អត្ថបទ The Cambodia Daily
16-9-2022
[លោក ហ៊ុន សែន សម្រេចចិត្តទម្លាយរឿងវ៉ាវរបស់ខ្លួន ឲ្យសាធារណជនបានដឹង ខណៈអ្នកវិភាគថា ជាប្រវត្តិសាស្ត្រភូតកុហក។]
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន សម្រេចចិត្តលាតត្រដាងអាថ៌កំបាំង និងជារឿងសម្ងាត់ ដែលមនុស្សភាគច្រើនមិនបានដឹង តាមរយៈសៀវភៅមួយក្បាល ដែលមានចំណងជើងថា «សម្តេច ហ៊ុន សែន គូសវាសវាសនាកម្ពុជា» ជាខេមរភាសា និងភាសាអង់គ្លេស។
មេដឹកនាំដែលកងទ័ពវៀតណាមលើកបន្តុប ឱ្យកាន់អំណាចរូបនេះ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ កញ្ញា នេះថា ដល់ពេលដែលលោក ត្រូវបញ្ចេញនូវរឿងរ៉ាវមួយចំនួន ដែលមនុស្សភាគច្រើនមិនបានដឹង តាមរយៈសៀវភៅមួយដែលមានកម្រាស់ ៦០១ទំព័រ និងមានចំណងជើងថា «សម្តេច ហ៊ុន សែន គូសវាសវាសនាកម្ពុជា» ដែលបានស្រាវជ្រាវ និងរៀបរៀងដោយប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្ត្រ គណបក្សប្រជាជនកម្ពុជា លោក កែវ បាភ្នំ។
លោក ហ៊ុន សែន បញ្ជាក់ថា លោកកំពុងបញ្ជាឱ្យគេបោះពុម្ពសៀវភៅនេះចំនួន ៥ ម៉ឺនច្បាប់ ដើម្បីបកប្រែជាភាសាអង់គ្លេស ក្នុងបំណងឱ្យមិត្តបរទេស បានដឹងពីរឿងរ៉ាវដ៏អាថ៌កំបាំងនេះផងដែរ ដែលភ្ជាប់ជាមួយនឹងរូបភាពក្នុងខ្លឹមសារនៃរឿងរ៉ាវសម្ងាត់នេះថែមទៀត។
ការអះអាងនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយពីរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលពលរដ្ឋខ្មែរ រួមទាំងមជ្ឈដ្ឋានអន្តរជាតិផង មិនធ្លាប់បានដឹងអំពីការតស៊ូរបស់លោក នាពេលកន្លងមក។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ កញ្ញា នេះថា ប្រវត្តិដែលលោក ហ៊ុន សែន ចង់បង្ហាញនៅពេលនេះ គ្មានអ្វីក្រៅតែពីអួតថា គាត់បានតស៊ូនោះទេ ប៉ុន្តែការអួតអាងរបស់គាត់នៅពេលនេះ គ្រាន់តែជាការកុហកភូតភរ និង ព្យាយាមបំភ្លៃប្រវត្តិសាស្ត្រពិត ថាគាត់ជាមេដឹកនាំល្អ ដែលស្រោចស្រង់កម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា អ្នកដែលដឹងប្រវត្តិពិតរបស់លោក ហ៊ុន សែន មានលោក ប៉ែន សុវណ្ណ ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីអំឡុងទសវត្សឆ្នាំ១៩៨០ និងអតីតព្រះមហាក្សត្រខ្មែរ គឺសម្តេចព្រះ នរោត្តម សីហនុ ដែរ។
លោកបន្តថា នៅពេលដែលលោក ប៉ែន សុវណ្ណ និងសម្តេចព្រះន រោត្តម សីហនុ នៅមានជីវិត លោក ហ៊ុន សែន មិនហ៊ានចេញមុខ អួតប្រវត្តិខ្លួនឯងទេ ទាល់តែលោកទាំងពីរលាចាកលោក ទើបគាត់ហ៊ានចេញមុខតាំងខ្លួន ជាអ្នកទម្លាយការពិត ហើយប្រវត្តិដែលលោក ហ៊ុន សែន នឹងលាតត្រដាងនេះ គឺជាការកុហកភូតភរពលរដ្ឋខ្មែរ ប៉ុណ្ណោះ។
