អត្ថបទ VOD ដោយលោក ញឹម សុខន
06th-10-2022

ការសុខចិត្ត​រណប​ប្រទេស​ជិតខាង ដើម្បី​ក្រាញ​អំណាច​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​​នៃ​មេដឹកនាំ​ខ្មែរ​ ដោយ​មិន​យក​ពហុ​គំនិត​ ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ដឹក​​នាំ​ប្រទេស ជា​ដើម​ចម​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ ទៅ​ប្រ​ទេ​ស​​ជិត​ខាង​ត​ជំនាន់ និង​បង្ក​ឱ្យ​មាន​ជម្លោះ​ផ្ទៃ​ក្នុង​គ្មាន​​ទី​បញ្ចប់ បើ​អ្នក​នយោបាយ​សម័យ​ទំនើប​នេះ មិ​​ន​ពិចារណា​កែ​លម្អ។

ប៉ុន្មាន​សប្តាហ៍​មក​​នេះ ស្នាម​​របួស​​ពី​​ការ​​បាត់​​បង់​​ទឹក​​ដី​​ទៅ​ប្រទេស​​ជាតិ​ខាង ហាក់​បាន​រើ​ឡើង​វិញ ក្រោយ​ពី​យុវជន​មួយ​ក្រុម ដើរ​ដាក់​ញត្តិ​តាម​ស្ថាប័ន​ជាតិ និង​ជូន​ដំណឹង​ពី​គម្រោង​ធ្វើ​បាតុកម្ម​ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ បញ្ឈប់​​​​ការ​​ចេញ​​បណ្ណ​​ស្នាក់​​​​នៅ​​អចិន្ត្រៃយ៍​ដល់​​​ជន​​បរទេស និង​ លុប​គម្រោង​​​​បង្កើត​​​អគា​រ​​សិក្សា​ភាសា​វៀតណាម នៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប​ សមត្ថកិច្ច​របស់​រដ្ឋាភិបាល កាល​ពី​ថ្ងៃទី ៤ ខែ​តុលា បាន​​ចាប់​​ឃុំ​​ខ្លួន​​យុវជន ធែល ធីលែន ដែល​បង្ហាញ​មុខ​ញឹក​ញាប់​តាម​បណ្តាញ​សារព័ត៌មាន ក្នុង​ការ​ជំទាស់​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​​ការ​ឆ្លើយ​​តប​​ទៅ​​នឹង​​ការ​ផ្តាំ​ផ្ញើ​របស់​មេ​ដឹកនំា​វៀតណាម ឱ្យ​យក​ចិត្ត​ទុក្ខ​ដាក់​ពលរដ្ឋ​ខ្លួន ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។

យុវជន អ៊ំ ឈុម ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​​​ឃាត់​​ខ្លួន​ តែ​ត្រូវ​បាន​ដោះ​លែង​វិញ ឱ្យ​ដឹង​ថា រូបភាព​តវ៉ា​ដោយ​សន្តិ​វិធី​ ជំទាស់​នឹង​​មេ​ដឹកនាំ​កម្ពុជា ទទួល​យក​សំណើ​របស់​មេ​ដឹកនាំ​វៀតណាម អាច​នឹង​ជាន់​ដាន​ប្រវត្តិ​សាស្ត្រ ដូច​ដែល​ប្រទេស​​ជិត​ខាង ធ្លាប់​លេង​ល្បែង​នេះ រហូត​ច្បាម​យក​ទឹក​ដី​កម្ពុជា​ក្រោម និង កោះ​ត្រល់ របស់​កម្ពុជា​ទៅ​គ្រប់​​គ្រង​រហូត​មក​ដល់​​បច្ចុប្បន្ន​។

