អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ ត្រូវបានវិទ្យុបារាំង RFI ដកស្រង់សំដីនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ថា «ភាគីវៀតណាម បានរុះរើតង់ចេញតំបន់ព្រំដែនខ្មែរអស់ហើយ មកទល់ថ្ងៃទី ២៤ ខែឧសភានេះ»។ តង់ដែលទាហានវៀតណាម បានបោះចូលក្នុងព្រំដែនខ្មែរនោះ មានចំនួន ៣១ តង់ បោះទីតាំងឈរជើង នៅស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល តាំងពីថ្ងៃទី ២៦ មេសា កន្លងទៅ ក្រោមហេតុផលថា ជួយទប់ស្កាត់ការរីករាលមេរោគកូរ៉ូណា និងការឆ្លងព្រំដែនខុសច្បាប់។
កាលពីថ្ងៃទី ០១-០២ ខែសភា ក្រុមការងារ១០០រាត្រីរបស់ លោក មួង សូនី និង ក្រុមការងាររបស់ លោក រ៉ុង ឈុន នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នាំគ្នាចុះទៅពិនិត្យទីតាំង ដែលទាហានវៀតណាម បានបោះតង់នោះ ប៉ុន្តែពួកគេត្រូវហាមឃាត់ ពីអាជ្ញាធរខ្មែរ ក្រោមហេតុផល «ខ្លាចវៀតណាមចាប់ខ្លួន ពិបាកដោះស្រាយបញ្ហាព្រំដែន និងខ្លាចឆ្លងមេរោគកូរ៉ូណា» ផង។ នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី នៅបីសប្តាហ៍មុន។
ចំណែកលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន នៃរដ្ឋាភិបាលលោក ហ៊ុន សែន បានថ្លែងក្នុងកិច្ចសម្ភាសដោយឡែកមួយ ជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី ២៤ ឧសភា នេះថា «កម្ពុជា បានស្នើសុំភាគីវៀតណាម ឲ្យរុះរើតង់ទាំងអស់ ចេញពីតំបន់ «ព្រំដែនដែលមិនទាន់ឯកភាពគ្នា» តាមសេចក្តីប្រកាសរួមរវាងកម្ពុជា និងវៀតណាម ថ្ងៃទី ១៧ មករា ១៩៩៥ និងគោរពសន្ធិសញ្ញាបំពេបន្ថែម ២០០៥»។ លោកបន្ថែមថា ក្រសួងការបរទេសរបស់លោក ប្រាក់ សុខុន បានបញ្ជូនកំណត់ទូត តវ៉ាទៅភាគីវៀតណាមរួចហើយ {កាលពីថ្ងៃទី ១៣ ឧសភា}។
លោក វ៉ា គឹមហុង បានបញ្ជាក់ថា «តំបន់ដែលវៀតណាម ចូលមកបោះតង់នោះ ជាតំបន់ស្មុគស្មាញ និងមានការលំបាកក្នុងដោះស្រាយទាំងបច្ចេកទេស និងទាំងផ្លូវច្បាប់»។ លោកបន្តថា «យើងស្នើទៅប្រទេសបារាំង ជួយបម្លែងផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ មកខ្នាត យូធីអឹម (UTM) ១/៥០.០០០ វិញ ដើម្បីដោះស្រាយជាមួយភាគីវៀតណាម»។ លោកបន្ថែមថា «បើតាមប្រវត្តិការគូសខ្សែព្រំដែន គឺត្រូវគូសចែកព្រំដែន នៅពាក់កណ្តាលទន្លេបាសាក់។ ប៉ុន្តែខ្សែបន្ទាត់ព្រំដែនក្នុងផែនទីហ្នឹង វាខុស គឺខុសពីសេចក្តីសម្រេចរបស់អគ្គទេសាភិបាលបារាំង នៅឆ្នាំ ១៩៣៥។ ប៉ុន្តែនៅពេលសម្តេចព្រះ នរោត្តម សីហនុ យកផែនទី ទៅតម្ក់ល់នៅអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងឆ្នាំ ១៩៦៣ ឆ្នាំ ១៩៦៤ ហ្នឹង បានកែប្រែខ្សែបន្ទាត់ព្រំដែន ទៅតាមសេចក្តីម្រេចរបស់អគ្គទេសាភិបាលបារាំង ឆ្នាំ ១៩៣៥»។
