អត្ថបទដោយ នគរ /04th-7-2020
លោក គឹម សុខ អ្នកវិភាគនយោបាយឯករាជ្យ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានផ្តល់យោបល់ជុំវិញដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយបរទេសឈ្លានពានកម្ពុជា។ លោកបានជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវទទួលខុសត្រូវចំពោះការបណ្តែតបណ្តោយឲ្យបរទេសជិតខាង រំលោភបំពានបូរណភាពទឹកដីខ្មែរដោយខុសច្បាប់។ សូមអានអត្ថបទដើមទាំងស្រុងរបស់លោក គឹម សុខ ដូចខាងក្រោម។
រឿងព្រំដែន
•យួន~ស្តង់ដា២ តាមគោលដៅប្រយោជន៍យួន,
•ហ៊ុន សែន~ស្ដង់ដាតែ១គត់ គឺស្តង់ដាបុព្វហេតុយួន ដើម្បីអំណាចខ្លួនសុទ្ធ,
យួនមានជម្លោះព្រំដែនជាមួយខ្មែរផង និងចិនផង។ យួនប្រើស្តង់ដាយួន ពេលដោះស្រាយជាមួយរដ្ឋាភិបាល ហ៊ុន សែន។ ប៉ុន្តែយួន ទាមទារឲ្យអនុវត្តស្តង់ដាអន្តរជាតិ រឿងទំនាស់ជាមួយ ចិន។
កម្ពុជាមានបញ្ហាព្រំដែនដ៏ស្មុគស្មាញ ជាមួយប្រទេសជាប់របងទាំងអស់ ទាំងយួន សៀម និងលាវ។ លោក ហ៊ុន សែន ប្រើស្ដង់ដាតែមួយគត់ ក្នុងការដោះស្រាយជាមួយប្រទេសទាំងបី។ នោះមិនមែនជាស្តង់ដាគោការណ៍ និងយន្តការស្របតាមខ្លឹមសារច្បាប់ជាតិ និងអន្តរជាតិទេ គឺស្តង់ដាម«មហិច្ឆតាយួន»។
(១). ទំនាស់ព្រំដែនខ្មែរ-យួន
* យួនប្រើស្តង់ដាយួន៖
~ ដោះស្រាយ តែរវាងភាគីយួន និងក្រុមលើកបន្តុបដោយយួន មានលោក ហ៊ុន សែន ជាមេខ្លោង។ កុំថាឡើយដល់ទៅមានការដឹងឮពីសមគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ ឬក៏សហប្រធាននៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ជាពិសេសបារាំង និងមជ្ឈដ្ឋាននានា ដែលឈឺឆ្អាលរឿងទឹកដីជាតិខ្មែរ គឺសូម្បីតែតំណាងព្រះមហាក្សត្រ និងគណបក្សប្រឆាំង មានសម្លេងស្ទើរកន្លះសភា ក៏ពុំមានការអនុញ្ញាតឲ្យចូលរួមប្រតិបត្តិការដែរ។
~ ដោះស្រាយ ដោយប្រើមូលដ្ឋានឯកសារក្រោមឥទ្ធិពលយួន ឈ្លានពានចូលកាន់កាប់កម្ពុជា ដូចជាសន្ធិសញ្ញាខុសច្បាប់ កាលពីឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥, ដោយប្រើផែនទីបោះពុម្ព នៅស្រុកយួន (ជាការអះអាងរបស់លោក វ៉ា គឹមហុង ខែកក្កដា ឆ្នាំ២០១៥), និងដោយដាំបង្គោលផលិតដោយយួន និងរៀបចំបោះដោយយួន ដែលពុំមានអ្នកណាដឹងថា យួនបង្កប់អ្វីក្នុងបង្គោលទាំងនោះទេ។
~ ដោះស្រាយ ដោយរត់តាមបញ្ហាដែលបង្កើតដោយយួន។ យួនជីកប្រឡាយ ជ្រែក តូចធំ ចូលជ្រៅក្នុងទឹកដីខ្មែរតាមព្រំដែន។ យួនបញ្ជូនប្រជាជន និងទាហាន មករស់នៅសង់ផ្ទះបង្កើតភូមិក្នុងដីខ្មែរតាមព្រំដែន។ លោក វ៉ា គឹមហុង ធ្លាប់បានសារភាពអំពីភាពស្មុគស្មាញ ក្នុងការចរចាជាមួយយួន ព្រោះសកម្មភាពរបស់យួន ធ្វើឲ្យបាត់ដានចាស់ដែលបន្សល់ទុកដោយបារាំង និងខុសពីភូមិសាស្ត្រដើម។ ជាលទ្ធផល ឃើញក្រុម លោក ហ៊ុន សែន សម្រួលកាត់ភូមិខ្មែរឲ្យយួនបន្ថែមទៀត លើទឹកដីភូមិស្រែចំការខ្មែរ ដែលយួនបានចូលទន្ទ្រានយកស្រាប់។
* លោក ហ៊ុន សែន ប្រើស្តង់ដាបុព្វហេតុយួន៖
