ចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០១៤ ពលរដ្ឋខ្មែរប្រមាណ ៧៧០.០០០ នាក់ ក្នុងចំណោមពលរដ្ឋសរុប ១៥ លាននាក់ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងរឿងទំនាស់ដីធ្លី និងទទួលរងការបណ្តេញចេញពីភូមិករ ពីសំណាក់អាជ្ញាធរ និងអ្នកមានអំណាច នៃរដ្ឋាភិបាលលោក ហ៊ុន សែន ។ នេះបើតាមឯកសាររបស់មេធាវីសិទ្ធិមនុស្សអន្តរជាតិ លោក Richard Rogers នៃតុលាការឧក្រិដ្ឋអន្តរជាតិ (ICC)។
សកម្មជនដីធ្លីមួយចំនួន ត្រូវបានចាប់ដាក់ឃុំឃាំង ក្រោយពីពួកគេ តវ៉ាការពារដីធ្លីរបស់ខ្លួន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមសកម្មជន ត្រូវបានដោះលែងនៅក្រៅឃុំ ប៉ុន្តែពួកគេ នៅតែជាប់បណ្តឹងរបស់តុលាការ។
អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីពីតំបន់បឹងកក់ ក្នុងទីក្រុងភ្នំពេញ ត្រូវបានចាប់ខ្លួនជាថ្មី ដាក់ព័ន្ធនាគារ កាលពីដើមឆ្នាំ ២០១៧ ហើយត្រូវបានដោះលែងវិញ នៅថ្ងៃទី ២០ សីហា ២០១៨ រួចមកលោកស្រី បានទៅរស់នៅសហរដ្ឋអាមេរិក មកទល់សព្វថ្ងៃ។

ក្រុមឈ្មួញដីធ្លីធំៗ សុទ្ធតែជិតស្និទ្ធនឹង ក្រុមគ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និងកូនស្រី ហ៊ុន ម៉ាណា ជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចកម្ពុជា ក្រោមរបាំងខុសច្បាប់ ការរំលោភសិទ្ធិមនុស្ស និងពាក់ការបណ្តេញពលរដ្ឋ ចេញពីលំនៅឋានផង។ នេះបើតាមរបាយការណ៍អង្គការ Global Witness 2016។
ក្រុមឈ្មួញដីធ្លីធំៗទាំងនោះ រួមមាន ៖
- លោក ពុង ឃាវសែ ម្ចាស់មជ្ឈមណ្ឌល កោះពេជ្រ និង តំបន់ត្រើយខាងកើត ជ្រោយចង្វារ ភ្នំពេញ។
- លោកស្រី ស៊ុយ សុផាន ហៅ យាយផាន កាន់កាប់តំបន់ បុរីកីឡា ភ្នំពេញ និង ដីធ្លីជាច្រើកន្លែងទៀត។
- លោកស្រី ជឹង សុភាព ហៅ យាយភូ និងស្វាម៉ី លោក ឡៅ ម៉េងឃិន (សមាជិកព្រឹទ្ធសភា បក្សកាន់អំណាច) កាន់កាប់តំបន់បឹងកក់ ភ្នំពេញ និង តំបន់ជាច្រើនទៀត។
- លោក គិតំម៉េង ម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនវារីអគ្គីសនី ទំនប់សេសានពីរ ខេត្តស្ទឹងត្រែង បានបណ្តេញពលរដ្ឋ ពីលំនៅដ្ឋាន នៅខាងក្រោមខ្សែទឹក នៃទំនប់នោះ។
- លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃបក្សកាន់អំណាច កាន់កាប់ដីធ្លីមួយភាគ ធ្វើក្រុមហ៊ុនស្ករអំពៅ នៅខេត្តកោះកុង និង កំពង់ស្ពឺ។
- លោក ម៉ែន សារុន កាន់កាប់ដីកសិកម្ម តំបន់ព្រំដែន ខ្មែរ-យួន ជាពិសេសនៅស្រុកមេត់ ត្បូងឃ្មុំ ហើយនិងការជួលដីព្រំដែនខ្មែរ ឲ្យទៅ យួន ធ្វើកសិកម្ម ដែលនៅតែរំលោភសេចក្តីប្រកាស របស់រដ្ឋាភបាល ឆ្នាំ២០១៥ «ហាមការលក់ ការជួលដីធ្លី នៅព្រំដែន ទៅឲ្យបរទេស»។ល។
- ក្រុមហ៊ុនបុរី ប៉េងហួត និង ហុង ពាវ ក្តោបក្តាប់ដីធ្លីតំបន់ជាយក្រុងភ្នំពេញ សាងសង់ផ្ទះល្វេង និង បូរីថ្មីៗរាប់ភ្លេច ។ល។និង។ល។
(អត្ថបទដោយលោក ម៉ែន ណាត /Updated 20-9-2019)
អាជ្ញាធរអប្សរា បន្តរុះរើសំណង់ខុសច្បាប់បាន ៤៩កន្លែង ដោយគ្មានសំណង ទោះបីពលរដ្ឋ បង្ហាញលិខិតអនុញ្ញាតសាងសង់
ដោយ សទ្ធ គឹមសឿន, Phnom Penh Post, 14-8-2017
