RFA Khmer /ដោយ សុជីវី
10th-7-2023

ព្រះមហាក្សត្រ ព្រះបាទ​ នរោត្តម សីហមុនី ទ្រង់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ការពារ​ព្រៃឈើ ដើម្បី​ធានា​ធនធាន​ព្រៃ​ឈើ។ សកម្មជន​បរិស្ថាន​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ​ ជា​រឿង​ល្អ ហើយ​ប្រសិន​បើ​រដ្ឋ​ចង់​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ពិត​ប្រាកដ​ ត្រូវ​ឈប់​គំរាម​កំហែង បំបិទ​សិទ្ធិ​សេរីភាព និង​ការ​ចាប់​ដាក់​គុក​ជាដើម។

ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ទ្រង់​យាង​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​រុក្ខទិវា ០៩ កក្កដា នៅ​ស្ថានីយ​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន ស្ថិត​នៅ​ភូមិ​អូរកាខុប ឃុំ​ក្រាំងល្វា ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង។ ស្ថានីយ​នេះ មាន​ផ្ទៃ​ដី​ទំហំ ១០ហិកតា ត្រូវ​ដាំ​កូន​ឈើ​ចំនួន​ជាង ១ម៉ឺន ៣​ពាន់​ដើម រួមមាន​កូន​ឈើ​ធ្នង់ ច្រេស គីនីន គ្រញូង ស្ដៅ និង​ក្ងោក​ជា​ដើម។

ព្រះអង្គ ទ្រង់​ប្រថាប់​លើ​កៅអី​អធិបតី​ពណ៌​មាស សម្លឹង​មើល​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រៀបរាប់​ពី ប្រវត្តិ​នៃ​ការ​បង្កើត​បុណ្យ​រុក្ខទិវា​ដោយ​ការ​យក​ព្រះទ័យ​ទុកដាក់ និង​ព្រះភក្ត្រ​ស្មើៗ ស្រប​ពេល​លោក​នាយករដ្ឋមន្ត្រី​ អង្គុយ​ឈ្ងោក​មុខ​ចុះ​ក្រោម​ សម្លឹង​មើល​ទូរស័ព្ទ។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា ព្រៃ​ឈើ គឺជា​សម្បត្តិ​ធនធាន​ធម្មជាតិ ដែល​មាន​​តម្លៃ​មហាសាល​ សម្រាប់​ជីវិត​មនុស្ស និង​សត្វ ហើយ​ការ​បាត់បង់​ព្រៃឈើ​គ្រប់​ប្រភេទ អាច​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់ ខ្យល់​កន្ត្រាក់ រន្ទះ និង​គ្រោះ​រាំងស្ងួត ដែល​ធ្វើ​ឲ្យ​ទី​តម្កល់​ទឹក​ សម្រាប់​តម្រូវការ​របស់​មនុស្ស និង​សត្វ​ត្រូវ​រីងស្ងួត និង​ឈាន​ទៅ​រក​ការ​បាត់បង់​ប្រាក់​ចំណូល សត្វព្រៃ និង​ធនធាន​មច្ឆាជាតិ​គ្រប់​ប្រភេទ ព្រមទាំង​អាច​បង្ក​ឲ្យ​មាន​ភាព​រហោស្ថាន និង​ធ្លាក់​ចុះ​គុណភាព​ដី​ផង​ដែរ

