​​ចាត់​ទុក​​ថា រឿង​នេះ​​ជា​រឿង​​តូច​តាច។ ចំណែក​​យោធា​​វៀតណាម​​វិញ តែង​​ឆ្លង​​ចូល​​ដី​ខ្មែរ​ ​តាម​​បណ្ដោយ​​ខ្សែ​​បន្ទាត់​ព្រំដែន ​ដើម្បី​​គំរាម​​កំហែង និង​​រារាំង​​ពលរដ្ឋ​​ខ្មែរ ​មិន​​ឱ្យ​​ធ្វើស្រែ​​លើ​​ដី​​របស់​​ខ្លួន​​ជា​​ញឹក​ញាប់៕

.

.