ក្នុងវេទិកាអ្នក​ស្តាប់​របស់​វិទ្យុ​អាស៊ីសេរី រយៈពេល ៣០​នាទី ស្តីអំពី​ការបោះ​តង់​​​សំណង់​រឹងមាំរបស់​​​វៀត​ណាម នៅ​តាម​​ព្រំដែន នា​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ វាគ្មិន​លោក ម៉ែ​ន ណាត ក្នុង​​នាម​ជា​​ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​លោក អ៊ុំ សំអាន អតីត​​តំណាងរាស្រ្ត​​នៃ​គណ​បក្ស​សង្គ្រោះជាតិ បាន​បន្ទោស​គណៈកម្មាធិការ​ព្រំដែន​នៃ​លោក វ៉ា គឹមហុង ថា «ធ្វើការខ្ជីខ្ជា និងព្យាយាម​គេច​វេះ​ពីការទទួលខុសត្រូវ​ពិតប្រាកដ ក្នុង​រឿង​ព្រំដែន ជាមួយ​វៀត​ណាម»

លោក​វាគ្មិន​ទាំងពីរ ជំរុញលោក ហ៊ុន សែន និងរដ្ឋាភិបាល​របស់​លោក ត្រូវ​​មាន​​សេចក្តី​ក្លាហាន ដាក់​មោឃភាព​នូវ​ឯកសារ​ព្រំដែន សន្ធិ​សញ្ញា​​ព្រំដែន​​ទាំងអស់ រួមទាំង​សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥​​ និង​ឆ្នាំ​២០១៩ ព្រមទាំង​ការប្រើប្រាស់​ផែទី​មិន​ត្រឹម​ត្រូវ រួច​ប្តឹងប្រទេស​វៀតណាម តាមយន្តការ​អន្តរជាតិ​ផង។
(អត្ថបទបន្ថែម៖ CWCI Cambodia)

អត្ថបទ RFA Khmer / 29-30/09/2020

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន {លោក វា គឹមហុង} ​ថា​ ប្រទេស​វៀតណាម ​មិន​បាន​សាង​សង់​​សំណង់​រឹ​ង​មាំ​ នៅ​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ទេ ហើយ​ការ​សាង​​សង់​​កន្លង​មក​ គឺ​​ធ្វើ​ឡើង​​ក្នុង​ទឹក​ដី​​របស់​​វៀតណាម​ ប៉ុណ្ណោះ។ ការ​អះអាង​ពី​អ្នក​ជំនាញ​​កិច្ច​ការ​​ព្រំ​ដែន​​នេះ​ ​មាន​​ភាព​ផ្ទុយ​គ្នា​ ទៅ​នឹង​​អភិបាល​ខេត្ត​​កណ្ដាល​ លោក​ គង់ សោភ័ណ្ឌ​ ថា​​វៀតណាម​​បាន​​សាង​សង់​សំណង់​​រឹង​មាំ​​រហូត​ទៅ​ដល់ ១០​ កន្លែង​ ពី​ខ្សែ​បន្ទាត់​​ព្រំ​ដែន​ដែល​​មិន​ទាន់​​មាន​ការ​ឯកភាព​​គ្នា។ លើស​ពី​នេះ កម្ពុជា​ក៏​ធ្លាប់​ផ្ញើ​កំណត់​ទូត​តវ៉ា​​ ទៅ​វៀតណាម​​រឿង​នេះ​ដែរ។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​​កិច្ច​ការ​ព្រំដែន​ លោក​ វ៉ា គឹមហុង​ ប្រាប់​​អាស៊ី​សេរី​​ថា​ ការ​សាង​សង់​​ប៉ុស្តិ៍​ របស់​អាជ្ញាធរ​វៀតណាម​​ នៅ​តាម​តំបន់​​ព្រំដែន​កន្លង​​មក​ មិន​​បាន​​ឆ្លង​ចូល​​ទឹក​ដី​​ប្រទេស​​កម្ពុជា​ទេ​ គឺ​បាន​​សាង​សង់​​ក្នុង​ទឹក​ដី​​របស់​​ប្រទេស​​វៀតណាម។

