វិទ្យុអាស៊ីសេរី RFA /ដោយ ទីន ហ្សាការីយ៉ា
08-8-2023

ព្រះមហាក្សត្រ​ព្រះ​បាទ​សម្ដេច នរោត្តម សីហមុនី ព្រះប្រមុខ​រដ្ឋ នៅ​​ថ្ងៃ​ទី៧ សីហា ចេញ​​ព្រះ​រាជ​ក្រឹត្យ​​ចាត់តាំង​កូន​​ប្រុស​​ច្បង​​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជា​​នាយក​​រដ្ឋមន្ត្រី​ សម្រាប់​​នីតិ​កាល​​ទី​៧ បើ​​ទោះ​​ជា​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា​ក្ដី។ អ្នកវិភាគ និង​មន្ត្រី​គណបក្ស​ប្រឆាំង រិះគន់​ថា ការ​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​​នាយក​​រដ្ឋ​មន្ត្រី គឺ​ជា​ការ​ចាត់តាំង​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន ដើម្បី​ស្នង​តំណែង​ត​ពូជ​របស់​គ្រួសារ​ត្រកូល ហ៊ុន

ព្រះរាជក្រឹត្យ​ចាត់តាំង​នេះ ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ឱ្យ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី មាន​ភារកិច្ច​រៀបចំ​សមាសភាព​រាជរដ្ឋាភិបាល​ថ្មី ដើម្បី​សុំ​សេចក្ដី​អនុម័ត​ទុក​ចិត្ត​ពី​រដ្ឋសភា។

បើ​តាម​ការ​ប្រកាស​របស់​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋសភា​នីតិកាលទី​៧ នឹង​​កោះ​ប្រជុំ​លើក​ដំបូង នៅ​ថ្ងៃ​ទី​២១ សីហា ហើយ​សមាជិកសភា ​នឹង​ស្បថ​នៅ​ព្រះ​បរម​រាជវាំង ​នៅ​ថ្ងៃ​ដដែល​នោះ។ ចំណែក​នៅ​ថ្ងៃ​ទី​២២ សីហា រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ពេល​ព្រឹក ហើយ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ គណៈរដ្ឋមន្ត្រី​ថ្មី នឹង​ស្បថ​ចូល​កាន់​តំណែង

អ្នកវិភាគ​នយោបាយ និង​​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ការ​ចាត់តាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ នឹង​នាំ​ឲ្យ​កម្ពុជា​មាន​នាយក​​រដ្ឋមន្ត្រី​​ខុស​​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​​មួយ ដែល​សហគមន៍​អន្តរជាតិ​ មិន​ទទួល​ស្គាល់

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា​ កន្លង​​ទៅ សហគមន៍​អន្តរជាតិ​ បាន​ចាត់​ទុក​ថា គ្មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មិន​ស្រប​តាម​​របប​​លទ្ធិ​ប្រជា​ធិបតេយ្យ សេរី ពហុបក្ស ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ក្រោយ​ពី​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ស្ថិត​ក្រោម​ខ្សែ​ញាក់​របស់​លោក ហ៊ុន សែន ផាត់​គណបក្ស​ភ្លើង​ទៀន ​មិន​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មានប្រសាសន៍ថា នាយក​រដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​នាយក​​រដ្ឋ​មន្ត្រី​​ខុស​​ច្បាប់ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​​ក្លែង​ក្លាយ។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​​ដោះស្រាយ​វិបត្តិ​សង្គម​នៅ​កម្ពុជា បាន​ទេ ដោយសារ​តែ​លោក ហ៊ុន ម៉ាណែត គ្មាន​គោល​នយោបាយ​សម្រាប់​​​ដោះ​​ស្រាយ​​​បញ្ហា​​​ជាតិ​​​នោះ​​ទេ។