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​បន្ត​ថា ព្រៃឈើ​មាន​គុណ​តម្លៃ​ខាង​សេដ្ឋកិច្ច និង​សង្គម ថែមទាំង​ជួយ​ថែរក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើ​ឲ្យ​ធាតុអាកាស​មាន​ភាព​បរិសុទ្ធ ​រក្សា​និយតភាព​ប្រភព​ទឹក ព្រម​ទាំង​ការពារ​ទី​ជម្រាល និង​ជីវចម្រុះ។ ព្រះអង្គ​ ក៏​រំលឹក​ដល់​ព្រះរាជ​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ដែល​តែង​តែ​រំលឹក​ដល់​កាតព្វកិច្ច​របស់​ពលរដ្ឋ​ ក្នុង​ការ​ចូលរួម​ថែរក្សា និង​ការពារ​ព្រៃឈើ។ ព្រះអង្គ​អំពាវនាវ ឲ្យ​ព្រះសង្ឃ អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​ពលរដ្ឋ​ទូទាំង​ប្រទេស ឲ្យ​ចូលរួម​ដាំ​ដើម​ឈើ​ឲ្យ​បាន​គ្រប់​ប្រភេទ ជាពិសេស​ដើមត្នោត ដែល​ជា​រុក្ខជាតិ​តំណាង​អត្តសញ្ញាណ​ជាតិ​ខ្មែរ នៅ​ទី​​សាធារណៈ និង​កន្លែង​ផ្សេងៗ​ទៀត។

ព្រះរាជបន្ទូល ព្រះបាទ នរោត្តម សីហមុនី៖ «ស្ថិត​ក្នុង​បរិបទ​នេះ ខ្ញុំ​ព្រះករុណា​ខ្ញុំសូម​អំពាវនាវ​ចំពោះ​ព្រះសង្ឃ​អាជ្ញាធរ​ដែន​ដី វិស័យ​ឯក​ជន និង​បង​ប្អូន​ជន​រួមជាតិ​​នៅ​ទូទាំង​ប្រទេស សូម​ព្រះ​មេត្តា នឹង​មេត្តា​ចូលរួម​ដាំ​ដើម​ឈើ​​គ្រប់​ប្រភេទ​ ឲ្យ​បាន​ច្រើន​ ក្នុង​នោះ​ក៏​មាន​ដើម​ត្នោត​ ដែល​ជា​រុក្ខជាតិ​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​យើង ដើម​ឈើ​ទាល់ ដើម​គគី​ជាដើម។ល។ នៅ​តាម​ទីវត្ត​អារាម ឬ​ទី​សាធារណៈ​រមណីយដ្ឋាន ​ដង​ផ្លូវលំ​ផ្លូវជាតិ​ ដង​ប្រឡាយ ភូមិ​ដ្ឋាន​នានា ​និង​ភ្លឺ​ស្រែ ចម្ការ ដើម្បី​បំពេញ​តម្រូវ​ការ​ព្រៃឈើ​ និង​សហគមន៍​នានា»។

ព្រះអង្គ​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ ចូលរួម​ការពារ​ព្រៃឈើ និង​ការពារ​សត្វ​ព្រៃ​គ្រប់​ប្រភេទ ដើម្បី​ធានា​នូវ​ធនធាន​ព្រៃឈើ សម្រាប់​កូនចៅ​គ្រប់​ជំនាន់ និង​ចូលរួម​ធ្វើ​កសិកម្ម​ដាំដុះ​ដំណាំ​ឲ្យ​អស់​លទ្ធភាព ​ទៅ​តាម​សក្ដានុពល​ដី ប្រកប​ដោយ​ភាព​វៃឆ្លាត ដោយ​មិន​ពឹង​អាស្រ័យ​ទៅ​លើ​អនុផល​ព្រៃ​ឈើ ជាមួយ​នឹង​ការ​គាំទ្រ​ និង​ការ​ជួយ​ណែនាំ​បច្ចេកទេស​បន្ថែម​ពី​មន្ត្រី​ជំនាញ។

