c2b9a5d8672cd003e1937dca4c9b5db1-1

តើនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទុក​ដាក់​យ៉ាង​ណា​ចំពោះ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែល​ហ៊ាន​និយាយ​ថា ភូមិ​កំណើត​ប្រធាន​រដ្ឋសភា លោក ហេង សំរិន (ឃុំកក់ ស្រុក​ពញាក្រែក ត្បូងឃ្មុំ) ស្ថិត​នៅ​លើ​ទឹកដីយួន ?

តាម​ដំណឹង​មក​ថា លោក ហេង សំរិន និង​សាច់ញាតិ សំដែង​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​លើក​ឡើង​របស់​លោក សុខ ទូច ពីព្រោះ​ទីនោះ ជា​ស្រុក​ភូមិ​របស់​ពួក​គេ តាំង​ពី​បូរម​បូរាណ​មក។ លោក សុខ ទូច លើក​ឡើង​មក​នោះ បាន​រំលោភ​មាត្រា​២ និង មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​មាន​ទោសទណ្ឌ ស្មើនឹង​អំពើ​ក្បត់​ជាតិ ឬ​ជាតិ​ប្រហារ។ ដូច​គ្នា​នេះ​ដែរ ករណី​លោក សុខ ឥសាន និងលោក ផៃ ស៊ីផាន ថ្លែង​គាំទ្រ​ការ​លើក​ឡើង​របស់​លោក សុខ ទូច នោះ ក៏ត្រូវមានទោស ពី​បទ​សមគំនិត ក្នុង​ការ​ប្រើ​ប្រាស់​ទឹកដី​កម្ពុជា ដើម្បី​​គាំទ្រ​ដោយ​ចំហ និង​ជា​ការ​បម្រើ​មហិច្ឆតា​របស់​បរទេស​ជិត​ខាង ដែល​ឈ្លានពានទឹកដីខ្មែរ​ជាប់​មិន​ដាច់

រដ្ឋធម្មនុញ្ញ មាត្រា២​៖ «បូរណភាព​​ទឹកដី​​របស់​​ព្រះរាជា​ណាចក្រ​​កម្ពុជា​​​ មិន​​អាច​​រំលោភ​​បាន​​ដាច់​​ខាត​ក្នុង​​ព្រំដែន​​របស់​​ខ្លួន ដែល​​មាន​​កំណត់​​​ក្នុង​​ផែនទី ​ខ្នាត​ ១/១០០.០០០​ ធ្វើ​​នៅ​​ចន្លោះ​​ឆ្នាំ​​១៩៣៣​​-​១៩៥៣ ហើយ​​ដែល​​ត្រូវ​​បាន​​ទទួល​​ស្គាល់​​ជា​​អន្តរជាតិ​​ នៅ​ចន្លោះ​​ឆ្នាំ​១៩៦៣​-​១៩៦៩»។

រដ្ឋធម្មនុញ្ញ មាត្រា៥៥​៖ «សន្ធិសញ្ញា​ និង​ កិច្ច​​ព្រម​ព្រៀង​​ទាំង​ឡាយ​​ណា​ ដែល​​មិន​​ស្រប​​នឹង​​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​​ទឹកដី​ អព្យាក្រឹត​ភាព​ និង​​ឯកភាព​​ជាតិ​​របស់​​​ព្រះរាជា​ណាចក្រ​​កម្ពុជា​ ត្រូវ​​លុប​​ចោល»។

បញ្ជាក់៖ ការ​អនុវត្ត​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ព្រម​ទាំង​ប្រើ​ផែនទី​ព្រំដែន ដែល​អម​សន្ធិ​សញ្ញា​ព្រំដែន ឆ្នាំ​១៩៨៥ ខ្នាត ១/១០០​ពាន់ «បោះ​ពុម្ភ​ឡើង​វិញ​ដោយ​វៀតណាម» និង ផែនទី ខ្នាត ១/៥០​ពាន់ នោះ​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ មាត្រាទី​២ និង​មាត្រា​៥៥ ព្រមទាំង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស ឆ្នាំ​១៩៩១ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​លុប​ចោល​ ពីព្រោះ​​វា​​ជា សន្ធិសញ្ញា​ខុស​ច្បាប់ ជា​កិច្ច​ព្រម​ព្រៀង​ខុស​ច្បាប់​ ដែល​ធ្វើ​ឡើង​នៅ​​ក្រោម​ការ​ត្រួត​ត្រា​របស់​វៀតណាម នៅ​មុន​​ឆ្នាំ​១៩៩០។ – (អត្ថបទដោយ ម៉ែន ណាត)


មន្ត្រី​ CPP (សុខ ឥសាន និង ផៃ ស៊ីផាន) គាំទ្រ​ថា​ភូមិ​លោក​ ហេង សំរិន ស្ថិត​ក្នុង​ទឹកដី​វៀតណាម

(Mon, 21-8-2017, មាស សុខជា, Phnom Penh Post)

