The Cambodia Daily
08th-11-2023

តំណាងរាស្ត្រ​អតីត​បក្ស​ប្រឆាំង ថា​ សមាគម​វៀតណាម ​ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា ​គ្រប់ ២៥ ​រាជធានី​-​ខេត្ត​​នៅ​​ទូទាំង​ប្រទេស​ជា​ហូរហែ​មក​នេះ គឺជា​ផែនការ​ដើម្បី​ជួយ​សម្រួល​ដល់​ជនជាតិ​វៀតណាម ដែល​បាន​រស់នៅ​លើ​ទឹកដី​កម្ពុជា​ ដោយ​ខុស​ច្បាប់​កន្លង​មក ឱ្យ​ទទួល​បាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រយ៍ និង​ចូល​សញ្ជាតិ​ខ្មែរ ដើម្បី​ឱ្យ​ពួកគេ​បន្ត​រស់នៅ​លើ​ទឹកដី​ខ្មែរ​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត។

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា សមាគម​វៀតណាម​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​អង្គភាព​ដែល​មាន​តួនាទី​តំណាង​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ដោយ​ស្រប​ច្បាប់ ក្នុង​ការ​អនុវត្ត​ផែនការ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាងលិច ​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជី មិញ ឱ្យ​បាន​សម្រេច​នា​ពេល​អនាគត ក្នុង​ការ​គ្រប់គ្រង​ទឹកដី​ខ្មែរ ​តាម​ផែនការ​ប្រជាសាស្ត្រ ដោយ​ការ​បង្ហូរ​ជនជាតិ​របស់​ពួកគេ​ ឱ្យ​ទៅ​រស់នៅ​លើ​ទឹកដី​ខ្មែរ​ ដូច​ដែល​ពួកគេ​បាន​អនុវត្ត ​តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក។

លោក អ៊ុំ សំអាន បញ្ជាក់​ថា សមាគម​វៀតណាម ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា​ ក៏​មិន​ហ៊ាន​ប៉ះពាល់​ដល់​សមាគម​វៀតណាម​នោះ​ដែរ ស្រប​ពេល​ដែល​សមាគម​វៀតណាម​ទាំងនោះ​ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ខណៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក៏​គាំទ្រ​រាល់​សកម្មភាព​របស់​សមាគម​វៀតណាម ​ទាំងនោះ​ថែម​ទៀត។

កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​វៀតណាម លោក ង្វៀន ស៊ុនហ្វុក (Nguyen Xuan Phuc) បាន​អះអាង​ថា នៅ​កម្ពុជា​ គ្មាន​សហគមន៍​ណា ​ជួប​ការ​លំបាក​ច្រើន​ដូច​សហគមន៍​ជនជាតិ​វៀតណាម នោះ​ទេ គឺ​ដោយសារតែ​ពួកគេ​ មាន​ស្ថានភាព​មិន​ច្បាស់លាស់​អំពី​ភាព​ស្រប​ច្បាប់ ហើយ​ភាគច្រើន​ ជនជាតិ​វៀតណាម​ទាំងនោះ​ មិន​មាន​ឯកសារ​សម្គាល់​ខ្លួន​ទេ ដូចជា​អត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន ជាដើម។

យ៉ាងណា​ក៏ដោយ ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ផាម មីញជីញ ក្នុង​កិច្ចប្រជុំ​ដាច់​ដោយឡែក​មួយ​ ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន ​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ នាយករដ្ឋមន្ត្រី​វៀតណាម បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​សម្រួល​ការ​រស់នៅ​ដោយ​ខុស​ច្បាប់​ របស់​ប្រជាជន​វៀតណាម​ ឲ្យ​បាន​ល្អ​ប្រសើរ​បន្ត​ទៀត ខណៈ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ក៏​បាន​ឯកភាព​នឹង​សំណើ​នេះ​ដែរ។

ជាង​នេះ​ទៀត ប្រធាន​រដ្ឋ​វៀតណាម លោក វ៉ វ៉ាន់ធឿង ក៏​បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ​លោក ហ៊ុន ម៉ាណែត ឱ្យ​ជួយ​សម្រួល​ការ​រស់នៅ​ដោយ​ខុស​ច្បាប់ ​របស់​ប្រជាជន​វៀតណាម ឲ្យ​បាន​ល្អ​ប្រសើរ​បន្ត​ទៀត​ដែរ​ កាលពី​ពេល​ថ្មីៗ​នេះ ហើយ​សំណើ​នេះ​ក៏​មិន​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត បដិសេធ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា ក្នុង​នាម​បក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល ប្រជា​ជន​​កម្ពុជា និង​រូបលោក​ផ្ទាល់ តែង​យកចិត្ត​ទុកដាក់​ដល់​ការ​ថែរក្សា​ នូវ​ចំណង​មិត្តភាព សាមគ្គី ភាព និង​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ស្រប​តាម​ទិស​ស្លោក​ថា ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង។

កាលពី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ ចំពោះ​អាណិកជន​វៀតណាម​នៅ​កម្ពុជា ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ផ្តល់​ដីធ្លី ទីជម្រក ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់​ឲ្យ​បាន​ត្រឹមត្រូវ ដែល​សារាចរ​នេះ ​នៅតែ​មាន​សុពលភាព​រហូត​ដល់​ពេល​នេះ។

ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ បាន​ចេញ​សេចក្ដី​ជូនដំណឹង​ ស្ដីពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ឱ្យ​ជនបរទេស​អន្តោប្រវេសន៍​នៅ​កម្ពុជា ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​ ដោយ​ខុស​ច្បាប់​ច្រើន​លើសលប់​សព្វថ្ងៃ​នេះ គឺ​មាន​តែ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត នៅ​ដើម​ឆ្នាំ​២០២៣ នេះ លោក ហ៊ុន សែន ក៏​បាន​ស្នើសុំ​ព្រះមហាក្សត្រ​ខ្មែរ​ ឱ្យ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​ជា​បន្តបន្ទាប់ ដោយ​កែប្រែ​ពី​ឈ្មោះ​វៀតណាម មក​ប្រើ​ឈ្មោះ​លំនាំ​ខ្មែរ​ថែម​ទៀត។

ជុំវិញ​បញ្ហា​នេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០០៣ ព្រះបាទ ​នរោត្តម សីហនុ បាន​ចេញ​ព្រះរាជសារ​មួយ​ទៅ​កាន់​ជន​រួម​ជាតិ​ខ្មែរ​ ដោយ​ប្រកាស​ថា ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ​បាន​ចូល​ទៅ​រស់នៅ​កម្ពុជា​ មាន​ចំនួន​ដល់​ទៅ​រាប់​លាន​នាក់ ​ឯណោះ៕

Photo: Hun Manet (Cambodia) & Nguyen uan Phuc (Vietnam)
Photo: Hun Manet (Cambodia) & Nguyen Xuan Phuc (Vietnam)