លោក គឹម សុខ៖ «ហ៊ុន ម៉ាណែត មាន​គោល​នយោបាយ​តែ​មួយ​គត់ គឺ​ធ្វើ​តាម​ឪពុក ហើយ​ឪពុក​របស់​គាត់ ទោះ​ជា​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា សរសេរ​គោល​នយោបាយ​ល្អៗ រាប់​រយ​ចំណុច​ក៏​ដោយ ក៏​គាត់​អនុវត្ត​តែ​មួយ​ចំណុច​ដែរ របស់​គាត់​គឺ ធ្វើ​បាប​ប្រជាពលរដ្ឋ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ បំផ្លាញ​ជាតិ លក់​ជាតិ ដើម្បី​រក្សា​អំណាច។ ដូច្នេះ បញ្ហា​ច្របូកច្របល់ ដែល​ជា​បន្ទុក​គំនរ​វិបត្តិ​សង្គម​នានា បន្សល់​ពី​លោក ហ៊ុន សែន ជា​ឪពុក គឺ​បន្ត​ទៅ​លោក ហ៊ុន ម៉ាណែត ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត»។

អ្នកវិភាគ​នយោបាយ​រូប​នេះ ​បន្ថែម​ថា វិបត្តិ​សង្គម ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ រួមមាន អំពើ​ពុករលួយ បក្សពួកនិយម អំពើ​អបាយ​មុខ និង​​ឧក្រិដ្ឋកម្ម​​បំផ្លាញ​​ទ្រព្យ​​សម្បត្តិ​​ជាតិ​​ ជា​ដើម។

លោក គឹម សុខ បញ្ជាក់​ថា វិបត្តិ​សង្គម​ទាំង​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល ហ៊ុន ដែល​អាច​បណ្ដាល​ឲ្យ​របប​ដឹកនាំ​នេះ​ដួល​រលំ ហើយ​មាន​តែ​ការ​ផ្ទេរ​អំណាច​ឲ្យ​កូន​នេះ​ទេ ទើប​អាច​ផ្សងព្រេង​កុំ​ឲ្យ​របប​នេះ​ដួល​រលំ។

ស្រដៀង​គ្នា​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន មាន​ប្រសាសន៍​ថា ការ​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​បន្ត​វេន គឺ​គ្រាន់​តែ​ជា​ការ​ចាត់តាំង​បង្គ្រប់​កិច្ច​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ ដូចជា បញ្ហា​តុលាការ​​មិន​ឯករាជ្យ អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ និង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ជា​ដើម ។

លោក អ៊ំ សំអាន បន្ថែមថា មាន​តែ​រដ្ឋាភិបាល​ថ្មី​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ទេ ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​បាន។

ដោយឡែក ឆ្លើយតប​ចំពោះ​អនុក្រឹត្យ​ចាត់តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​នេះ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ សីហា ចេញ​លិខិត​អរគុណ ដល់​​ព្រះ​មហា​ក្សត្រ។ តាម​រយៈ​សារ​នៅ​ក្នុង​លិខិត​នោះ លោក ហ៊ុន ម៉ាណែត ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ ដោយ​ប្ដេជ្ញា​បន្ត​ការពារ​ឯករាជ​ភាព អធិបតេយ្យ របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ធានា​ដាច់ខាត​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម។

ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត មិន​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ ជា​ពិសេស គឺ​ការ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក ហ៊ុន ម៉ាណែត បែរ​ជា​ផ្ដោត​ទៅ​លើ​ការ​ធានា​ដាច់ខាត​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម តាម​ដែល​ឪពុក​របស់​លោក​តែងតែ​និយាយ ដែល​ពាក្យ​ទាំង​នេះ ត្រូវ​បាន​អ្នក​តាមដាន​បញ្ហា​សង្គម​ចាត់​ទុក​ថា ពាក្យ​សម្រាប់​ការពារ​អំណាច​គ្រួសារ​ត្រកូល ហ៊ុន តែ​ប៉ុណ្ណោះ៕