នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានសំដែងការសោកស្តាយ និងមានការព្រួយបារម្ភ ចំពោះហានីភ័យធំធេងនៃបូរភាពទឹកដីខ្មែរ។ នេះបើតាមការលើកឡើងរបស់លោក ដែលប្រតិកម្មជំទាស់ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ពាក់ព័ន្ធបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម ដែលត្រូវបានលោករដ្ឋមន្រ្តី ប្រាក់ សុខុន លើកឡើងជាមួយភាគីវៀតណាម ក្នុងកិច្ចប្រជុំតាមវីដេអូ (Video Conference) កាលពីថ្ងៃទី២២ ធ្នូ។ (សូមទាញយក សេចក្តីប្រកាសព័ត៌មាន នៃក្រសួងការបរទេស – Download)។
ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុងនៃប្រតិកម្មជំទាស់របស់លោក ម៉ែន ណាត ដោយភ្ជាប់ជាមួយយន្តការ ៣ ចំណុច ក្នុងដោះស្រាយបញ្ហាព្រំដែន ជាមួយវៀតណាម ដើម្បីបញ្ចប់មន្ទិល និងធានាយុត្តិធម៌ រវាងប្រជាជាតិទាំងពីរ។
(អត្ថបទដោយ CWCI Cambodia)
«ឆ្លើយតបទៅក្រសួងការបរទេសកម្ពុជា អំពីបញ្ហាព្រំដែន ជាមួយវៀតណាម»
យើងខ្ញុំសូមសំដែងការសោកស្តាយ ចំពោះការឱនលំទោនហួស និងការដឹងគុណមិនចេះចប់ របស់រដ្ឋាភិបាលនៃលោក ហ៊ុន សែន ដែលសន្យាគោរពដោះស្រាយបញ្ហាបោះបង្គោលព្រំដែន នៅសល់ ១៦% ទៀត ជាមួយប្រទេសវៀតណាម ដ៏ចម្រូងចម្រាស តាំងពីការចាប់ផ្តើមដំបូងមកម្ល៉េះ រហូតដល់ស្ទើរតែរង្គោះរង្គើរស្ថាប័នព្រះមហាក្សត្រ ក្រោមការគំរាមកំហែងរបស់លោក ហ៊ុន សែន នាឆ្នាំ២០០៥ ព្រមទាំងអ្នកជំនាញព្រំដែនឯករាជ្យ អ្នកច្បាប់ និងក្រុមសកម្មជនព្រំដែនខ្មែរ ត្រូវបានគំរាមកំហែងធ្ងន់ធ្ងរ ជាបន្តបន្ទាប់។
ការបោះបង្គោលព្រំដែន ជាមួយវៀតណាម ដែលធ្វើឡើងតាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ឆ្នាំ២០១៩ និងឯកសារថ្មីៗមួយចំនួនទៀត សុទ្ធតែអនុលោមតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ក្នុងសម័យវៀតណាម ត្រួតត្រាឈ្លានពានកម្ពុជា ដែលផ្ទុយទាំងស្រុងនឹងច្បាប់អន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផង។
ទោះបីយ៉ាងណាក៏ដោយ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវតែផ្អាកជាបន្ទាន់ នូវការបោះបង្គោលព្រំដែនជាមួយវៀតណាម ខណៈកម្ពុជា កំពុងមានវិបត្តិនយោបាយ និងគ្មានឯកភាពជាតិ ដូចសព្វថ្ងៃ។
យន្តការដោះស្រាយបញ្ញាព្រំដែន ជាមួយវៀតណាម ៖
១. ត្រូវធ្វើមោឃភាព នូវរាល់សន្ធិសញ្ញាព្រំដែន ផែនទីព្រំដែន និងឯកសារព្រំដែន ដែលមិនប្រក្រតីទាំងអស់ ឲ្យស្របតាមមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
២. ដោះស្រាយបញ្ហាព្រំដែន ជាមួយវៀតណាម តាមយន្តការអន្តរជាតិ ដែលមានច្បាប់អន្តរជាតិដ៏រឹងមាំ រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផង និងស្របតាមរដ្ឋធម្មនុញ្ញ របស់កម្ពុជាផង។
៣. ត្រូវប្តឹងប្រទេសវៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ អំពីការរំលោភឈ្លានពានបូរភាពទឹកដីខ្មែរ ដើម្បីជម្រះមន្ទិលសង្ស័យ និងធានាយុត្តិធម៌ រវាងប្រជាជាតិទាំងពីរ ផង។
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (ប្រទេសន័រវេស៍)
ក្រុមការងារនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (សហរដ្ឋអាមេរិក)

.
.