លោក​ថា​ សំណង់​ទាំង​នោះ ​មិន​មែន​ជា​​សំណង់​រឹង​មាំ​ទេ​ គឺ​មាន​តែ​សំណង់​​ធ្វើ​ពី​​បង្គោល​​​ឈើ​ ​ដើម្បី​​សង់​​ឱ្យ​ផុត​​ពី​ផ្ទៃ​ទឹក​​តែ​ប៉ុណ្ណោះ។ លោក​​លើក​ឡើង​​ថា ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​​ដែល​ វៀតណាម​បាន​​សាង​សង់​​នោះ​ គឺ​នៅ​ចន្លោះ​​ទន្លេ​​មេគង្គ​ និង​នៅ​​ទន្លេ​​បាសាក់​ ចំនួន ៣២ តង់ គឺ​​មិន​មាន​​ចំនួន​​ច្រើន​​រហូត​​ទៅ​ដល់​រាប់​រយ​ ដូច​មាន​​ការ​ចោទ​​ប្រកាន់​​កន្ល​ង​​ទៅ​ទេ៖ «អូន​ឯង​កុំ​សួរ​ថា សំណង់​រឹង​មាំ​ គ្រាន់​តែ​ជា​តង់​​ទេ​ គេធ្វើ​ឲ្យ​ផុត​​ពី​ទឹក​​កន្លែង​​តំបន់​​ទឹក​លិច​។​ កុំ​និយាយ​​ថា​ ជា​សំណង់​​រឹង​មាំ​ ដូច​ជា​​សម្បើម​​ណាស់ ដូច​ជា អាមេរិក​​ចូល​ចិត្ត​​​និយាយ​​តែ​អ៊ីចឹង គឺ​ថា រឹង​មាំ​ នៅ​ហ្នឹង​​កន្លែង​ហើយ។ តាម​ពិត​ ខ្ញុំ​ធ្លាប់​មាន​​បទ​ពិសោធន៍​​ហើយ ​មិន​មែន​​ជា​សំណង់​​រឹង​មាំ​ដូច​នៅ ម៉ាន់ ហាសាន់ អី​ទេ។ គ្រាន់​តែ​លើក​ឲ្យ​​ផុត​ពី​ទឹក។ ដូច្នេះ ត្រូវ​យក​​មាន​សសរ មាន​ឈើ​អី ហើយ​បា​ន​​លើក​​ផុត​ពី​ទឹក​បាន។ បើ​មិន​​អ៊ីចឹង​ទេ លើក​​ពី​ទឹក​ម៉េច​បាន»

ការ​លើក​ឡើង​​របស់​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល​​ទទួល​បន្ទុក​​កិច្ច​ការ​ព្រំ​ដែន​​រូប​​នេះ មាន​​ភាព​​ផ្ទុយ​​គ្នា​ ទៅ​នឹង​អភិបាល​​ខេត្ត​កណ្ដាល​ លោក គង់ សោភ័ណ្ឌ ដែល​ថា វៀតណាម​​បាន​​សាង​សង់​​សំណង់​​រឹង​មាំ​​រហូត​ទៅ​ដល់ ១០​កន្លែង ពី​ខ្សែ​បន្ទាត់​​ព្រំ​ដែន​​ដែល​​មិន​​ទាន់​មាន​​ការ​ឯកភាព​​គ្នា។

អភិបាល​ខេត្ត​កណ្ដាល​លោក គង់ សោភ័ណ ប្រាប់​អាស៊ី​សេរី​​កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​​ថា តំបន់​​ដែល​​វៀតណាម​​ បោះតង់​ចំនួន ២៧ ទីតាំង ដែល​​ក្នុង​នោះ​​មាន​​តង់ ១០ កន្លែង ឥឡូវ​​វៀតណាម​​ បាន​​កសាង​​ជា​សំណង់​​រឹង​មាំ​​ ធ្វើ​ពី​ឥដ្ឋ​​ចាក់​គ្រឹះ​ ក្រវាត់​​សសរ​ថ្ម​ ដំបូលស័ង្កសី​​ មាន​កម្ពស់ ៣ ម៉ែត្រ និង​ទំហំ ៥ ម៉ែត្រ​ ឆ្ងាយ​​ពី​ខ្សែបន្ទា​ត់​ព្រំដែន​​មិន​ទាន់​​ឯកភាព​គ្នា ១២០ ម៉ែត្រ ឋិត​ក្នុង​ស្រុក​លើក​ដែក និង​​ស្រុក​​កោះ​ធំ។

