អត្ថបទ The Cambodia Daily
20-9-2022

យុវជន​ចំនួន ៥​នាក់​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ដល់​​ជន​អន្តោប្រវេសន៍​បរទេស​ខុស​ច្បាប់ និង​ការ​បង្កើត​អគារ​ភាសា​វៀតណាម ​នៅ​កម្ពុជា។

យុវជន​មកពី​ខេត្ត​សៀមរាប លោក ថេល ធីលែន ដែល​តាំង​ខ្លួន​ជា​អ្នក​តំណាង​ឲ្យ​យុវជន​ផ្សេង​ទៀត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ​បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ កញ្ញា នេះ​ថា ក្នុង​រយៈពេល ១​សប្ដាហ៍​នេះ បើ​មិន​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​ទេ ពួកគេ​នឹង​ធ្វើ​ញត្តិ​មួយ​ទៀត​ ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​អហិង្សា​ នៅ​ទីលាន​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​កម្ពុជា ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង​ចិន ក្នុង​នោះ​ជនជាតិ​ចិន ​តែងតែ​បង្ក​បញ្ហា​អសន្តិសុខ​ដល់​ពលរដ្ឋ ខណៈ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ពលរដ្ឋ​វៀតណាម បង្ក​ហានិភ័យ​ដល់​ប្រទេស​ជាតិ ដោយសារ​វៀតណាម ​ជា​ប្រទេស​ជាប់​នឹង​កម្ពុជា ហើយ​ក៏​ធ្លាប់​ឈ្លានពាន​ទឹកដី​កម្ពុជា​ថែម​ទៀត។

យុវជន​ម្នាក់​ទៀត លោក អន រតនា អះអាង​ថា សកម្មភាព​ដែល​ពួកគេ​ធ្វើ​នេះ ​មិនមែន​ជា​ការ​រើសអើង​ពូជសាសន៍​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​បង្ហាញ​ក្ដី​បារម្ភ​ ក្នុង​នាម​ខ្លួន​ជា​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។

លោក​ស្នើ​ទៅ​រដ្ឋាភិបាល​ បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ដល់​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ និង​បដិសេធ​ការ​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម ​នៅ​កម្ពុជា ដោយ​ថា​ ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនបរទេស​ខុស​ច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​នេះ វា​បង្ក​ហានិភ័យ​ខ្លាំង​ដល់​កម្ពុជា។

កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២ ក្រសួង​មហាផ្ទៃ​ ក្រើន​រំឭក​ដល់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​វិស័យ​ឯកជន​ ដែល​ពាក់ព័ន្ធ ឱ្យ​អនុវត្ត និង​ទទួលស្គាល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ សម្រាប់​​ជន​បរទេស​អន្តោ​ប្រវេសន្ត​ នៅ​កម្ពុជា​ស្រប​តាម​ច្បាប់ ​ឆ្នាំ​១៩៩៤ ជាធរមាន។

ក្រោយពី​ការ​ក្រើន​រំឭក​នេះ ក៏​មាន​ប្រតិកម្ម​ផ្សេងៗ​ពី​មហាជន ខណៈ​កន្លង​មក​អាជ្ញាធរ​វៀតណាម តែងតែ​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​យកចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​របស់​ខ្លួន ជាពិសេស​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​ស្រប​ច្បាប់​ដល់​ពួកគេ។

ក្នុង​ជំនួប​ទ្វេភាគី​នៅ​រដ្ឋធានី​ហាណូយ នា​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីន (Pham Minh Chinh) បាន​ស្នើ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ឲ្យ​បន្ត​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ហា និង​យកចិត្ត​ទុកដាក់​ជួយ​សហគមន៍​វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា ដោយ​ឲ្យ​ពួកគេ​ ទទួល​បាន​ការ​រៀនសូត្រ និង​បំពេញ​ការងារ​នៅ​កម្ពុជា​ ឲ្យ​បាន​ងាយស្រួល។

ជា​ការ​ឆ្លើយតប អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើង​ថា កម្ពុជា​មិន​ដែល​ភ្លេច​គុណ​ដ៏​ធំធេង​របស់​វៀតណាម ក្នុង​ការ​ជួយ​កម្ពុជា​ ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ឡើយ។

ប៉ុន្តែ​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​ថា លោក​សូម​កោតសរសើរ​ដល់​ស្មារតី​របស់​យុវជន​ ក្នុង​ការ​តស៊ូ​មតិ​ឲ្យ​រដ្ឋាភិបាល​ លុបចោល​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​នៅ​កម្ពុជា។

លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ មិន​ត្រូវ​ឆ្លើយតប​តាម​ការ​ស្នើសុំ​ពី​រដ្ឋាភិបាល​វៀតណាម ដែល​សុំ​ឲ្យ​កម្ពុជា​ជួយ​សម្រួល​ឲ្យ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ទទួល​បាន​ការ​អប់រំ​រៀនសូត្រ ឬ​សម្រួល​ឲ្យ​ពួកគេ​បាន​ធ្វើ​ការងារ​នោះ​ទេ ពីព្រោះ​ថា​ ជនអន្តោប្រវេសន៍​វៀតណាម​ទាំងនោះ ​ភាគច្រើន គឺ​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់។ ដូច្នេះ រឿង​នេះ​គឺជា​ហានិភ័យ​វែង​ឆ្ងាយ​ដល់​កម្ពុជា បើសិន​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​ដឹង​គុណ​វៀតណាម និង​បម្រើ​នយោបាយ​របស់​វៀតណាម​តទៅទៀត៕

Photo: Mr Men Nath and Mr Hun Sen
Photo: Mr Men Nath and Mr Hun Sen

.