លោកថា ៖ «ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជ​រដ្ឋាភិបាល គឺ​ធ្ងន់​ទៅ​លើ​ជន​អន្តោ​ប្រវេសន៍​ហ្នឹង [វៀតណាម]​ខ្លាំង​ពេក ដែល​ធ្វើ​ឱ្យ​យើង​បារម្ភ​ខ្លាច​ថា​ ទៅ​ថ្ងៃ​មុខ​ទៅ គេ​សុំ​ច្រើន​ជាង​ហ្នឹង រួម​ទាំង​ការ​ស្នើ​សុំ​កាត់​ទឹក​ដី ​ក៏ដូច​ជា​កាត់​អ្វី​ផ្សេងៗ​ឱ្យ​គេ​ទាំង​អស់»។

ចំណាត់​ការ​ចាប់​ខ្លួន​អ្នក​រិះ​គន់​ពី​​លំហូរ​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់ មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា រួម​ទាំង​ការ​រិះគន់​ពី​​ការ​បោះ​បង្គោល​ព្រំដែន​ ជាមួយ​វៀតណាម​ នាសម័យ​ទំនើប​នេះ មិន​មែន​កើត​មាន​ឡើង​តែ​ចំពោះ​យុវជន​មួយ​ក្រុម​នេះ​ទេ កន្លង​ទៅ​អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង រួម​​មាន​​លោក អ៊ុំ សំអាន និង​​លោក ហុង សុ​​ខ​ហួរ ក៏​ត្រូវ​រដ្ឋាភិបាល​ប្តឹង​ រហូត​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ រួម​ទាំង​សមាជិក​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ជាដើម។ ចំណែក​បុគ្គល​មួយ​ចំនួន​ទៀត ដែល​តាម​ដាន​បញ្ហា​ព្រំដែន​នេះ ក៏​ត្រូវ​និរទេស​ខ្លួន ​ទៅ​ក្រៅ​ប្រ​ទេ​ស ដើម្បី​គេច​ចេញ​ពី​ការ​តាម​ចាប់​ខ្លួន​នេះ​ផង​ដែរ ក្នុង​នោះ​មាន​ទាំង​ លោក ម៉ែន ណាត ជាដើម។

សំណួរ​នៅ​ត្រង់​ថា តើ​មាន​អ្វី​អាច​​ព្យាបាល​​​របួស​​ផ្លូវ​​ចិត្ត​​ពលរ​ដ្ឋ ​ពី​ការ​បាត់​បង់​ទឹក​ដី​ ក្រៅ​ពី​ការ​ចាប់​ឃុំ​ខ្លួន​ទេ?

សាស្ត្រាចារ្យ​ប្រវត្តិ​សាស្ត្រ និង​អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​ មើល​ឃើញ​ប្រហាក់​​ប្រហែល​គ្នា​ថា ថ្នាំ​ព្យាបាល​​ជំងឺ​​ផ្លូវ​ចិត្ត ចំពោះ​កម្ពុជា​ ដែល​បាន​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង ពិត​ជា​មាន​ បើ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ មិន​ជាប់​ចំណង​ប្រទេស​ជិត​ខាង ហើ​យ​​​ប្រើ​ទាំង​យន្តការ​ជាតិ និង​អន្តរជាតិ ដើម្បី​ជម្រះ​មន្ទិល​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ រវាង​ប្រទេស និង​ប្រទេស​នោះ​ទេ។

សាស្ត្រា​ចារ្យ​​ប្រវត្តិ​​សាស្ត្រ ​​​លោក វង់ សុធារ៉ា លើក​ឡើង​ថា មូលហេតុ​​​ចម្បង​​​ដែល​​កម្ពុជា ​​បាត់​​បង់​​ទឹក​​ដី​​ទៅ​ប្រទេស​​ជិត​​ខាង ពី​​អតីត​កាល​នោះ​គឺ ដោយសារ​តែ​​ខ្សែ​រាជ​វង្សា​នុ​វង្ស ដែល​​ម្ខាង​និយម​​ខាង​​សៀម និង​ម្ខាង​និយម​ខាង​យួន។

