អត្ថបទដោយ TCD / 05th-7-2020

អ្នកវិភាគនយោបាយ​សង្គម​ព្យាករណ៍ថា វិមាន​ ៧មករា (ឬទីស្នាក់ការកណ្តាល) របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​នឹងសម្ភោធ​ជា​ផ្នូរការ ​កាលពីពេលថ្មីៗនេះ សម្រាប់ក​ប់អំណាច​បក្ខពួក​គ្រួសារ​និយម​របស់​ត្រកូលហ៊ុន {ហ៊ុន សែន} ដើម្បី​គ្រប់​គ្រង​កម្ពុជា​ ជាកម្មសិទ្ធិ​ផ្តាច់​មុខ​ប៉ុណ្ណោះ។

លោក គឹម សុខ អ្នកវិភាគនយោបាយ​សង្គម​មាន​ប្រសាសន៍​ថា ស្នាក់ការ​ថ្មីរបស់​គណបក្ស​កាន់​អំណាច​ ដែល​ប្រសិទ្ធិ​នាម​ថា វិមាន ៧​មករា​នោះ គឺ​ជាការិយាល័យថ្មី​ សម្រាប់​ពង្រឹង​អំណាច​ត្រកូល​ហ៊ុន ក្នុង​ការផ្ទេរអំណាច​ទៅ​ឲ្យ​លោក ហ៊ុន ម៉ាណែត ស្នង​បន្ត​ពី​​លោក ហ៊ុន សែន ទៅ​ថ្ងៃ​អានាគត។ លោក​បញ្ជាក់ថា ខ្លឹមសារ​​ដ៏ស៊ីជម្រៅ​នៃ​វិមាន​ដ៏ធំស្កឹម​ស្កៃ​នេះ គឺ​បង្ហាញ​ពីការៀ​បចំអំណាច​ផ្ទៃក្នុង​បក្ស​ ឲ្យកាន់​តែ​រឹង​មាំរបស់​លោក ហ៊ុន ម៉ាណែត មុន​នឹង​ប្រកាស​ស្នង​អំណាច​ជាផ្លូវការ​បន្ទាប់​ពី​ឪពុក។ នេះ​ជា​ការលើក​ឡើង​របស់​​​លោក គឹម សុខ ធ្វើ​​ឡើង​​​ក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) កាល​ពីរាត្រី​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០ កន្លងទៅនេះ។

អតីតអ្នកទោស​នយោបាយ​ លោក មាជ សុវណ្ណរ៉ា ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី The Cambodia Daily នេះ​ដែរ លើក​ឡើងថា ស្នាក់ការគណបក្ស​កាន់អំណាចធំ​ មិន​អាច​ឆ្លុះបញ្ចាំង​ពីសន្តិភាព ប្រជាធិបតេយ្យ បូរណភាព​ទឹកដី និង​ភាពរីកចម្រើន​នោះទេ ប៉ុន្តែ​បង្ហាញ​ពីការធានាសុវត្ថិភាព ក្នុង​ការប្រគល់​អំណាចក្នុង​រង្វង់​បក្ខពួក​គ្រួសារ​និយម​​របស់​ពួកគេ កាន់​តែ​ចាក់​ស្រេះ​ទៅ​វិញ។ លោក​មាន​ប្រិតកម្មថា អតីតកម្មាភិបាល​ទាំង​នេះ​ តែង​​តែ​រំលឹក​ទិវា​ថ្ងៃ ៧មករា ដើម្បិ​អួត​ពីការ​រំដោះប្រទេសកម្ពុជា​របស់​ពួកគេ តែផ្ទុយ​ទៅវិញ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ តុលា ឆ្នាំ​១៩៩១ ជា​គោលការណ៍​អន្តរជាតិ ដែល​​បាន​ជួយ​កម្ពុជា​ ឲ្យ​មាន​ស្ថេរភាព​នយោបាយមាន​អធិបតេយ្យភាព បូរណភាព​​ទឹកដី និង​ភាពរីក​ចម្រើន​​លើ​ឆាក​អន្តរជាតិ​ដល់​បច្ចុប្បន្ន​នេះ មិន​ត្រូវបាន​ស្វាគមន៍ ឬ​ធ្វើពិធី​រំលឹក​ពីសំណាក់​អតីតបក្ស​ជនកុម្មុយនិស្តទាំង​នេះ​ឡើយ។

