អត្ថបទដោយ The Cambodia Daily / 04th-11- 2020

អ្នកវិភាគនយោបាយ​មិនសំចៃមាត់​នៅក្រៅប្រទេស មើលឃើញថា សង្គមខ្មែរ​បច្ចុប្បន្ន ​កំពុង​រងនូវ​សេចក្ដីវិនាស ដោយសារ​តែពួកអ្នក​ដឹកនាំអំណាច​តាម​ទំនើង​ចិត្ត និងវប្បធម៌​ប្រតិដ្ឋ​រឿង​លាបពណ៌ ដោយស្នាដៃ​ជនកាងអំណាច​និយម រួមសកម្មភាព​យ៉ាងស៊ី​សង្វាក់​គ្នា ពីក្រុម​អ្នកនយោបាយ​ល្បែងអបាយមុខ ផងដែរ។

អ្នកវិភាគនយោបាយ​សង្គម លោក គឹម សុខ បានអះអាង​នៅលើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក កាលពីថ្ងៃ​អាទិត្យថា ដោយសារតែ​កម្ពុជា​កំពុង​រងនូវ​ក្តីវិនាស​ផ្ទួនៗ​គ្នា ហេតុដូច្នេះ ទាមទារ​ឲ្យកូនខ្មែរ​ត្រូវមាន​បេះដូង​សុចរិត ប្រកបដោយ​គុណធម៌ និង​សីលធម៌​ខ្ពស់ ព្រមទាំង​មានស្មារតី រឹងប៉ឹង នឹងន ហើយ​ស្មោះត្រង់​ចំពោះ​ប្រជាជាតិ​កម្ពុជា។ លើសពីនេះ លោកថា កូនខ្មែរ នាំគ្នាព្យាយាម​គិត​អំពីវិធី​ដោះស្រាយ ជាជាងត្រឹម​តែ​តម្លើង​សម្លេង​បញ្ហា ឬសម្លឹង​មើល​ជាតិខ្មែរ កំពុងរងទុក្ខ។

អ្នកវិភាគ​នយោបាយសង្គម និង​ជាអនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ លោក គឹម សុខ អះអាងថា កន្លងមក លោក​ពុំមាន​គោលការណ៍ចេញ​មុខ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តការណ៍​នយោបាយ ដើម្បីប្រាថ្នា​ចង់បាន​កេរ្តិ៍ឈ្មោះ ឬ​ប្រមូលលុយកាក់ ដែល​ជាផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ណាមួយ​នោះ​ទេ។ ប៉ុន្តែលោក​មានសេចក្ដី​ប្រាថ្នា​ចង់​ឲ្យពលរដ្ឋខ្មែរ​ ចូលរួម​រុញនាវា​កម្ពុជា ជាមួយ​លោក ដើម្បីផ្លាស់ប្តូរ​ទៅ​កាន់ប្រជាធិបតេយ្យ និង​យុត្តិធម៌សង្គម​ ឲ្យបាន​ពេញលេញ​តែប៉ុណ្ណោះ។

យ៉ាងនេះក្តី លោក គឹម សុខ បានប្រកាស​ជាសាធារណៈថា លោក សុំសម្រាក​​រយៈ​ពេល ២​ខែ ពី​ការងារ​ឆ្លើយឆ្លង​ជាមួយ អ្នកសារពត៌មាន ដែល​តែង​អញ្ជើញលោក ឲ្យ​​ចូល​រួម​​កិច្ចពិភាក្សា​នយោបាយ​កន្លងមក ចាប់ពីថ្ងៃទី​​០២ ខែវិច្ឆិកា នេះ ដល់​ដំណាច់​ខែធ្នូ ២០២០។ បន្ថែមពីនេះ លោក បានអះអាងថា លោកមិនប្រាកដថា​នឹងវិល​មក​កាន់​វេទិកា​ពិភាក្សា​នយោបាយ​ឡើងវិញ នៅដើម ឆ្នាំ​២០២១ នោះទេ ប្រសិនបើ​លោក​រកមិន​ឃើញ​នូវ​យុទ្ធវិធី​គួរឲ្យ​ជឿជាក់ ដែល​អាច​សង្គ្រោះ​ប្រជាធិបតេយ្យ​កម្ពុជា​បាន​ទេនោះ ។ 