លោក​បាន​គូស​បញ្ជាក់​ថា តួ​យ៉ាង​ដូចជា​ព្រះ​មហា​ក្សត្រ​​ ធម្ម​រាជា ជំនាន់​ចតុមុខ​ ជាដើម បាន​ចង​សម្ព័ន្ធ​មិត្ត​​ជាមួយ​អយុធ្យា ឬ​​ថៃ តែ​​សម្ព័ន្ធមិត្ត​​នោះ ព្រះ​មហា​ក្សត្រ​​​ខ្មែរ បាន​​ប្រគល់​​ខេត្ត​​ជាច្រើន រួម​ទាំង​សួយ​​សារ​​អាករ ឬ​​ប្រាក់​ពន្ធ​​ឱ្យ​​គេ​រាល់​​ឆ្នាំ ឱ្យ​ទៅ​អយុធ្យា ដើម្បី​សុំ​ជំនួយ​ ​ក្នុង​ការ​ផ្តួល​រំលំ​ដៃគូ​ប្រកួត​​ប្រជែង​​ពីរ​​ទៀត ដែល​​មាន​ព្រះ​បាទ​ ស្រី រាជា និង​ព្រះ​អង្គ​ម្ចាស់ ស្រី សុរិយោទ័យ ដែល​ត្រូវ​ជា​ក្មួយ​បង្កើត។

តាមរយៈ​​សម្ព័ន្ធមិត្ត​​​នេះ ព្រះ​មហា​ក្សត្រ​​ខ្មែរ ​ធម្មរាជា បាន​ឈ្នះ​ក្មួយ​បង្កើត​របស់​ខ្លួន ហើយ​ឡើង​សោយ​រាជ្យ នៅ​អំឡុង​​ឆ្នាំ​១៤០៥ ។

មួយវិញ​ទៀត លោក​ថា ការ​បាត់​បង់​ទឹក​ដី​មួយ​ផ្នែក​ទៀត ទៅ​ប្រទេស​ឡាវ មាន​ខេត្ត​ចំប៉ាសាក់ ខេត្ត​អាតាពើ ជាប់​ខេត្ត​រតនគិរី ជាដើម ដោយសារ​តែ​ខ្មែរ​ជាប់​ដៃ​ប្រយុទ្ធ​គ្នា គ្មាន​កម្លាំង​ដាក់​ពង្រាយ​នៅ​ទីតាំង​នោះ​ ដែល​ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន ត្រូវ​បាន​ឡាវ គ្រប់​គ្រង​​រហូត​​មក​​ដល់​​​បច្ចុប្បន្ន។

ចំណែក​ការ​បាត់​បង់​ទឹក​ដី​ ទៅ​​ប្រទេស​វៀតណាម​ ​វិញ ប្រហាក់​​ប្រហែល​​គ្នា​​នេះ​​ដែរ គឺ​ព្រះ​មហា​ក្សត្រ​​​ខ្មែរ បាន​​ទៅ​ពឹ​ង​​ពាក់​​យួន ដើម្បី​​ថែ​​រក្សា​​អំណាច នៅ​អំឡុង​សតវត្សរ៍​ទី​១៩ ដែល​មាន​ ព្រះ​អង្គ ចន្ទ និង​ ព្រះ​អង្គ ម៉ី

លោក​មើល​ឃើញ​ថា បញ្ហា​ព្រំដែន​សម្រាប់​ការ​ដឹក​នាំ នា​សម័យ​ទំនើប​នេះ បាន​ក្លាយ​ជា​ចំនុច​សា្លប់​រស់​របស់​​មេ​ដឹកនាំ​គណ​បក្ស​​​នយោបាយ ​ដែល​​ពួក​គេ​ អាច​​កើន​​ប្រជា​​ប្រិយ ឬ​​ក៏​​អាច​បាត់​បង់​កេរ្តិ៍​ឈ្មោះ​​ពី​ឆាក​នយោបាយ​ ដែល​បញ្ហានេះ​ហើយ ជំរុញ​ឱ្យ​អ្នក​​រិះគ​ន់​បញ្ហា​ព្រំដែន​ ប្រឈម​​នឹង​កា​រ​ជាប់​ពន្ធនាគារ។

