The Cambodia Daily
21-2-2021

អ្នកសង្កេតការណ៍​អំពី​នយោបាយ​​កម្ពុជា អះអាង​ថា​កាលៈទេសៈ​នេះ គួរ​ជា​ពេល​ដឹកនាំ​ការ​តវ៉ា​សាធារណៈ ​នៅ​លើ​សមរភូមិ​កម្ពុជា ​ដើម្បី​​ទាមទារ​យុត្តិធម៌ និង​សេរីភាព ជា​ជាង​នាំ​គ្នា​បង្កើត​បក្សថ្មី។

អ្នកវិភាគ​នយោបាយ​សង្គម និង​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក គឹម សុខ បាន​​សេរសេរ​លើ​​ទំព័រ​​ហ្វេស​ប៊ុក​​របស់​​លោក​ នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​អ្វី​ដែល​លេច​ចេញ​លើ​បណ្ដាញ​សង្គម ​ទាក់​ទង​នឹង​សហ​ការី​នយោបាយ​ជិត​ស្និទ្ធ​របស់​លោក កឹម សុខា ជា​ការ​ពិត​នោះ ពួក​គាត់​មិន​គួរ​ចេញ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ ដែល​មិន​មាន​វាសនា​ល្អ​នោះ​ទេ សម្រាប់​​បរិបទ​​កម្ពុជា​​បច្ចុប្បន្ន ប៉ុន្តែ​ពួក​គាត់​គួរ​ជ្រើស​រើស​យក​វិធី​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​សកម្មជន​ចេញ​តវ៉ា​​ស្រុះ​គ្នា​ជា​សាធារណៈ ដើម្បី​រក​យុត្តិធម៌​ជូន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​​ប្រធាន​គណបក្ស ដែល​​ត្រូវ​​គេ​​បិទ​​សិទ្ធិ​​សេរីភាព​​វិញ​ ទើប​ជា​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ។ លោក បន្តថា ការធ្វើបែបនេះ ត្រូវ​គ្នា​ទៅ​នឹង​សេចក្តី​រំពឹង​របស់​ពលរដ្ឋ ត្រូវ​​គ្នា​​ទៅ​​នឹង​​បរិបទ​​វិវត្តន៍​ន​យោ​បាយ​​​ក្នុង​តំបន់​ជាមួយ​ភូមា និង​ថៃឡង់ ហើយ​​ក៏​​ជា​​ដង្ហើម​​តស៊ូ ចូល​ក្នុង​ចរន្ត​នៃ​ការ​តាម​ឃ្លាំ​មើល​​របស់​សហគមន៍​​អន្តរជាតិ​ផង​ដែរ។

លោក គឹម សុខ បញ្ជាក់​​ថា ការ​នាំ​គ្នា​ទៅ​បង្កើត​គណបក្ស​ថ្មីៗ ធ្វើ​ឲ្យ​មហាជន​មើល​ឃើញ​ថា ជា​ការ​បោះ​បង់​ជំហរ​សកម្មភាព​រួប​រួម​កម្លាំង​គណ​បក្ស​របស់​ខ្លួន ដែល​គេ​កម្ទេច​យ៉ាង​អយុត្តិធម៌ និង​ជា​ការ​បោះ​បង់​មេ​ដឹកនាំ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រង​គ្រោះ។ លោក អះអាង​ថា ការ​ធ្វើ​នយោបាយ​ខ្វះ​គុណធម៌​បែប​នេះ ជា​ការ​ធ្វើ​នយោបាយ​ ដែល​បាត់​បង់​គោល​ការណ៍​តស៊ូ ​​និង​បំផ្លាញ​ស្មារតី​អ្នក​គាំទ្រ​ តែ​ប៉ុណ្ណោះ។

បច្ចុប្បន្ន គណបក្ស​នយោបាយ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រសួង​មហា​ផ្ទៃ​ ស្រប​តាម​នីតិវិធី​ច្បាប់ គឺ​មាន​ចំនួន ៣៨ គណបក្ស ហើយ ​ស្រប​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​បោះ​ឆ្នោត​ជាតិ​ កាន់​តែ​គៀក​ចូល​មក​ដល់ ក្នុង​ឆ្នាំ​២០២២ និង ២០២៣ ខាង​មុខ​នេះ។

សហ​មេធាវី​របស់ លោក កឹម សុខា អះ​អាង​ថា ពិភព​លោក​ទទួល​ស្គាល់​ថា លោក កឹម សុខា ជា​មេដឹកនាំ​ដែល​គោរព ​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​មនុស្ស ដូច្នេះ​គាត់​មិន​មាន​គំនិត​អគតិ​ណា​មួយ ទៅ​រា​រាំង ឬ​ឃាត់​ឃាំង​បុគ្គល​ណា ឬ​ក្រុម​ណា​ដែល​ប្រើ​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ខ្លួន​ ស្រប​តាម​ច្បាប់ ទៅ​បង្កើត​គណ​បក្ស​នយោបាយ ឬ​ចលនា​ណា​មួយ​នោះ​ទេ។

