(អត្ថបទដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
បើតាមនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩ ឲ្យដឹងថា តួលេខជនអន្ដោប្រវេសន៍ នៅកម្ពុជា មានប្រមាណជាង ១៨២០០០ នាក់ ដែលក្នុងនោះមាន ជនជាតិវៀតណាម សរុបគឺ ៩០%។
ចំណែកអាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ បញ្ជាក់ថា នៅស្រុករលៀប្អៀរ មានជនជាតិវៀតណាម ២៤៨០ គ្រួសារ ឬស្មើនឹង ១០៣១១ នាក់ ក្នុងចំណោមអ្នកត្រូវធ្វើបម្លាស់ទី សរុបមាន ៤៥៦៣ គ្រួសារ ដែលត្រូវធ្វើបម្លាស់ទី ពីផ្ទះបណ្តែតទឹក ទៅរស់នៅលើដីគោក ក្នុងទំហំដី ៤០ ហិកតារ ដែលជាដីសម្បទានបម្រុងរដ្ឋ របស់រដ្ឋាភិបាល។ ទាក់ទងរឿងនេះ ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋក្នុងបណ្តាញសង្គម មានប្រតិកម្មជំទាស់ដាច់ខាត ចំពោះរដ្ឋាភិបាល លោក ហ៊ុន សែន ដែលសម្រេចផ្តល់ដីធ្លីឲ្យជនជាតិវៀតណាម ដែលជាជនជាអន្តោប្រវេសន៍ខុសច្បាប់ បើផ្អែកតាមច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ និងច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦។
តួលេខរបស់ក្រសួងមហាផ្ទៃ ស្តីអំពីអាត្រាជនអន្តោប្រវេសន៍វៀតណាម នៅទូទាំងប្រទេសកម្ពុជា មិនឆ្លុះបញ្ចាំងពីភាពជាក់ស្តែងទេ បើធៀបនឹងរបាយការណ៍មួយជ្រុង របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅខែធ្នូ ឆ្នាំ២០១៩។
ជុំវិញរឿងជនអន្ដោប្រវេសន៍វៀតណាម នៅកម្ពុជា យើងសូមភ្ជាប់ជូន ឯកសារព្រះរាជសារ របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបានផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០៣ ថា «ចំនួនជនអន្ដោប្រវេសន៍វៀតណាម ដែលមាន នៅក្នុងសម័យសង្គមរាស្ដ្រនិយម គឺជាការទទួលខុសត្រូវទាំងស្រុង របស់អាណានិគមនិយមបារាំង ដែលបានត្រួតត្រាកម្ពុជា ពីឆ្នាំ ១៨៦៣ មកទល់នឹងថ្ងៃដែលកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣»។ ព្រះអង្គ បានរំលឹកថា «បើតាមការចងចាំរបស់ខ្ញុំ ជនជាតិវៀតណាម ទាំងបុរសទាំងស្ដ្រី កុមារា កុមារី មានចំនួនប្រហែលជាង ៤០ ម៉ឺននាក់»។ ជនជាតិវៀតណាម រស់នៅក្នុងសម័យសង្គមរាស្ដ្រនិយម ជាង ៩៩% ពុំអាចមានសិទ្ធិចូលសញ្ជាតិខ្មែរ ឬទិញយកសញ្ជាតិខ្មែរបានទេ។
គួររំលឹកដែរថា ក្នុងសម័យសាធារណរដ្ឋ លោក លន់ នល់ និងសម័យខ្មែរក្រហម ប៉ុល ពត បានបោសសំអាតជនជាតិវៀតណាម អស់ពីកម្ពុជា។ លុះចាប់ពីខែ មករា ឆ្នាំ១៩៧៩ ជនជាតិវៀតណាម ទាំងយោធា និងជនស៊ីវិល មករស់នៅកម្ពុជា សាជាថ្មី។ តាមសេចក្តីសន្និដ្ឋានរបស់ អង្គការសហប្រជាជាតិ (អ.ស.ប.) ឆ្នាំ ១៩៨៤ បញ្ចាក់ថា តួលេខជនជាតិវៀតណាម ចូលមករស់នៅកម្ពុជា គឺមានពី ៥០ ម៉ឺននាក់ ទៅ ៦០ ម៉ឺននាក់។
បើតាមឯកសារលោក K.L. Bindra ជាអតីតអគ្គលេខាធិការគណៈកម្មការអន្តរជាតិនៃ កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីបញ្ហាឥណ្ឌូចិនឆ្នាំ១៩៥៤ ត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០៥ បង្ហាញទិន្នន័យថា កំណើន ៣៣% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ឆ្នាំ ២០០៥ ស្មើនឹងជាង ៤,២ លាននាក់ (៤ លាន ២ សែននាក់) ក្នុងចំណោមពលរដ្ឋខ្មែរទាំងអស់ជាង ១៣,៥ លាននាក់។ (មានអត្ថបទភ្ជាប់ សូមចុចត្រង់នេះ)។
សូមទាញយកព្រះរាជសារ (Download) ឬសូមអានខ្លឹមសារទាំងស្រុងខាងក្រោម៖
ព្រះរាជសារ
ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ផ្ញើជូនជនរួមជាតិគ្រប់រូបជាគោរព និងស្រឡាញយ៉ាងជ្រាលជ្រៅជាទីបំផុត
ភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០០៣
សូមគោរពជនរួមជាតិ បងប្អូន កូនចៅ និងចៅទូតជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុត
គួរចោទសួរថា ហេតុអ្វីបានជាជនអន្ដោប្រវេសន៍វៀតណាម នៅរាជាណាចក្រកម្ពុជាទី២ នេះ មានចំនួនតិចណាស់ បើប្រៀបធៀបទៅនឹងចំនួនជនអន្ដោប្រវេសន៍វៀតណាម នាសម័យសង្គមរាស្ដ្រនិយម?
