អត្ថបទ The Cambodia Daily / 02nd-12-2020

អ្នកឃ្លាំមើលសង្ស័យថា លោក ហ៊ុន សែន អាចឆ្លងវីរុសកូវីដ១៩ ពីលោក ស ខេង ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ក្នុង​បន្ទប់​បិទ​ជិត​មួយ​ នៅ​ក្រសួងមហាផ្ទៃ ស្តីពី​ការ​ជាប់​គាំង​នយោបាយ​ របស់​គណបក្ស​កាន់អំណាច។

អ្នកវិភាគនយោបាយសង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ ចលនានិស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ថាលោក ស ខេង បាន​ដឹកនាំ​កិច្ច​ប្រជុំ​មួយ នៅ​ក្នុង​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដោយ​ក្នុង​អង្គ​ប្រជុំ​នោះ មាន​វត្តមាន​លោក ឆែម សាវុធ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ផង​ដែរ។ លោក​បញ្ជាក់​ថា នៅ​ក្នុង​អង្គ​ប្រជុំ លោក ឆែម សាវុធ បាន​និយាយ​ឆ្លើយ​ឆ្លង​ជាមួយ​លោក ស ខេង ខ្លះៗ​ដែរ មុន​នឹង​បិទ​អង្គ​ប្រជុំ​នោះ ​ប៉ុន្តែ​ក្រោយ​កិច្ច​ប្រជុំ​រយៈ​ពេល ៥ ថ្ងៃ លោក ឆែម សាវុធ ត្រូវ​បាន​គេ​រក​ឃើញ និង​បញ្ជាក់​ដោយ​ក្រសួង​សុខាភិបាល​​កម្ពុជា​ ថា​វិជ្ជមាន​​វីរុស​កូវីដ​-​១៩ រួម​ទាំង​សមាជិក​គ្រួសារ​របស់​លោក​ផង​ដែរ។

លោក គឹម សុខ ថាបើលោក ស ខេង មិន​ឆ្លង​វីរុស​​កូវីដ-១៩ ហាក់​ដូចជា​ចម្លែក​ណាស់ ​ប៉ុន្តែ​​បើ​​ក្រសួង​​សុខា​ភិបាល​ ហ៊ាន​​ប្រកាស​​​​​ថា លោក ស ខេង វិជ្ជមាន​វីរុស​កូវីដ-១៩ តែ​បែរ​ជា​លោក ហ៊ុន សែន មិន​ឆ្លង​វីរុស​​កូវីដ-១៩ វិញ​នោះ ក៏​រឹត​តែ​ចម្លែក​ និង​គួរ​ឲ្យ​អស់​សំណើច​ថែម​ទៀត​ដែរ។ លោក ចោទ​ជា​សំនួរ​ថា តើ​ក្នុង​ស្ថានការណ៍​ចម្លែក លោក ហ៊ុន សែន ចង់​​ប្រើ​ស្នៀត​ចម្លែក ឬ​យ៉ាង​ណា?

ការអះអាងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ស ខេង ប្រកាស​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ រួមទាំង​អ្នកផ្ទះ​របស់​លោក​ចំនួន ៩០ នាក់​​ផង​​ដែរ បន្ទាប់​ក្រសួង​សុខាភិបាល​ ពិនិត្យ​វត្ថុ​សំណាក និង​ប្រកាស​ជាផ្លូវការ​ថា លោក ឆែម សាវុធ និង​ក្រុម​គ្រួសារ​​វិជ្ជមាន​វីរុស​​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះ។