ប្រធានវេទិកាពលរដ្ឋរូបនេះ បានលើកយកព្រឹត្តិការណ៍ខ្លះៗ មកពន្យល់ថា លោក ហ៊ុន សែន និងកងទ័ពវៀតណាម បានចាប់លោក ប៉ែន សុវណ្ណ ដល់ផ្ទះរបស់គាត់ យកទៅដាក់គុក នៅប្រទេសវៀតណាម ដើម្បីអាចក្តោបក្តាប់អំណាចកាន់តែខ្លាំងមួយជំហានទៀត ប៉ុន្តែលោក ហ៊ុន សែន បែរជាបំភ្លៃការពិតថា ការចាប់ខ្លួននេះគឺដោយសារតែលោក ប៉ែន សុវណ្ណ មានផែនការក្បត់បក្សកុម្មុយនីស្តរបស់ខ្លួន ក្នុងបំណងក្តោបក្តាប់កម្លាំងយោធាបង្កើនអំណាចខ្លួនឯងទៅវិញ។
លោក គឹម សុខ ពន្យល់បន្ថែមថា លោក ហ៊ុន សែន ក៏ធ្លាប់បានអួតអាងអំពីប្រវត្តិទំនាក់ទំនង សីហនុ-ហ៊ុន សែន ដែរ ដែលក្នុងគោលដៅព្យាយាមបំភ័ន្តមហាជនខ្មែរ ឲ្យយល់ច្រឡំលើសម្ដេចព្រះ នរោត្តម សីហនុ ថាទ្រង់មានចំណែកក្នុងផែនការដឹកនាំឃោរឃៅរបស់គាត់កន្លងមក ប៉ុន្តែចំណុចសំខាន់នៅត្រង់ថា ពេលទ្រង់នៅមានព្រះជន្មនៅឡើយ លោក ហ៊ុន សែន មិនដែលក្លាហានចេញមុខបកស្រាយពីរឿងនេះទេ លុះដល់ពេលព្រះអង្គចូលទិវង្គត ទើបលោក ហ៊ុន សែន ចេញមុខមកអួតអាងតែម្នាក់ឯង ដូចពេលនេះជាដើម។
លោក គឹម សុខ បញ្ជាក់ថា ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គ្រាន់តែជាសំរាមប្រវត្តិសាស្ត្រមួយប៉ុណ្ណោះ ដែលមានន័យថា ជាការបង្កើតតែគំនរប្រវត្តិសាស្ត្រដ៏កខ្វក់ សម្រាប់សង្គមកម្ពុជាទាំងមូល ដែលនឹងត្រូវលុបលាង និងកែតម្រូវដោយអ្នកដែលយល់ដឹង អំពីការពិតនៃប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍លើកឡើងថា លោក ហ៊ុន សែន កំពុងព្យាយាមលើកកិត្តិយសខ្លួនឯង ពីចលនាបដិវត្តន៍របស់ពួកគាត់ ហើយក៏កំពុងព្យាយាមទម្លាក់កំហុសទាំងអស់ ទៅលើអ្នកដទៃទៀត ដូចជាលោក ប៉ែន សុវណ្ណ ជាដើម ដែលលោក ហ៊ុន សែន ធ្លាប់បានលើកឡើង កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ។
ប៉ុន្តែកាលពីពេលដែលលោក ប៉ែន សុវណ្ណ នៅមានជីវិត គាត់បានបកអាក្រាតយ៉ាងច្រើន អំពីល្បិចឃុបឃិតគ្នារវាងមេដឹកនាំវៀតណាម និងលោក ហ៊ុន សែន ក្នុងផែនការបំផ្លាញកម្ពុជា ប៉ុន្តែនៅពេលនោះ លោក ហ៊ុន សែន មិនបានឆ្លើយតបនឹងការលើកឡើងរបស់លោក ប៉ែន សុវណ្ណ នោះឡើយ។
ក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ៣៧ ឆ្នាំមកនេះ ត្រូវគេរិះគន់ថា អំណាចរបស់លោក ហ៊ុន សែន គឺបានមកពីការប្លន់ ដែលមានការជ្រោមជ្រែងពីកងទ័ពវៀតណាម ប៉ុណ្ណោះ។ ជាងនេះទៀត អំណាចនោះ គឺជាអំណាចដែលយល់ព្រមបម្រើផែនការគ្រប់យ៉ាង របស់បរទេសឈ្លានពានផងដែរ។
ក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែន អះអាងថា ក្រោមការជ្រោមជ្រែងរបស់រដ្ឋការក្រុងហាណូយ លោក ហ៊ុន សែន បានសម្បទានទឹកដីកម្ពុជា និងធនធានធម្មជាតិយ៉ាងច្រើន ទៅឱ្យវៀតណាម ដូចជាការបង្កើតសន្ធិសញ្ញាខុសច្បាប់ឆ្នាំ២០០៥ ដើម្បីបើកផ្លូវឱ្យមហិច្ឆតាវៀតណាមឈ្លានពានទឹកដីកម្ពុជា ទៅថ្ងៃមុខដោយស្របច្បាប់ ជាដើម៕
.