លោក គង់ សោភ័ណ មាន​ប្រសាសន៍​បញ្ជាក់​ថា សំណង់​រឹង​ទាំង ១០​កន្លែង​​នោះ គឺ​វៀត​ណាម ​​សង់​​នៅ​​ទីតាំង​​ចាស់​​ដដែល ដើម្បី​​ការពារ​​ទឹក​ភ្លៀង។ រីឯ​យោធា​កម្ពុជា ​មិន​​អាច​​ចូល​ទៅ​​តំបន់​នោះ ដោយ​​ថ្មើរ​ជើង​​បាន​​នោះ​​ទេ ព្រោះ​មាន​ទឹក​ជំនន់​​នៅ​​រដូវ​ភ្លៀង​​នេះ។ លោក​បាន​បញ្ជាក់​​ទៀត​ថា យោធា និង​​សមត្ថកិច្ច​កម្ពុជា បាន​​ហាម​វៀតណាម​ ​ម្ដង​​ហើយ​​ម្ដង​ទៀត ឱ្យ​បញ្ឈប់​​ការ​សង់​​សំណង់​​រឹង​មាំ​​ទាំង​នោះ តែ​ភាគី​​វៀតណាម​ ​បាន​​អង្វរ​​ឱ្យ​​កម្ពុជា​អនុញ្ញាត​​ឱ្យ​ពួក​​គេ​សង់ ដើម្បី​​ការពារ​​ជំងឺ​កូវីដ១៩។

ទាក់ទិន​នឹង​​បញ្ហា​ព្រំ​ដែន​​នេះ ប្រធាន​​ក្រុម​ឃ្លាំ​មើល​​កម្ពុជា​​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត បញ្ជាក់​ថា ការ​លើក​​ឡើង​របស់​​លោក វ៉ា គឹមហុង គ្រាន់​តែ​ជា​​ការ​ដោះ​សារ​​តែ​​ប៉ុណ្ណោះ។ លោក ​ថា​តាម​ច្បាប់​​អន្តរជាតិ​ រាល់​ការ​សាង​សង់​​អ្វី​មួយ​ នៅ​តាម​​តំបន់​​ព្រំ​ដែន​​ដែល​​មិន​ទាន់​​មាន​​ឯកភាព​គ្នា​ បើ​ទោះ​​បី​ជា​សំណង់​​នោះ ​ធ្វើ​​ឡើង​​នៅ​ក្នុង​​ទឹក​ដី​​របស់​ខ្លួន​ ក៏​ដោយ​ ក៏​ត្រូវ​មាន​​ការ​ជូន​​ដំណឹង​​មក​​ភាគី​​ទាំង​ពីរ​​បាន​ដឹង​ មិន​មែន​​ធ្វើ​ឡើង​​ដោយ​​ឯកតោ​ភាគី​​នោះ​ទេ។

លោក​​បន្ថែម​ថា ការ​សាង​សង់​ប៉ុស្តិ៍​ ត្រួត​ពិនិត្យ​របស់​​វៀតណាម​ ​នៅ​​ក្នុង​​ខេត្ត​កណ្ដាល​​ កន្លង​​ទៅ គឺ​ស្ថិត​​នៅ​ក្នុង​​តំបន់​​មិន​ទាន់​មាន​​ការ​ឯកភាព​​គ្នា​ ដែល​​បាន​​ចែង​​នៅ​ក្នុង​​កិច្ច​ព្រមព្រៀង​​ ឆ្នាំ១៩៩៥ និង​​សន្ធិសញ្ញា ឆ្នាំ​២០០៥៖ «យើង​សរុប​សេចក្ដី​មក​លោក វ៉ា គឹមហុង និយាយ​​គ្រាន់​តែ​ជា​លេស​​ដោះ​សារ​ទេៗ។ ដូច្នេះ​យើង​​ មិន​ចង់​​ឲ្យ​មាន​​ការ​ដោះ​សារ​​ច្រើន យើង​​អំពាវ​នាវ​​ឲ្យ​រដ្ឋាភិបាល​​លោក​ ហ៊ុន សែន ដែល​​មាន​​តំណាង​ក្រសួង​​ការបរទេស​​ហ្នឹង​ ត្រូវ​​តែ​ជំរុញ​​រឿង​​ហ្នឹង​ ធ្វើ​លិខិត​​កំណត់​​ការ​ទូត​​អ្វី​បន្ថែម​​ទៀត​​ ឱ្យ​ច្បាស់​លាស់​ ហើយ​​នឹង​កសាង​​សំណុំ​​ឯក​សារ ​ប្ដឹង​ប្រទេស​​វៀតណាម​​ ក្នុង​ការ​ឈ្លានពាន​​បូរណភាព​ទឹក​ដី​​កម្ពុជា​ ទៅ​​ភាគី​ អន្តរជាតិ​តែ​ម្ដង​ទៅ»

