The Cambodia Daily
21-9-2022
អ្នកឃ្លាំមើលសង្គម រិះគន់ថា ការចេញវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ របស់បុរសខ្លាំងលោក ហ៊ុន សែន គឺដើម្បីទប់ស្កាត់កម្លាំងចុះបង្ក្រាបរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលនឹងអនុវត្តច្បាប់លើម្ចាស់ល្បែងស៊ីសងខុសច្បាប់ធំៗនៅកម្ពុជា ដែលជាបក្ខពួកគ្រួសារត្រកូល «ហ៊ុន» តែប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី១៩ កញ្ញា នេះថា អ្នកដែលនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ធំៗនៅកម្ពុជា សុទ្ធសឹងតែជាបក្ខពួក និងជាសាច់ញាតិរបស់គ្រួសារ «ហ៊ុន» ទាំងអស់ ក្នុងនោះដូចជា ក្មួយប្រុសបង្កើតលោក ហ៊ុន សែន គឺលោក ហ៊ុន តូ សមាជិកព្រឹទ្ធសភាកម្ពុជា ឧកញ៉ា លី យ៉ុងផាត់ និងសមាជិកព្រឹទ្ធសភាកម្ពុជាមួយរូបទៀត គឺឧកញ៉ា កុក អាន ជាដើម។
លោក គឹម សុខ លើកឡើងថា ឧកញ៉ា កុក អាន ទទួលបានសិទ្ធិផ្ដាច់មុខពីលោក ហ៊ុន សែន កាន់កាប់បនល្បែងកាស៊ីណូ ដូចជានៅក្រុងបាវិត ខេត្តស្វាយរៀង តំបន់ច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណែកឧកញ៉ា លី យ៉ុងផាត់ គ្រប់គ្រងបនល្បែងកាស៊ីណូនៅខេត្តកោះកុង ខណៈឧកញ៉ា ហ៊ុន តូ គ្រប់គ្រងបនល្បែង នៅខេត្តព្រះសីហនុ និងគ្រប់គ្រងល្បែងស៊ីសងខុសច្បាប់ជាច្រើនផ្សេងទៀត ដូចជាល្បែងចាក់កន្ទុយលេខ ល្បែងប្រជល់មាន់តាមអនឡាញ និងប្រតិបត្តិការធនាគារងងឹត ជាដើម។
លោកបន្ថែមថា ដោយឡែកនៅទីក្រុងភ្នំពេញ បនល្បែងស៊ីសងណាហ្គាវើលដ៍ គឺគ្រប់គ្រងដោយគ្រួសារត្រកូល «ហ៊ុន» ដោយផ្ទាល់ ដូច្នេះការចេញបទបញ្ជាបង្ក្រាបវង់ល្បែងស៊ីសងខុសច្បាប់នេះ គ្រាន់តែជាការបំភ័ន្តភ្នែកមហាជនប៉ុណ្ណោះ ព្រោះថាបទបញ្ជានេះ គឺអាចការពារបក្ខពួករបស់ខ្លួន ដែលនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ទាំងនេះផង និងដើម្បីទប់ស្កាត់កម្លាំងរបស់ លោក ស ខេង កុំឱ្យចេញមុខចេញមាត់ ក្នុងការទទួលស្នាដៃ ចំពោះការបង្ក្រាបល្បែងស៊ីសងទាំងនេះផង។
ប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា លោក ហ៊ុន សែន បានរៀបចំមនុស្សឱ្យការពារអំពើឧក្រិដ្ឋកម្ម ដូចជាល្បែងស៊ីសងខុសច្បាប់ ការលាងលុយកខ្វក់ និងការជួញដូរមនុស្សរួចអស់ហើយ ក្នុងនោះមានឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកផែនការប្រឆាំងគ្រឿងញៀន ដែលធ្វើឱ្យលោក ស ខេង មិនអាចអនុវត្តផែនការបោសសម្អាតអំពើឧក្រិដ្ឋកម្មទាំងនោះបានឡើយ។
កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់មន្ត្រីថ្នាក់ក្រោមជាតិ និងអាជ្ញាធរពាក់ព័ន្ធ ឱ្យបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ទាំងអស់ ខណៈសកម្មភាពបើកល្បែងស៊ីសង ដែលជ្រកក្រោមស្លាកអាជ្ញាប័ណ្ណស្របច្បាប់ នឹងត្រូវបិទចោល ដោយគ្មានករណីលើកលែង។
ការចេញបទបញ្ជាបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានស្នើទៅកាន់បុរសខ្លាំង លោក ហ៊ុន សែន ឱ្យតែងតាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សុខ ផល ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេស ក្នុងនោះ លោក ហ៊ុន សែន បានយល់ព្រមចេញសេចក្តីសម្រេចតាមសំណើរបស់ លោក ស ខេង នៅថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ ប៉ុន្តែនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន បានប្រកាសបដិសេធការស្នើសុំរបស់លោក ស ខេង វិញ ក្រោមហេតុផលថា ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ គឺជាកិច្ចការរបស់មន្ត្រីនៅមូលដ្ឋានប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍របស់ខ្លួន កាលពីពេលថ្មីៗនេះថា រយៈពេល ២ ថ្ងៃក្រោយទទួលបានបទបញ្ជា អាជ្ញាធររាជធានីភ្នំពេញ បង្ក្រាបបានទីតាំងបនល្បែងខុសច្បាប់ ៣៦កន្លែង រួមមានកន្លែងចាក់ឆ្នោតវៀតណាម និងកន្លែងចាក់បាល់តាមប្រព័ន្ធអ៊ីនធឺណិត ជាដើម ក្នុងនោះក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធបានប្រមាណ ៧០ នាក់ផងដែរ។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា របាយការណ៍នៃការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់អាជ្ញាធរ មិនគ្រាន់តែធ្វើការបង្ក្រាបទៅលើបនល្បែងតូចតាចប៉ុណ្ណោះទេ ប៉ុន្តែមេខ្លោងធំ ដែលនៅពីក្រោយល្បែងស៊ីសងខុសច្បាប់ទាំងនេះ មិនត្រូវបានចាប់ខ្លួនយកមកផ្ដន្ទាទោសឡើយ ខណៈការស៊ើបអង្កេតណាមួយពីរដ្ឋាភិបាលកម្ពុជា ក៏នៅមិនទាន់បានអនុវត្តនៅឡើយនោះ៕

.