ប៉ុន្តែលោក​ថា ការបាត់​បង់​ទឹក​ដី អាច​ព្យាបាល​របួស​ចិត្ត​​ពលរដ្ឋ​បាន​ តាម​រយៈ​​ការ​អភិវឌ្ឍ​នៅ​​តំបន់​​សេដ្ឋកិច្ច​​ តាម​ព្រំដែន​ បង្កើន​​ប្រាក់​​ចំណូល​​ដល់​ព​លរ​ដ្ឋ ​ដែល​​រស់​​នៅ​​តាម​​បន្ទាត់​​ព្រំដែន និង​​ពង្រឹង​​គុណ​ភាព​​វិស័យ​​អប់រំ ដើម្បី​​ឱ្យ​ពលរដ្ឋ​​យល់​ដឹង​ពី​ប្រវត្តិ​សាស្ត្រ និង​​វប្បធម៌​របស់​ខ្លួន។

លោក​ថា ៖ «បើ​យើង​ទៅ​មើល​នៅ​អឺរ៉ុប​ វិញ មាន​ចម្រុះ​ជា​តិ​សា​សន៍ ប៉ុន្តែ​​​ដោយ​សារ​​​វិស័យ​​​អប់រំ​​​របស់​​​គេ​​​មួយ​ៗ​​​ ខ្លាំ​ង​ ​គេ​មិន​​​ភ័យ​ទេ ចំពោះ​អាណិក​ជន​ទាំង​ឡាយ​ នៅប្​រទេស​គេ​ហ្នឹង​ ​សំខាន់​ឱ្យ​មនុស្ស​ចាស់ៗ ដែល​នៅ​ក្រៅ​ប្រទេស​ហ្នឹង គោរព​ច្បាប់​របស់​​គេ​ទៅ ចំណែក​កូនៗ​របស់​ពួក​គេ អាច​ក្លាយ​ជា​ពលរដ្ឋ​របស់​ប្រទេស ដែល​គេ​កើត​​ហ្នឹង​​បាន​​ទាំង​​ស្រុង»។

សមាជិក​ឃ្លាំមើល​កម្ពុជា​ [ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា] លោក ម៉ែន ណាត លើក​ឡើង​ថា ភាព​ចម្រូង​ចម្រាស​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម នា​សម័យ​ទំនើប​នេះ មក​ពី​​បញ្ហា​​ធំ​ពីរ ក្នុង​នោះ​គឺ ​​ទី១​ ការ​​បោះ​​បង្គោល​​នេះ មិន​បាន​​អនុលោម​​ទៅ​​តាម​​រដ្ឋ​​ធម្ម​នុញ្ញ​កម្ពុជា និង កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស, ​និង ទី២ រដ្ឋាភិបាល​មិន​បាន​​បង្កើត​ក្រុម​ការងារ​ចម្រុះ​បក្ស ដែល​អាច​ផ្តល់​ជំនឿ​ដល់​ពលរដ្ឋ​គ្រប់​និន្នាការ។

ក្នុង​ន័យ​នេះ​លោក​អះ​អាង​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ចែង​ពី​បូរណភាព​ទឹក​ដីក​ម្ពុជា តម្រូវ​ឱ្យ​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន ដែល​បក្ស​កាន់​អំណាច ធ្វើ​ជាមួយ​វៀតណាម អំឡុង​វៀតណាម ចូល​លុក​លុយ​ត្រួត​ត្រា​កម្ពុជា។

