The Cambodia Daily
05th-4-2023

អ្នកវិភាគ​ចាត់ទុក​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ដែល​រៀបចំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ឆ្នាំ​២០២៣ នេះ គឺជា​ការ​បោះឆ្នោត​របស់​ក្រុម​យោធា​ ដែល​គ្រាន់តែ​ជា​ល្ខោន​មួយ​រោង រៀបចំ​ឆាក​ដោយ​ក្រុម​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​ក្នុង​យុទ្ធនាការ​ប្លន់​អំណាច​តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​ថា ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាងមុខ​នេះ​ គ្រាន់តែ​ជា​ល្ខោន​មួយ​រោង​ដែល​រៀបចំ​ឆាក​ដោយ​ក្រុម​លោក ហ៊ុន សែន ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ​ ក្នុង​យុទ្ធនាការ​ប្លន់​អំណាច​តែប៉ុណ្ណោះ ដូច្នេះ​មាន​ន័យ​ថា អំណាច​របស់​លោក ហ៊ុន ម៉ាណែត គឺជា​អំណាច​បាន​មកពី​ការ​ប្លន់​ ក្រោម​រូបភាព​ល្បែង​ប៉ាហ៊ី​ នយោបាយ​របស់ ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេលនេះ។

លោក គឹម សុខ លើកឡើង​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​ស្ថិត​ក្នុង​បរិយាកាស​ចរន្ត​ទំនើងចិត្ត​របស់​លោក ហ៊ុន សែន សុទ្ធសាធ ត្បិត​នៅ​ពេលនេះ ​គាត់​បាន​រំលោភ​ច្បាប់​ប្រព្រឹត្ត​ទង្វើ​ល្មើស​យ៉ាង​អនាធិបតេយ្យ ដូចជា​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បំបិទ​សិទ្ធិ​មេដឹកនាំ​ប្រឆាំង និង​គាបសង្កត់​ពលរដ្ឋ ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ ជាដើម ដែល​ទង្វើ​ទាំងអស់​នេះ​ គឺ​សុទ្ធតែ​ជា​ផែនការ​របស់​ក្រុម​យោធា ​ដែល​ប្រើប្រាស់​ដើម្បី​ធានា​នូវ​ការ​គ្រប់គ្រង​អំណាច​របស់​ពួកគេ​ប៉ុណ្ណោះ។

លោក គឹម សុខ ព្រមាន​ថា ស្ថិត​ក្នុង​ទម្រង់​នៃ​ការ​ក្តោប​ក្តាប់​អំណាច​តំណ​ពូជ ​ដែល​លោក ហ៊ុន សែន កំពុង​រៀបចំ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដូច​សព្វថ្ងៃ​នេះ គឺ​កំពុងតែ​រុញ​ឱ្យ​កូនប្រុស​របស់​គាត់​ ធ្លាក់​ទៅ​ក្នុង​អំពើ​ខុស​ច្បាប់​តែប៉ុណ្ណោះ។

លោក​បន្ថែម​ថា ប្រសិនបើ​ថ្ងៃ​ណា​មួយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ប្រកាស​ចាប់​ខ្លួន​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ដែល​គាត់​ធ្លាប់​ប្រព្រឹត្ត នោះ​លោក ហ៊ុន ម៉ាណែត ក៏​នឹង​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ។

កាលពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​តែងតាំង​លោក ហ៊ុន ម៉ាណែត ដែល​ជា​បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​ដ៏​ចម្រូងចម្រាស​នោះ ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ សម្រាប់​អាណត្តិ​ទី​៧ ក្នុង​ឆ្នាំ​២០២៣ នេះ ខណៈ​តំណែង​ជា​យោធា​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ក្តោប​ក្តាប់​ក្នុង​ដៃ​នៅឡើយ។

លោក គឹម សុខ រិះគន់​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​តំណាងរាស្ត្រ​នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទាំង​ដែល​លោក ហ៊ុន ម៉ាណែត ស្ថិត​ក្នុង​តួនាទី​នា​ជា​មេបញ្ជាការ​កងទ័ព​បែប​នេះ គឺជា​ការ​រំលោភ​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ផង រំលោភ​លើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ផង និង​រំលោភ​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​ ផង។

ច្បាប់​ស្ដីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​មាត្រា ២៤ ចែង​ថា មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កង​យោធពល​​ខេមរភូមិន្ទ​ក្នុង​មុខតំណែង មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ឡើយ។

ចំណែក​មាត្រា ២៥ ចែង​ថា មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​តុលាការ កងកម្លាំង​នគរបាល​ជាតិ កងយោធពល​ខេមរភូមិន្ទ បើ​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ត្រូវតែ​សុំ​លាឈប់​ពី​មុខតំណែង​ទាំងនេះ​ជា​កំហិត​ជា​មុន​សិន។

ដោយឡែក​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ជំពូក​ទី​២ ស្ដីពី​សិទ្ធិ កាតព្វកិច្ច និង​ភារកិច្ច​ទទួល​ខុសត្រូវ​ត្រង់​មាត្រា​៩ ចែង​ថា យោធិន​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​មុខនាទី ក្នុង​សកម្មភាព​ការងារ និង​ហាមឃាត់​មិន​ឱ្យ​ប្រើ​មុខងារ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ឡើយ។

យ៉ាងណាក៏ដោយ គេ​តែង​ឃើញ​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង ​នៃ​កងយោធពល​ខេមរភូមិន្ទ​​ផង ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ផង ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ផង ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​ផង​ដែរ និង​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ ដែល​ទើប​តែ​ត្រូវ​ដំឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ផង បាន​ចេញ​ឃោសនា​នយោបាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ជា​បន្តបន្ទាប់ ដោយ​ធ្វើការ​វាយប្រហារ​ ទៅ​លើ​បក្ស​ក្រៅ​រដ្ឋាភិបាល​នានា​ដោយ​សេរី៕

.