ចំណែក​លោក គឹម សុខ គូស​បញ្ជាក់ថា​ វិមាន ៧មករា ដែល​បដិសន្ឋិ​ឡើង​ក្នុង​សម័យ​ក្តោប​​អំណាច​របស់​លោក ហ៊ុន សែន នេះ​ជា​ការគម្រាម​កំហែង​ឆន្ទៈ និង​ស្មារតី​របស់​សមាជិក​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលមិន​​ស្ថិត​​នៅ​​ក្នុង​​សេណារេយ៉ូ​​បក្ខពួក​​របស់​​ពួកគេ​​យ៉ាង​ធ្ងន់ធ្ងរ។

លោក​បន្ថែម​ថា លក្ខណៈ​​បច្ចេកទេស ការរៀបចំ​​រចនាបថ និង​​ទ្រង់​ទ្រាយ​​នៃ​​វិមាន​​នេះ​ គឺ​​មាន​​​អត្ថន័យក្នុង​​​ការត្រៀម​​​ខ្លួន​​​ទប់ទល់​ ទៅ​​​នឹង​​​កម្លាំង​​​ជំទាស់​​​កើត​​​ឡើង​​​ផ្ទៃ​​ក្នុង​​ណា​​​មួយ​ ក្នុង​​​ការអនុម័ត​​​ប្រកាស​​​ផ្ទេរ​អំណាច​​​ទៅ​​​​លោក ហ៊ុន ម៉ាណែត ជា​​ផ្លូវការ​​​នៅ​​​​ពេល​​ដែល​​​កិច្ចការ​​​​គ្រប់​យ៉ាង​ បាន​​​រៀបចំ​​​បាន​​​សព្វគ្រប់​ ​​តាម​​ផែនការ​​​ហើយ​​​នោះ ក្នុង​​​នោះ​​​ឡាន​​​យោធា​ ៥២០ គ្រឿង​ ជាជំនួយ​​​​សម្ងាត់​​​របស់​​មិត្ដ​​ដែក​ថែប​​​ចិន ក៏​ត្រូវ​​បាន​​​ប្រើ​​​ជា​​​មធ្យោបាយ​ ក្នុង​​​​ការធានា​​​សុវត្ថិភាព​​​នៃ​​ផែនការ​​​នេះ​ ​ផង​​ដែរ។

កាលពីថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ប្រកាស​បើក​ស្នាក់ការ​កណ្តាល​ថ្មី​របស់​គណបក្ស​​ប្រជាជន​កម្ពុជា​ ដែល​​ទើប​​នឹង​​សាង​សង់​​រួច​រាល់​​អស់​ទឹក​​ប្រាក់​​ជាង ៣០ លាន​​ដុល្លារ​​អាមេរិក​​ដោយ​​ប្រសិទ្ធិនាមថា​ ជាវិមាន ៧មករា និង​ជាកន្លែង​ប្រតិបត្តិ​ការដ៏សំខាន់​ទូទាំង​ប្រទេស ​ក្នុង​​ថ្ងៃ​ខួបលើក​ទី​៦៩ នៃ​ថ្ងៃកំណើត​​គណបក្ស​​មួយ​នេះ។ ស្នាក់ការថ្មី​នេះ​ បាន​បញ្ចុះ​​បឋម​សីលាសាងសង់​ នៅ​​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​កសាង​រួចរាល់​នៅ​ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ តាម​បណ្តោយ​​វិថី​​ព្រះនរោត្តម ដែល​​​​មាន​​​កម្ពស់ ១៥០​ ម៉ែត្រ ទទឹង ៧៤ ម៉ែត្រ ក្នុង​ទំហំផ្ទៃដី ៣០០០ ម៉ែត្រ​ក្រឡា។ អគារនេះ​មាន ៥ ជាន់ សម្រាប់​ជាន់​ផ្ទាល់​ដីអាច​ផ្ទុក​រថយន្ត​ បាន​ ៥០០ គឿង បរិវេណទីធ្លា​ អាច​ចតរថយន្ត​បាន ៣០០ គ្រឿង​ ជាន់​បន្តបន្ទាប់​មានបន្ទប់​ជាច្រើន​ ដូចជាបន្ទប់​សោទស្សន៍ បន្ទប់​ឃ្លាំង និង​បន្ទប់​កងការពារជាដើម ចំណែក​ជាន់​ទី៥ មាន​សាល​ប្រជុំ​អាផ្ទុក​មនុស្ស​ បាន​ជាង​ ៣៤០០ នាក់។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​​មាន​​ឈ្មោះ​​ដើម​​ថា គណបក្ស​ប្រជាជន​​បដិវត្តន៍​​កម្ពុជា ត្រូវ​​បាន​​បង្កើត​ឡើង​​​ដោយ​​លោក សឺន ង៉ុកមិញ ហៅ​​អាចារ្យ មៀន នៅ​​ឆ្នាំ​​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​​មាន​​ឈ្មោះ​​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្តាយ​ជា​ជន​ជាតិ​​វៀតណាម នៅ​ខេត្ត​​ព្រះត្រពាំង កម្ពុជា​​ក្រោម​​​នោះ គឺ​ជា​​អតីត​​សមាជិក​​បក្ស​កុម្មុយនីស្ត​​ឥណ្ឌូចិន ដែល​​​​ត្រូវ​​បាន​​បង្កើត​​ឡើង​​ដោយ​​លោក ហូ ជី មិញ (Ho Chi Minh) តាំង​​ពី​​ឆ្នាំ​​១៩៣០។ នៅឆ្នាំ​១៩៧៧ និងឆ្នាំ​១៩៧៨ អតីត​​កម្មាភិបាល​​ខ្មែរ​​ក្រហម ​រត់​​ទៅ​​វៀតណាម ដើម្បី​​គេច​​ពី​ការ​តាម​​សម្លាប់​​របស់​​ខ្មែរ​​ក្រហម ក្នុង​​នោះ​​មាន​​ដូចជា លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម គឺ​អ្នក​ទាំង​អស់​​នេះ​ហើយ​​ដែល​​បាន​​រួម​គ្នា​ ​បង្កើត​​ចលនា​​រណសិរ្ស​​សាមគ្គី​​សង្គ្រោះ​ជាតិ​​កម្ពុជា នៅ​​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​​១៩៧៨ ក្រោម​ការ​ឧបត្ថម្ភ​​គាំទ្រ​​របស់​​វៀតណាម។ ឈ្មោះ​បក្ស​ប្រជាជន​​បដិវត្តន៍​កម្ពុជា​ ត្រូវ​​បាន​​គេ​​ប្រើប្រាស់​​ឡើង​​វិញ​​ តាំង​​ពី​ខែ​​មករា ឆ្នាំ​​១៩៧៩ នោះ​​មក​រហូត​​ដល់​​ឆ្នាំ​​១៩៩១ នៅ​​ពេល​​ដែល​​ឈ្មោះ​​នេះ​ ត្រូវ​​បាន​​គេ​ប្ដូរ​​ទៅ​​ជា​គណបក្ស​​ប្រជាជន​​កម្ពុជា ​រហូត​​មក​​ទល់​ពេល​​បច្ចុប្បន្ន​នេះ។

