ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៧ ខែមសា ឆ្នាំ២០២០ បានឲ្យដឹងថា កម្មករខ្មែរជិត ១០ម៉ឺននាក់ ប្រឈមនឹងវិបត្តិអត់ការងារធ្វើ ខណៈរោងចក្រជាង ១៣០ ស្នើសុំព្យួរការងាររបស់ខ្លួន ក្រោមហេតុផលជំងឺកូរ៉ូណា ឬកូវីដ១៩ កំពុងរីករាលដាលនៅជុំវិញពិភពលោក។ ក្រសួងការងារ លើកឡើងថា ដោយសារវិបត្តិជំងឺកូវីដ១៩ នេះ ធ្វើឲ្យអ្នកបញ្ជាទិញ ផ្អាកនាំផលិតផលពីកម្ពុជា។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងសន្និសីទកាសែតថា «រោងចក្រទាំងនោះ បានស្នើសុំបិទរោងចក្រតែម្តង តែក្រសួងការងារ ព្យាយាមសម្របសម្រួលឲ្យកម្មករ ទទួលបានផលប្រយោជន៍ តាមរយៈការព្យួរការងាររបស់កម្មករវិញ។ បើរោងចក្របិទដំណើរការងារ នោះកម្មករ នឹងមិនទទួលបានប្រាក់ឧបត្ថម្ភនោះទេ»។ នេះបើតាមការផ្សាយរបស់វិទ្យុ វីអូអេភាសាខ្មែរ (VOA Khmer) នៅថ្ងៃទី ២៨ ខែមេសានេះ។
ចំណែកគេហទំព័រ វីអូឌី (VOD) បានដកស្រង់សំដីមន្ត្រីរូបនេះ ផ្សាយថា «មានរោងចក្រជាច្រើន បានសម្រេចព្យួរការងារ បន្ទាប់ពីវិបត្តិសុខភាពពិភពលោក {ជំងឺកូវីដ១៩} បង្ខំឱ្យទីផ្សារសម្លៀកបំពាក់ធំៗ ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បិទចរាចរណ៍ដឹកជញ្ជូន និងផ្អាកការបញ្ជាទិញ»។
ទាក់ទងនឹងជំងឺកូវីដ១៩ នេះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ២២ ខែមេសា បានដាក់បម្រាមមិនអនុញ្ញាតឲ្យពលករខ្មែរប្រមាណ ៨៦.០០០ នាក់ វិលត្រឡប់ទៅធ្វើការនៅប្រទេសថៃ វិញភ្លាមៗទេ ខណៈពួកគេបានវិលត្រឡប់មកស្រុកកំណើត ក្នុងពេលបុណ្យចូលឆ្នាំថ្មី។ ជាមួយបម្រាមនេះ ធ្វើឲ្យក្រុមពលករខ្មែរ មានការព្រួយបារម្ភអំពីជីវភាពរបស់ពួកគេ ដោយសារមិនមានការងារធ្វើ ទាំងនៅក្នុងស្រុក ហើយចេញទៅធ្វើការនៅថៃ ក៏មិនបាន។
ពលរដ្ឋខ្មែរប្រមាណ ១ លាន ២០ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សរុបទាំងពលករស្របច្បាប់ និងមិនស្របច្បាប់។ ចំណែកពលករខ្មែរ កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង មានជាង ៦៥០០០ នាក់។
ដោយសារវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យប្រទេសនីមួយៗ ជាប្រទេសភូមិផងរបស់កម្ពុជា បិទច្រកព្រំដែនរៀងៗខ្លួន រហូតមកដល់ពេលនេះ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលមេរោគដ៏កាចសាហាវនេះ៕
អត្ថបទដោយលោក ម៉ែន ណាត / ២៨ មេសា ២០២០
.