មនុស្សជំនិតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន គឺលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភាថ្មី។ លោក ជាម យៀប ជាអនុប្រធានទី១ នៃរដ្ឋសភា ហើយលោក វង សូត្រ កូនប្រសារលោក ហេង សំរិន ជាអនុប្រធានទី២ នៃរដ្ឋសភា តាមការចាត់ចែងរបស់លោក ហ៊ុន សែន។ (អត្ថបទបន្ថែមដោយ នគរ)
…..
វិទ្យុអាស៊ីសេរី RFA /ដោយ ទីន ហ្សាការីយ៉ា
10th-8-2023
នៅទីបំផុតលោក ហ៊ុន សែន មិនអាចលាក់បាំងប្រធានសភាថ្មី នីតិកាលទី៧ នេះបានទៀតទេ។ កាលពីយប់មិញនេះ លោក ហ៊ុន សែន បានបញ្ចេញសារសំឡេងភ្លាមៗ ថា ប្រធានសភាថ្មី ដែលនឹងមកជំនួសលោក ហេង សំរិន នោះ គឺមិនមែនជាលោក ស ខេង នោះទេ តែគឺជាអ្នកស្រី ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ រដ្ឋសភា។
អ្នកវិភាគនយោបាយមើលឃើញថា នៅបំផុត លោក ហ៊ុន សែន បានសម្រេចមិនយកលោក ស ខេង ជាប្រធានសភាជាប្រធានសភា នីតិកាលទី៧ នេះទេ ដោយសារតែលោក ស ខេង ជាមនុស្សមានឥទ្ធិពលនៅក្នុងបក្ស ដែលនឹងអាចធ្វើឲ្យប៉ះពាល់ដល់អំណាចគ្រួសារត្រកូល ហ៊ុន។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងឲ្យដឹងកាលពីយប់ថ្ងៃទី៩ សីហាថា លោក ហ៊ុន សែន សម្រេចជ្រើសរើសយកអ្នកស្រី ឃួន សុដារី នេះ ធ្វើជាប្រធានរដ្ឋសភា សម្រាប់អាណត្តិទី៧ នេះ មិនមែនជារឿងចៃដន្យនោះទេ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន មើលឃើញច្បាស់ថា អ្នកស្រី ឃួន សុដារី ជាមនុស្សមិនសូវមានឥទ្ធិពល និងកម្លាំងនៅក្នុងដៃ ខុសពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាផ្សេងទៀត ដូចជា លោក ស ខេង លោក ទៀ បាញ់ ជាដើម។
លោក គឹម សុខ៖ «តំណែងប្រធានសភានេះ បើអាច ធ្វើខ្លួនគាត់ (ហ៊ុន សែន) បាន គឺធ្វើហើយ តែគាត់ធ្វើមិនកើត ដោយសារតែគាត់ធ្វើជាប្រធានព្រឹទ្ធសភា និង ប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ហើយអ្នកស្រី ឃួន សុដារី នេះ ក៏លោក ហ៊ុន សែន មិនចង់ដាក់ដែរ តែដោយសារតែអ្នកស្រី ស្និទ្ធនឹងភរិយាលោក ហ៊ុន សែន»។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅក្រោយពីលោកនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដេកមិនលក់ អំពីការរិះគន់ថា គណបក្សប្រជាជនកម្ពុជា កំពុងតែបែកបាក់ផ្ទៃក្នុង ឬ មិនទាន់ចរចារត្រូវរ៉ូវគ្នា អំពីអ្នកដែលមកធ្វើជាប្រធានសភាថ្មី។ ខុសពីស្ថាប័នជាតិផ្សេងៗទៀត ដែលលោក ហ៊ុន សែន បានរៀបរាប់ឈ្មោះ អំពីការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មីនោះ។
លោក ហ៊ុន សែន កាលពីយប់ថ្ងៃទី ៩ សីហា បានបញ្ចេញសារប្រតិកម្ម ចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី ជុំវិញការប្រេះឆាដណ្ដើមអំណាច និងមិនទុកចិត្តគ្នា ក្នុងចំណោមមេៗគណបក្សប្រជាជនកម្ពុជា និង ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា នេះ។ លោក អះអាងថា ប្រធានសភាថ្មី គឺគេបានជ្រើសរើសយូរហើយ គឺអ្នកស្រី ឃួន សុដារី។
លោក ហ៊ុន សែន៖ «សូមវិទ្យុអាស៊ីសេរី កុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក។ ចំណុចទី២ ទាក់ទិនប្រធានរដ្ឋសភា បេក្ខជនរដ្ឋសភា ខ្ញុំបានរៀបចំតាំងពីឆ្នាំ២០២១ មកម្ល៉េះ»។
កាលពីថ្ងៃទី២៦ កក្កដា លោក ហ៊ុន សែន បានប្រកាសអំពីសមាសភាពដឹកនាំរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ ហើយលោក ហ៊ុន សែន នឹងធ្វើជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ និង ប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ ដែលត្រូវចូលនិវត្តន៍។ រីឯអនុប្រធានគណបក្សប្រជាជនកម្ពុជា ៣ រួបទៀត គឺអ្នកស្រី ម៉ែន សំអន លោក ទៀ បាញ់ និង លោក ស ខេង នឹងធ្វើជាសមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ដោយឡែកសម្រាប់តួនាទីប្រធាន សភា គឺនៅទំនេរចោលនៅឡើយ។