តំណាងរាស្ត្រ​ជាប់ឆ្នោត និង​ជា​មន្ត្រី​បក្ស​ទទួលបន្ទុក​​កិច្ចការ​ងារ​​ព្រំដែន​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក អ៊ុំ សំអាន អះអាង​​ថា លោក វ៉ា គឹមហុង គួរ​តែ​ចុះ​​ទៅ​​ពិនិត្យ​តង់ និង​សំណង់​​រឹង​​នៅ​​តំបន់​នោះ​​ជាក់​ស្ដែង ព្រោះ​ខ្លួន​​ជា​អ្នក​ជំនាញ​​ព្រំដែន ប្រសើរ​ជាង​​ឆ្លើយ​គេច​វេះ​​យក​​រួច​ខ្លួន​​ម្ដង​​ហើយ​​ម្ដង​​ទៀត៖ «ប្រែ​ក្លាយ​​ពី​តង់​​ទៅ​​សំណង់​​រឹង​ហ្នឹង នៅ​​តំបន់​​មួយ​ចំនួន​​មិន​​ទាន់​​ឯកភាព​គ្នា​​ទេ។ ដូច្នេះ​​មាន​ន័យ​​ថា អត់​ទាន់​​ដឹង​ថា ជា​ដី​រ​បស់​​យើង ឬ​ដី​របស់​​គេ​ទេ ហើយ​​រឿង​​អី​បាន លោក វ៉ា គឹមហុង ថា ធ្វើ​ដំណឹង​​រឹង​​លើ​ដី​រ​បស់​​គេ បើ​​មិន​​ទាន់​បោះ​​បង្គោល​​ផង​​ហ្នឹង»។

​​​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៩ កញ្ញា បាន​​រៀប​ចំ​​វេទិកា​​ផ្សព្វផ្សាយ​​ស្ដីពី​​ការងារ​​ខណ្ឌ​សីមា​ និង​​ការ​បោះ​បង្គោល​​ព្រំ​ដែន​​គោក​ រវាង​​កម្ពុជា​ និង​ប្រទេ​ស​វៀតណាម​។​ លោក​ វ៉ា គឹមហុង​ ប្រាប់​ថា ការ​បោះ​បង្គោល​​ព្រំ​ដែន​គោក​​ រវាង​​ប្រទេស​​ទាំង​ពីរ​​ ដែល​​មាន​​ប្រវែង ១.២៧០ ​គីឡូម៉ែត្រ​ គឺ​នៅ​សេស​សល់​​ប្រមាណ ១៤%​ ទៀត​​តែ​ប៉ុណ្ណោះ។

អ្នក​វិភាគ​សង្គម​​លោក​បណ្ឌិត​ សេង សារី សុំ​មិន​​បក​ស្រាយ​​រឿង​វៀតណាម​​ធ្វើ​សំណង់​​នៅ​​លើ​ដី​ជម្លោះ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា យុទ្ធសាស្ត្រ និង​ទម្លាប់​របស់​វៀតណាម គឺ​ថា បើ​ចង់​បាន​អ្វី​មួយ ​គឺ​ត្រូវ​តែ​​មក​​យក​​សិន ហើយ​​នៅ​ពេល​ម្ចាស់​​គេ​​ ចង់​បាន​​ទៅ​វិញ គឺ​ត្រូវ​​ប្រើ​ប្រាស់​ពេល​​មួយ​រយៈ​​ផង​ដែរ។ លោក​​បារម្ភ​ថា វៀតណាម​​ចង់​​ប្រើ​យុទ្ធសាស្ត្រ​នេះ​​ ក្នុង​ការ​សាង​សង់​តូប​​នៅ​តាម​តំបន់​​ព្រំ​ដែន បើ​កម្ពុជា​​ទាមទារ​​អោយ​រុះ​រើ​វិញ​ ក៏​ត្រូវ​ការ​ពេល​​វេលា​​ច្រើន ដើម្បី​​ដោះ​ស្រាយ​​ផង​ដែរ។

