(CWCI Cambodia /អត្ថបទដោយ នគរ /០៤ វិច្ឆិកា ២០១៩)
ប្រធានរដ្ឋសភាជាតិ លោក ហេង សំរិន បានដឹកនាំកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអនុម័តយល់ព្រម តាមសម្លេង ១១០ លើ ១១០ ទៅលើសេចក្តីព្រាងច្បាប់ស្តីពី «ទី១. សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និង ទី២. សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម»។ សន្ធិសញ្ញាថ្មីនេះ ត្រូវបានដាក់ឈ្មោះថ្មីថា «សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩» ដែលកើតឡើងបន្ទាប់ពីមេដឹកនាំខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់លទ្ធផលបង្គោលព្រំដែន ៨៤% ជាមួយមេដឹកនាំវៀតណាម លោក ង្វៀន ស៊ុនហ្វ៊ុក កាលពីថ្ងៃទី ០៥ តុលា ២០១៩។
របាយការណ៍របស់របបលោក ហ៊ុន សែន បានបញ្ជាក់ថា បង្គោលព្រំដែនធំៗ រវាងកម្ពុជា និងវៀតណាម បានបោះរួចហើយចំនួន ៣១៥ បង្គោល ឬស្មើនឹង ៨៤% នៃបង្គោលព្រំដែនសរុប ដែលគ្រោងបោះចំនួន ៣៧៥ បង្គោល តាមខ្សែបណ្តាយព្រំដែន ១២៧០ គីឡូម៉ែត្រ។ បង្គោលខណ្ឌសីមាព្រំដែន ១៥១១ ឬស្មើនឹង ៩៩,៩% ក្នុងចំណោម ១៥១២ នៃផែនការ ក្នុងនោះកម្ពុជា បោះលេខសេសចំនួន ៧៩១ ហើយវៀតណាម បោះលេខគូ ចំនួន ៧២១ បង្គោល។ បង្គោលតម្រុយព្រំដែន ចំនួន ២២១ ឬស្មើនឹង ១០០% នៃផែនការ ក្នុងនោះកម្ពុជា បោះលេខសេស ចំនួន ១២៦ បង្គាល ហើយវៀតណាម បោះលេខ ចំនួន ៩៥ បង្គោល។
លោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិ បានថ្លែងក្នុងអង្គប្រជុំរដ្ឋសភា ថាសន្ធិសញ្ញាបំពេញបន្ថែមថ្មីនេះ ធ្វើឡើងក្នុងគោលបំណងរក្សាការគ្រប់គ្រងដីធ្លី ស្រែចម្ការ របស់ពលរដ្ឋប្រទេសទាំងពីរ ដោយកែប្រែតំបន់ព្រំដែន ឲ្យទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តបក្សប្រឆាំង CNRP និងជាសកម្មជនព្រំដែន បានហៅថា «ជាការអនុម័តយល់ព្រម ទៅលើសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ក្នុងសម័យវៀតណាម ត្រួតត្រាកម្ពុជា»។ លោក ថ្លែងប្រាប់វិទ្យុ VOD ថា «រដ្ឋសភាឯកបក្សហ្នឹង កើតឡើងចេញមកពីការបោះឆ្នោតក្លែងក្លាយ ឆ្នាំ២០១៨ ដែលរំលាយប្រជាធិបតេយ្យ ដែលរំលាយគណបក្សប្រឆាំង ដ៏ធំនៅកម្ពុជា ហើយរៀបចំការបោះឆ្នោតក្លែងក្លាយ។ ដូច្នេះ ការអនុម័តរបស់រដ្ឋសភា នៅថ្ងៃនេះ មិនយកជាការទេ»។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី RFA ថ្ងៃទី ០៤ វិច្ឆិកា លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវេស៍ បានថ្កោលទោសរដ្ឋសភា នៃរបបក្រុងភ្នំពេញថា «ការបោះបង្គោលព្រំដែន ៨៤% នោះ ធ្វើឲ្យកម្ពុជា បាត់បង់ទឹកដី»។ លោក បានបន្ថែមថា «យើងមិនអាចទទួលស្គាល់បានទេ ចំពោះការអនុម័តយល់់ព្រមទៅលើ សន្ធិសញ្ញាព្រំដែន ជាមួយវៀតណាមនេះ វាឈរលើមូលដ្ឋានសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ ដែលផ្ទុយទាំងស្រុងពី រដ្ឋធម្មនុញ្ញខ្មែរ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១»។
លោក ម៉ែន ណាត មានសុទិដ្ឋិនិយមថា «សន្ធិសញ្ញាមិនស្របច្បាប់រឿងព្រំដែន ជាមួយប្រទេសវៀតណាម នឹងត្រូវលុបចោល នៅពេលកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់មួយ ដែលមានមេដឹកនាំ ចេះគិតគូរផលប្រយោជន៍ជាតិជាធំ»។
ដោយឡែកលោក ឡឹក សុធា អ្នកនាំពាក្យបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទាមទារឱ្យរដ្ឋសភា ពន្យាពេលអនុម័តលើសេចក្តីព្រាងច្បាប់ព្រំដែននេះ បានសម្តែងការខកចិត្ត ហើយថា «ការអនុម័តសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងស្ថានភាពអ្នកនយោបាយខ្មែរ កំពុងមានការបែកបាក់គ្នា»។

