The Cambodia Daily
17-12-2021
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ លើកឡើងថា មានដំណោះស្រាយជាអាទិភាពតែមួយគត់ សម្រាប់ប្រជាជាតិភូមា មិនមែនធ្វើច្បាប់ការពារលោក មីន អ៊ុងឡាំង (Min Aung Hlaing) នោះទេ ប៉ុន្តែត្រូវតែនិរទេសទាំងគ្រួសាររបស់មេរដ្ឋប្រហារបង្ហូរឈាមរូបនោះ ទៅរស់នៅក្រៅប្រទេសទាំងអស់ ហើយដំណោះស្រាយក្រៅពីនេះ សុទ្ធតែជាសញ្ញាណនៃបណ្ដាសាបណ្តាសា សម្រាប់ប្រជាជាតិភូមា។
អ្នកវិភាគឯករាជ្យ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៦ ធ្នូ នេះថា ការនិរទេសមេដឹកនាំរបបសឹកនៅភូមា លោក មីន អ៊ុងឡាំង គឺជាវិធីល្អបំផុតមួយដែលទំនងជាអាចដោះស្រាយវិបត្តិរដ្ឋប្រហារ នៅប្រទេសភូមា បាន។
លោក គឹម សុខ អះអាងថា កិច្ចព្រមព្រៀងពិសេសអំពីការនិរទេសនោះ អាចធ្វើឡើងដោយប្រទេសសាមី ដែលព្រមទទួលយកគ្រួសារលោក មីន អ៊ុងឡាំង ឲ្យជ្រកកោន និងស្ថាប័នអន្តរជាតិពាក់ព័ន្ធ ដោយមានការយល់ស្របពីលោក មីន អ៊ុងឡាំង និងអ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ផងដែរ។
អ្នកវិភាគរូបនេះបន្ថែមថា ដំណោះស្រាយនេះនឹងអាចធ្វើឲ្យការតស៊ូពលីកម្មជីវិតជាង ១ ពាន់នាក់របស់ប្រជាពលរដ្ឋភូមា បានផលដល់គោលដៅសន្តិភាពប្រជាធិបតេយ្យផង ហើយមេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ក៏មិនបារម្ភខ្លាចអំពីសុវត្ថិភាពបន្ទាប់ពីអស់អំណាចរបស់ខ្លួនផងដែរ។
លោក គឹម សុខ បញ្ជាក់ថា ករណីនៅប្រទេសថៃ និងនៅកម្ពុជា ក៏គួរតែប្រើរូបមន្តប្រហែលគ្នានេះដែរ បើមេដឹកនាំទាំងនោះមានសុឆន្ទៈដើម្បីប្រទេសជាតិពិតប្រាកដ ក្នុងការដោះស្រាយបញ្ចប់ភាពជាប់គាំងគ្រប់បែបយ៉ាង ដែលកើតឡើងដោយសារអំណាចផ្ដាច់ការរបស់ខ្លួន នាពេលកន្លងមក។ លោកបន្ថែមថា នៅពេលនោះ វិបត្តិគ្រប់យ៉ាងនឹងបញ្ចប់ ហើយការបោះឆ្នោតថ្មីមួយនឹងត្រូវបានរៀបចំឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាមិនខាន។
ការអះអាងនេះ ធ្វើឡើងដោយទាញការប្រៀបធៀបជុំវិញការដោះស្រាយវិបត្តិនៅប្រទេសភូមា និងការដោះស្រាយវិបត្តិនៅកម្ពុជា ដែលគេមើលឃើញថា សុទ្ធតែបណ្តាលមកពីអ្នកកាន់អំណាចផ្ដាច់ការទាំងអស់ ដែលធ្វើឱ្យប្រទេសជាតិ ធ្លាក់ចូលក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរដូចសព្វថ្ងៃនេះ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មេដឹកនាំយោធាភូមា គឺលោក មីន អ៊ុងឡាំង បានដឹកនាំកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុងសាន ស៊ូជី និងបានសម្លាប់ពលរដ្ឋ ដែលបានប្រឆាំងតវ៉ានឹងរបបសឹករបស់ខ្លួនអស់ជាង ១ ពាន់នាក់ផងដែរ។
ជុំវិញបញ្ហានេះ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ត្រូវគេមើលឃើញថា ជារដ្ឋាភិបាលដែលប្រើអំណាចផ្ដាច់ការ មិនខុសពីរបបសឹកភូមានោះទេ។ ជាក់ស្តែង កាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បានដឹកនាំកងកម្លាំងប្រដាប់អាវុធ បង្កើតរដ្ឋប្រហារបង្ហូរឈាមសម្លាប់ពលរដ្ឋខ្មែររាប់រយនាក់ ដើម្បីដណ្តើមអំណាចពីគណបក្សឈ្នះឆ្នោត ឆ្នាំ១៩៩៣។
ជុំវិញការធ្វើរដ្ឋប្រហារនោះ លោក ថូម៉ាស ហាំម៉ាប៊ឺក តំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សនៅកម្ពុជា និងនាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកតំបន់អាស៊ី លោក ប្រ៊ែដ អាដាមស៍ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍របស់ពួកគេ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែតុលា ឆ្នាំ១៩៩៧ ថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា គឺជា “រដ្ឋប្រហារ” ពិតៗ ក្រោមការបញ្ជារបស់លោក ហ៊ុន សែន ផ្ទាល់តែម្តង។
ជុំវិញព្រឹត្តិការណ៍នេះ លោក ប្រ៊ែដ អាដាមស៍ ដែលបានតាមដានព្រឹត្តិការណ៍បង្ហូរឈាមនេះយ៉ាងដិតដល់ បានអះអាងថា រដ្ឋប្រហារនេះបានបណ្តាលឲ្យស្លាប់ និងរបួសមនុស្សប្រមាណជាង ២០០ នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ដូចជាលោក ចៅ សម្បត្តិ លោក ហូ សុខ និងលោក ក្រូច យឿម ជាដើម ត្រូវបានគេសម្លាប់ក្រោយពេលដាក់អាវុធចុះចាញ់ ហើយអំពើឃាតកម្មទាំងនេះបង្ហាញថា លោក ហ៊ុន សែន មិនបានគោរពអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីអំពីច្បាប់សង្គ្រាមនោះឡើយ។
យ៉ាងណាក៏ដោយ មេកម្មាភិបាលពីរបបប្រល័យពូជសាសន៍ លោក ហ៊ុន សែន អះអាងជារឿយៗថា លោកនឹងបន្តកាន់អំណាចអស់មួយជីវិត ហើយបុរសខ្លាំងរូបនេះគំរាមថា បើមានគេធ្វើឃាតលោក ព្រោះតែដណ្តើមអំណាច អ្នកទាំងនោះក៏មិនរស់ដែរ ហើយសង្គ្រាមនឹងកើតមានដោយចៀសមិនផុតនោះឡើយ៕