អត្ថបទសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) 05th-2-2021

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស លោក គឹម សុខ បាន​លើក​ឡើង​ថា អ្នក​ធ្វើ​នយោបាយ​ចាស់​ ឬ​ថ្មី គួរ​មើល​គំរូ និង​រៀន​សូត្រ​ពី​វីរភាព​ របស់​លោក​បណ្ឌិត កែម ឡី

សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី ២៨ ខែ​មករា ឆ្នាំ​​២០២១ នេះ លោក គឹម សុខ បញ្ជាក់​ថា​ ក្នុង​ដំណាក់​កាល​នយោបាយ​កម្ពុជា​ចុង​ក្រោយ គឺ​មាន​តែ​បណ្ឌិត កែម ឡី ទេ ដែល​គួរ​ត្រូវ​រាប់​ជា​ជន​គំរូ​កំពូល។ លោក​បន្ត​ថា ពេល​វិភាគ​អំពី​ស្ថាន​ការណ៍​នយោបាយ លោក គឹម សុខ តែង​តែ​នឹក​ដល់​ជំហរ​​​ស្មាតី​ពលិកម្ម​របស់​គាត់ ដើម្បី​​ជាតិ និង​ពលរដ្ឋ។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​រស់​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ ឡើង​ទៀត​ថា​លោក កែម ឡី ជា​បុគ្គល ដែល​​មាន​ស្ទើរ​គ្រប់​​ធាតុ​ជាវីរជន ដូចជា​មាន​ជំហរ​នយោបាយ​ជាក់​ស្ដែង​និយម។ លោក កែម ឡី ឈរ​យ៉ាង​រឹងមាំ​ នៅ​ជាមួយ​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​មូលដ្ឋាន ដែល​ជាម្ចាស់​ឆ្នោត ហើយគាត់​មិន​រេ​តាម​ខ្យល់​ នៃ​ពួក​អ្នក​នយោបាយ​មាន​ឥទ្ធិពល ដែល​សម្រេច​ចិត្ត​ផ្ដោត​លើ​ផល​ប្រយោជន៍​ក្រុមគ្រួសារ​បក្ខ​ពួក​ក្បែរៗ​ខ្លួន​នោះ​ទេ។

លើស​ពី​នេះ លោក កែម ឡី មាន​បេះដូង​អធ្យាស្រ័យ​ធំ​ទូលាយ ហើយ​គាត់​ប្រកាន់​គោល​ការណ៍​អនុគ្រោះ​ ចំពោះ​អ្នក​ប្រតិដ្ឋ​រឿង​និន្ទា​ចំពោះ​គាត់ និង​សូម្បី​តែ​អ្នក​ធ្វើ​បាប​គាត់​ក៏ដោយ។ ជាង​នេះ​ទៀត បណ្ឌិត កែម ឡី មាន​សីលធម៌ និង​គុណធម៌​ខ្ពស់​ ដោយ​មិន​ខ្លាច​រិះគន់​អ្នក​ដទៃ ដើម្បី​កែ​តម្រង់​ឲ្យ​ចម្រើន និង​ជួយ​អ្នក​ផ្សេង ដោយ​មិន​គិត​ប្រយោជន៍​ខ្លួន។

លោក គឹម សុខ បន្ថែម​ទៀត​ថា​បណ្ឌិត កែម ឡី ជា​បុគ្គល ដែល​បង្កើត​ស្នាដៃ​ចំពោះ​ជាតិ ដោយ​ខ្លួន​គាត់​ផ្ទាល់ ​ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មហាជន​ទទួល​ស្គាល់​គាត់ ដោយ​គំនិត​ប្រាជ្ញា​របស់​លោក ពុំ​មាន​ការ​យឹត​យោង​តាម​ខ្សែ​គ្រួសារ​ឡើយ។

ជាងនេះទៀត បណ្ឌិត កែម ឡី មាន​ឆន្ទៈ​ជាតិ​មិន​ក្លែង​ក្លាយ  ដោយ​លោក​មិន​ងាក​ចេញ​ពី​ឆន្ទៈ​ត្រឹម​ត្រូវ​របស់​គាត់​ ទោះ​មាន​ការ​ព្រួត​គ្នា​ប្រតិដ្ឋ​រឿង​លាបពណ៌​ប្រមាថ​គាត់ យ៉ាង​ជ្រុល​និយម ក្នុង​ចរន្ត​វាយ​ប្រហារ ក្នុង​បំណង​ឲ្យ​គាត់​ប្រឡាក់​យ៉ាង​ណា​ក៏​ដោយ។

លោក​បន្ត​ថា​បណ្ឌិត កែម ឡី មាន​ផែនការ​ជាក់​លាក់ និង​មិន​ដើរ​ចោល​ផែនការ​ប្រតិបត្តិ ​តម្រង់​គោល​ដៅ​ជាតិ ​ទោះ​អ្នក​នយោបាយ​​មាន​ឥទ្ធិពល​នានា មិន​ស្ដាប់​មតិ​យោបល់​របស់​គាត់ និង​នាំ​គ្នា​មើល​ងាយ​គាត់​យ៉ាង​ណា​ក្តី។