ក្រោយពីលោក ហ៊ុន សែន ប្រកាសអំពីសមាសភាពដឹកនាំរដ្ឋាភិបាលថ្មីនេះ សាធារណជន រួមទាំងអ្នកវិភាគផងថា អ្នកដែលសក្ដិសម ធ្វើជាប្រធានសភានោះ គឺលោក ស ខេង។
ទាក់ទងនឹងបញ្ហានេះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អះអាងថា លោក ហ៊ុន សែន មិនទុកចិត្តលោក ស ខេង ឡើយ ដោយសារតែលោក ហ៊ុន សែន មើលឃើញថា លោក ស ខេង ជាមនុស្សគ្រោះដល់ថ្នាក់ដល់អំណាចត្រកូល ហ៊ុន។
លោក សម រង្ស៊ី៖ «(ប្រធានសភាហ្នឹងរសើបណាស់ ទោះជា ហ៊ុន សែន បានសន្យាថា ឲ្យលោក ស ខេង តែឥឡូវគាត់ដូរចិត្តហើយ ព្រោះលោក ហ៊ុន សែន ខ្លាចលោក ស ខេង បោះឆ្នោតទម្លាក់លោក ហ៊ុន ម៉ាណែត។ ដូច្នេះហើយ ទើបលោក ហ៊ុន សែន ប្ដូរចិត្ត»។
អ្នកស្រី ឃួន សុដារី មានអាយុ ៧១ឆ្នាំ។ អ្នកស្រី ជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៧ មណ្ឌលខែត្រកណ្ដាល។ បច្ចុប្បន្នអ្នកស្រី ជាអនុប្រធានទី២ រដ្ឋសភាតាំងពីអាណត្តិទី៦ មក។ រយៈពេលចុងក្រោយនេះ អ្នកស្រី ឃួន សុដារី តែងតែចូលរួមកិច្ចប្រជុំនៅក្រៅប្រទេស តំណាងឲ្យសភាកម្ពុជា ទាំងកិច្ចប្រជុំជាលក្ខណៈតំបន់ និងអន្តរជាតិ មានដូចជាកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) និងកិច្ចប្រជុំសហភាពអន្តរសភា (IPU) ជាដើម។
លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន កំពុងបន្ថយអំណាច លោក ស ខេង អ្នកស្រី ម៉ែន សំអន លោក សាយ ឈុំ និងលោក ទៀ បាញ់។ លោកបញ្ជាក់ថា អនុប្រធានគណបក្សទាំងបីរួបនេះ នឹងក្លាយជាទីងមោង នៅក្រោយពេលត្រកូលហ៊ុន និងបក្ខពួករបស់លោក ហ៊ុន សែន ក្ដោបក្ដាប់អំណាចបានទាំងស្រុង។
លោក គឹម សុខ៖ «ខ្សែលោក ស ខេង ម៉ែន សំអន ទៀ បាញ់ ប្រៀបដូចជាភាគីផ្សេងទៀត ទៅសុំលោក ហ៊ុន សែន ចូលបក្សទៅហើយ ពីព្រោះសមាសភាពដឹកនាំរដ្ឋាភិបាលថ្មី ជាសែស្រឡាយកូនចៅរបស់លោក ហ៊ុន សែន»។
លោក ហ៊ុន សែន កំពុងតែរៀបចំសេណារីយ៉ូប្រមូលផ្ដុំអំណាចឲ្យត្រកូល ហ៊ុន និងបក្ខពួករបស់លោក គ្រប់គ្រងផ្ដាច់មុខ។ ក្រៅពីកូនប្រុសលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីជំនួសរួបលោកនោះ គឺកូនចៅ សាច់ញាតិរបស់លោក គ្រប់គ្រង ស្ថាប័នជាតិសំខាន់ៗ ជាច្រើនទៀត។
លើសពីនេះទៀត អ្នកជំនាញផ្នែកច្បាប់ពន្យល់ថា លោក ហ៊ុន សែន ប្រកាសថា អ្នកស្រី ឃួន សុដារី ជាប្រធានសភា ហើយព្រះមហាក្សត្រចាត់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនោះ គឺខុសពីរដ្ឋធម្មនុញ្ញ។
រដ្ឋធម្មនុញ្ញមាត្រា ១១៩ថ្មី (ពីរ) និងមាត្រា ៤ថ្មី (មួយ) ដែលចែងថា ការជ្រើសតាំង បេក្ខជននាយករដ្ឋមន្ត្រី គឺជ្រើសចេញពីតំណាងរាស្ត្រចេញ ពីគណបក្សមានអាសនៈ ច្រើនជាងគេនៅក្នុងសភា។
ក្រោយពីការបោះឆ្នោតថ្ងៃទី២៣ កក្កដា មកទល់ពេលនេះ សភាមិនទាន់កោះប្រជុំជាលើកដំបូង និងចូលស្បថនៅព្រះបរមរាជវាំងនៅឡើយ។
ក្រុមអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង ព្រមានថា អាចនឹងមានជម្លោះផ្ទៃក្នុងដណ្ដើម អំណាចកាន់ តែខ្លាំងឡើងនៅក្នុងគណបក្សកាន់អំណាច ដោយសារតែការបែងចែកអំណាច មិនមានតុល្យភាព រវាងក្រុមលោក ហ៊ុន សែន និងក្រុមមេៗ គណបក្សប្រជាជនកម្ពុជាដទៃទៀត ដូចជា លោក ស ខេង លោក ទៀ បាញ់ អ្នកស្រី ម៉ែន សំអន និងលោក សាយ ឈុំ ជាដើម ខណៈក្រុមរបស់លោក ហ៊ុន សែន តែងចិញ្ចឹមចិត្តចង់គ្រប់គ្រងផ្ដាច់មុខក្បាលម៉ាស៊ីន ទាំងស្ថាប័នរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងស្ថាប័នការពារជាតិ៕