វិទ្យុអាស៊ីសេរី RFA /ដោយ ថា ថៃ
21-8-2023
ព្រះមហាក្សត្រខ្មែរ ចេញព្រះរាជសារអំពាវនាវឱ្យរដ្ឋសភា និងរដ្ឋាភិបាល អាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ ឲ្យបង្រួបបង្រួមផ្សះផ្សាជាតិ និងប្រកាន់ភ្ជាប់នូវព្រហ្មវិហារធម៌ ៤ យ៉ាងរបស់សាសនាព្រះពុទ្ធ។ ព្រះរាជសារអំពាវនាវនេះ ធ្វើឡើងក្នុងពេលព្រះអង្គធ្វើជាព្រះរាជប្រធានកិច្ចប្រជុំរដ្ឋសភា អាណត្តិថ្មីនេះ លើកដំបូង នៅព្រឹកថ្ងៃទី២១ សីហា។ មន្ត្រីបក្សប្រឆាំង និងអ្នកវិភាគ លើកឡើងថា ការអំពាវនាវរបស់ព្រះមហាក្សត្រនេះ ដោយសារព្រះអង្គមើលឃើញពីការបែកបាក់របស់អ្នកនយោបាយខ្មែរ ដែលនឹងធ្វើឱ្យអន្តរាយដល់ប្រទេសជាតិ។
ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មានព្រះរាជបន្ទូលនៅក្នុងពេលធ្វើជាប្រធាន នៃសម័យប្រជុំសភាលើកដំបូង ដោយរំពឹងថា រដ្ឋាភិបាលអាណត្តិថ្មី នឹងទទួលបានការទុកចិត្តពីរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្ដប់លើពលរដ្ឋគ្រប់រូប។ ព្រះអង្គបន្តថា ប្រការនេះដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ ព្រះអង្គមានព្រះរាជបន្ទូលទៀតថា ដើម្បីសម្រេចភារកិច្ចនេះ កម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាពខ្ពស់ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ។
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី៖ «និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ ៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។ នៅក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមរដ្ឋសភា នីតិកាលទី៧ មានដំណើរការល្អ និងអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយមនសិការទទួលខុសត្រូវ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀត ជាឧត្ដមប្រយោជន៍រួម ជូនជាតិមាតុភូមិ»។
ព្រះអង្គមានព្រះរាជបន្ទូលបែបនេះ នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតប្រធានរដ្ឋសភា លោក ហេង សំរិន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងសមាជិកសភាគណបក្សប្រជាជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច សរុប ១២៥រូប ក្នុងសម្លៀកបំពាក់អាវកុតពណ៌ស សំពត់ចងក្បិនពណ៌ស្លាទុំ នៅក្នុងរដ្ឋសភា នៅព្រឹកថ្ងៃទី២១ សីហា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា ការដែលព្រះមហាក្សត្រ មានព្រះបន្ទូលបែបនេះ គឺដើម្បីណែនាំដល់រដ្ឋាភិបាលថ្មី និងសមាជិកសភា អាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតបង្គ្រប់កិច្ចនេះ ឱ្យងាកមកដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ ដើម្បីផលប្រយោជន៍រួម របស់សង្គមជាតិ។ បន្ថែមពីនេះ លោកថា ព្រះមហាក្សត្រ ក៏ទំនងមិនពេញចិត្តនឹងការដឹកនាំ របស់រដ្ឋាភិបាលឯកបក្សកន្លងទៅដែរ ដែលតែងធ្វើទុក្ខបុកម្នេញ មកលើអ្នកដែលមានមតិផ្ទុយ និងក្រុមគណបក្សប្រឆាំង។
