The Cambodia Daily
07th-10-2021
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា ភាពស្មោះត្រង់ចំពោះជាតិ មិនមែនទាល់តែមេដឹកនាំកំពូលៗរបស់ខ្មែរ មានសញ្ជាតិតែមួយនោះទេ ប៉ុន្តែពួកគេត្រូវនាំគ្នាអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារដើមនៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន នោះទើបបញ្ជាក់ថាមេដឹកនាំទាំងនោះ ពិតជាមានចិត្តស្មោះត្រង់ចំពោះជាតិប្រាកដមែន។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងយ៉ាងច្បាស់អំពីការធានាបាននូវឯករាជភាព អធិបតេយ្យភាព និងការមិនជ្រៀតជ្រែកពីរដ្ឋបរទេស លើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកអះអាងថា នៅពេលមេដឹកនាំខ្មែរ អាចអនុវត្តបានត្រឹមត្រូវតាមខ្លឹមសារនៃច្បាប់កំពូលទាំងពីរនេះ ដោយស្មោះត្រង់ហើយនោះ កម្ពុជានឹងមិនអាចមានបរទេសណាមួយ អាចលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនបានឡើយ ប៉ុន្តែផ្ទុយទៅវិញ បើទោះបីជាមេដឹកនាំខ្មែរ មានសញ្ជាតិតែមួយក៏ដោយ បើមេដឹកនាំទាំងនោះ មិនមានភាពស្មោះត្រង់ចំពោះការគោរពច្បាប់កំពូលរបស់ខ្លួននោះទេ ក៏រដ្ឋបរទេសនៅតែអាចស៊ីរូងដល់បេះដូង និងកម្ទេចកម្ពុជាបានដោយងាយដែរ។
លោក គឹម សុខ អះអាងថា ចំពោះមេដឹកនាំដែលមានសញ្ជាតិបរទេស គឺត្រូវហាមប្រាមបំផុតចំពោះមេដឹកនាំកម្ពុជា ដែលមានសញ្ជាតិរបស់ប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ជាដើម ព្រោះវានឹងបង្កគ្រោះថ្នាក់ធំណាស់សម្រាប់កម្ពុជា ដូចជាការបង្កអសន្តិសុខផ្ទៃក្នុងជាតិ បញ្ហាបូរណភាពទឹកដី និងប្រយោជន៍សេដ្ឋកិច្ចឆ្លងដែនរបស់ប្រទេសជាតិទាំងនោះជាដើម។
លោក គឹម សុខ បញ្ជាក់ថា ការអះអាងរបស់លោក ហ៊ុន សែន ដែលនឹងតម្រូវឱ្យមានសញ្ជាតិតែមួយនេះ គ្រាន់តែឆាកល្ខោននយោបាយ ឆ្លើយតបនឹងការចោទប្រកាន់របស់អតីតមេបក្សប្រឆាំងប៉ុណ្ណោះ ប៉ុន្តែគោលបំណងពិតប្រាកដនៃច្បាប់នេះ គឺទំនងជាជួយរៀបចំផ្លូវនៃការផ្ទេរអំណាចបន្តវង្សត្រកូលរបស់ខ្លួន ទៅឱ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ មិនមែនដើម្បីបញ្ជាក់ភាពស្មោះត្រង់ចំពោះជាតិនោះទេ។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ នេះ លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកថា ដើម្បីបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតម្រូវឱ្យមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ។
បុរសខ្លាំងនៅកម្ពុជារូបនេះអះអាងថា លោកបានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ឱ្យសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភារួចអស់ហើយ។
លោក ហ៊ុន សែន បញ្ជាក់ថា សម្រាប់ពួកអ្នកមានសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលៗក្នុងជួររដ្ឋាភិបាលកម្ពុជា ពិសេសតំណែងជានាយករដ្ឋមន្ត្រីនេះតែម្តង គឺលែងមានឱកាសតទៅទៀតហើយ ព្រោះថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តី គឺត្រូវការសំឡេង ២ភាគ៣ ទើបអាចអនុម័តលើច្បាប់នេះបាន។
ជុំវិញបញ្ហានេះ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះផងដែរថា បើជ្រុលតែបង្កើតច្បាប់ឱ្យមេដឹកនាំធំៗមានសញ្ជាតិតែមួយទៅហើយនោះ រដ្ឋាភិបាលគួរតែពិចារណាតម្រូវឱ្យរដ្ឋមន្ត្រី និងរដ្ឋលេខាធិការតាមក្រសួងនីមួយៗមានសញ្ជាតិតែមួយដែរទៅ ព្រោះថាមន្ត្រីទាំងនោះមួយចំនួនធំ ក៏មានអ្នកដែលមានសញ្ជាតិពីរផងដែរ។
ជុំវិញបញ្ហានេះ ការប្រកាសធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្កើតជាច្បាប់សម្រាប់មេដឹកនាំខ្មែរឱ្យមានសញ្ជាតិតែមួយនេះ ក៏ត្រូវអ្នកវិភាគមួយចំនួនអះអាងថា គឺជាការឆ្លើយតបរបស់លោក ហ៊ុន សែន ទៅអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលបានចោទថា លោក ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយនៅទ្វីបអឺរ៉ុប ដើម្បីនាំគ្រួសាររបស់គាត់អាចគេចខ្លួនទៅរស់នៅទីនោះផងដែរ។
ទាក់ទងនឹងការចោទប្រកាន់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលសញ្ជាតិពីប្រទេសសាយប្រឹស (Cyprus) នេះ ក្រសួងយុត្តិធម៌កម្ពុជា បានស្នើសុំកិច្ចសហការពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេស Cyprus ដើម្បីស្រាវជ្រាវជុំវិញការចោទប្រកាន់ថា លោក ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប (Cyprus) ឬមានសញ្ជាតិស៊ីប ដូចដែលសារព័ត៌មានបានផ្សព្វផ្សាយ ដើម្បីបញ្ជាក់ឱ្យឃើញការពិតឱ្យបានច្បាស់លាស់ជូនដល់សាធារណជន និងប្រជាជនកម្ពុជាទាំងមូល និងដើម្បីធានារក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា និងលោកនាយករដ្ឋមន្ត្រី។
ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា លោក ហ៊ុន សែន មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជាសាធារណៈជាច្រើនលើកច្រើនសាចំពោះមុខប្រជាជនកម្ពុជា នូវគោលជំហរនយោបាយឥតងាករេ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ៕
.