ដោយ The Cambodia Daily / 13-11-2020
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអ្នកវិភាគនយោបាយ លោក គឹម សុខ ដែលកំពុងរស់នៅក្រៅប្រទេសឱ្យចូលខ្លួនឆ្លើយបំភ្លឺ ករណីបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិក វណ្ណៈ បានចេញដីកាកោះហៅ លោក គឹម សុខ ដែលជាជនជាប់ចោទ ឱ្យចូលខ្លួនសវនការជំនុំជម្រះករណីចោទប្រកាន់ទាំងនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។
ដីកាកោះហៅ លោក គឹម សុខ នេះ បានចេញតាំងពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានសមត្ថកិច្ច ទើបនឹងយកទៅបិទនៅទីកន្លែងស្នាក់នៅរបស់លោក គឹម សុខ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា។
លោក គឹម សុខ ធ្លាប់ត្រូវបានតុលាការ កាត់ទោសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដោយដាក់ពន្ធនាគាររយៈពេល ១៨ខែ ពិន័យ ៨លានរៀល ចូលជាថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹង ចំនួន ៨០០លានរៀល ករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
យ៉ាងនេះ លោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយលោក ហ៊ុន សែន ជុំវិញការលើកឡើងរបស់លោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ការចោទប្រកាន់នេះ តុលាការបានចោទប្រកាន់ បទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
ក្រោយពេលអនុវត្តទោសចប់ កាលពីឆ្នាំ២០១៨ លោក គឹម សុខ បន្តរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលឥតសំចៃមាត់ដដែល ហើយការវិភាគរបស់លោក ក៏ត្រូវទៅនឹងយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ពិសេសយុទ្ធសាស្ត្រលោក ហ៊ុន សែន ផ្ទាល់តែម្តង។
ដោយការរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ឥតសំចៃមាត់របស់លោកនេះហើយ បានជាលោក ហ៊ុន សែន បង្ហើបពីបណ្តឹងរបស់លោក កាលពីឆ្នាំ២០១៨ ដោយទាមទារឱ្យលោក គឹម សុខ ផ្តល់សំណងជំងឺចិត្តដល់លោក។ លោកនាយរដ្ឋមន្ត្រី ព្រមានពេលនោះថា បើគ្មានលុយទេ លោកនឹងឱ្យគេ ចាប់ដាក់គុកម្តងទៀតមិនខាន។
គ្រាន់តែលោក ហ៊ុន សែន ប្រកាសមិនបានប៉ុន្មាននាទីផង សមត្ថកិច្ច និង គិញសម្ងាត់របស់លោក តាមដានរាល់សកម្មភាពរបស់លោក កឹម សុខ និងធ្វើទុក្ខបុកម្នេញដល់លោក ឥតឈប់ឈរ ដែលជាហេតុជំរុញចិត្តលោក ត្រូវនាំកូនស្រី រត់គេចខ្លួនទៅប្រទេសថៃ។ ក្រោយមក លោក និងកូនស្រី ក៏បានទទួលសិទ្ធិជ្រកកោនផ្នែកនយោបាយ នៅប្រទេសហ្វាំងឡង់ ផងដែរ។
សរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ អ្នកវិភាគនយោបាយ លោក គឹម សុខ ថាលោកមិនឆ្លើយតបទៅនឹងតុលាការទេ តែលោកផ្ញើសារជូនទៅលោក ហ៊ុន សែន។ លោកថា ទីមួយ តុលាការកម្ពុជា គ្រាន់តែសេនាធិការនយោបាយក្រោមការបញ្ជារបស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
លើសពីនេះ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា នឹងរៀបចំយន្តហោះ មកដឹករូបលោក ទៅប្រទេសកម្ពុជា ដើម្បីឱ្យលោក ដឹកនាំបាតុកម្មមហាជន ប៉ុន្តែរាប់ខែមកនេះ លោក គឹម សុខ ចាំដំណឹងនេះបាត់ស្ងាត់សូន្យឈឹង ហើយនៅតែរង់ចាំរហូតដល់សព្វថ្ងៃ។ លោក គឹម សុខ បន្តចោទជាសំណួរថា ដូច្នេះ តើមានមូលហេតុអ្វីដែលលោក ត្រូវខ្វល់ខ្វាយឆ្លើយតបទៅនឹងតុលាការ ដែលត្រឹមតែជាការិយាល័យប្រតិបត្តិនយោបាយ សម្រាប់អំណាចលោក ហ៊ុន សែន នោះ?
អ្នកវិភាគនយោបាយដែលរត់ភៀសខ្លួនដោយសារការធ្វើទុក្ខបុកម្នេញពីសំណាក់លោក ហ៊ុន សែន រូបនេះបន្ថែមថា បុរសខ្លាំងនៅកម្ពុជា គប្បីរៀនស្គាល់លោក ឱ្យបានច្បាស់។ លោកថា កម្ពុជាជាប្រទេសរបស់ពលរដ្ឋខ្មែរទូទៅ ហើយលោកក៏ជាពលរដ្ឋខ្មែរម្នាក់ដែរ ហេតុនេះនៅពេលលោក វិលត្រឡប់មកកម្ពុជាវិញ លោកមិនចាំបាច់សុំការអនុញ្ញាតពីលោក ហ៊ុន សែន ឬក៏អាជ្ញាធរនោះទេ។
លោក គឹម សុខ បន្តថា នៅពេលលោកត្រូវត្រឡប់មកកម្ពុជា លោក ហ៊ុន សែន នឹងឃើញមុខលោក ហើយសុខភាពរបស់សម្តេចតេជោ {ហ៊ុន សែន} នៅល្អគ្រប់គ្រាន់។
បញ្ហានេះ អ្នកវិភាគដដែលបន្តថា លោកនាយករដ្ឋមន្ត្រី មិនចាំបាច់បន្តលេងល្បែងតុលាការដ៏កខ្វក់បែបនេះសោះឡើយ ព្រោះវាមិនមានប្រសិទ្ធភាពបញ្ចប់សកម្មភាពរបស់លោក នោះទេ៕
.
.