ប៉ុន្តែ លោកថា ក្រោយ​កម្ពុជា​បង្កើត​បាន​រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា​ព្រំដែន​អំឡុង​ទសវត្សរ៍​៨០ ដែល​លោក​ថា សន្ធិ​សញ្ញា​ខុស​ច្បាប់​នោះ ត្រូវ​ភាគី​កម្ពុជា និង​វៀតណាម ធ្វើ​ឱ្យ​រស់​ឡើង​វិញ​ តាម​រយៈ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០០៥ ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​មាន​មន្ទិល​សង្ស័យ​ពី​ការ​បាត់​ប​ង់​ប្រយោជន៍​របស់​កម្ពុជា រហូត​បច្ចុប្បន្ន។

បញ្ហានេះ លោក​គិត​ថា ស្នាម​របួស​នៃ​ការ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង​ពី​អតីត​កាល និង មន្ទិល​សង្ស័យ​​លើ​ការ​​កំណត់​​ខ្សែ​​បន្ទាត់​​ព្រំដែន​​នា​សម័យ​​ទំនើប​​នេះ អាច​​ព្យាបាល​បាន​​ទាំង​យន្តការ​ជាតិ និង​អន្តរជាតិ បើ​អ្នក​នយោបាយ​ មិន​ជាប់​ជំពាក់​​នឹង​ផល​ប្រយោជន៍​នយោបាយ។

ដំណោះស្រាយ​នេះ លោក​ថា ទី១ យន្តការ​ក្នុង​ស្រុក រដ្ឋាភិបាល​ត្រូវ​​ប្រើ​ប្រាស់​យ​ន្ត​ការ​​សភា​ ឱ្យ​បដិសេធ​​ការ​បោះ​​បង្គោល ចំណែក​​យន្តការ​​បន្ទាប់ ត្រូវ​ប្តឹង​បញ្ហា​នេះ ទៅ​អង្គការ​សហ​ប្រជា​ជាតិ ឬ​សហ​ប្រ​​​ធាន​​កិច្ច​​ព្រម​ព្រៀង​​សន្តិភាព​​​ទីក្រុង​ប៉ារីស ដើម្បី​ឱ្យ​គេ​កោះ​ហៅ​ភាគី​វៀតណាម ទៅ​សាក​សួរ​ក្នុង​នាម​ប្រទេស​ ដែល​បាន​ចុះ​ហត្ថ​លេខា​ទទួល​បូរណភាព​ទឹក​ដី​កម្ពុជា ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិភា​ពី​ក្រុង​ប៉ារីស ដែរ​នោះ។

លោកថា ៖ «រឿង​ខ្លះ​ ដូច​ជា​រឿង​សមុទ្រ កោះត្រល់ អី​ហ្នឹង ហើយ​នឹង​រឿង​ខ្លះ​ទៀត ដែល​ធ្វើ​ឱ្យ​បាត់​បង្គោល​ព្រំដែន​សម័យ​បារាំង​អី​ហ្នឹង យើង​អាច​ប្តឹង​ផ្តល់​ទៅ​តុលាការ​អន្តរជាតិ​ ​ទីក្រុង​​ឡាអេ​បា​ន ដូចជា​កម្ពុជា ធ្លាប់​ប្តឹង​ឱ្យ​សើរើ​​នៅ​សាល​ក្រម ឆ្នាំ​១៩៦២ នៅ​ឆ្នាំ​២០០៨ រឿង​ប្រាសាទ​ព្រះវិហារ នោះ»

លោកយល់ថា បើ​កាល​ណា​មាន​ការ​សម្រេច​បែប​ណា​ ពី​ស្ថាប័ន​អន្តរជាតិ មន្សិល​សង្ស័យ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​បាន​លាង​ជំរះ​សម្រាប់​រដ្ឋាភិបាល ប៉ុន្តែ​សំណួរ​នៅ​ត្រង់​ថា រដ្ឋាភិបាល ហ៊ាន​ប្រើ​ប្រាស់​យន្តការ​នេះ ឬ​ក៏​អត់​(?)។

