អត្ថបទព័ត៌មាន The Cambodia Daily / 24-4-2021
ក្រុមបញ្ញវន្តខ្មែរក្រៅស្រុក លើកឡើងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាបុរសវង្វេងប្រតិទិន ថ្ងៃទី៣១ ខែកុម្ភៈ ដោយយកពលរដ្ឋខ្មែរ ទៅចាក់ល្បែងភ្នាល់ វីរុស Covid-19។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២០ ខែមេសា នេះថា ជំងឺ Covid-19 នៅកម្ពុជា កំពុងតែរីករាលដាលក្នុងសហគមន៍ បណ្តាលឲ្យពលរដ្ឋខ្មែរ ស្លាប់ពិតប្រាកដមែន ដែលបានកើតឡើងដោយសារការចាញ់ល្បែងភ្នាល់ Covid-19 របស់មេដឹកនាំខ្មែរ សព្វថ្ងៃនេះ។
លោកអះអាងថា ជំងឺរាតត្បាតមួយនេះ ត្រូវបានលោក ហ៊ុន សែន ប្រើជាឧបករណ៍ល្បិចកលយុទ្ធសាស្ត្រនយោបាយ ដើម្បីរក្សាអំណាចបាត់ទៅហើយ ដូច្នេះរាល់វិធានការច្បាប់ផ្សេងៗ ដូចជា ការបិទរាជធានី-ខេត្ត ក្នុងរយៈពេលខ្លី ឬវែងរបស់រដ្ឋាភិបាលកម្ពុជា គឺសុទ្ធតែស្ថិតក្នុងទម្រង់ជា Covid នយោបាយតែប៉ុណ្ណោះ ដើម្បីបោះជំហានទៅក្តោបក្តាប់អំណាចផ្ទៃក្នុងបក្សឲ្យកាន់តែរឹងមាំបន្ថែមទៀត។
លោក គឹម សុខ បញ្ជាក់ថា ប្រសិនបើការបិទមានរយៈពេលខ្លី នោះមានន័យថា ល្បែងនយោបាយនេះ គឺឆាប់ចប់ ហើយល្បែងនេះ ស្ថិតក្នុងស្ថានការណ៍ដែលគេគ្រប់គ្រងបាន ប៉ុន្តែបើអូសបន្លាយរយៈពេលយូរ មានន័យថា ពួកគេទប់ស្ថានការណ៍លែងបានហើយ ប៉ុន្តែគេនៅតែអាចឆ្លៀតឱកាសធ្វើជាវីរបុរសក្លែងក្លាយលើទឹកភ្នែក និងទុក្ខវេទនារបស់ពលរដ្ឋក្រីក្រក្នុងពេលនេះផងដែរ។
លោកសង្កត់ធ្ងន់ថា ពលរដ្ឋកម្ពុជា និងអ្នកនយោបាយខ្មែរ គ្រប់រូបត្រូវតែចងចាំទាំងអស់គ្នាថា ទោះលោក ហ៊ុន សែន ធ្វើកម្មវិធីមនុស្សធម៌យ៉ាងណាក៏ដោយ ក៏ដើម្បីតែអំណាចតំណពូជរបស់គាត់តែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានចេញ សេចក្តីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 កាលពីពេលថ្មីៗនេះ ប៉ុន្តែសេចក្តីសម្រេចនេះ មិនបានចែងអំពីការចែកស្បៀងអាហារដល់ពលរដ្ឋក្នុងតំបន់នោះ ក្នុងអំឡុងពេលបិទខ្ទប់នេះទេ។
លោក ហ៊ុន សែន អះអាងថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះ នៃគ្រោះមហន្តរាយ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមិនមានការចូលរួមពីពលរដ្ឋទេនោះ។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំទំនើង ដែលគិតអ្វី និងធ្វើអ្វីគ្រប់យ៉ាង គឺធ្វើតាមតែអារម្មណ៍ និងដើម្បីអំណាចតែប៉ុណ្ណោះ ជាងនេះទៀត ក៏ជាមេដឹកនាំគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដែលទទួលបានការបណ្តុះបណ្តាលនៅសាលាផងដែរ ដូច្នេះលោក ហ៊ុន សែន ចេះតែខាងអួតអាង ប្រើអំណាច និងគំរាមកំហែងពលរដ្ឋ ប៉ុន្តែមិនចេះចាត់ចែងការងារ និងដឹកនាំប្រទេសក្នុងពិភពលោកជឿនលឿន និងទាន់សម័យ ក្នុងសង្គមប្រជាធិបតេយ្យ នោះទេ៕
.