ក្រោយរដ្ឋសភាជាតិរបស់លោក ហេង សំរិន អនុម័តយល់ព្រមជាឯកឆន្ទ ទៅលើសមាសភាពសមាជិកមួយចំនួន នៃគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ភ្លាមៗនោះព្រះមហាក្សត្រ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងមន្រ្តីជាន់ខ្ពស់ទាំងនះ ជារដ្ឋមន្ត្រី និង ទេសរដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី (ចុចត្រង់នេះ មានភ្ជាប់ព្រះរាជក្រឹត្យ) តាមការស្នើសុំរបស់លោក ហ៊ុន សែន។ ការស្នើសុំ បានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមីនា។
នៅក្នុងព្រះរាជក្រឹត្យ បានដំឡើងឋានៈអតីតរដ្ឋមន្រ្តី ៤ រូប ទៅជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការពិសេស ប៉ុន្តែគ្មានក្រសួង ឬស្ថាប័នក្រោមឱវាទណា សម្រាប់ដឹកនាំទេ ឬអាចនិយាយបានថា «ពួកគេ ត្រូវបានគេប្រគល់កៅអី ឲ្យអង្គុយនៅក្បែរជញ្ជាំង» ដូចពួកមន្ត្រីជាច្រើនទៀត ដែលមានតែតំណែង តែអត់ស្ថាប័នគ្រប់គ្រង ក្រោយពីគេផ្ទេរ ឬដោះដូរមុខតំណែងចេញ។ អតីតរដ្ឋមន្រ្តីទាំង ៤ រូបនោះមាន លោក ហ៊ឹម ឆែប លោក អង្គ វង្សវឌ្ឍនា លោក តាំង អ៊ីវតឹក និងលោក ពេជ្រ ប៊ុនធិន។
មុនពេលរុះរើសមាសភាពថ្មី នៃគណៈរដ្ឋមន្រ្តីនេះ កាលពីថ្ងៃទី ២៤ កុម្ភៈ លោក ហ៊ុន សែន យកវេទិកាស្តីពីវិធានការទប់ស្កាត់មេរោគកូរ៉ូណា ឬកូវីដ១៩ (Covid-19) ធ្វើការព្រមានដោយប្រយោល ទៅក្រុមមន្រ្តីរបស់លោកថា «អ្នកស្ពឹកស្រពន់ក្នុងការងារ ត្រូវកែប្រែខ្លួន មុនពេលខ្ញុំ សម្រេចកែប្រែសមាសភាព»។ លុះ ៣ ថ្ងៃក្រោយមក សំណើស្តីពីការរុះរើសមាជិកគណៈរដ្ឋមន្រ្តី ក៏បានផ្ញើទៅកាន់រដ្ឋសភា ដើម្បីសុំការអនុម័តយល់ព្រម។
ក្រុមអ្នកឃ្លាំមើលស្ថានការនយោបាយខ្មែរ បានហៅការរុះរើសមាជិកមួយចំនួន នៃគណៈរដ្ឋមន្ត្រីថា «ជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ក្នុងការបង្ក្រាបមន្រ្តីគ្រាក់ៗក្នុងបក្សកាន់អំណាចគ្នាឯង ជាពិសេសរវាងភាគីលោក ហ៊ុន សែន ខ្លួនឯង និង ភាគីលោក ស ខេង» ហើយថា «ជាយុទ្ធសាស្ត្រឈានទៅរកការផ្ទេរតំណែងស្នងត្រកូល ទៅឲ្យលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បង ដោយសន្សឹមៗ»។
គួរបញ្ជាក់ថា មន្រ្តីដែលត្រូវបានដហូតតំណែង ឬផ្លាស់ប្តូរតំណែង មិនដែលហ៊ានរអូរទាំ ឬ បង្ហាញការអន់ចិត្តរបស់ខ្លួន ជាសាធារណៈ ឬក្នុងជួរមន្រ្តីគ្នាឯងទេ ពីព្រោះថា ពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ក្នុងរឿងផលប្រយោជន៍ ជាមួយក្រុមគ្រួសារ លោក ហ៊ុន សែន រួមទាំងជាប់ជំពាក់ក្នុងអំពើពុករលួយ ដែលមានទ្រព្យសម្បត្តិស្តុកស្តមផង៕
(CWCI Cambodia /អត្ថបទដោយ នគរ /៣០ មីនា ២០២០)