អ្នកស្រាជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​កាល​នៅ​មាន​ជីវិត លោក គឹម សុខ មើល​ឃើញ​ថា គាត់​ហ៊ាន​ធ្វើ​ពលីកម្ម​ខ្ពស់​ និង​ហ៊ាន​ពុះពារ​បន្ត​អនុវត្ត​ផែនការ ដោយ​មិន​ទម្លាក់​ចោល​សកម្មភាព​ប្រតិបត្តិ ទោះដឹង​ថា ត្រូវ​អស់​ជីវិត​ក្នុង​ថ្ងៃណា​មួយ​ក្តី។ លោក គឹម សុខ អះ​អាង​​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​សម្លាប់ ព្រោះ​តែ​គាត់​ប្រតិបត្តិ​ស្មារតី​នៃ​បុព្វហេតុជាតិ​កម្ពុជា និង​ផល​ប្រយោជន៍​របស់​​ពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា បណ្ឌិត កែម ឡី បន្សល់​ទុក​នូវ​គោល​ការណ៍ ទស្សន​វិស័យ ចក្ខុវិស័យ ផែនការ និង​ជាពិសេស​ ស្មារតី​ពលីកម្ម​ខ្ពស់​បំផុត សម្រាប់​បង្កើត​ចលករ​តស៊ូ ដើម្បី​ប្រជា​ធិបតេយ្យ​កម្ពុជា​រស់។ យុវជន​ច្រើន​ណាស់​ កំពុង​ប្រកាន់​យក​ទៅ​អនុវត្តន៍ ដោយ​ចិត្ត​ជ្រះថ្លា និង​ស្មារតី​រឹងប៉ឹង ក្នុង​បុព្វហេតុ​ប្រជា​ធិបតេយ្យ។

សម្រាប់លោក គឹម សុខ យល់​ឃើញ​ថា ក្នុង​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន ពុំ​មាន​នរណា​ម្នាក់ គួរ​ត្រូវ​លើក​និយាយ​អំពី​ភាព​ជា​ជន​គំរូ ​ឲ្យ​ស័ក្ដិសម​លើស​បណ្ឌិត កែម ឡី ទេ។ ភាព​ជាជន​គំរូ មិន​គួរ​បាន​ពី​ការ​សម្ដែង​ឡើយ ប៉ុន្តែ​បាន​ពី​ការ​ប្រតិបត្តិ​ តាំង​ពី​ចាប់​ផ្ដើម​បង្ហាញ​ឆន្ទៈ មាន​ផែនការ​ជាក់​លាក់ និង​អនុវត្ត​ផែនការ​ដោយ​មិន​បោះ​បង់ ទោះ​ត្រូវ​ធ្វើ​ពលីកម្ម​ធំ​ប៉ុណា្ណ​ក៏ដោយ បណ្ឌិត កែម ឡី មាន​ស្ទើរ​គ្រប់​ធាតុ​គំរូ​រួច​ទៅ​ហើយ។

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ ក្នុង​ស្មាម៉ាត (Star-mat) ស្តុប​បូកគោ ក្បែរ​ផ្ទះ​របស់​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​ ២០១៦។

ការបាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ កើត​ឡើង​តែ ២ ថ្ងៃ​ក្រោយ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ឧក្រិដ្ឋកម្ម​អន្តរជាតិ ខ្លូបលវីណេស (Global Witness) ជុំវិញ អាណាចក្រ​អាជីវកម្ម​ត្រកូល ហ៊ុន។ របាយការណ៍នោះ បាន​លាត​ត្រដាង​អំពី​ការ​ក្តោប​ក្តាប់​អាជីវកម្ម​ស្ទើរ​តែ​អស់​នៅ​​ស្រុក​ខ្មែរ ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ ដោយ​គ្រួសារ​ត្រកូល​ ហ៊ុន ទាំង​មូល។

មកទល់ពេលបច្ចុប្បន្ន មាន​រយៈ​ពេល​ជិត​ ៥​ឆ្នាំ​ហើយ មាន​ឃាតក​ម្នាក់​​ប៉ុណ្ណោះ​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទាទោស​ឱ្យ​ជាប់​គុក​អស់​មួយ​ជីវិត ជុំវិញ​សំណុំ​រឿង​សម្លាប់​លោក​បណ្ឌិត កែម ឡី

ភរិយាលោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា នៅ​តែ​ទទួច​ឱ្យ​រកយុត្តិធម៌​ជូន​ស្វាមី​របស់​ខ្លួន ហើយ​អ្នកស្រី​ថា មាន​តែ​រដ្ឋាភិបាល​ថ្មី​ទេ ដែល​នឹង​អាច​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ​របស់​អ្នកស្រី​បាន ព្រោះ​អ្នក​ស្រី​ មិន​រំពឹង​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​រក​យុត្តិធម៌​ជូន​គ្រួសារ​របស់​អ្នកស្រី​បាន​ឡើយ៕

.