The Cambodia Daily
16-8-2022
អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយខ្មែរនៅក្រៅស្រុក អះអាងថា ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (UN) លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) មកកម្ពុជា ជាលើកទី១ នៅថ្ងៃទី១៥ សីហា នេះ ដើម្បីរំឭកដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់ The Cambodia Daily នៅថ្ងៃទី១៥ សីហា នេះថា មានតែការលើកស្ទួយសិទ្ធិមនុស្ស និងការស្ដារលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះ ទើបជាមធ្យោបាយប្រសើរជាងគេបំផុត ក្នុងការដោះស្រាយរាល់វិបត្តិទាំងអស់ ដែលកម្ពុជាកំពុងប្រឈមសព្វថ្ងៃនេះ។
លោកបន្តថា ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅបាន លុះត្រាតែផ្តល់សេរីភាពដល់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងសកម្មជននយោបាយដទៃទៀត។
លោក គឹម សុខ អះអាងថា លោក Vitit Muntarbhorn ក៏នឹងទាមទារឱ្យផ្តល់សិទ្ធិសេរីភាព ដល់សកម្មជនបរិស្ថាន កម្មករនិយោជិត សកម្មជនសិទ្ធិមនុស្ស និងទាមទារឲ្យមានការដោះលែងកញ្ញា សេង ធារី ដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌នៅពេលនេះ ជាដើម។ លោកបន្តថា ដំណើរទស្សនកិច្ចនេះហាក់ធ្វើឡើងនៅមុនព្រឹត្តិការណ៍បោះឆ្នោតជាតិ ឆ្នាំ២០២៣ ដែលបង្ហាញថា អាមេរិកបារម្ភយ៉ាងខ្លាំង ពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសគឺការអវត្តមានក្នុងឆាកនយោបាយ របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលជាមេដឹកនាំបក្សប្រឆាំងដ៏មានឥទ្ធិពល ក្នុងពេលបច្ចុប្បន្ននេះ។
ប្រធានវេទិកាពលរដ្ឋ រូបនេះបញ្ជាក់ថា ប្រសិនបើសិទ្ធិសេរីភាពរបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅតែមានការរឹតត្បិតបន្តទៀត នោះគឺមានន័យយ៉ាងច្បាស់ថា ប្រជាធិបតេយ្យនៅកម្ពុជា ក៏កំពុងតែធ្វើដំណើរថយក្រោយ ហើយនឹងអាចបង្កទៅជាវិបត្តិជាច្រើនផ្សេងទៀត នៅពេលដែលបញ្ហាដ៏សំខាន់នេះ នៅតែជាប់គាំងដូចសព្វថ្ងៃនេះ។
កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ អង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក Vitit Muntarbhorn នឹងទៅបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ដើម្បីវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល ជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅពេលនេះ។
ប្រភពដដែលបញ្ជាក់ថា លោក Vitit Muntarbhorn នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល តំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងអ្នកតំណាងពាក់ព័ន្ធផ្សេងទៀត ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ខណៈរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងត្រូវបញ្ជូនទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សជាបន្តបន្ទាប់ផងដែរ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានចេញរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាលើកដំបូងរបស់ខ្លួនថា កម្ពុជាសព្វថ្ងៃនេះ បានក្លាយជាប្រទេសដែលដឹកនាំដោយរដ្ឋាភិបាលឯកបក្ស ដែលអាចឱ្យគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កាន់កាប់អាសនៈទាំងអស់នៅក្នុងរដ្ឋសភា ហើយធ្វើឱ្យបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ប្រមូលផ្ដុំអំណាចខ្ពស់រហូតគ្មានស្ថាប័នជាតិណាមួយអាចគ្រប់គ្រងបាន។
ដំណើរទស្សនកិច្ចអ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ រូបនេះ ធ្វើឡើងស្របពេលដែលកម្ពុជាត្រូវគេមើលឃើញថា កំពុងរំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដូចជាការកាត់ទោសសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងការបង្ក្រាបទៅលើក្រុមកូដករ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) រួមទាំងការរឹតត្បិតសេរីភាពមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅពេលនេះជាដើម៕
.