លោក​បន្ថែម​ថា បញ្ហា​ព្រំ​ដែន​​​​ដែល​មាន​​ភាព​ចម្រូងចម្រាស​​មក​​ដល់​​ពេល​បច្ចុប្បន្ន​​នេះ គឺ​ប្រើ​ប្រាស់​​សន្ធិ ឆ្នាំ១៩៨៥ និង {សន្ធិសញ្ញា​សញ្ញា​​​បំពេញ​បន្ថែម​​​ ឆ្នាំ២០០៥} ដែល​​​ធ្វើ​អោយ​​ពលរដ្ឋ​​​មិន​​ពេញ​ចិត្ត​​ឡើយ​ ដោយ​សារ​​តែ​ពួកគេ​​ចង់​ឲ្យ​ប្រើ​ប្រាស់​​ផែន​ទី​​ ដែល​​បាន​តម្កល់​នៅ​​ក្នុង​​អង្គការ​​សហប្រជាជាតិ​ ដើម្បី​ធានា​ថា ទឹក​ដី​កម្ពុជា​ គ្មាន​ការ​បាត់​បង់៖ «រាល់​ដំណោះ​ស្រាយ​​ព្រំ​ដែន​​កន្លង​មក​ ដែល​​យើង​​ឃើញ​ហ្នឹង គឺ​អ្វី​ដែល​​យើង​​ឃើញ​ថា ខ្វះខាត​​ហ្នឹង គឺ​ការ​ចូល​រួម​​ពី​មហាជន រួម​ទាំង​​អ្នក​ជំនាញ​​ ដែល​​មិន​មែន​​មក​ពី​ខាង​​រដ្ឋាភិបាល​ ដល់​ពេល​​អ៊ីចឹង​ទៅ យើង​ឃើញ​​មាន​ការ​ចម្រូង​​ចម្រាស់​ នៅ​ក្នុង​​ការ​វាស់​​ព្រំ​ដែន​ហ្នឹង។ អ៊ីចឹង​ហើយ​​បញ្ហា​វា​​នៅ​ចាក់​ស្រេះ​ នៅ​ឡើយ​ ហើយ​វា​​នៅ​តែ​បន្ត​ វិវាទ​ រវាង​ខ្មែរ​ និង​ខ្មែរ​​ដោយ​សារ​បញ្ហា​​ព្រំ​ដែន​នេះ»

គិត​មក​ទល់​ពេលនេះ ​មាន​តង់​​យ៉ាង​ហោច​ណាស់ ១២​ កន្លែង​​ហើយ ដែល​​យោធា​​វៀតណាម​បាន​​ប្រែ​ក្លាយ​​ជា​ជម្រក​​រឹងមាំ​​ ឋិត​​ស្រុក​លើ​ក​ដែក និង​​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល។ តំបន់​ថ្ម ៣ដុំ ក្នុង​​ខេត្ត​​តាកែវ និង​​ស្រុក​កំពង់​​ត្រាច ខេត្ត​​កំពត។ អាជ្ញាធរ​កម្ពុជា​ អះអាង​ថា វៀតណាម​​បាន​​បោះតង់​ចំនួន ២៨៧ កន្លែង នៅ​​តំបន់​​ដែល​មិន​ទាន់​ឯកភាព​​បោះ​បង្គោល​​ព្រំដែន​​ក្នុង​ខេត្ត​​កណ្ដាល ខេត្ត​តាកែវ ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង​ខេត្ត​កំពត ត្បូង​ឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

ក្រសួង​ការ​បរទេស​កម្ពុជា​ ក៏​ធ្លាប់​ផ្ញើ​​កំណត់​ការ​ទូត​​ទៅ​រដ្ឋាភិបាល​​វៀតណាម កាល​​ពី​​ថ្ងៃ​ទី​២ ខែ​​មិថុនា ដើម្បី​បង្ហាញ​​ការ​តវ៉ា​​រឿង​​ទាហាន​​វៀតណាម​​ សាងសង់​ប៉ុស្តិ៍ ចំនួន ៣១ កន្លែង​នៅ​​លើ​ទឹកដី​​ មិន​ទាន់​ឯកភាព​គ្នា​ នៅ​ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​អានយ៉ាង​ ប្រទេស​វៀតណាម។

រដ្ឋាភិបាល​កម្ពុជា​ ក៏​ធ្លាប់​ទាមទារ​​ឱ្យ​វៀតណាម ​រុះរើ​ប៉ុស្តិ៍​ និង​សំណង់​រឹងមាំ​​ទាំង​​នោះ​​ផង​​ដែរ ប៉ុន្តែ​​វៀតណាម​​ មិន​ព្រម​​រុះរើ​​នោះ​ទេ។ ហេតុ​ដូច​នេះ ការ​លើក​ឡើង​​របស់​​ប្រធាន​គណៈកម្មាធិការ​​ចម្រុះ​​កិច្ច​ការ​ព្រំដែន​ លោក វ៉ា គឹម ហុង មិន​ត្រឹម​​តែ​ផ្ទុយ​គ្នា​​ជាមួយ​​ការ​រក​ឃើញ​​របស់​អភិបាល​​ខេត្ត​កណ្ដាល ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ហាក់​ផ្ទុយគ្នា​​ជាមួយ​​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ខ្លួន​ឯ​ង​ទៀត​​ផង៕

Picture 2015: លោក អ៊ុំ សំអាន និង លោក វ៉ា គឹមហុង
Picture 2015: លោក អ៊ុំ សំអាន និង លោក វ៉ា គឹមហុង

.