អត្ថបទ The Cambodia Daily / 01st-10-2020
អ្នកវិភាគនយោបាយសង្គមព្រមានថា លោក ហ៊ុន សែន ប្រឹងលុបដានប្រវត្តិសាស្ត្រព្រំដែន កម្ពុជា-វៀតណាម ក្នុងការលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយរំលោភបំពានលើរដ្ឋធម្មនុញ្ញកម្ពុជា កិច្ចព្រមព្រៀងក្រុងប៉ារីស៍ និងច្បាប់អន្តរជាតិ។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានរិះគន់ថា ការព្យាយាមលុបដានប្រវត្តិសាស្ត្រ បំបាត់ទឹកដីខ្មែរ ហើយប្រឹងរៀបចំផ្សព្វផ្សាយបំភ័ន្តជាតិឯង របស់រដ្ឋាភិបាលកម្ពុជា ជាទង្វើក្បត់ប្រជារាស្ត្រខ្មែរ មិនអាចប្រកែកបាន។ លោកអះអាងថា គន្លឹះដែលត្រឹមត្រូវ ដើម្បីការពារកម្ពុជាពីមហន្តរាយនោះ ទឹកដី គឺលោក ហ៊ុន សែន ត្រូវប្រើប្រាស់ច្បាប់អន្តរជាតិជាធរមាន និងស្នើរសុំអ្នកបច្ចេកទេសអង្គការសហប្រជាជាតិ សហប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍ ហើយជាពិសេស អ្នកបច្ចេកទេសបារាំង ដែលជាម្ចាស់គំនូសដើមនៃផែនទីរបស់កម្ពុជា។
ការរិះគន់នេះ ធ្វើឡើងក្រោយពេលរដ្ឋាភិបាលកម្ពុជា រៀបចំវេទិកាផ្សព្វផ្សាយស្ដីពីការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅឯទីស្តីការគណរដ្ឋមន្ត្រី បន្ទាប់រដ្ឋាភិបាលកម្ពុជា សម្រេចប្រើប្រាស់ផែនទីថ្មី ខ្នាត ១/២៥.០០០ (១លើ ២៥ពាន់) ដើម្បីកំណត់ព្រំដែនរបស់ខ្លួនជាមួយប្រទេសវៀតណាម នាពេលកន្លងមក។
ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥.០០០ ត្រូវបានប្រទេសទាំងពីរ កម្ពុជា- វៀតណាម រៀបចំពិធីប្រគល់និងទទួល កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ ប្រទេសវៀតណាម រវាងគណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាម ដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនវៀតណាម។
ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤% កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០ លោក ហ៊ុន សែន បានអួតថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយប្រើផែនទីខ្នាត ១/២៥.០០០ នេះ កម្ពុជាចំណេញដីពីខាងភាគីវៀតណាមដល់ទៅ ២ពាន់ ហិកតា ឯណោះ ដូច្នេះលោកចោទថា អ្នករិះគន់រដ្ឋាភិបាលរបស់លោក ដែលកំពុងដឹកនាំសព្វថ្ងៃនេះ គឺជាក្រុមញុះញង់បង្ករភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបង្ករឲ្យមានសង្គ្រាមជាមួយប្រទេសជិតខាងក្នុងតំបន់។
លោក អ៊ុំ សំអាន តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា វេទិកាផ្សព្វផ្សាយស្ដីពី ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម គ្រាន់តែជាល្បិចកលរបស់លោក ហ៊ុន សែន ធ្វើឡើងដើម្បីបន្លំភ្នែកពលរដ្ឋប៉ុណ្ណោះ ត្បិតកម្ពុជាមិនបានចំណេញដីពីវៀតណាម ដូចការអួតអាងរបស់លោក ហ៊ុន សែន នោះឡើយ។ លោកអះអាងថា ដើម្បីឲ្យមានតម្លាភាពលើកិច្ចការព្រំដែននេះ ត្រូវតែមានការចូលរួមដឹងឮ ពីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឡើងឲ្យស្របទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន លោក វ៉ា គឹមហុង ធ្លាប់អះអាងនៅក្នុងពិធីប្រគល់ផែនទី ទៅក្រសួង និងស្ថាប័នរដ្ឋមួយចំនួនរបស់កម្ពុជា ដើម្បីប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៧ ខែសីហា ថា រដ្ឋាភិបាលកម្ពុជា គ្រោងយកផែនទីថ្មី ខ្នាត ១/២៥.០០០ នេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីទុកជាផែនទីប្រវត្តិសាស្ត្ររបស់កម្ពុជាទៅជំនាន់ក្រោយ។
ប៉ុន្តែក្រុមចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានទាត់ចោលផែនទីថ្មី របស់កម្ពុជា ខ្នាត ១/២៥.០០០ ថា ជាផែនទីខុសច្បាប់ ក្នុងចេតនាកាត់ដីខ្មែរ ឲ្យវៀតណាមបន្ថែមទៀត ត្បិតផែនទីនេះ កើតចេញពីផែនទី ខ្នាត ១/១០០.០០០ ដែលបោះពុម្ពនៅប្រទេសវៀតណាម និងផែនទី UTM ខ្នាត ១/៥០.០០០ ដែលទាហានអាមេរិកាំង ប្រើសម្រាប់តែសម័យសង្គ្រាមវៀតណាមតែប៉ុណ្ណោះ។ ទោះយ៉ាងនេះក្តី រដ្ឋាភិបាលលោក ហ៊ុន សែន តែងប្រើពាក្យបន្លំថា ដូចមានក្នុងផែនទីខ្នាត ១/១០០.០០០ ជាប្រចាំ។
ក្រុមអ្នកឃ្លាំមើលព្រំដែន អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា បោះបង់ចោលរាល់សន្ធិសញ្ញាខុសច្បាប់នានា ដែលខ្លួនបានចុះហត្ថលេខាជាមួយវៀតណាមកន្លងមក និងងាកទៅរកច្បាប់ និងយន្តការអន្តរជាតិ ដើម្បីបញ្ជៀសសង្គ្រាម ពីដោះស្រាយបញ្ហាព្រំដែននេះ៕

.