អត្ថបទដោយ TCD / 23-6-2020
អ្នកវិភាគនយោបាយ លោក គឹម សុខ ព្រមានថា ក្រុមគ្រួសារត្រកូល ហ៊ុន របស់លោក ហ៊ុន សែន ឈានទៅរកការបំផ្លាញជាតិកាន់តែខ្លាំង បើអំណាចនៃការដឹកនាំប្រទេសនេះ ធ្លាក់ទៅលើលោក ហ៊ុន ម៉ាណែត មែននោះ។ លោកសង្កត់ធ្ងន់ថា តំណែងរបស់លោក ហ៊ុន ម៉ាណែត ឡើងតាមជើងខោរបស់ឪពុកខ្លួន មិនអាចបញ្ជាក់ពីសមត្ថភាព គុណធម៌ និងសីលធម៌វិជ្ជាជីវៈ របស់អ្នកដឹកនាំទេ។
លោក គឹម សុខ អ្នកវិភាគនយោបាយសង្គម មានមូលដ្ឋាននៅប្រទេស ហ្វាំងឡង់ មានប្រសាសន៍ថា «ការបញ្ជាទិញរថយន្តយោធាធុនធំ ចំនួន ២៩០ គ្រឿងរបស់លោក ហ៊ុន ម៉ាណែត គឺទុកបម្រុង ដើម្បីបង្ក្រាបការតវ៉ារបស់ប្រជាពលរដ្ឋ និងការពារអំណាចបក្ខពួកគ្រួសានិយម របស់ត្រកូល ហ៊ុន តែប៉ុណ្ណោះ»។ លោកបញ្ជាក់ថា «នៅមានអាថ៌កំបាំងច្រើនណាស់ ក្នុងការទិញសម្ភារៈសឹកទាំងនេះ ទាក់ទិនទៅនឹងប្រភពចំណូលមិនច្បាស់លាស់ មិនមានតួលេខថវិកាជាក់លាក់ ការចុះកិច្ចព្រមព្រៀងជាលក្ខណម្ងាត់ និងវត្ថុបំណងពិតនៅពីក្រោយ នៅក្នុងការប្រើប្រាស់រថយន្តទាំងនេះ»។ ការអះអាងរបស់លោក គឹម សុខ ធ្វើឡើងនៅក្នុងការផ្សាយកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) កាលពីរាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
ចំណែកប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានរិះគន់ថា «ការទិញរថយន្តទាំងនេះ មិនបានឆ្លើយតបទៅនឹងដំណោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់កម្ពុជា កំពុងប្រឈមឡើយ ផ្ទុយទៅវិញជាការបង្ហាញសញ្ញានៃ ការគម្រាមកំហែងទៅដល់ប្រជាជន ដែលមិនពេញចិត្តនឹងការដឹកនាំរបស់ខ្លួនតែប៉ុណ្ណោះ»។ កញ្ញាបន្តថា មានវិស័យអាទិភាពច្រើនណាស់ ដែលកំពុងត្រូវការថវិកា ក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិ ឲ្យងើបឡើងវិញ ដើម្បីដោះស្រាយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពជំងឺកូវីដ-១៩ នេះ។
ចំណែកលោក គឹម សុខ អះអាងថា «ដើម្បីពង្រឹងវិស័យយោធា មិនមែនផ្អែកទៅលើរថយន្តទាំងនោះទេ គឺត្រូវធ្វើទំនើបកម្មបចេ្ចកទេសគ្រប់ផ្នែក នៃវិស័យកងទ័ពដូចជា កងទ័ពជើងទឹក ជើងគោក និងជើងអាកាស រីឯសម្ភារៈសឹក ត្រូវមានរថក្រោះ យន្តហោះ និងអាវុធធុនធ្ងន់ជាដើម។ ជាងនេះទៅទៀត ត្រូវរៀបរចនាសម្ព័ន្ធយោធា តាមអតីតភាពការងារ ស្នាដៃ គុណសម្បត្តិ និងគុណធម៌របស់មន្ត្រីទាំងនោះ។