លោក ហ៊ុន សែន អនុវត្តស្ដង់ដាប្រយោជន៍យួន ដោយធ្វើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដើម្បីប្រើសន្ធិសញ្ញា ឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ តាមការចង់បានរបស់យួន និងសម្របតាមផែនទីផ្លូវដែលយួន គូសវាសជាបន្តបន្ទាប់ (ព្រែក ប្រឡាយ ភូមិចាស់ថ្មី… ដែលបង្កើតដោយយួន ចូលជ្រៅលើដីខ្មែរតាមព្រំដែន) ធ្វើជាមូលដ្ឋានដោះស្រាយ នាំឲ្យបាត់បង់ទឹកដីខ្មែរ ទាំងដីគោក ផ្ទៃសមុទ្រ កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅក្រោមការគ្រប់គ្រងរបស់យួនងាយៗ។ រីឯលោក វ៉ា គឹមហុង ជាមេបច្ចេកទេសក្រោមបញ្ជា លោក ហ៊ុន សែន ធ្លាប់បានអះអាងថា ដោះស្រាយទ្វេភាគីយួន-ខ្មែរ ស្រួលចង់ងាប់។
(២). ជម្លោះព្រំដែនសមុទ្រយួន-ចិន
* យួនទាមទារប្រើស្តង់ដាអន្តរជាតិ៖
យួន ក្នុងឈ្មោះជាប្រធានអាស៊ាន បានប្រកាសធ្វើការប្រឹងប្រែងគ្រប់មធ្យោបាយ ដើម្បីបង្កើតក្រមសីលធម៌ជាធរមាន ស្របនឹងច្បាប់អន្តរជាតិ។ យួន ដោយប្រឹងជម្រុញការចូលរួមពីមេដឹកនាំអាស៊ាន ហ៊ានទាំងទាមទារឲ្យប្រើ«អនុសញ្ញាអង្គការសហប្រជាជាតិ ឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ (UNCLOS)។
* លោក ហ៊ុន សែន សម្ងំស្ដាប់មេដឹកនាំយួន និយាយអំពីប្រយោជន៍យួន ក្នុងជម្លោះយួន~ចិន ហើយមិនហ៊ានលើកស្តង់ដាច្បាប់អន្តរជាតិ រឿងជម្លោះព្រំដែនខ្មែរ~យួន។
លោក ហ៊ុន សែន មិនស័ក្ដិសមអង្គុយនៅកៅអី នៅឯតុតាំងទង់ជាតិកម្ពុជា ក្នុងកិច្ចប្រជុំអាស៊ានឡើយ ព្រោះគាត់មិនការពារទឹកដីខ្មែរ ដោយរកអន្តរាគមន៍ពីអាស៊ាន។ លោក ហ៊ុន សែន មិនហ៊ានដាស់តឿនយួនថា ការឈ្លានពានរបស់យួនលើកម្ពុជាជាបន្តបន្ទាប់, ការប្រើសន្ធិសញ្ញាឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥, និងការប្រើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩ គឺជាការរំលោភលើអនុសញ្ញា កិច្ចព្រមព្រៀង និងគោលការណ៍អន្តរជាតិនានា ដែលនៅមានជាធរមាន ៖
~ អនុសញ្ញា UN ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) ជំពូក២ ផ្នែក២ មាត្រា៣ ចែងថា «រដ្ឋទាំងអស់មានសិទ្ធិបង្កើតប្រវែងនៃដែនសមុទ្ររបស់ខ្លួន រហូតដល់ដែនកំណត់មិនលើសពីចំងាយ ១២ ម៉ាយល៍ =២២,២២៤ គ.ម., 1 nautical mile = 1,852 meters) ដែលវាសពីបន្ទាត់មូលដ្ឋានដែនកំណត់ អនុលោមតាមអនុសញ្ញានេះ»។ កោះត្រល់ គឺជាកម្មសិទ្ធិរបស់កម្ពុជា ព្រោះនៅចម្ងាយតែ ១៥ គ.ម. ពីឆ្នេរខេត្តកំពត កម្ពុជា ក្នុងរង្វង់ដែន ២២,២២៤ គ.ម. នៃអនុសញ្ញា UNCLOS ប៉ុន្តែនៅឆ្ងាយរហូតដល់ ៤៥ គ.ម. ពីដីគោក ខេត្តកៀនយ៉ាង~យួន ក្រៅដែនកំណត់ដោយ UNCLOS។
~ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ស្ដីអំពីដំណោះស្រាយបញ្ហាកម្ពុជា (PPA) ជាលិខិតូបរណ៍អន្តរជាតិ ឬមានតម្លៃជាច្បាប់អន្តរជាតិ។ ឯកសារទី២ នៃកិច្ចព្រមព្រៀងនេះ មាត្រា១ ចំណុច២-ឃ. ចែងថា «បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយ ដែលមិនស្របអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន»។ ដូច្នេះ PPA បានធ្វើ«មោឃភាព»អស់ហើយ នូវសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២ ១៩៨៣ និងឆ្នាំ១៩៨៥ ដែលយួន និងលោក ហ៊ុន សែន ប្រើជាមូលដ្ឋានដោះស្រាយជម្លោះព្រំដែនខ្មែរ~យួន មកដល់សព្វថ្ងៃ ហើយការធ្វើសន្ធិសញ្ញបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលផ្ដល់ដង្ហើមឲ្យសន្ធិសញ្ញា ១៩៨២ /៨៣/ ៨៥ នោះ បំពានទាំងស្រុងលើខ្លឹមសារ PPA ឬជាទង្វើរំលោភលើគោលការណ៍ និងយន្តការអន្តរជាតិ។
~ គោលការណ៍នៃធម្មនុញ្ញអាស៊ាន មាត្រា២ ចំណុច២~គ ចែងថា «អាស៊ាន និងរដ្ឋសមាជិក ត្រូវអនុវត្តឲ្យសមស្របតាមគោលការណ៍៖ បដិសេធ នូវអំពើឈ្លានពាន និងការគំរាមគំហែង ឬការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណា ក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។ យួនបញ្ជូនប្រជាជន និងកងទ័ពយួន មកតាំងទីលំនៅបង្កើតភូមិ ចូលយ៉ាងជ្រៅក្នុងដីខ្មែរ, យួនជីព្រែកតូចធំចូលដីខ្មែរច្រើន គ.ម., យួនទន្ទ្រានចូលគ្រប់គ្រងដែនទឹកខ្មែររាល់ថ្ងៃ ដើម្បីប្រមូលផលនេសាទផង និងធ្វើអនុត្តរភាពលើបូរណភាពសមុទ្រខ្មែរផង, ទាហានយួនចូលបោះតង់ ក្នុងដីខ្មែរច្រើនជាង ៣០០ តង់… ទង្វើទាំងអស់នេះរបស់យួន គឺជាការមិនគោរពគោលការណ៍អាស៊ាន និង PPA ដែលហាមអំពើឈ្លានពាន និងការគំរាមកំហែងដោយកម្លាំង។
ការប្រើស្ដង់ដាពីររបស់យួន មានបុព្វហេតុបម្រើប្រយោជន៍យួន គឺយួនពង្រីកទឹកដីយួន ចូលមកខាងកម្ពុជា និងប្រឹងការពារទឹកដីយួនពីកម្លាំងមហាយក្សចិន ដែលខ្លាំងជាងលើសលប់។ រីឯករណីដែលលោក ហ៊ុន សែន ប្រើស្ដង់ដាយួនសង្កត់តែមួយគត់ មានគោលដៅតែមួយគត់ គឺបំពេញបុព្វហេតុអំណាចគ្រួសារហ៊ុន សុទ្ធសាធ តាមបម្រើប្រយោជន៍យួន ពុំមែនដើម្បីការពារទឹកដីខ្មែរឡើយ។
ការបំពេញបំណងយួនដោយលោក ហ៊ុន សែន បញ្ជាក់កាន់តែច្បាស់ នៅពេលកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ នៅតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។ កាលនោះ តំណាងប្រទេសបារាំង នៅអង្គការសហប្រជាជាតិ បានប្រកាសអំពីបំណងអន្តរាគមន៍របស់បារាំង ក្នុងការចូលរួមដោះស្រាយជម្លោះព្រំដែនខ្មែរ~សៀម។ ក្រោយពីដឹងរឿងនេះ នាយករដ្ឋមន្ត្រីថៃ Samak Sundaravej បានហៅទូរស័ព្ទស្កាត់និយាយជាមួយលោក ហ៊ុន សែន ហើយស្នើដំណោះស្រាយទ្វេភាគី។ លោក ហ៊ុន សែន ក៏យល់ព្រមភ្លាម។
ហេតុអ្វីលោក ហ៊ុន សែន ពេញចិត្តដំណោះស្រាយទ្វេភាគីខ្មែរ~សៀម ដោយមិនត្រូវការការចូលរួមរបស់ប្រទេសបារាំង?
មូលហេតុឥតសង្ស័យ គឺបើមានវិធីដោះស្រាយដោយសហគមន៍អន្តរជាតិ ជាពិសេសប្រទេសបារាំង ក្នុងករណីខ្មែរ~សៀម នោះនឹងមានការជម្រុញដូចគ្នានេះដែរ លើជម្លោះព្រំដែនខ្មែរ~យួន។ រឿងនេះមិនខុសអ្វីពីការបើកកកាយរឿងសម្ងាត់ រវាងយួន និងលោក ហ៊ុន សែន គឺជាការបើកមុខមាត់ពិតមិនស្មោះត្រង់របស់លោក ហ៊ុន សែន ចំពោះជាតិខ្មែរផង និងធ្វើឲ្យបាត់បង់ប្រយោជន៍យួន ផង ដែលជាម្ចាស់អំណាចរបស់លោក ហ៊ុន សែន៕
.