បើ​ទោះបីជា​ព្រះមហាក្សត្រ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ឲ្យ​ចូលរួម​ការពារ​ព្រៃឈើ និង​ការពារ​សត្វ​ព្រៃ​ក៏​ដោយ ក៏​ប៉ុន្តែ​​រដ្ឋាភិបាល អាជ្ញាធរ​រួម​ទាំង​តុលាការ មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​​តាម​ព្រះរាជ​បន្ទូល​នោះ​ទេ បែរ​ជា​លាប​ពណ៌​ចោទ​ប្រកាន់​ ​គំរាមកំហែង​ ​ចាប់​ដាក់​គុក រហូត​មាន​អំពើ​មនុស្ស​ឃាត ​ចំពោះ​អ្នក​ស្រឡាញ់​បរិស្ថាន និង​ការពារ​​ព្រៃឈើ​ដូចជា សកម្មជន​បរិស្ថាន​លោក​ ឈុត វុទ្ធី ជាដើម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅ​ អាឡិច មាន​ប្រសាសន៍​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​នេះ គឺ​ទ្រង់​មាន​ចេតនា​ល្អ​ ក្នុង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ការពារ​ព្រៃឈើ ហើយ​ការ​អំពាវនាវ​នេះ មិនមែន​ជា​អន្ទាក់ ឬ​ជា​ល្បិចកល​នោះ​ទេ។ លោក​បន្ត​ថា វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា មិន​មែន​កើត​ឡើង​ដោយ​សារ​តែ​ពលរដ្ឋ​សាមញ្ញ​ដែល​គ្មាន​អំណាច ឬ​ស្ថាប័ន​តែ​មួយ ​អាច​ធ្វើ​បាន​នោះ​ទេ គឺ​ត្រូវតែ​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន។

លោក អាឡិច៖ «អ្វី​ដែល​សំខាន់​គឺ​យើង​អាច​ចោទ​ជា​សំណួរ​បាន រាល់ថ្ងៃ​អ្នកណា​ដែល​រៀប​ចំ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​​ធនធាន​ធម្មជាតិ។ ឧទាហរណ៍​ថា ជា​កាប់​ឈើ​ជា​លក្ខណៈ​ប្រព័ន្ធ​ នាំ​ចេញ​ទៅ​វៀតណាម វៀតណាម​នាំ​ចូល​ឈើ​​រាប់​រយ​លាន​ដុល្លា​មួយ​ឆ្នាំៗ អ្នកណា​ធ្វើ​ទៅ? មិនមែន​ប្រជាជន​មូលដ្ឋាន​តែ​ឯង​ មិនមែន​ឧកញ៉ា​ម្នាក់​ពីរ​នាក់ តែ​​ឯង​ឯ​ណា គឺ​រដ្ឋ​អំណាច​ហ្នឹង អ្នក​ដែល​កាន់​អំណាច​នៅ​ក្នុង​រដ្ឋ ទាំង​ប៉េអិម ទាំង​ទាហាន ទាំង​ក្រសួង​អី​ទាំងអស់ ដូច​ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន​អ៊ីចឹង ដរាប​ណា​អ្នក​កាន់​អំណាច​កំពូលៗ​ជា​អ្នក​រៀប​ចំ ជា​អ្នក​ប្រព្រឹត្ត ​ជា​អ្នក​ចូល​រួម​នៅ​ក្នុង​អារឿង គេ​ហៅ​ថា បំភ្លេច​បំផ្លាញ​ធនធាន​ធម្មជាតិ ក្រោម​រូបភាព​អភិវឌ្ឍ​ក៏ដោយ ក្រោម​រូបភាព​អី​ក៏​ដោយ គឺ​ព្រះមហាក្សត្រ​និយាយ ១០០​ដង ក៏​នៅ​តែ​អត់​មាន​ប្រសិទ្ធភាព​ដែរ»។

លោក​អស់​សំណើច ​ពី​ការ​អំពាវនាវ​របស់​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ​ជាដើម ដែល​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឈើ និង​សម្បត្តិ​ធនធាន​ធម្មជាតិ ក៏ប៉ុន្តែ​បែរ​ជា​លាប​ពណ៌​ ចោទ​​ប្រកាន់ គំរាមកំហែង​រហូតដល់​ចាប់​អ្នក​ការពារ​ព្រៃឈើ និង​សម្បត្តិ​ធនធាន​ធម្មជាតិ​ដាក់​គុក ក្រោម​បទ​ចោទ​ធ្ងន់ធ្ងរ​ជាដើម។