ខ្ញុំសូមលើកពាក្យសម្ដីរបស់អ្នកឯករាជ្យជាច្រើននាក់ ដែលមិនរណបគណបក្សណា និងសម្ដីរបស់ប្រជារាស្ដ្រ ដែលរស់នៅជាប់ព្រំដែនជាមួយវៀតណាម ឱ្យដឹងថា ជនជាតិវៀតណាម ជាច្រើនលាន នាក់ បានមករស់នៅពាសពេញ នៅក្នុងរាជាណាចក្រកម្ពុជាទី២។ ចំពោះបញ្ហានេះ ខ្ញុំមិនហ៊ានអារកាត់ទេ អំពីចំនួននេះ ដ្បិតខ្ញុំគ្មានអំណាច គ្មានមធ្យោបាយ និងធ្វើស្ថិតិជំរឿនជនអន្ដោប្រវេសន៍វៀតណាម។
តាមមតិដ៏ស្ដួចស្ដើងនៃខ្ញុំ ចំនួនជនអន្ដោប្រវេសន៍វៀតណាម មានតិចយ៉ាងនេះ គឺ៖
១- មកពីអ្នកមានអំណាច គ្មានចំណង់ធ្វើស្ថិតិ ជំរឿនចំនួនជនអន្ដោប្រវេសន៍ វៀតណាម។
២- ជនជាតិវៀតណាម ដែលចូលមករាជាណាចក្រកម្ពុជាទី២ ទទួលជាស្វ័យប្រវត្ដិសញ្ជាតិខ្មែរ ព្រមទាំងមានសិទ្ធិបោះឆ្នោតថែមទៀតផង។
៣- ខ្ញុំបានសរសេរអត្ថបទ សម្រាប់ប្រវត្ដិសាស្ដ្រ នៅរដ្ឋធានីប៉េកាំង នាពេលថ្មីៗនេះថា ជនជាតិវៀតណាម សព្វថ្ងៃនៅកម្ពុជា មានតែនៅក្នុងស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋសង្គមនិយមវៀតណាមទេ ដ្បិតគាត់ជាអ្នកតំណាងសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយពុំអាចធ្វើជា ជនជាតិខ្មែរឡើយ។
៤- ជនរួមជាតិដែលបានទៅដល់ព្រំដែន ហើយអ្នកស្រុក ដែលរស់នៅភូមិ ជាប់ជាមួយវៀតណាម និយាយថា នៅសម័យសង្គមរាស្ដ្រនិយម មានស្រុកភូមិជាច្រើន ដែលជាប់ព្រំដែនកម្ពុជា-វៀតណាម តែឥឡូវស្រុក ភូមិទាំងនោះ បានក្លាយទៅជាកម្មសិទ្ធិរបស់វៀតណាម ហើយកងទ័ពគេ បានបោះទីតាំងការពារយ៉ាងរឹងមាំ។ ជនជាតិខ្មែរ ដែលរស់នៅក្នុងស្រុកភូមិទាំងនេះ មានផ្លូវតែមួយគត់ គឺត្រូវរត់ចោលស្រុក ភូមិកំណើតរបស់ខ្លួន ឬក៏ក្លាយជាជនជាតិភាគតិច នៅលើស្រុកកំណើតរបស់ខ្លួន។
សូមអរព្រះគុណ សូមអរគុណជាអនេកកប្បការ។
(ព្រះហស្ថលេខា)
នរោត្តម សីហនុ
ឯកសារ៖
- – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០១៩ សូមទាញយកខ្លឹមសារទាំងស្រុង (ទាញយក / Download)។ អត្ថបទនេះវិញ គឺព្រះរាជក្រឹត្យព្រះមហាក្សត្រ លើសន្ធិសញ្ញានេះ (Download)។
- – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ (សូមទាញយក Download)
- – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់ជាមួយបញ្ជីស្ថិតិ ផែនទីព្រំដែន ឆ្នាំ ១៩៨៥ (ច្បាប់ដើម) Download
- – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាម ឆ្នាំ ១៩៨៥ (សូមទាញយក Download)
- – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃទី ២០ កក្កដា ១៩៨៣ Download
- – កំណត់ហេតុប្រជុំ ជាឯកសារសម្ងាត់ ឆ្នាំ ២០០៧ ស្តីពីការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម Download
- – សារាចរណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ដោយលោក ហ៊ុន សែន បានផ្តល់សិទ្ធិ និងការពារពលរដ្ឋវៀតណាម នៅកម្ពុជា – សូមទាញយក (Download)
- – លិខិតលោក ប្រេវីយេ (Brévié) អំពីកោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស – English និង បារាំង – French ហើយនិងបកប្រែក្រៅផ្លូវការជា ភាសាខ្មែរ – Khmer)
- – កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និងលោក ង្វៀង កូថាច់ (សូមទាញយក «ច្បាប់ដើម» Download ឬទាញយក «ចម្លង» Download)
- – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
- – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
- – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
- – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
- – ព្រះរាជសារសម្តេច នរោត្តម សីហនុ ថ្ងៃ ១៧ កក្កដា ២០០៣ ថាជនជាតិវៀតណាម រាប់លាននាក់ រស់នៅកម្ពុជា (Download)
- លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)
.