ភ្នំពេញ៖ សំណង់ចំនួន ៤៩ កន្លែងក្នុងចំណោមសរុប ៥២០ កន្លែងដែលបានសាងសង់ រំលោភលើដីរមណីយដ្ឋានអង្គរវត្ត បានរុះរើរួចក្នុងរយៈពេល ៣ ថ្ងៃ ដែលកម្លាំងអាជ្ញាធរអប្សរា និងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តសៀមរាប បានបើកប្រតិបតិ្តការ កាលពីសប្ដាហ៍មុន ហើយក្នុងប្រតិបតិ្តការនេះ មិនទាន់មានការប្រឈមមុខដាក់គ្នា រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជាម្ចាស់សំណង់នោះទេ។
កាលពីថ្ងៃទី ១ ខែសីហា អាជ្ញាធរអប្សរា បានចេញសេចក្ដីជូនដំណឹង ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯង ហើយមានប្រជាពលរដ្ឋមួយចំនួន បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងមួយចំនួនទៀត មិនទាន់រុះរើតាមការជូនដំណឹង ទើបរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរាចុះមករុះរើដោយផ្ទាល់ ជាមួយនឹងកម្លាំងសមត្ថកិច្ចជាច្រើននាក់ និងរថយន្តបាញ់ទឹក និងរថយន្តសារ៉ែនជាច្រើនគ្រឿងផងដែរ។
លោក ឡុង កុសល់ ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីម្សិលមិញថា សំណង់ បានសាងសង់រំលោភលើ ដីរមណីយដ្ឋានអង្គរវត្ត ក្នុងអំឡុងពេលមុន និងក្រោយពេលនៃ យុទ្ធនាការបោះឆ្នោតសរុបចំនួន ៥២០ កន្លែងក្នុងនោះអាជ្ញាធរបានរុះរើផ្ទះ និងសំណង់ខុសច្បាប់បាន ៤៩ កន្លែង និងពលរដ្ឋបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង មានចំនួនប្រហែលជិត ៥០ កន្លែងដោយគិតចាប់ពីថ្ងៃទី ១០ ដល់ ១៣ ខែសីហា។
លោកបន្តថាអាជ្ញាធរ បានធ្វើការរុះរើសំណង់ខុសច្បាប់ ទាំងនេះមាន ៣ គោលដៅធំៗ រួមមានស្រុកប្រាសាទបាគង ស្រុកអង្គរធំ និងក្រុងសៀមរាប (មុខប្រាសាទបន្ទាយក្តី) ហើយ ២ គោលដៅទៀតនឹងបន្ដនៅពេលក្រោយគឺនៅស្រុកពួក និងស្រុកប្រាសាទបន្ទាយស្រី។
លោកថា៖ «នេះគឺជាលេសរបស់ពួកគាត់ ក្នុងការឆ្លៀតឱកាស អំឡុងពេលបោះឆ្នោតឆ្នាំ ២០១៧-២០១៨ នេះ អាជ្ញាធរអប្សរា តែងតែបញ្ជូនមន្ត្រីរបស់ខ្លួន ទៅនាំពួកគាត់ជាប្រចាំដែរ ប៉ុន្ដែពួកគាត់មិនបានយកចិត្តទុកដាក់ព្រមទាំងបានជឿលើសម្ដី ភូតកុហករបស់ជាងផ្ទះ ឬជាងសំណង់មួយចំនួន។ អាជ្ញាធរអប្សរា មិនដែលប្រកាសថាកន្លែងនេះ ឬកន្លែងនោះអាចសាងសង់បាននោះទេ»។
លោកបញ្ជាក់ថាសំណង់ ឬផ្ទះដែលសង់ពីឆ្នាំ ១៩៨០ រហូតមកដល់ពេលនេះ វាមិនមែនជាប្រធានបទនៃយុទ្ធនាការរុះរើនេះទេ។ កន្លងមកអ្នកសាងសង់ សំណង់ខុសច្បាប់ទាំងនេះ ភាគច្រើនពួកគាត់មិនមែនសាងសង់ ក្នុងបំណងរស់នៅទេ ប៉ុន្ដែពួកគាត់សាងសង់ ក្នុងបំណងចាប់យកដី ឬចាប់យកទីតាំងទុកប្រើប្រាស់ផ្សេងៗទៀត និងមួយចំនួន ជឿលើអ្នកញុះញុង់ ដូចជាអ្នកម៉ៅការសាងសង់សំណង់ ប៉ុន្ដែអាជ្ញាធរមិនបានចូលរួមបិទបាំងនៃ ការសាងសង់ល្មើសច្បាប់នេះទេ។
លោក ពេជ្រ ស្រួច ប្រជាពលរដ្ឋនៅសង្កាត់នគរធំ ដែលរងនូវការរុះរើផ្ទះនេះ បានប្រាប់កាលពីម្សិលមិញថា៖ «ខ្ញុំបាទគ្រាន់តែសាងសង់ផ្ទះនៅទេ មិនមែនធ្វើរឿងខុសច្បាប់អ្វីនោះទេ បើរើផ្ទះខ្ញុំ ខ្ញុំមិនដឹងទៅណាទៀតទេ។ បើនៅក្បែរប្រាសាទអង្គរទៅ ខ្ញុំមិនថាទេ តែនេះគឺឆ្ងាយដល់ទៅជិត ១០ គីឡូម៉ែត (តំបន់ ២)»។
លោក សូ ណារិន មន្ត្រីសម្របសម្រួលនៃ អង្គការអាដហុក ខេត្តសៀមរាបបានយល់ឃើញថា៖ «ការអនុវត្តរុះរើផ្ទះពលរដ្ឋនេះ នៅមិនទាន់ស្មើភាពគ្នានៅឡើយទេ ដោយមិនបានអនុវត្តច្បាប់ ព្រមគ្នា»។
ក្រុមគណៈកម្មការចម្រុះ ក៏អំពាវនាវដល់ប្រជាជន ឲ្យស្ម័គ្រចិត្តក្នុងការរុះរើសំណង់ខុសច្បាប់ និងចូលរួមសហការ ជាមួយក្រុមការងារជាបន្តទៀត ចៀសវាងការខូចខាតទ្រព្យសម្បត្តិ និងផលប្រយោជន៍ របស់បងប្អូនទៀតផង៕
.