The Cambodia Daily
Update 10th-7-2023
អ្នកឃ្លាំមើលសង្គមរិះគន់ថា លោក ហ៊ុន សែន មិនត្រឹមតែមិនអាចរកយុត្តិធម៌ជូនសពលោកបណ្ឌិត កែម ឡី បានទេ តែបែរជាប្រឹងដើរបំភ្លៃទម្លាក់កំហុសលើអ្នកដទៃ ជាពិសេសបក្សប្រឆាំង បើទោះបីរឿងនេះ លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវធំជាងគេក៏ដោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា លោក ហ៊ុន សែន បានចោទប្រកាន់ទៅសកម្មជនសង្គម និងបក្សប្រឆាំងថា ជាអ្នកកេងចំណេញពីការស្លាប់របស់លោកបណ្ឌិត កែម ឡី។
ក្រៅពីចោទប្រកាន់ហើយ លោក ហ៊ុន សែន ថាបច្ចុប្បន្ន ប្អូនប្រុសរបស់បណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត និងកូនសិស្សរបស់លោក បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់។ លើសពីនេះទៅទៀត នៅពេលខ្វះខាតថវិកាធ្វើបុណ្យ និងសង់ចេតិយលោក កែម ឡី នោះ រូបលោកនេះហើយ ដែលជាអ្នកចេញមុខសងគេជំនួស។
លោក ហ៊ុន សែន ក៏បានបដិសេធចំពោះការចោទប្រកាន់ថា គ្រួសារត្រកូល ហ៊ុន និងរដ្ឋាភិបាលកម្ពុជាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់បណ្ឌិត កែម ឡី ផងដែរ។ មិនត្រឹមតែបដិសេធទេ លោកក៏បានចោទទៅលើក្រុមគណបក្សប្រឆាំង និងសកម្មជនសង្គមថា កេងយកផលចំណេញពីការស្លាប់របស់បណ្ឌិត កែម ឡី ថែមទៀត។
ជុំវិញរឿងនេះ ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានលើកឡើងថា លោក ហ៊ុន សែន ខ្លួនឯងទេ ដែលកំពុងព្យាយាមកេងចំណេញលើការស្លាប់របស់លោកបណ្ឌិត កែម ឡី ដោយឥតអៀនខ្មាស ពីព្រោះលោក ហ៊ុន សែន នេះហើយ ដែលជាអ្នកទទួលខុសត្រូវធំជាងគេ ក្នុងការរកយុត្តិធម៌ ប៉ុន្តែបែរជាមិនរកយុត្តិធម៌ ហើយប្រឹងដើរបំភ្លៃទម្លាក់កំហុសលើអ្នកដទៃ ជាពិសេសលើគណបក្សប្រឆាំង។
ម្យ៉ាងទៀត លោកថា លោក ហ៊ុន សែន មិនដែលនិយាយ និងបង្ហាញការស៊ើបអង្កេតត្រឹមត្រូវ ដើម្បីជម្រះការពិត ប៉ុន្តែបែរជាឃោសនាពីលុយចូលបុណ្យបន្តិចបន្តួច តាមបែបសាសនាទៅវិញ។ លោកចាត់ទុកការនិយាយនេះ ថាជាវិធីកេងចំណេញដ៏ទុច្ចរិតរបស់លោក ហ៊ុន សែន លើសពរបស់បណ្ឌិត កែម ឡី នៅពេលដែលលោក ហ៊ុន សែន ស្ថិតក្នុងការសង្ស័យជាបុគ្គល នៅពីក្រោយឧក្រិដ្ឋកម្មនៅឡើយ។
លើសពីនេះ លោក គឹម សុខ ថាគោលដៅរបស់លោក ហ៊ុន សែន ពុំមានអ្វីក្រៅពីប្រឹងបង្វែរសាច់រឿងពីការទាមទាររបស់ពលរដ្ឋឲ្យស្វែងរកយុត្តិធម៌ ទៅជាឲ្យពលរដ្ឋគិតតែត្រឹមរឿងធ្វើបុណ្យតាមទំនៀមទម្លាប់ និងសាសនាប៉ុណ្ណោះ។