ភ្នំពេញ​៖ ខណៈ​សាធារណជន ​កំពុង​រិះគន់​ប្រធាន​រាជបណ្ឌិត្យ​សភា​ លោក សុខ ទូច ដែល​និយាយ​ថា​ភូមិ​កំណើត​​របស់​លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម មន្ត្រី​គណបក្ស​កាន់​អំណាច​ បាន​ការពារ​ការ​លើក​ឡើង​នេះ ​ដោយ​ថ្លែង​ថា ​ការ​លើក​ឡើង​របស់​លោក សុខ ទូច គឺ​ត្រឹមត្រូវ។

អ្នក​នាំពាក្យ ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន និង​អ្នក​នាំ​ពាក្យរដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ​ការ​លើក​ឡើង​របស់​ លោក សុខ ទូច ​គឺ​មិន​ខុស​ទេ ​ពីព្រោះ​ភូមិ​របស់​លោក ហេង សំរិន ពិត​ជា​ស្ថិត​នៅ​ក្នុង ​ទឹកដី​វៀតណាម ​មែន បើ​យោង​តាម​ផែនទី​ខ្នាត ១/១០០.០០០ ដែល​ចេញ​ដោយ​ ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន និង​រៀបចំ​ដោយ​អាណានិគម​បារាំង​។ លោក ឥសាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្សែ​ផែនទី​ ដែល​រត់​នៅ​ខាង​លិច ​នៃ​ផ្ទះ​របស់​សម្តេច ហេង [​សំរិន​] វា​ជាក់ស្តែង​ដូច​នេះ​»​។ លោក​បន្ត​ថា ​កាលពី​មុន ​មិន​មាន​នរណា​គូស​ខ្សែ​ផែនទី​ កាត់​កន្លែង​ណា​នោះ​ទេ ដោយសារ​ផែនទី​ ខ្នាត​ ១/១០០.០០០ ដែល​ចេញ​ដោយ​អ្នក​ជំនាញ​បារាំង ​មិន​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​គូសបន្ទាត់​ព្រំដែន​។ លោក​បន្ត​ថា​៖ «​ប្រជាពលរដ្ឋ​មិន​ដឹង​ខ្សែ​ព្រំដែន ​នៅ​កន្លែង​ណា​ដោយសារ​យើង​ នៅ​លើ​ដី​ជាក់ស្តែង​»​។ លោក​បន្ត​ថា​៖ «​លោក សុខ ទូច បាន​និយាយ​ត្រឹមត្រូវ​ណាស់​លោក​បាន​និយាយ​ថា ​សម្តេច ហេង សំរិន បាន​ទៅ​រស់នៅ​ក្នុង ​ដី​វៀតណាម​។ ឯកឧត្តម សុខ ទូច ចូលចិត្ត​និយាយ​ខ្លាំងៗ​»​។ លោក ឥសាន បន្ត​ថា​ គណបក្ស​កាន់​អំណាច​ មិន​មាន​ប្រតិកម្ម​អ្វី​ ចំពោះ​លោក សុខ ទូច ទេ ​ដោយសារ​ផ្អែក​លើ​ផែនទី​បារាំង ភូមិ​របស់​លោក ហេង សំរិន ឈ្មោះ​ ភូមិ​ថ្លុកត្រាច​ដែល​ស្ថិត​នៅ​ក្នុង​ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ពិតជា​នៅ​ក្នុង​ ដី​វៀតណាម ​ទោះ​យ៉ាង​ណា​ក្តី​ លោក ហេង សំរិន នៅ​តែ​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​រស់នៅ​ក្នុង​ភូមិ​របស់​លោក​ ដោយសារ​គ្រួសារ​របស់​លោក ​បាន​និង​កំពុង​រស់នៅ​ក្នុង​ភូមិ​នោះ​ ជា​យូរ​មក​ហើយ​។

