អត្ថបទ The Cambodia Daily
20-5-2021

បញ្ញវន្តខ្មែរ​នៅក្រៅស្រុក រិះគន់ថា ចំណង​មិត្តភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនិស្ដ​វៀតណាម នឹង​បន្ត​រឹត​យ៉ាង​តឹង គឺ​តឹង​រហូត​ទាល់​តែ​កម្ពុជា ដក​ដង្ហើម​មិន​រួច ប្រសិន​បើ​ក្រុម​លោក ហ៊ុន សែន នៅ​បន្ត​កាន់​អំណាច​ដូច​សព្វ​ថ្ងៃ​នេះ។

ការរិះគន់នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ប្រធាន​គណៈ​ទាក់ទង​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀត​ណាម ដែល​បាន​ពិភាក្សា​គ្នា លើ​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​បន្ត​រឹត​ចំណង​មិត្តភាព​រវាង​គណបក្ស​ទាំង​ពីរ ឲ្យ​កាន់​តែ​យូរ​អង្វែង​បន្ថែម​ទៀត។

អ្នកវិភាគ​នយោបាយ​សង្គម និង​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ខែ​ឧសភា នេះ​ថា ប្រពៃណី​នៃ​ទំនាក់​ទំនង​រវាង​បក្ស​កុម្មុយនិស្ដ​កម្ពុជា របស់​លោក ហ៊ុន សែន និង​បក្ស​កុម្មុយនិស្ដ​វៀតណាម គឺ​នៅ​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​ថ្មី ឡើង​កាន់​តំណែង​ ពួកគេ​តែង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​មន្ត្រី​ថ្មី​ទាំង​នោះ ឲ្យ​មាន​ភាព​ជិតដិត​ជាមួយ​នឹង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច។

លោក គឹម សុខ អះ​អាង​ថា ហេតុផល​នៃ​ការ​រឹតចំណង​មិត្តភាព​កម្ពុជា​-​វៀតណាម គឺ​ជា​វិធី​សាស្ត្រ​នៃ​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សម្បទាន​សម្បត្តិ​ជាតិ​កម្ពុជា បន្ថែម​ទៀត ឲ្យ​ទៅ​ជា​ប្រយោជន៍​របស់​រដ្ឋាភិបាល​​វៀតណាម ដើម្បី​បង្កើត​ស្នាដៃ​សម្រាប់​មន្ត្រី​ថ្មីៗ​របស់​ពួកគេ

លោក​បញ្ជាក់​ថា របត់​នៃ​មិត្តភាព​នេះ នឹង​កាន់​តែ​ស៊ីជម្រៅ​ថែម​ទៀត គឺ​នៅ​ពេល​មាន​ការផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​កូន​ប្រុស​របស់​គាត់ គឺលោក ហ៊ុន ម៉ាណែត អាច​នឹង​ឈាន​ដល់​ការ​ដាក់​ផែនការ​បំផ្លាញ​ចោល​ទាំង​អស់​នូវ កេរ​ដំណែល​ដូនតា​ខ្មែរ ដែល​ជា​តំណាង​ព្រលឹង​ជាតិ​ខ្មែរ ហើយ​ជំនួស​មក​វិញ​នូវ ស្ដូប​វៀតណាម ស្ទើរ​ពេញ​ប្រទេស​តែ​ម្តង។

លើសពីនេះ ចំណង​មិត្តភាព​នេះ ក៏​នឹង​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​បន្ត​ឯកសារ​ផ្លូវ​ច្បាប់​ ឲ្យ​ជន​ជាតិ​​វៀត​ណាម ដែល​កំពុង​រស់នៅ​​ដោយ​​ខុស​ច្បាប់ នៅ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ឲ្យ​ពួកគេ​អាច​មាន​ឱកាស​បន្សាំ​ខ្លួន​ ឲ្យ​ក្លាយ​ជា​ទៅ​ពលរដ្ឋ​ខ្មែរ​ពេញ​សិទ្ធិ តាម​ផែនការ​ដែល​បាន​រៀបចំ​ដោយ​រដ្ឋាភិបាល​វៀតណាម។

គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ កាល​ពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ ថា  រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជាសមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​បក្ស​កាន់​អំណាច លោក ប្រាក់ សុខុន បាន​ជួប​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​សមាជិក​គណៈ​កម្មាធិការ​មជ្ឈិមបក្ស និង​ជា​ប្រធាន​គណៈ​ទំនាក់​ទំនង​បរទេស​មជ្ឈិម​បក្ស នៃ​​បក្ស​កុម្មុយនីស្ត​វៀត​ណាម លោក ឡេ ហាយជុង ដើម្បី​រឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គណបក្ស​ទាំង​ពីរ​ ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

សេចក្តីប្រកាសព័ត៌មាន​ដដែល បញ្ជាក់​ថា ភាគី​ទាំង​ពីរ បាន​អះអាង​ថា ប្រវត្តិ​ទំនាក់​ទំនង​ជា​បងប្អូន រវាង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម ដែល​តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​កាលៈ​ទេសៈ និង​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ​ចូល​ក្នុង​ក្រអៅ​បេះដូង​ថ្នាក់​ដឹកនាំ​កម្មាភិបាល​គ្រប់​លំដាប់​ថ្នាក់ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។

ប្រភព​ដដែល​អះអាង​ថា ក្រោមមាគ៌ាដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់គណបក្ស និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់​ទំនង​ជា​ប្រពៃណី​ដ៏យូរ​អង្វែង​នេះ ក៏​ត្រូវ​បាន​ពង្រឹង និង​ពង្រីក តាម​ទិស​ស្លោក​ថា ភាព​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ​គ្រប់ជ្រុង​ជ្រោយ និង​មាន​ស្ថិរភាព​យូរ​អង្វែង។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​សង្កេត​ការណ៍ ត្អូញ​ត្អែរ​ថា ក្រោយ​ពេល​រដ្ឋាភិបាល​វៀតណាម ជួយ​ជ្រោម​ជ្រែង​លោក ហ៊ុន សែន ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ហើយ​នោះ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​រូបនេះ​ តែង​ជួយ​សម្រេច​ផល​ប្រយោជន៍​ជូន​រដ្ឋាភិបាល​វៀតណាម​ជា​ហូរហែ ដូចជា​ការ​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​ កិច្ច​ព្រម​ព្រៀង​ខុស​ច្បាប់​កំណត់​ដែន​សមុទ្រ ឆ្នាំ​១៩៨២ ដែលធ្វើឲ្យ​តំបន់​ទាំង​នោះ ​បាន​​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​វៀតណាម​ទាំងស្រុង រហូត​ដល់​សព្វថ្ងៃ​នេះ ដូចជា កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ ជាដើម។

ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២១ នាយក​រដ្ឋមន្ត្រី​ថ្មី​ នៃ​ប្រទេស​វៀតណាម លោក ផាម ម៉ិញជិញ បាន​ជួប​ពិភាក្សា​គ្នា​ដោយឡែកក្នុង​កិច្ច​ប្រជុំ​កំពូល អាស៊ាន នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ដោយ​​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ជួយ​សម្រួល​ការ​រស់​នៅ​របស់​ប្រជាជន​វៀតណាម ដែល​ខុស​ច្បាប់​នៅ​កម្ពុជា ឲ្យ​បាន​ល្អ​ប្រសើរ​បន្ត​ទៀត។

ជាងនេះទៅទៀត កាលពីឆ្នាំ ១៩៨៦ លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ ស្តីពី​ការ​ផ្តល់​ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់ ដល់​ជនជាតិ​វៀតណាម​ទាំង​នោះ ដោយ​យក​ចិត្ត​ទុក​ដាក់​ជា​ទី​បំផុត ហើយ​សារាចរ​នេះ នៅ​តែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំ​មើល​ព្រមាន​ថា កម្ពុជា នឹង​ត្រូវ​រលាយ​បាត់​ពី​ផែនទី​ពិភពលោក​ទៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា នៅ​តែ​មិន​ប្រើ​យន្តការ​អន្តរជាតិ​ ដើម្បី​កំណត់​ព្រំដែន​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់​ ជាមួយ​ភាគី​វៀតណាម ត្បិតកម្ពុជា មិន​ត្រឹម​តែ​រង​នូវ​វិបត្តិ​ខ្សែ​ព្រំដែន​ ដែល​មិន​រឹង​មាំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ប្រឈម​នឹង​ការ​បាត់​ប្រទេស​ទាំង​មូល​ថែម​ទៀត៕

.