សេចក្តីថ្លែងការណ៍រួមស្តីពី «តំបន់ស» ជាមួយវៀតណាម ធ្វើនៅថ្ងៃទី ១៧ មករា ១៩៩៥ ជាការដាក់ទឹកដីកម្ពុជាខ្លួនឯង ដោយហាមប្រាមពលរដ្ឋខ្មែរ មិនឲ្យចូលទៅធ្វើស្រែចម្ការរបស់ខ្លួន ដោយទុកលទ្ធភាពឲ្យរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដោះស្រាយបញ្ហាចម្រូងចម្រាសព្រំដែនសិន។ កិច្ចព្រមព្រៀងស្តីពីតំបន់សនេះ មានកម្រិតបន្ទាប់បន្សំប៉ុណ្ណោះ។ ម្ល៉ោះហើយភាគីវៀតណាម តម្រូវឲ្យភាគីកម្ពុជារបស់លោក ហ៊ុន សែន ត្រូវចុះហត្ថលេខាលើ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មី ដ៏ចម្រូងចម្រាស នៅខែតុលា ឆ្នាំ ២០០៥ ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនថ្មី នៃប្រទេសទាំងពីរ។ រួចមក នៅក្រោយការបោះបង្គោលព្រំដែនបាន ៨៤% ភាគីវៀតណាម តម្រូវឲ្យភាគីរបស់លោក ហ៊ុន សែន ចុះសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មីមួយទៀត នៅខែធ្នូ ឆ្នាំ២០១៩។ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ទាំងពីរនេះ ធ្វើឡើងដោយគ្រាន់តែបន្ថែមខ្លឺមសារទៅលើ សន្ធិសញ្ញាកំណត់ព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយវៀតណាម ហើយមានភ្ជាប់ផែនទីព្រំដែន ដែលបោះពុម្ពឡើងវិញនៅវៀតណាមផង។ «សន្ធិសញ្ញាព្រំដែនថ្មីៗទាំងនេះ តម្រូវឲ្យមានការបោះបង្គោលព្រំដែន និងបោះបង្គោលតម្រុយព្រំដែន រំកិលចូលក្នុងទឹកដីខ្មែរ ពីសំណាក់វៀតណាម»។ (អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
ក្រុមយុវជន៖ ការបោះតង់របស់ទាហានវៀតណាម ឆ្លងចូលទឹកដីកម្ពុជា ជាការឈ្លានពានទឹកដីខ្មែរ
(RFA Khmer / ដោយ ទីន ហ្សាការីយ៉ា / 27-4-2020)
ស្នងការនគរបាលខេត្តកណ្ដាល និងយោធាកម្ពុជា បានស្នើឱ្យយោធាវៀតណាម រុះរើតង់ចំនួន ៩ កន្លែងផ្សេងគ្នាចេញពីតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា វាស់វែងកំណត់ខណ្ឌសីមា ឋិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ អាជ្ញាធរខ្មែរអះអាងថា ភាគីវៀតណាម ប្រាប់ថា ការបោះតង់នោះ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ចំណែក ក្រុមយុវជន ចាត់ទុកទង្វើរបស់វៀតណាមថា ជារូបភាពឈ្លានពានទឹកដីកម្ពុជា។
ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត និងយោធាការពារព្រំដែនលេខ ៦០៥ រួមទាំងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះទៅពិនិត្យបន្ទាត់ព្រំដែន មិនទាន់ឯកភាពបោះបង្គោលព្រំដែន នៅចំណុចប៉ុស្តិ៍ដំបូកចែវ ក្នុងឃុំព្រែកស្បូវ ស្រុកកោះធំ កាលពីថ្ងៃទី ២៦ ខែមេសា។
ការចុះពិនិត្យនេះ ដោយសារយោធាវៀតណាម បានបោះតង់ និងចងអង្រឹងចំនួន ៩កន្លែងឆ្លងចូលទឹកដីកម្ពុជា ក្រោមហេតុផលថា ទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩។ អាជ្ញាធរកម្ពុជាបានស្នើឱ្យទាហានវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកណ្ដាល។
អាស៊ីសេរី ព្យាយាមទាក់ទងស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី២៧ មេសា។