អ្នកស្រាវជ្រាវ​ភូមិ​សាស្ត្រ​នយោបាយ លោក វណ្ណ ប៊ុនណា លើក​ឡើង​ថា បើ​ផ្អែក​លើ​ប្រវត្តិ​សាស្ត្រ​ ការ​បន្ត​រួម​តូច​ទឹក​ដី​កម្ពុជា មក​ពី​កត្តា​ធំ ៣ ដែល​ទី១ មក​ពី​មេដឹកនាំ​កម្ពុជា ពឹង​ពាក់​បរទេស ដើម្បី​រក្សា​អំណាច​ បង្ក​ជម្លោះ​ផ្ទៃក្នុង​, ទី២ យុទ្ធសាស្រ្ត​សង្គ្រាម​របស់​ប្រទេស​ថៃ និង​វៀតណាម ដើម្បី​ពង្រីក​ទឹក​ដី ​និង​ទី៣ កម្ពុជា​ជ្រក​ក្រោម​ឥទ្ធិពល​ប្រទេស​ជិត​ខាង ដូច្នេះ​ហើយ មេ​ដឹកនាំ​កម្ពុជា នឹង​មិន​ហ៊ាន​ជំទាស់​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​ខ្លួន​នោះ​ទេ។

លោក​មើល​ឃើញ​ថា ការ​បាត់​បង់​ទឹក​ដី ដែល​កំពុង​បង្កើន​កម្តៅ​រវាង​ខ្មែរ និង​ខ្មែរ នា​បច្ចុប្បន្ន អាច​មក​ពី​អ្នក​នយោបាយ មិន​ជឿ​ទុក​ចិត្ត​គ្នា ទៅ​លើ​យន្តការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ ដែល​ការណ៍​នេះ​ ក្លាយ​ជា​ទីលាន​ចំនុច​ស្លាប់​រស់​នៅ​ទីលាន​ប្រកួត​ការ​បោះ​ឆ្នោត ដែល​ម្ខាង​ខ្លាច​ខ្លួន ក្លាយ​ជា​ជន​ក្បត់​ជាតិ ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី និង ម្ខាង​ទៀត ចង់​បង្ហាញ​ថា ខ្លួន​ស្នេហា​ជាតិ ដើម្បី​ទាក់​ទាញ​ប្រជា​ប្រិយភាព។

អ្នកជំនាញ​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​រូបនេះ យល់​ថា ថ្នាំ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត ពី​ការ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ជាតិ​ខាង​នេះ វា​ចំាបាច់​ណាស់​ អ្នក​រិះគន់​ត្រូវ​មាន​មូលដ្ឋាន​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ហើយ​រដ្ឋាភិបាល​ត្រូវ​ពិចារណា​ឡើង​វិញ ពី​តម្លាភាព​នៃ​ការ​បោះ​បង្គោល​ព្រំដែន​នេះ បើ​ពុំ​នោះ​ទេ ជំងឺ​នៃ​ការ​បាត់​បង់​ទឹក​ដី​នេះ នឹង​បន្សល់​ទុក​ដល់​មនុស្ស​ច្រើន​ជំនាន់​ទៀត។

លោកថា ៖ «រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​តម្លាភាព​ ពី​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ មាន​ការ​ចូល​រួម​ពី​គ្រប់​អ្នក​ជំនាញ​គ្រប់​ស្រទាប់​វណ្ណៈ តាំង​ពី​អ្នក​សារព័ត៌មាន​ សង្គម​ស៊ីវិល អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន ដើម្បី​ពិនិត្យ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន ជាមួយ​វៀតណាម ថៃ ឡាវ អី​ជាដើម»។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា លើក​ឡើង​ថា មាន​បញ្ហា​ធំ ៤ ដែល​អ្នក​នយោបាយ​សម័យ​ទំនើប​នេះ មិន​អាច​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ពលរដ្ឋ ដែល​តាម​ដាន​សង្គម​បាន។

បើតាម​អ្នកជំនាញ​រូប​នេះ បញ្ហាទី១ ការ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម ទៅ​ប្រទេស​វៀតណាម លោក​ថា អ្នក​នយោបាយ​កំពុង​គ្រប់​គ្រង​អំណាច មិន​ដែល​បង្ហាញ​ឆន្ទៈ​ទាម​ទារ​បញ្ហា​នេះ​ទេ។