កាលពីថ្ងៃទី១៨ ខែមិថុនា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រថយន្តទាំង ២៩០ គ្រឿង ត្រូវបែងចែកទៅឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៤០ គ្រឿង និងកងយោធពលខេមរភូមិន្ទ ២៥០ គ្រឿង។ មេបញ្ជាការកងទ័ពជើងគោករូបនេះ លើកឡើងថា «ការបញ្ជាទិញរថយន្តយោធា ពីប្រទេសចិន នេះ គឺធ្វើឡើងតាំងពីពាក់កណ្ដាលឆ្នាំ២០១៩ មកម្ល៉េះ ហើយក៏មិនប៉ះពាល់លុយជាតិ សូម្បីតែ ១ រៀលដែរ។ ម្យ៉ាងវិញទៀតការទិញរថយន្តទាំងនេះ គឺដើម្បីយកមកពង្រឹងវិស័យយោធា សម្រាប់ដឹកជញ្ជូនកងកម្លាំង និងពលរដ្ឋពេលមានគ្រោះអាសន្ន ជម្លោះតាមព្រំដែន គ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ និងពេលមានពិធីបុណ្យទានជាដើម»។
រថយន្តទាំង ២៩០ គ្រឿងនេះ មាន ២ ប្រភេទ គឺប្រភេទកង់ ៦ និងប្រភេទកង់ ១០។ ប្រភេទរថយន្តកង់ ៦ អាចផ្ទុកទម្ងន់ប្រមាណ ១០តោន ហើយអាចដាក់កងកម្លាំង បានប្រហែល ២០ នាក់ ចំណែកប្រភេទកង់ ១០ អាចផ្ទុកទម្ងន់បានប្រមាណ ២០ តោន និងអាចដាក់កងកម្លាំងអាចបាន ៣០ នាក់។
ជុំវិញបញ្ហានេះ ឌឹខេមបូឌា ឌែលី មិនអាចសុំការបំភ្លឺពីលោក ហ៊ុន ម៉ាណែត លម្អិតអំពីប្រភពចំណូល និងចំនួនជាក់លាក់នៃថវិកា ដែលបានប្រើប្រាស់ ដើម្បីទិញរថយន្តទាំងនោះបានទេ ព្រោះលោកបដិសេធមិនផ្តល់សម្ភាសន៍តាមទូរស័ព្ទឡើយ។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិតេយ្យ លោក អ៊ុំ សំអាន មានប្រសាសន៍ថា «ទោះបីជារថយន្តយោធាទាំងនោះ ត្រូវបានបញ្ជាទិញតាំងពីមុនផ្ទុះជំងឺកូវីដ១៩ ក្តី ប៉ុន្តែរដ្ឋាភិបាល អាចមានសិទ្ធិលុបចោល ឬពន្យារពេលការទិញរថយន្តទាំងនេះ ដើម្បីបង្វិលថវិកាទាំងនោះ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខវេទនាបាត់បង់ការងារធ្វើ និងគ្មានអាហារហូបចុក ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ ជាមុនសិន»។
លោក គឹម សុខ បានប្រតិកម្មថា ស្ថិតក្នុងស្ថានភាពជំងឺកូវីដ១៩ នេះ កម្ពុជាមិនមានភាពចាំបាច់ ក្នុងការទិញសម្ភារៈយោធានោះទេ ដោយសារប្រជាពលរដ្ឋ កំពុងជួបវិបត្តិ គ្មានប្រាក់ចំណូល ព្រោះបាត់បង់ការងារ ហើយថែមទាំងមិនទាន់ទទួលបានការដោះស្រាយបញ្ហានេះ សមស្របណាមួយពីរដ្ឋាភិបាលនៅឡើយ។ លោកបន្តថា ការអូសបន្លាយនៃជំងឺរាតត្បាតមួយនេះ ជាពេលវេលាត្រូវយកចិត្តទុកដាក់ថា តើត្រូវជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះនេះដូចម្តេច និងត្រៀមលក្ខណៈការពារខឿនសេដ្ឋកិច្ចជាតិ ពីផលប៉ះពាល់នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនឹងបាត់បង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយរបៀបណា។
ចំណែកកញ្ញា លី ស្រីស្រស់ បានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលគួរតែបង្ហាញតម្លាភាពពីការទិញរថយន្តទាំងនេះ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕

.