លោក មាជ សុវណ្ណរ៉ា ថ្លែង​ថា​​សន្តិភាព​ ដែល​​គណបក្ស​កាន់អំណាច​ ប្រកាស​គឹ​ជា​ការបំភាន់​មតិជាតិ និងអន្តរជាតិ​ ដើម្បី​បិទ​បាំង​ទង្វើ​អាក្រក់​របស់​ពួក​គេ​ទេ ​ព្រោះ​សន្តិភាព​ក្លែង​ក្លាយ​នេះ​កើត​​ពី​ចេញនយោបាយ​​ទុច្ចរិត តាម​រយៈ​ការបំបិទ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ ហាមឃាត់​សេរីភាព​បញ្ចេញ​មតិ ចាប់អ្នក​សារព័ត៌មាន​ដាក់គុក រំលាយ​គណបក្ស​សង្គ្រោះជាតិ​ និង​ចាប់លោក កឹម សុខា ដើម្បី​រំលាយ​កម្លាំងគាំទ្រ​គណបក្ស​ប្រឆាំង​ជាដើម។

ចំណែក​​លោក គឹម សុខ អះអាង​ថា ការស្នង​អំណាច​របស់លោក ហ៊ុន ម៉ាណែត មិន​បង្ហាញ​ពី​ឆន្ទៈនយោបាយ និង​សមត្ថភាព​របស់​អ្នក​ដឹកនាំ​ឆ្ពោះ​ទៅរក​ការកសាង​ជាតិ ឬ​បង្រួម​បង្រួម​ឲ្យ​មាន​ការឯកភាព​ជាតិ​នោះ​ឡើយ ផ្ទុយទៅវិញ​បង្ហាញ​ឲ្យ​ឃើញ​សញ្ញា​នៃ​ការបំផ្លាញ​ជាតិ ការពារអំណាច​គ្រួសារ បក្ខពួក​និយម​​កាន់តែ​ខ្លាំង តាម​គន្លង​របស់​ឪពុក​ខ្លួន {គឺ​លោក ហ៊ុន សែន} ​យ៉ាង​ច្បាស់ក្រឡែត៕

.