ទី២ ការ​ផ្តល់​ឯកសារ​ស្នាក់​នៅ​ស្រប​ច្បាប់ ដល់​លំហូរ​ជន​បទេស ពិសេស​ជន​ជាតិ​ដែល​មាន​ព្រំប្រទល់​ជាប់​កម្ពុជា រដ្ឋាភិបាល មិន​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​ប្រយោជន៍​ជន​បរទេស​ទាំង​នោះ តាម​ច្បាប់​កម្ពុជា សម្រាប់​ការ​ស្នាក់​នៅ​ស្រប​ច្បាប់​នោះ​ទេ ខណៈ​ជន​បរទេស​ទាំង​នោះ បច្ចុប្បន្ន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន។

មួយវិញទៀត លោក​ថា កត្តា​ប្រវត្តិ​សាស្ត្រ ដែល​ធ្លាប់​ចាត់​ទុក​ប្រទេស​វៀតណាម និង​ថៃ ជា​សត្រូវ​សួរ​ពូជ​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ទារុណ​កម្ម​ពលរដ្ឋ​ខ្មែរ ដោយសារ​សង្គ្រាម​ឈ្លាន​ពាន​ទឹក​ដី ពាក់ព័ន្ធ​យក​ក្បាល​ខ្មែរ ដាំ​តែ​អុង​ ជាដើម​នោះ អ្នក​នយោបាយ​មិន​បាន​លាង​ជំរះ​បញ្ហា​នេះ​ ដល់​ពលរដ្ឋ​ខ្មែរ​ទេ។

បន្ថែមពីនេះ លោក​មើល​ឃើញ​ថា ការ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង តែ​ប្រទេស​ដែល​បាន​ដី​រួច​ខ្លួន តែ​ពលរដ្ឋ​ខ្មែរ ដែល​រិះគន់​បញ្ហា​ព្រំដែន បែរ​ជា​រដ្ឋាភិបាល​ខ្លួន ចាប់​ដាក់​គុក លោក​ថា មក​ពី​កត្តា​ធំ​ពីរ​ដែរ។

កត្តាទី១ ភាព​វ័យ​ឆ្លាត​របស់​ប្រទេស​ជិត​ខាង​ តាម​រយៈ​ឥទ្ធិពល​នយោបាយ ដើម្បី​បញ្ឆេះ​កំហឹង​ខ្មែរ និង​ខ្មែរ បាត់​បង់​នូវ​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​ មួយ​ទៀត កូន​ខ្មែរ​ភាគ​ច្រើន មិន​បាន​ដឹង ពី​ប្រវត្តិ​សាស្ត្រ​ពិត នៃ​ដើម​ចម​នាំ​ឱ្យ​ខ្មែរ បាត់​បង់​ទឹក​ដី​នោះ​ទេ។

លោកថា ៖ «ប្រទេស​ជិត​ខាង​កម្ពុជា​ហ្នឹង គេ​មាន​ឥទ្ធិពល គេ​ពូកែ​ជាង​យើង គេ​ប្រើ​ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​គេ ធ្វើ​ឱ្យ​កម្ពុជា​យើង​ មាន​ការ​ឈ្លោះ​គ្នា​ ទាស់​គ្នា​ឯង ដល់​អ៊ីចឹង​ មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​សត្រូវ​ខាង​ក្រៅ​ទេ»

បញ្ហា​នេះ​លោក បារម្ភ​ថា កម្ពុជា​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ គ្មាន​ទី​បញ្ជប់​ត​ជំនាន់ បើ​អ្នក​នយោបាយ​នៅ​តែ​លង់លក់​ក្រោម​ឥទ្ធិពល​អំណាច មិន​ពង្រឹង​ស្មារតី​ជាតិ​ឡើង​វិញ​ទេ​នោះ៕