អត្ថបទ៖ វេទិកា​ពលរដ្ឋ

ប្រធាន​វេទិកាពលរដ្ឋ​ លោក គឹម សុខ បាន​ចុះ​ហត្ថលេខា​លើ​​សេចក្តី​ថ្លែងការណ៍ថា រដ្ឋាភិបាលលោក ហ៊ុន សែន បំពាន​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​លោក អៀ ចាន់ណា។ សេចក្តីថ្លែងការណ៍​នេះ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២។ លោក អៀ ចាន់ណា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​ ៣០ ខែ​​ឧសភា។ សូម​ទាញ​យក​«សេចក្តីថ្លែងការណ៍ / Download» ឬ​អាន​អត្ថបទ​ខាង​ក្រោម។

សេចក្ដីថ្លែងការណ៍

វេទិកាពលរដ្ឋ បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ចំពោះ​ករណី នៃ​ដំណើរការ​ចាប់​ឃុំ​ខ្លួន​លោក អៀ ចាន់ណា ដែល​ជា​អ្នកនយោបាយ នៃ គណបក្ស​ភ្លើងទៀន ដោយ​តុលាការ និង អាជ្ញាធរ​ក្រោម​អំណាច​លោក ហ៊ុន សែន

យើង​ខ្ញុំ​មើល​ឃើញ​ថា នេះ​ជា​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​បំពាន នៅ​ពេល​លោក អៀ ចាន់ណា ពុំ​មាន​ជាប់​ការ​សង្ស័យ ឬ​បទ​ល្មើស​ជាក់ស្ដែង លើ​កំហុសឧក្រិដ្ឋ​ណា​មួយ​ឡើយ។

យើង​ខ្ញុំ​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ មាន​គោល​ដៅ​បំបិទ​សិទ្ធិនយោបាយ​របស់​លោក អៀ ចាន់ណា និង មាន​ចេតនា​បំផ្លាញ​ឱកាសនយោបាយ​របស់​គាត់ ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​មិន​ជាប់​ពាក់ព័ន្ធនឹង​បទ​ឧក្រិដ្ឋ។

លោក អៀ ចាន់ណា ត្រូវ​តែ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ក្នុង​ការ​បំពេញ​ការងារ​នយោបាយ​ ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ។

វេទិកាពលរដ្ឋ រំឭកលោក ហ៊ុន សែន ថា នយោបាយ​បំភិត​បំភ័យ និង បង្ក្រាប​ពលរដ្ឋ គឺ​ជា​ឧក្រិដ្ឋកម្ម​បង្ក​ការ​វិនាស​ដល់ជាតិ ដែល​អ្នក​ដឹកនាំជាតិ​ត្រូវ​តែ​ចៀស​វាង ពីព្រោះ វា​ជា​ភ្លើង​បំបែក​បំបាក់ និង បំផ្លាញ​សាមគ្គីភាព​ជាតិ។

សហរដ្ឋអាមេរិក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២

​គឹម សុខ (ហត្ថលេខា)
ប្រធាន វេទិកាពលរដ្ឋ