លោក អាឡិច៖ «បើសិន​ជា​មាន​ចេតនា​ចង់​ឲ្យ​ប្រជាជន​ ចូលរួម​ការពារ​ព្រៃឈើ ការពារ​ធនធាន​ធម្មជាតិ ដែល​នៅ​សេសសល់​មែន និង​ចូលរួម​កិច្ចការ​សង្គម​ កិច្ច​ការ​អភិវឌ្ឍ​អី​ជា​ដើម ត្រូវតែ​ចោល​ជា​​បន្ទាន់​ នូវ​​អា​ទម្លាប់​ អា​ដូច​ថា ធ្វើ​បាប​តាម​អំពើ​ចិត្ត​ទៅ​លើ​សកម្មជន ទៅ​លើ​ប្រជាជន​មូលដ្ឋាន​ដែរ, ធ្វើ​បាប​សកម្មជន​តាម​អំពើ​ចិត្ត ធ្វើ​បាប​តាម​អំពើ​ចិត្ត ទៅ​ប្រជាជន​មូលដ្ឋាន​ ដែល​ចង់​ព្យាយាម ចង់​ចូលរួម​ការពារ​ព្រៃ​ឈើ។ ឧទាហរណ៍ ​រឿង​មាតា​ធម្មជាតិ​ជា​រឿង​មួយ​ជាក់​ស្ដែង។ ឧទាហរណ៍​មួយ​ទៀត​ ជា​ឧទាហរណ៍ ​ប្រកែក​អត់​បាន​ទេ សួរថា ហេតុ​អី មូល​ហេតុ​អី​ បាន​ទី​លោក​ ហេតុ​អី មូល​ហេតុ​អី ក្រសួង​បរិស្ថាន​ ហាម​មិន​ឲ្យ​​សកម្មជន និង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ល្បាត​នៅ​ព្រៃឡង់​ មូល​ហេតុ​អី​នឹង អត់​មាន​មូលហេតុ​ណា​មួយ​ក្រៅ​តែ​ពី​ការពារ​ឧក្រិដ្ឋជន ឲ្យ​ទទួល​ការងារ​កាប់​ឈឺ​ដោយ​រលូន មិន​ទៅ​ជួយ​សកម្មជន មិនមែន​ទៅ​ជួយ​អ្នក​ការពារ​ទេ​ គឺ​ទៅ​ជួយ​អ្នក​កាប់​ឈើ។ អ៊ីចឹង​ បើ​ចង់​មាន​ប្រសិទ្ធភាព​​នៅ​ក្នុង​ការ​កិច្ចការ​ពារ​ធនធាន​ធម្មជាតិ បើ​ចង់​ឲ្យ​យើង​ជឿ​ គួរ​តែ​ពាក្យ​សម្ដី​របស់​ពួកគេ ទាល់​តែ​គេ កែ​អា​ទម្លាប់​ហ្នឹង​ជា​បន្ទាន់​ បាទ»។

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ កាល​ពី​ចុង​ខែមករា ឆ្នាំ២០២២ មាន​ចំណងជើង​ថា ទំនៀមទម្លាប់​ជន​ជាតិ​ដើម​ភាគ​តិច កំពុង​ត្រូវ​បាន​គេ​បំផ្លាញ ដោយសារ​ការ​កាប់​ឈើ​ខុស​ច្បាប់​ នៅ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ។ របាយការណ៍​នេះ​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា ​ទទួល​រង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្ពស់​ជាង​គេ​ នៅ​លើ​ពិភពលោក ក្នុងរយៈពេល ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដោយ​បាន​បាត់បង់​ព្រៃ​ឈើ​ប្រមាណ ៦៤% នៃ​គម្រប​ដើម​ឈើ ចាប់​តាំង​ពី​ឆ្នាំ​២០១១ រហូត​បច្ចុប្បន្ន។ អង្គការ​លើក​លែង​​ទោស​អន្តរជាតិ បាន​គណនា​ពី​ចម្ងាយ ដោយ​ប្រើ​ប្រព័ន្ធ​ទិន្នន័យ អំឡុង​ឆ្នាំ​២០២១ ដោយ​រក​ឃើញ​ថា គម្រប​ព្រៃឈើ​ទំហំ​ជាង ៦​​ពាន់​ហិកតារ​( ៦.២៧១) ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ព្រៃព្រះរការ ត្រូវ​បាន​កាប់​បំផ្លាញ៕