ក្រុមអ្នកជំនាញព្រំដែន និងអ្នកធ្វើកិច្ចការព្រំដែន បានច្រានចោលការលើកឡើងរបស់លោក វ៉ា គឹមហុង ដែលនិយាយបន្លិមបន្លំប្រវត្តិសាស្ត្រក្នុងការកំណត់ «ខ្សែបន្ទាត់ព្រំដែននៅលើផែនទី» ក្នុងបំណងផ្តល់«ផលវិជ្ជមាន» ទៅខាងភាគីវៀតណាម។
ក្រុមអ្នកធ្វើកិច្ចការព្រំដែនឯករាជ្យ មកពីគណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេសបារាំង និងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានក្រើនរំលឹកទៅរដ្ឋាភិបាល លោក ហ៊ុន សែន ជាញឹកញាប់ថា «ឲ្យដាក់មោក្ខភាព នូវរាសល់ឯកសារព្រំដែនទាំងអស់ ដែលបានធ្វើឡើងជាមួយវៀតណាម រួមទាំងសេចក្តីប្រកាសរួម ថ្ងៃទី ១៧ មករា ១៩៩៥ និងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមថ្មីៗផង ពីព្រោះឯកសារទាំងនោះ ធ្វើឡើងដោយចាញ់ប្រៀបភាគីវៀតណាម ហើយផ្ទុយទាំងស្រុងពីខ្លឹមសារនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញារបស់កម្ពុជា ឆ្នាំ១៩៩៣»។ ពួកគេ បានអំពាវនាវច្រើនលើកច្រើនសាហើយថា រដ្ឋាភិបាលោក ហ៊ុន សែន មិនត្រូវចរចាដោះស្រាយបញ្ហាព្រំដែនដោយបង្ខំ «ដោយទ្វេភាគី» អ្វីទាំងអស់ជាមួយវៀតណាម ខណៈពេលកម្ពុជា មិនទាន់មានឯកភាពផ្ទៃក្នុងជាតិនៅឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ត្រូវបានសារព័ត៌មាន The Cambodia Daily ដកស្រង់សំដីចុះផ្សាយនៅថ្ងៃទី ២២ ឧសភា ថា «គណបក្សប្រជាជនកម្ពុជា ត្រូវបានក្រុមលោក ហ៊ុន សែន កូរឡើងវ៉ល់ ដែលនាំឲ្យប្រទេសជិតខាង មាក់ងាយកម្ពុជា ដោយសារតែមេដឹកនាំកម្ពុជា ដូចជា ហ៊ុន សែន មានចំណេះដឹងទាប គ្មានសមត្ថភាពថ្នាក់អន្តរជាតិ ដូចគេឯង ហើយដឹងតែពីបំបែកបំបាក់ជាតិ ដើម្បីតែរក្សាអំណាចខ្លួនឯង ជាពិសេសល្បិចល្បែង ត្រៀមលើកអំណាច ឲ្យកូនប្រុសរបស់ខ្លួនតែប៉ុណ្ណោះ»។
ចំពោះលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានសារព័ត៌មាន The Cambodia Daily ដកស្រង់សំដីចុះផ្សាយ នៅថ្ងៃទី ២២ ឧសភា ដែរថា «ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានស្នើរដ្ឋាភិបាលកម្ពុជា ឲ្យប្រកាសលុបចោលសេចក្តីថ្លែងការណ៍រួម ថ្ងៃទី ១៧ មករា ១៩៩៥ ដែលជាសេចក្តីថ្លែងការណ៍មួយ ធ្វើឲ្យខាតប្រយោជន៍ខែ្មរ ពីព្រោះ«សេចក្តីថ្លែងការណ៍នេះ ត្រូវបានវៀតណាម តម្រូវឲ្យមានការបង្កើត តំបន់ស ក្នុងទឹកដីរបស់កម្ពុជាខ្លួនឯង»។ ជាងនេះទៅទៀត លោក ស្នើឲ្យកម្ពុជា លុបចោលរាល់សន្ធិសញ្ញាព្រំដែនទាំងអស់ ដែលធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ចង់ឃើញរដ្ឋាភិបាល លោក ហ៊ុន សែន មានសេចក្តីក្លាហានដាក់ពាក្យបណ្តឹង តាមយន្តការអន្តរជាតិ ដោយប្រើប្រាស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទាំងព្រំដែនគោក និងចង្កោមកោះត្រល់៕
(អត្ថបទ / CWCI Cambodia / 25-5-2020)




.