ជាង​នេះ​ទៀត ​នៅ​លើ​ហ្វេសប៊ុក ​របស់​លោក ​កាលពី​ម្សិលមិញ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន ក៏​បាន​ការពារ​ការ​ថ្លែង​របស់​ លោក​ សុខ ទូច ​ផង​ដែរ​ថា​ផ្អែក​តាម​ផែនទី​ ខ្នាត ១/១០០.០០០ ភូមិសាស្ត្រ​ផ្ទះ​របស់​ លោក ហេង សំរិន គឺ​ស្ថិត​នៅ​ក្នុង​ ដី​វៀតណាម​ បច្ចុប្បន្ន និង​បាន​លើក​ឡើង ​នូវ​សំណួរ​មួយ​ថា ហេតុ​អ្វី​កម្ពុជា​ អាច​កាន់​កាប់​​តំបន់​នេះ​បាន​។ លោក ស៊ីផាន សរសេរ​ថា​៖ «​មាន​ន័យ​ថា​ក្នុង​សម័យកាល​អាណានិគម​បារាំង ​មិន​បាន​គូស​​ព្រំដែន​រដ្ឋ​ទេ​ គឺ​មាន​តែ​​ព្រំដែន​រដ្ឋបាល​ រវាង​កម្ពុជា និង​កូសាំងស៊ីន ទី​ ២). ក្នុង​ន័យ​នេះ​បារាំង​ បាន​គូស​ផែនទី​ព្រំដែន​​រដ្ឋបាល ​ដែល​យើង​ធ្លាប់​ស្គាល់​តាមរយៈ​ផែនទី «​បោន Bonne ខ្នាត​ ១/១០០.០០០» នេះ​ឯង​។ ដូច្នេះ​ប្រជាជន​ទាំង​សង​ខាង​ នា​សម័យ​កាល​នោះ​ អាច​តាំង​លំនៅ​បន្ត​តាម​ទម្លាប់​តពី​ដូនតា​»​។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល និង​អនុប្រធាន​របស់​លោក ​គឺ​លោកស្រី កុយ ពិសី ​នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​ បាន​បដិសេធ​ធ្វើ​អធិប្បាយ​លើ​បញ្ហា​នេះ ​ដោយ​ថ្លែង​ថា ​កំពុង​ជាប់​រវល់​ប្រជុំ​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ដែល​ថា ​ស្រុក​កំណើត​របស់​​លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ ទឹកដី​វៀតណាម អនុ​ប្រធាន​​​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មិន​បាន​ធ្វើ​អត្ថាធិប្បាយ ​លើ​បញ្ហា​នេះ​ទេ ក៏​ប៉ុន្តែ​បាន​សរសើរ​លោក ហេង សំរិន ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​ផ្ទះ​ជាច្រើន ​នៅ​តាម​ព្រំដែន​កម្ពុជា‑វៀតណាម​ ដោយ​ចាត់​ទុក​ លោក ហេង សំរិន ជា​មេដឹកនាំ​មាន​មនសិការ​ស្នេហា​ជាតិ ​ក្នុង​ការ​ការពារ​ទឹកដី​។ លោក ឆៃអ៊ាង បាន​សរសេរ​​ថា​៖ «​បើ​ទោះបី​ជា​មាន​បុគ្គល​មួយ​ចំនួន​ អះអាង​ថា​ ស្រុក​កំណើត​របស់​សម្តេច​ ស្ថិត​នៅ​ក្នុង ​ដី​វៀតណាម ប៉ុន្តែ​សម្តេច​ [​ហេង សំរិន​] ​មិន​ដែល​និយាយ​ដូច​បុគ្គល​មួយ​ចំនួន​ អះអាង​នោះ​ទេ​»​។ «​ផ្ទុយ​ទៅ​វិញ​សម្តេច​ បាន​ខិតខំ​​ធ្វើការ​ ដើម្បី​អភិវឌ្ឍ​ផ្ទះ ផ្លូវ ប្រឡាយ និង​សាងសង់​ផ្ទះ ​សម្រាប់​ប្រជាពលរដ្ឋ​ ដើម្បី​​ការពារ​ស្រុក​កំណើត​ របស់​សម្តេច​»​

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ ​នៅ​រាជបណ្ឌិត្យ​សភា ​នៅ​ពេល​ឆ្លើយ​សំណួរ​របស់​ អ្នក​កាសែត​ដែល​សួរ​អំពី​ស្រុក​កំណើត​របស់​ លោក ហេង សំរិន លោក សុខ ទូច បាន​ថ្លែង​ថា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ស្ថិត​នៅ​ក្នុង​ទឹកដី​វៀតណាម​។ លោក ទូច បាន​ថ្លែង​ថា​៖ «​សម្តេច សំរិន ទៅ​យក​ដី​វៀតណាម​នៅ​ដោយសារ De Facto (​ជាក់ស្តែង​) ព្រោះ​ការ​ទម្លាក់​ផែនទី​ដី​របស់​សម្តេច ហេង សំរិន ​បាន​ទៅ​វៀតណាម ប៉ុន្តែ​លោក​បាន​នៅ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​»​។

ការ​ថ្លែង​របស់​ លោក សុខ ទូច ​បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​កន្លង​មក​នេះ ​ដោយ​អ្នក​លេង​ហ្វេសប៊ុក​ខ្លះ ​បាន​ចោទ​សួរ​ថា តើ​ខ្មែរ​ឯណា​ទៅ​រស់នៅ​លើ​ទឹកដី​ប្រទេស​ជិតខាង បើ​កាល​ពី​អតីតកាល​ទឹកដី​ខ្មែរ ​មាន​​ទំហំ​​ធំ​​ល្វឹង​ល្វើយ ប៉ុន្តែ​​ឥឡូវ​​ទឹកដី​​ខ្មែរ ​បាន​រួម​តូច​ទៅ​ហើយ​នោះ​។ អ្នក​លេង​ហ្វេសប៊ុក​ខ្លះ​ទៀត​ លើក​ឡើង​ថា «​វៀតណាម​ គេ​មិន​ដែល​ចិត្ត​ល្អ ​ឲ្យ​ខ្មែរ ​ទៅ​សង់​ផ្ទះ​ រស់នៅ​លើ​ទឹកដី​របស់​គេ ​នោះ​ទេ​»៕ PS