The Cambodia Daily
24-12-2022
អ្នកតស៊ូមតិនៅក្រៅស្រុក អះអាងថា ប្រវត្តិនៃការដឹកនាំប្រទេសជាង ៤០ឆ្នាំរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ចាប់តាំងពីកងទ័ពវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៨៥ មក គឺមានតែការបំបែកបំបាក់ និងបំផ្លាញជាតិខ្មែរ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ថា ចរិតពិតនៃការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន គឺជាការដឹកនាំដណ្តើមអំណាច មិនមែនដឹកនាំដើម្បីរកផលប្រយោជន៍ឱ្យជាតិ ឬដើម្បីការពារអធិបតេយ្យជាតិសម្រាប់ខ្មែរនោះទេ ហើយមេដឹកនាំខ្មែររូបនេះ ក៏បានបំផ្លាញធនធានធម្មជាតិខ្មែរពេញផ្ទៃប្រទេស ដើម្បីតែផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួនឯងដែរ។
លោក គឹម សុខ អះអាងថា ដើម្បីឱ្យប្រាកដថាលោក ហ៊ុន សែន ដឹកនាំប្រទេសដើម្បីតែបំបែកបំបាក់សាមគ្គីជាតិខ្មែរមែន ឬក៏អត់នោះ គេអាចមើលទៅលើរឿងរ៉ាវខុសច្បាប់ជាច្រើន ដែលលោក ហ៊ុន សែន បានប្រព្រឹត្ត ដូចជាការធ្វើរដ្ឋប្រហារបង្ហូរឈាមកាលពីថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ ដែលធ្វើឱ្យផ្ទៃក្នុងជាតិខ្មែរទាំងមូល បែកបាក់រហូតសម្លាប់គ្នាឯងយ៉ាងរង្គាល លើកងទ័ពជាតិរាជានិយម ពីសំណាក់កងទ័ពរដ្ឋកម្ពុជា ដែលបញ្ជាដោយលោក ហ៊ុន សែន នៅពេលនោះ។
ប្រធានវេទិកាពលរដ្ឋ រូបនេះ បញ្ជាក់ថា ការរំលាយគណបក្សសង្គ្រោះជាតិ គឺកាន់តែបង្ហាញយ៉ាងច្បាស់ពីអត្តចរិតដឹកនាំរបស់លោក ហ៊ុន សែន ដែលនៅតែមានបំណងបំផ្លាញ នូវឯកភាពជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរថែមទៀត។
លោកបន្តថា រដ្ឋាភិបាលឯកបក្សរបស់គាត់ បានរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជា ទាំងដែលខ្លួនមិនបានកាត់ទោសមេដឹកនាំបក្សនេះ ពីបទល្មើសណាមួយនៅឡើយ ដែលជាមូលហេតុធ្វើឱ្យបែកបាក់ផ្ទៃក្នុងជាតិកាន់តែខ្លាំង និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ដែលពិបាកនឹងស្រោចស្រង់ឡើងវិញសព្វថ្ងៃនេះ។
ចំណែកអតីតអ្នកទោសនយោបាយ លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ការប្រើវិធីគ្រប់បែបយ៉ាងរបស់លោក ហ៊ុន សែន គឺដើម្បីតែជោគជ័យលើនយោបាយដឹកនាំ ចំពោះគូប្រជែងរបស់គាត់ប៉ុណ្ណោះ មិនមែនដើម្បីសេចក្តីសុខសន្តិភាពរបស់កម្ពុជានោះទេ។
លោកបន្ថែមថា បើទោះបីជាសព្វថ្ងៃនេះ បក្សកាន់អំណាចរបស់លោក ហ៊ុន សែន អះអាងថាមានសន្តិភាពក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរនៅតែបន្តរស់នៅក្នុងភាពភ័យខ្លាច ពីការគំរាមកំហែងដដែល។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងថា លោកបានធ្វើច្រើនណាស់ ក្នុងការដឹកនាំជាតិរកការបង្រួបបង្រួមរវាងខ្មែរ និងខ្មែរ ប៉ុន្តែភាគីនយោបាយក្រុមប្រឆាំង មិនយល់អំពីការបង្រួបបង្រួមជាតិនេះទេ ហើយនៅពេលនេះ គ្មានកិច្ចការនយោបាយណា ដែលត្រូវដោះស្រាយដោយការចរចានោះឡើយ។
ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន សែន ក៏ត្រូវបានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) ប្រគល់ពានរង្វាន់សមិទ្ធផលពេញមួយជីវិត របស់មេដឹកនាំឆ្នើមពិភពលោក នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះជុំវិញការដឹកនាំប្រទេសកម្ពុជាជាង ៤០ឆ្នាំរបស់បុរសខ្លាំងកម្ពុជារូបនេះ។
ទោះជាបែបនេះក្តី អ្នកវិភាគឯករាជ្យ លោក គឹម សុខ លើកឡើងថា មេដឹកនាំខ្មែរក្រហមឈ្មោះ ប៉ុល ពត ក៏គួរទទួលបានពានរង្វាន់មេដឹកនាំឆ្នើមនេះដែរ នៅពេលដែលពានរង្វាន់នេះ ត្រូវបានវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រគល់ឱ្យលោក ហ៊ុន សែន នៅពេលនេះ។
លោកបន្ថែមថា លោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាមិនខុសគ្នានឹងលោក ប៉ុល ពត នោះទេ គឺមានតែព្រៃផ្សៃជាង ត្បិតលោក ហ៊ុន សែន បានលុតជង្គង់បម្រើមហិច្ឆតាវៀតណាម ដែលឈ្លានពានទឹកដីខ្មែរពេញមួយជីវិត នៃការដឹកនាំរបស់គាត់ទៅហើយនោះ។
អង្គការ Freedom House បានចេញរបាយការណ៍របស់ខ្លួន នៅឆ្នាំ២០២២ នេះថា ប្រព័ន្ធនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រប់គ្រងផ្តាច់មុខទាំងស្រុង ក្នុងនោះគណបក្សប្រឆាំង បណ្ដាញសារព័ត៌មានឯករាជ្យ អ្នកតវ៉ាទាមទារសិទ្ធិសេរីភាព និងប្រជាពលរដ្ឋខ្មែររស់នៅក្នុងភាពភ័យខ្លាចគ្រប់ៗគ្នា។
ចំណែកអង្គការតម្លាភាពអន្តរជាតិ (Transparency International) បានលាតត្រដាងកាលពីដើមខែមករា ឆ្នាំ២០២២ នេះថា កម្ពុជាបានធ្លាក់ចូលទៅក្នុងប្រទេស ដែលប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០១២ មក គឺស្ថិតក្នុងចន្លោះលំដាប់លេខរៀងចាប់ពី១៥៧ ដល់ជាង ១៦០ ក្នុងចំណោមប្រទេស ១៨០ នៅលើពិភពលោក។
ដោយឡែកអង្គការគម្រោងយុត្តិធម៌ពិភពលោក ក៏បានបន្តដាក់ពិន្ទុកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ដ៏ទាបជាថ្មីម្តងទៀតដែរ ដោយឲ្យឈរក្នុងលេខរៀងទី១៣៩ ក្នុងចំណោម ១៤០ប្រទេសដែលមាននីតិរដ្ឋទាបបំផុត កាលពីអំឡុងខែតុលា ឆ្នាំ២០២២ នេះ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា រយៈពេលជាង ៣០ឆ្នាំ បើទោះបីជាកម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីបង្រួបបង្រួមបញ្ចប់វិបត្តិផ្ទៃក្នុងរបស់កម្ពុជាហើយក៏ដោយ ក៏កម្ពុជានៅតែមិនអាចរួបរួមគ្នាបាន រវាងអ្នកនយោបាយ និងអ្នកនយោបាយដដែល ខណៈមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន តែងប្រើយុទ្ធសាស្ត្រកម្ទេចគេឯងដើម្បីការពារអំណាចរបស់ខ្លួន ក្នុងបំណងបន្តការដឹកនាំតវង្សត្រកូលឱ្យកាន់តែយូរអង្វែង ដូចប្រទេសកុម្មុយនីស្តដូច្នោះដែរ៕
.