លោកមេធាវី ចាន់ ចេន បាន​សេសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា មេបក្ស​ប្រឆាំង លោក កឹម សុខា មិន​មាន​អំណាច​អាច​ទៅ​ដក ឬ​ហាម​ឃាត់​សិទ្ធិ​បុគ្គល​ណា ឬ​ក្រុម​ណា​ មិន​​ឲ្យ​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ​នោះ​ទេ ជាពិសេស​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​មន្ត្រី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចេញ​ទៅ​បើក​បក្ស​នយោបាយ ឬ​ចលនា​នយោបាយ​ដោយ​ខ្លួន​ឯង​នោះ​ ប៉ុន្តែ​សូម​កុំ​យក​ករណី និង​ឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ពាក់​ពន្ធ័​ឲ្យ​សោះ។

បញ្ហានេះ លោកថា ការ​បង្កើត​គណបក្ស ឬ​ចលនា​នយោបាយ​ដោ​យ​ខ្លួន​ឯង គួរ​រក្សា​ក្រម​សីលធ​ម៌​នយោបាយ និង​សេចក្តី​ថ្លៃថ្នូរ ​របស់​ខ្លួន​ ដើម្បី​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ ជា​ជាង​ការ​ធ្វើ​សកម្មភាព​ដោយ​កេង​ចំនេញ​លើ​អ្នក​ដ៏ទៃ ដែល​មិន​ពាក់​ព័ន្ធ​នឹង​ខ្លួន​។ ជាង​នេះ​ទៀត លោក​ថា អ្នក​ទាំង​នោះ​មិន​ត្រូវ​យក​សេចក្តី​ថ្លែង​ការណ៍​របស់​សហ​មេធាវី​របស់ លោក កឹម សុខា កាល​ពី​ពេល​ថ្មីៗ​នេះ​ ទៅ​បក​ស្រាយ​បំភ្លៃ​ខុស​ពី​ការ​ពិត​បន្ត​ទៀត​នោះ​ទេ។

ជុំវិញបញ្ហា​នេះ អតីត​មន្ត្រី​ជាន់​ខ្ពស់​គណ​​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​គណបក្ស​ ដែល​ខ្លួន​ធ្លាប់​រួម​រស់​ ទៅ​បង្កើត​បក្ស​ថ្មី លោក អ៊ូ ចន្ទរ័ត្ន បាន​សេរសេរ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​ នៅ​ថ្ងៃ​នេះ ដែល​ទំនង​សំដៅ​ដល់​អ្នក​ រិះ​គន់ ​លើ​ការ​បើក​បក្ស​ថ្មី​របស់​លោក ថា​មិន​ធ្វើអ្វី​សោះ ​ក៏​ដំណើរ​ផែនដី​នៅ​តែ​វិល​ដែរ​ពេល​វេលា​មិន​នៅ​ស្ងៀម​ជាមួយ​នរណា​ម្នាក់​ឡើយ។

ប៉ុន្តែម​ន្រ្តី​គណ​បក្ស​សង្គ្រោះ​ជាតិ​ខ្លះ​អះអាង​ថា អ្នក​ដែល​មិន​ធ្វើ​អ្វី​សោះ​នោះ គឺ​លោក អ៊ូ ច័ន្ទរ័ត្ន នេះ​ហើយ​ ហើយ​ពេល​ដែល​លោក​ចាប់​ផ្តើម​ធ្វើ​សកម្មភាព គឺ​ជា​ពេល​ដែល​លោក ត្រូវ​បំបែក​ខ្លួន​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រងគ្រោះ​ទៅ​បង្កើត​បក្ស​ថ្មី​ ហើយ​អូសទាញ​មន្រ្តី​មួយ​ចំនួន​របស់​បក្ស​នេះ ទៅ​ជាមួយ​ថែម​ទៀត។

កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូល បាន​ប្រកាស​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ពាក់​ព័ន្ធ​សំណុំ​រឿង​របស់​លោក កឹម សុខា។ ប៉ុន្តែម​កទ​ល់​បច្ចុប្បន្ន​នេះ លោក កឹម សុខា នៅ​តែ​ជា​មនុស្ស​ស្អាត​ស្អំ ព្រោះ​តុលាការ​មិន​ទាន់​សម្រេច​ថា លោក​មាន​ទោស ឬ​អត់​នៅ​ឡើយ​ទេ។  ក្រៅ​ពី​រំលាយ​បក្ស​សង្រ្គោះ​ជាតិ តុលាការ​នេះ​បាន ចេញ​បម្រាម​មិន​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះចំនួន​១១៨​រូប ធ្វើ​នយោបាយ​រយៈ​ពេល ៥ ឆ្នាំ​ថែម​ទៀត។

គិតត្រឹម​ខែកុម្ភៈ ឆ្នាំ​ ២០២១ នេះ មានគ​ណ​បក្ស​ថ្មី​ៗ​ចំនួន ៤ ដែល​បាន​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង ដូច​ជា​ គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ របស់​លោក ជីវ កត្តា និង​លោក កង គឹមហាក់, គណបក្ស​ឆន្ទៈ​ខ្មែរ របស់​លោក គង់ គាំ និង​លោក ​គង់ ម៉ូនីការ, គណបក្សខ្មែរ​អភិរក្ស​និយម របស់​លោក រៀល ខេមរិន្ទ និង គណបក្ស​​កំណែ​ទម្រង់​កម្ពុជា របស់​លោក អ៊ូ ច័ន្នរ័ត្ន ដែល​បាន​ដាក់​ឯកសារ​ផ្លូវ​ច្បាប់ ទៅ​ក្រសួង​មហា​ផ្ទៃ កាល​ពី​ពេល​ថ្មីៗ​នេះ៕

.