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ប្រាប់អាស៊ីសេរីថា តំបន់នោះ ជាតំបន់ស មិនទាន់បោះបង្គោលព្រំដែនជាផ្លូវការនៅឡើយទេ ហើយភាគី ប្រទេសទាំងពីរ ត្រៀមស្នើទៅរដ្ឋាភិបាលបារាំង ឱ្យចម្លងខ្សែព្រំដែន ពីផែនទីបោន (Bonne) ខ្នាត ១/១០០ ពាន់ ទៅជាផែនទី UTM ខ្នាត ១/៥០ ពាន់វិញ។ លោកថា តង់ដែលវៀតណាម បោះនៅតំបន់នោះ ជាការរំលោភលើសេចក្ដីប្រកាសព័ត៌មានរួម កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៥ ដូច្នេះហើយទើបលោក ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ស្នើឱ្យវៀតណាមរុះរើតង់ទាំងនោះ ចេញពីតំបន់ព្រំដែនជាបន្ទាន់៖ «តំបន់នោះ យើងដាក់ក្នុងតំបន់ដែលយើងស្នើឱ្យភាគីបារាំងគេមកជួយ នៅថ្ងៃក្រោយថ្ងៃណា គេមកជួយចម្លងផែនទីបោនពី ១០០ពាន់ លើ ៥០ពាន់។ ចោទគេថា រំលោភអធិបតេយ្យយើង វាធ្ងន់ធ្ងរពេកហើយ អ្នកនៅជិតគ្នា យើងក៏មិនដឹងថា ខ្សែយើងនៅត្រង់ណា គេក៏មិនដឹងថា ខ្សែយើងនៅត្រង់ណា។ តាមពិតទៅគេថា បោះតង់យាម ដើម្បីការពារវីរុសកូរ៉ូណាថ្មីនោះ បានគេបោះតង់យាម នៅនោះ តែប៉ុណ្ណឹងវាមិនមែនអីថា ធ្ងន់ធ្ងរ»។
ប្រធានក្រុមការងារ ១០០រាត្រី និងជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ចាត់ទុក ទង្វើរបស់វៀតណាម ជារូបភាពឈ្លានពានទឹកដីកម្ពុជា ក្រោមលេសថា ទប់ស្កាត់ជំងឺកូវីដ-១៩។ លោក ភាគីវៀតណាមមានល្បិចច្រើន ក្នុងការឈ្លានពានទឹកដីកម្ពុជា ហើយបើទោះបីភាគីប្រទេសទាំងពីរ បានបោះបង្គោលសម្រេចបាន ៨៤ភាគរយក្ដី ក៏មិនប្រាកដថា វៀតណាមឈប់ឈ្លានពានទឹកដីកម្ពុជាដែរ។
លោកផ្ដល់ទស្សនៈថា រដ្ឋាភិបាលកម្ពុជា ត្រូវមានជំហររឹងមាំ ការពារបង្គោលព្រំដែន ដែលបោះរួចចំនួន ៨៤ភាគរយ ព្រោះតំបន់ដែលមិនទាន់ឯកភាពគ្នា កំណត់ខណ្ឌសីមា ភាគីវៀតណាម បានប្រើកម្លាំងយោធា និងប្រជាជនរបស់ខ្លួន បន្តឈ្លានពានទឹកដីកម្ពុជា ដូចជា នៅតំបន់ដាក់ហ៊ួដ ក្នុងខេត្តមណ្ឌលគិរី តំបន់តំបន់ប៉ាក់ណាមក្នុងខេត្តកណ្ដាល និងតំបន់អន្លង់ជ្រៃក្នុងខេត្តត្បូងឃ្មុំ ជាដើម៖ «ប៉ុន្តែបើយើង មកមើលស្ថានភាពមកដល់ឥឡូវនេះ ព្រំដែនដែលបានបោះរួចក្តីក៏យើងឃើញថា ការការពារ នៅមានកម្រិតខ្សោយណាស់។ ឧទាហរណ៍យើងឃើញថា មានជនជាតិវៀតណាមជាច្រើន បានចូលមកនៅតាមបណ្តោយព្រំដែនយើង ដូចជា នៅភូមិប៉ាក់ណាម ថ្មបីដុំ ក្អមសំណ និងស្រុកព្រះស្តេច និងនៅតំបន់ផ្សេងៗ ទៀត ហើយជាពិសេស ការចេញចូលរបស់ជនជាតិវៀតណាម មកលើកម្ពុជាយើង គឺភាគច្រើនខុសច្បាប់ និងធ្វើឡើងដោយមានអំពើពុករលួយ»។
ចំណែកទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង បកស្រាយថា នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ បានចុះហត្ថលេខា ទទួលស្គាល់បង្គោលព្រំដែន ដែលបានបោះរួចចំនួន ៨៤ភាគរយរួចហើយ។ លោកថា បង្គោលព្រំដែនទាំងនោះ មាននិយាមកាគ្រប់តំបន់ទាំងអស់ ដែលលោក និងភាគីវៀតណាម បានចុះហត្ថលេខាលើពិធីសារ ក្នុងឯកសាររាប់ពាន់ទំព័រ ក្នុងការប្រើប្រាស់ផែនទីខ្នាត ២៥ពាន់ ដែលកំណត់និយាមកា គ្រប់ចំណុចទាំងអស់ និងមានខ្សែព្រំដែនច្បាស់លាស់កំណត់ខណ្ឌសីមាប្រទេសទាំងពីរ ដែលភាគីប្រទេសទាំងពីរ គ្រោងយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ស្របតាមធម្មនុញ្ញរបស់អង្គការសហការប្រជាជាតិ៖ «ជាតឹកតាងមួយដ៏សំខាន់ ទុកជាកេរមរតក ទុកឱ្យពលរដ្ឋរាប់សតវត្សទៅក្រោយទៀត ឈប់ឱ្យមានជម្លោះព្រំដែន ដោយសារផែនទីមិនច្បាស់លាស់។ ផែនទី ៨៤ភាគរយ គឺជាផែនទីដែលមាននិយាមការគ្រប់ចំណុច នៃខ្សែព្រំដែន មិនត្រឹមតែបង្គោលព្រំដែនធំ បង្គោលព្រំដែនបំពេញបន្ថែម និងតម្រុយព្រំដែនទេ។ នេះជាការធានារាប់រង»។
កម្ពុជា មានព្រំដែនជាប់នឹងប្រទេសវៀតណាម ចំនួន ១.២៤៥ គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១ បង្គោល។ បច្ចុប្បន្នប្រទេសទាំងពីរ បានបោះបង្គោលរួចរាល់ចំនួន ៣១៥ បង្គោល ស្មើនឹង ៨៤ ភាគរយ ហើយបង្គោលនៅសល់ចំនួន ៥៦ទៀត មានឋិតនៅខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ៕
.
ផលវិបាកសង្គម ប្រឈមឈ្ងន់ធ្ងរ។