អ្នកវិភាគរូបនេះថា លោក ហ៊ុន សែន ភ័យខ្លាចចរន្តទាមទារយុត្តិធម៌ អ្នកហ៊ានចេញមុខតវ៉ាជាសាធារណៈក្នុងទ្រង់ទ្រាយមហាជន ដែលអាចប៉ះពាល់ដល់ផែនការបោះឆ្នោតកាន់អំណាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពីព្រោះបុណ្យរំឭកខួបលោកបណ្ឌិត កែម ឡី គឺតែ ២សប្ដាហ៍មុនថ្ងៃបោះឆ្នោត។
ចំណែកនាយកវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី (VOD) លោក ប៉ា ងួនទៀង លើកឡើងថា បណ្ឌិត កែម ឡី ជាបញ្ញវន្តម្នាក់ ដែលបានផ្ដល់ព័ត៌មានពិត ទស្សនៈ និងគំនិតត្រឹមត្រូវ ក្នុងការកសាងជាតិ ដើម្បីប្រឆាំងអ្នកប្រព្រឹត្តអំពើពុករលួយ អ្នកបំផ្លាញជាតិ និងក្រុមមេដឹកនាំផ្ដាច់ការផងដែរ។
លោកថា ដើម្បីបង្ហាញពីតម្លាភាព និងយុត្តិធម៌សម្រាប់សព និងគ្រួសារលោកបណ្ឌិត កែម ឡី នោះ រដ្ឋាភិបាលកម្ពុជា ត្រូវហ៊ានបើកការស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ ដោយមានការចូលរួមពីបណ្ដាប្រទេសប្រជាធិបតេយ្យ ដែលជំនាញលើកិច្ចការងារស្រាវជ្រាវស៊ើបអង្កេត ខណៈការស៊ើបអង្កេតកន្លងមក លោកថា មិនបានធ្វើឲ្យសាធារណជន និងសហគមន៍អន្តរជាតិទុកចិត្ត និងជឿជាក់បានឡើយ។
មួយវិញទៀត លោកថា លោក ហ៊ុន សែន គួរបើកឲ្យអ្នកគាំទ្រ និងសាធារណជនដែលគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី ធ្វើបុណ្យរំលឹកខួបនៃការស្លាប់ជារៀងរាល់ឆ្នាំ ដោយគ្មានការធ្វើទុក្ខបុកម្នេញ និងរារាំងដូចកន្លងមក ខណៈកាលពីបុណ្យសព ឆ្នាំ២០១៦ ក្រុមសន្តិសុខក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន បានព្យាយាមទៅយកសពលោកបណ្ឌិត កែម ឡី ទាំងដែលគ្រួសារ និងអ្នកគាំទ្រមិនព្រមផងដែរ។
លោកចាត់ទុកសកម្មភាពទាំងអស់នេះថា ជាចំណុចដែលបង្កើតមន្ទិលសង្ស័យ ដូច្នេះដើម្បីបង្ហាញថា រដ្ឋាភិបាលមិនពាក់ព័ន្ធនោះ គួរបង្កើតយន្តការស៊ើបអង្កេតដើម្បីឲ្យសាធារណជនជឿជាក់ ហើយបញ្ឈប់ការរារាំង និងធ្វើទុក្ខបុកម្នេញនៅពេលអ្នកគាំទ្រ និងសាធារណជនធ្វើពិធីបុណ្យរំលឹកខួបនៃការស្លាប់របស់បណ្ឌិត កែម ឡី ទៀត។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ ការបាញ់សម្លាប់នៅកណ្ដាលទីក្រុងនេះ បានកើតឡើងក្រោយពីលោក កែម ឡី បានធ្វើការអធិប្បាយលើរបាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លូប៊ល វីតណេស (Global Witness) ដែលបានលាតត្រដាង អំពីការកាន់កាប់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោក ហ៊ុន សែន។
សំណុំរឿងឃាតកម្មនេះ ត្រូវបានតុលាការក្រុមភ្នំពេញផ្ដន្ទាទោសបុរសម្នាក់ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