លោក អ៊ុំ សំអាន៖ «លោកដូចថា មានការឈឺចាប់ចំពោះភាពអយុត្តិធម៌ នៅក្នុងសង្គម ចំពោះប្រជាពលរដ្ឋ។ អ៊ីចឹង បានលោកដាស់តឿនឱ្យតំណាងរាស្ត្រហ្នឹង ចេះឈឺឆ្អាល ឬមានព្រហ្មវិហារធម៌ចំពោះប្រជាពលរដ្ឋ។ បញ្ហាទី២ លោកឃើញថា វិបត្តិនយោបាយនៅកម្ពុជាហ្នឹង កាន់តែធ្ងន់ធ្ងរទៅ ហើយរៀបចំការបោះឆ្នោតក្លែងក្លាយ វា ២ដងហើយ ឆ្នាំ២០១៨ម្ដង ឥឡូវ២០២៣ម្ដងទៀត។ អ៊ីចឹងលោកយល់ថា ប្រជាធិបតេយ្យហ្នឹង ការគោរពសិទ្ធិមនុស្សហ្នឹង គឺកាន់តែដុនដាបនៅកម្ពុជា»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រនេះ ជាសារដាស់ទៀនទូទៅ ដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន គឺពុំមែនសំដៅលើរដ្ឋាភិបាល ឬរដ្ឋសភាអាណត្តិថ្មីនោះទេ។ ទោះយ៉ាងណាលោកថា ការបង្រួបបង្រួមជាតិបាន អាស្រ័យលើអកប្បកិរិយារបស់ក្រុមគណបក្សប្រឆាំង។
លោក សុខ ឥសាន៖ «ពីព្រោះគណបក្សប្រជាជនហើយ ដែលជាអ្នកលើកនូវ នយោបាយបង្រួបបង្រួមជាតិ តាំងពីទសវត្សឆ្នាំ១៩៨០ មកម៉្លេះ ។ ក៏ប៉ុន្តែដោយសារមហិច្ឆតារបស់ពួកគណបក្សប្រឆាំង ដែលតែងតែលើកឡើងថា ខ្លួនឯងជាអ្នកប្រជាធិបតេយ្យ ក៏ប៉ុន្តែខ្លួនឯង ប្រព្រឹត្តអំពើអនាធិបតេយ្យជារៀងរហូត»។
បើទោះបីជាអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ខំប្រឹងនិយាយការពាររដ្ឋាភិបាល យ៉ាងណាក៏ដោយ ក៏ប៉ុន្តែហាក់ខុសស្រឡះពីការពិត។ កាលពីឆ្នាំ២០១៧ តុលាការក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិចោល ដែលអ្នកវិភាគមើលឃើញថា ដោយសារ លោក ហ៊ុន សែន ព្រួយបារម្ភខ្លាចចាញ់ឆ្នោត។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការដែលលោក ហ៊ុន សែន ធ្វើបែបនេះ ដើម្បីងាយស្រួលផ្ទេរអំណាចតពូជរបស់លោក។ ចំណែកការអំពាវនាវរបស់ព្រះមហាក្សត្រវិញ លោក គឹម សុខ មើលឃើញថា ដោយសារ ព្រះអង្គព្រួយបារម្ភពីហានិភ័យ នៃទណ្ឌកម្មពីសហគមន៍អន្តរជាតិ នៅពេលខាងមុខ ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ពលរដ្ឋក្រីក្រ។
លោក គឹម សុខ៖ «រដ្ឋាភិបាល និងរដ្ឋសភាខុសច្បាប់នេះ ប្រឈមធំណាស់នឹ ងប្រតិកម្មរបស់សហគមន៍អន្តរជាតិ, ប្រតិកម្មរបស់ពលរដ្ឋ ដែលនឹងតវ៉ាទូទាំងពិភពលោក។ ហើយប្រឈមទៅនឹងវិបត្តិទាំងសេដ្ឋកិច្ច និងវិបត្តិសង្គម ភាពក្រីក្រ ការអត់ការងារធ្វើ ក៏នឹងកើតឡើង។ វិបត្តិទាំងអស់នេះ ធ្វើឱ្យប្រទេសខ្មែរយើងខ្សោយ ព្រះអង្គដឹងអ៊ីចឹងហើយ បានជាព្រះអង្គអំពាវនាវ ហើយសមត្ថកិច្ចរបស់ព្រះអង្គ អត់មានអ្វីក្រៅពីការអំពាវនាវទេ»។
ក្រោយពេលព្រះមហាក្សត្រ ផ្ដល់ព្រះរាជឱវាទ ក្នុងអំឡុងបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា អាណត្តិទី៧ នេះហើយ ព្រះអង្គក៏បានថតរូបជាមួយសមាជិកសភា ទាំង ១២៥រូបនៅមុខរដ្ឋសភាជាតិផងដែរ។
លទ្ធផលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលគ្មានគណបក្សប្រឆាំងចូលរួមប្រកួតប្រជែង កាលពីថ្ងៃទី២៣ កក្កដា កន្លងទៅ បង្ហាញថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ទទួលបាន ១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច របស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ទទួលបាន ៥ អាសនៈ។
ទោះជាយ៉ាងណា សហគមន៍ជាតិនិងអន្តរជាតិ ចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយ ខ្វះភាពស្របច្បាប់ និងគ្មានយុត្តិធម៌ត្រឹមត្រូវ ដោយសារផាត់ចោលគណបក្សភ្លើងទៀន ហើយគ្រាន់តែល្បែងនយោបាយឆ្ពិនភ្នែករបស់លោក ហ៊ុន សែន ដើម្បីផ្ទេរអំណាចតពូជ ដែលស្តែងឲ្យឃើញស្រាប់៕