កាលពីថ្ងៃទី​៣០ ខែតុលា លោក គឹម សុខ បានសរសេរ​លើបណ្តាញ​សង្គមថា មាន​ក្បួន​តែ​មួយ​គត់ ដើម្បី​ធ្វើឲ្យមាន​ការប្រែប្រួល​ជាវិជ្ជមាន មួយ​ជំហានទៀត​នៅកម្ពុជា គឺ​ទាល់​តែមាន​សេចក្​ដីក្លាហាន​នៃ​មេដឹកនាំ​នយោបាយ​ប្រជាធិបតេយ្យ ទើប​អាច​ទម្លាយ​ភាព​ទ័លច្រក​នយោបាយ​នៅកម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ទោះយ៉ាង​ណា​ក៏ដោយ អ្នកវិភាគ​រូបនេះ បាន​ជុំរុញឲ្យ​មេបក្សប្រឆាំង បង្កើត​វប្បធម៌​ទំនាក់ទំនង​ចំហ ដោយ​សរសេរ​សំបុត្រ​ទៅកាន់​ លោក ហ៊ុន សែន ក្នុងនាម​ជាកូនខ្មែរ​ម្នាក់ ដើម្បីរកឱកាស​និយាយគ្នា ក្នុង​នាមមេដឹកនាំ​ជម្លោះ​នយោបាយ ដោយ​ប្រើនាម​ជាកូនខ្មែរ​មួយរូប ។ លោក លើកឡើងថា លោក ហ៊ុន សែន ធ្លាប់ប្រើវិធីនេះ​ដើម្បីជួបជជែក​ជាមួយ​សម្ដេច​ព្រះ នរោត្តម សីហនុ ជាលើក​ដំបូង មុនឈាន​ដល់ការចរចា​មួយ​ ដែលនាំឲ្យ​មានការ​សម្រេច​បាន​នូវកិច្ចព្រមព្រៀង​ក្រុងប៉ារីស៍ ឆ្នាំ​១៩៩១។

កាលពីខែសីហា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បានប្តឹង​លោក គឹម សុខ ពីបទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​រដ្ឋាភិបាល​ដែលដឹកនាំដោយ គណបក្ស​ប្រជាជន​កម្ពុជា ជាសាធារណៈ​ ពាក់ព័ន្ធ​ករណីថា​បានបង្កើត​ជាប្រព័ន្ធ​នៃ​ការសម្លាប់​មនុស្ស​ លើឃាតកម្ម​ធំៗ ហើយ​រកឃាតក មិនឃើញ។ ពាក់ព័ន្ធករណីនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​អ្នកវិភាគ​នយោបាយ​រូបនេះ ឲ្យជាប់​ពន្ធនាគារ​រយៈពេល ១៨ ខែ។​ ជាង​នេះ​ទៅទៀត តុលាការ​បង្គាប់​ឲ្យលោក បង់ប្រាក់​ពិន័យ​ចំនួន ៨​ លានរៀល ចូល​ជាថវិកា​ជាតិ និង​សំណងជំងឺចិត្ត ដល់លោក ហ៊ុន សែន ដែល​ជាដើម​បណ្តឹង ចំនួន ៨០០​លាន​រៀល ឬប្រមាណ​ជា ២០ម៉ឺនដុល្លារ​អាមេរិក។

ដោយមានការគម្រាមកំហែងសុវត្តិភាព ពីរដ្ឋាភិបាលកម្ពុជា​ឥតស្រាក​ស្រាន្ត លោក គឹម សុខ បាន​ភៀស​ខ្លួន ទៅក្រៅប្រទេស កាលពីចុង​ឆ្នាំ​២០១៨ ក្រោយ​ពេល​លោក ចេញ​ពីពន្ធនាគារ​វិញ និង​បានទទួល​សិទ្ធិជ្រកកោន​ នៅប្រទេសហ្វាំងឡង់ ជាមួយ​កូនស្រី​ម្នាក់ រហូតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ៕

.

.