ពាក់ព័ន្ធ​នឹងព្រឹត្តការណ៍ ២៨ វិចិ្ឆកា នេះ លោក ស ខេង បាន​បង្ហោះ​សារ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​ថា ជា​ការ​ចាំ​បាច់​ណាស់​ដែល​​លោក​ ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៤​ថ្ងៃ តាម​វិធាន​របស់​ក្រសួង​សុខាភិបាល។ យ៉ាង​នេះ​ក្តី លោក អះអាង​ថា លោក​នៅ​តែ​បន្ត​បំពេញ​ភារកិច្ច​ពិនិត្យ​សម្រេច​លើ​សំណើ និង​សំណូមពរ​នានា​ពី​ថ្នាក់​ដឹកនាំ​តាម​ក្រសួង និង​ប្រជាពលរដ្ឋ​ជា​ធម្មតា​ តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក ពី​បន្ទប់​ចត្តាឡីស័ក​ នៅ​ឯ​ផ្ទះ​របស់​លោក​ផ្ទាល់។ លោក ត្អូញត្អែរ​ថា ជា​ការ​គួរ​ឱ្យ​សោក​ស្ដាយ​ណាស់ កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​ទៅ ភរិយាលោក ឆែម សាវុធ ត្រូវ​បាន​រកឃើញ​ថា វិជ្ជមាន​វីរុស​​កូវីដ-១៩ បន្ទាប់​ពី​មាន​អាការៈ​មិន​ស្រួល​ខ្លួន​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍ ហើយ​លទ្ធផល​ជា​បន្ត​បន្ទាប់ បង្ហាញ​ថា លោក ឆែម សាវុធ និង​​សមាជិក​គ្រួសារ​មួយ​ចំនួន​ទៀត ក៏​បាន​ឆ្លង​ជំងឺ​នេះ​ផង​ដែរ។

នៅថ្ងៃទី​៣០ វិច្ឆិកា នេះ ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់ នៅ​ខេត្ត​សៀមរាប លោក ហ៊ុន សែន ព្រមាន​​ថា ត្រូវ​មាន​វិធាន​ការ​ការ​ពារ​ខ្លួន​ជានិច្ច ដោយ​ត្រូវ​គិត​ថា ខ្លួន​ឯង​វិជ្ជមាន​វីរុស​កូវីដ-១៩ ប្រសើរ​ជាង​គិត​ថា គ្មាន​វីរុសកូ​​កូវីដ-១៩ ហើយ​សុខ​ចិត្ត​ធ្វើ​តេស្ត ឬ​ធ្វើ​ចត្ថា​ឡីស័ក ១៤​ថ្ងៃ ប្រសើរ​ជាង​មិន​បាន​ធ្វើ។

ក្រសួងសុខាភិបាល អះអាងថា លទ្ធផល​ស្រាវជ្រាវ​អ្នក​ពាក់ព័ន្ធ​ព្រឹត្តការណ៍​សហគមន៍ ២៨ វិច្ឆិកា លទ្ធផល​បឋម​បាន​បង្ហាញ​ថា​ មាន​រាជធានី​ខេត្ត​ចំនួន ៧ ដែល​កំពុង​ប្រឈម ដូចជា រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប កណ្ដាល ឧត្ដរមានជ័យ បន្ទាយ​មាន​ជ័យ  មណ្ឌល​គីរី និង​ខេត្ត​ស្ទឹងត្រែង ខណៈ​អ្នក​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​បាន​រក​ឃើញ​មាន​ចំនួន​ប្រមាណ​ជាង ៣ ពាន់​នាក់​ហើយ។

ជាងនេះទៀត ក្រសួង​សុខាភិបាល បាន​រកឃើញ អ្នកវិជ្ជមាន​វីរុសកូវីដ​១៩ ចំនួន ០៨ នាក់ ដែល​បាន​ប៉ះ​​ពាល់​​ព្រឹត្ត​ការណ៍​សហ​គមន៍ ២៨ វិច្ឆិកា នេះ ខណៈ​អ្នក​ទាំង​នោះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខ្មែរ​-​សូវៀត ដើម្បី​ធ្វើការ​តាម​ដាន​សុខភាព ឲ្យ​បាន​ទាន់​ពេល​ផង​ដែរ។

ពាក់ព័ន្ធករណីនេះ ពន្ធនាគារ​រាជធានី​ភ្នំពេញ ប៉េហ្ស៊ី (PJ) ព្រមទាំង​មណ្ឌល​អប់រំ​កែប្រែ ម១ និង ម២ នៅ​ថ្ងៃ​នេះ ​បាន​ដាក់​លិខិត​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ ស្នើ​សុំ​ផ្អាក​សវនាការ​រយៈ​ពេល ២​សប្តាហ៍ ដើម្បី​បង្ការ​ការ​រីករាល​ដាល​ដល់​ជន​ជាប់​ឃុំ។ ជាង​នេះ​ទៀត មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន ក៏​បាន​តម្រូវ​​ឲ្យ​ធ្វើ​ចត្តា​ឡីស័ក​ផង​ដែរ៕

.

.