អត្ថបទ​វេទិកាពលរដ្ឋ

វេទិកាពលរដ្ឋ​ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២២ បាន​​ចេញ​​សេចក្តី​ថ្លែងការណ៍ ទាម​ទារ​ឲ្យ​តុលាការ​កម្ពុជា ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់​លោក គឹម សុខ ទាំង​ស្រុង។ សេចក្តីថ្លែងការណ៍​នេះ ចុះ​ហត្ថ​លេខា​​ដោយ​​លោក អ៊ាប គឹមសេង (អ៊ាប សែង) ជា​អគ្គ​លេខា​ធិការ​នៃ​​​វេទិកា​​ពលរដ្ឋ ដែល​មាន​មូលដ្ឋាន​នៅ​​សហ​រដ្ឋ​អាមេរិក។ សូម​ទាញ​យក ​«សេចក្តីថ្លែងការណ៍ (Download)» ឬ​​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្តីថ្លែងការណ៍
តុលាការ​កម្ពុជា ត្រូវ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​អស់​លើ​លោក គឹម សុខ

វេទិកាពលរដ្ឋ អំពាវនាវ​ដល់​តុលាការ​កម្ពុជា ទម្លាក់​ចោល​នូវ​សំណង និង​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​អស់ លើ​លោក គឹម សុខ ជា​អ្នក​វិភាគ​នយោបាយ​ខ្មែរ និង​​បច្ចុប្បន្ន​ក៏​ជា​ប្រធាន វេទិកា​ពលរដ្ឋ តាម​គំរូ​តុលាការ​ប្រទេស​បារាំង នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ ដែល​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី​ ពី​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់​លោក ហ៊ុន សែន

វេទិកាពលរដ្ឋ មើល​ឃើញ​ថា បណ្ដឹង​របស់​លោក ហ៊ុន សែន និង​​លោក ឌី វិជ្ជា នៅ​តុលាការ​បារាំង ដែល​បាន​ប្ដឹង លោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍ ​មាន​ចរិត​ដូច​គ្នា​សុទ្ធ​សាធ​នឹង​​បណ្ដឹង​ចំនួន​២ របស់​លោក ហ៊ុន សែន និង គណ​បក្ស​​ប្រជាជន​កម្ពុជា នៅ​តុលាការ​កម្ពុជា​កន្លង​មក ចំពោះ​លោក គឹម សុខ ដែល​បណ្ដឹង​ទី​១ តុលាការ​កម្ពុជា​​បាន​ចេញ​សាលក្រម​រួច​ហើយ​ បង្ខំ​ឲ្យ​លោក គឹម សុខ ជាប់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ប្រាក់ ២០ ​ម៉ឺនដុល្លារ​អាមេរិក​យ៉ាង​​អយុត្តិធម៌ ហើយ ​១​ករណី​ទៀត កំពុង​ដំណើរការ​ក្ដី​នៅ​ឡើយ។

ការចោទ​ប្រកាន់​របស់​លោក សម​ រង្ស៊ី ដែល​ថា លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​អតីត​មេនគរ​បាល​ជាតិ លោក ហុក ឡងឌី គឺ​ជា​ការ​ចង្អុល​ចំ​មុខ​លោក ហ៊ុន សែន ថា​ជាឃាតក ប៉ុន្តែ តុលាការ​បារាំង​នៅ​តែ​វិនិច្ឆ័យ​ថា «ជា​សិទ្ធិ​បញ្ចេញ​មតិ​​របស់​លោក សម រង្ស៊ី» ទោះ​បី​ជា​លោក សម រង្ស៊ី គ្មាន​ភ័ស្ដុតាង​បញ្ជាក់​ក៏​ដោយ ហើយ​លើក​លែង​ការ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ទៀត។

រីឯលោក គឹម សុខ គ្រាន់​តែ​សម្ដែង​មតិ​ឆ្លុះ​បញ្ចាំង​ព្រឹត្តិការណ៍​ពិត ​ថា​នៅ​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ឃើញ​មាន​ការ​សម្លាប់​បុគ្គល​ល្បីៗ ហើយ​រក​ឃាតក​មិន​ឃើញ ទាំង​លោក​ គឹម សុខ មិន​បាន​ចោទ​ថា លោក ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​នោះ​ទេ ប៉ុន្តែ តើ​ហេតុ​អ្វី​បាន​ជា​តុលាការ​កម្ពុជា នៅ​តែ​ចង​ពៀរ​នឹង​លោក គឹម សុខ?

ការ​សម្រេច​សេចក្ដី​របស់​តុលាការ​បារាំង ក៏​ត្រូវ​បាន​លោក ហ៊ុន សែន សាទរ។ ដូច្នេះ លោក ហ៊ុន សែន និង តុលាការ​កម្ពុជា គួរ​រៀន​សូត្រ​តាម​គំរូ​តុលាការ​បារាំង ដោយ​បញ្ឈប់​ការ​ធ្វើ​បាប​លោក គឹម សុខ​ ព្រោះ​អ្នក​វិភាគ​រូប​នេះ មិន​ទាន់​បាន​​ចោទ​អ្នក​ណា ឬ​ក្រុម​ណា​មួយ ជា​ឃាតកសម្លាប់​បណ្ឌិត កែម ឡី ទេ។ លោក គឹម សុខ ធ្លាប់​បាន​ពន្យល់​តុលាការ​កម្ពុជា​ថា ដើម្បី​រក​មុខ​ឃាតក​ពិត​ តម្រូវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ហ្មត់​ចត់​ពីសមត្ថកិច្ច​ជំនាញ និង បង្ហាញ​កាមេរ៉ា​សុវត្ថិភាព នៅ​ស្ដាម៉ាត​ស្តុប​បូកគោ ចំ​ថ្ងៃ​ឃាតកម្ម​បណ្ឌិត កែម ឡី

ពីគំរូតុលាការ​បារាំង តុលាការ​កម្ពុជា និង រដ្ឋាភិបាល​លោក ហ៊ុន សែន អាច​មាន​មេរៀន​យុត្តិធម៌​ប្រជា​ធិបតេយ្យ​សកល​មួយ ហើយ​ថា សេរីភាព​សម្តែង​មតិ​ត្រូវ​តែ​គោរព ហើយ​គេ​ត្រូវ​ប្រកួត​គ្នា​ដោយ​ការ​ជជែក​ពិភាក្សា​ត​ទល់ មិន​មែន​ប្រើ​អំណាច​តុលាការ​បំផ្លាញ​អ្នក​សម្ដែង​មតិ​ឡើយ។ ហេតុនេះ តុលាការ​កម្ពុជា​គួរ​ពិចារណា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក គឹម សុខ និង​ករណី​សកម្មជន​ទាំង​ឡាយ ដែល​កំពុង​ជាប់​បណ្ដឹង​ស្រដៀង​គ្នា នឹង​លោក គឹម សុខ ដែរ ទើប​សម​គំរូ​ទទួល​ស្គាល់​សាលក្រម​តុលាការបារាំង។

សហរដ្ឋអាមេរិក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

អ៊ាប គឹមសេង
អគ្គលេខាធិការ

.