អត្ថបទ CWCI Cambodia /19-6-2020

ចលនានិស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (ហៅ​កាត់​ជា​អង់គ្លេស​ថា SMD) នៅ​ថ្ងៃទី ១៩ ខែ​មិថុនា ឆ្នាំ​២០២០ ចុះផ្សាយ​ខ្លឹមសារ​​សំខាន់ៗ​​នៃ សេចក្តីថ្លែងការណ៍​របស់​​នាយក​រដ្ឋមន្រ្តីសិង្ហបូរី (Singapore) លោក លី សៀនទ្បុង (Lee Hsien Loong) ដែល​ផ្ញើ​ទៅ​កាន់​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) កាល​ពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ កន្លង​ទៅ ដើម្បី​​បញ្ជាក់​រំលឹក​ជូន​ប្រទេសថៃ អំពី «ប្រទេស​វៀតណាម ឈ្លានពាន​កម្ពុជា នៅ​ឆ្នាំ​​​១៩៧៨ រួច​ចូលកាន់កាប់​កម្ពុជា នៅ​ខែ​មករា ឆ្នាំ​១៩៧៩»។ ការរំលឹក​របស់ប្រទេស​សិង្ហបូរី​នេះ ទំនង​​ជា​ចង់​​បង្ហាញ​​សេចក្តី​ព្រួយ​បារម្ភ​​ចំពោះ​ប្រទេស​ថៃ ដែល​ជាសមាជិក​ស្ថាបនិក​សមាគម​​អាស៊ាន (ASEAN) មួយដែរ ឲ្យ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ការជ្រៀត​ជ្រែក​នយោបាយនានា នៅ​​ក្នុង​តំបន់។ (ទអត្ថបទ​បន្ថែ​ម៖ វៀតណាម​ ប្រតិកម្ម​​​​ទៅ​​មេដឹកនាំ​សាំង​ហ្កាពួរ Lee Hsien Loong ដែល​​ថា វៀតណាម​ឈ្លាន​​ពាន​​កម្ពុជា)។

ប្រទេស​សិង្ហបុរី ធ្លាប់បានប្តឹងទៅអង្គការសហប្រជាតិ (អ.ស.ប.) តាម​លិខិត​ចុះថ្ងៃទី ៥ ធ្នូ ១៩៨៦ អំពីប្រទេស​​វៀតណាម ចូល​ឈ្លាន​ពាន​កម្ពុជា ដោយ​មាន​​បញ្ជាក់អំពី «កោះត្រល់ និង​ចង្កោម​កោះ​មួយ​ចំនួន​របស់​​កម្ពុជា» ត្រូវ​បាន​វៀតណាម បង្ខំ​ឲ្យភាគី​កម្ពុជា​ កាល​នោះ ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​​ដែន​ទឹកប្រវត្តិសាស្ត្រ នៅ​ថ្ងៃទី ០៧ កក្កដា ១៩៨២។ លោក ហ៊ុន សែន ក្នុង​នាម​ជារដ្ឋមន្រ្តី​ការបរទេស​នៃរបប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ជា​អ្នក​ចុះហត្ថលេខា​ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្រ្តី​ការបរទេស​វៀតណម លើ​កិច្ចព្រមព្រៀងដែន​ទឹក​ប្រវត្តិសាស្រ្ត​នេះ។ «ផែនទី​អម»កិច្ចព្រមព្រៀងនេះ បង្ហាញ​ថា វៀតណាម បាន​កាត់ឆ្វៀល​យក​កោះត្រល់ ចង្កោម​កោះក្រចកសេះ និង​ដាក់ផ្ទៃ​សមុទ្រខ្មែរ ១០.០០០ (១ម៉ឺន) គីឡូម៉ែត្រ​ក្រឡា​​ទៀតផង។ (ឯកសារកិច្ចព្រមព្រៀង ១៩៨២៖ «ច្បាប់ដើម Download» ឬ​«ច្បាប់​ចម្លង Download»)។

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បាន​ចេញសេចក្តីថ្លែងការណ៍​មួយ ចុះ​ហត្ថ​លេខា​​ដោយ​​ប្រធានប្រតិបត្តិ លោក ទូច វិបុល កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០២០ ​អំពាវនាវ​​ឲ្យ​​អ្នកនយោបាយ​ខ្មែរ វិលទៅ​រក​ការ​ផ្សាះផ្សា និង​ឯកភាពជាតិ «ដើម្បី​​ទាមទារ​ឲ្យ ប្រទេស​​វៀតណាម ប្រគល់​​សង​​មក​​ជាកម្មសិទ្ធិ​​របស់កម្ពុជា​​វិញ នូវ​​ទឹកដី​កម្ពុជា​ ដែល​​វៀតណាម​ បាន​​ឈ្លាន​ពាន​យក​​ទៅ​គ្រប់គ្រង ជាពិសេស​ កោះត្រល់។ គោលការណ៍​ និង​យន្តការ​​តាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ ​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ ,ឯកសារផ្លូវ​ការ​នានា និង​ច្បាប់ជាតិ​-​អន្តរជាតិ​​​ទាំង​​ឡាយ គឺ​ជា​មូលដ្ឋាន​​​ប្រតិបត្តិការ ​ទាមទារ​ទឹកដីកម្ពុជា​ ពី​​វៀត​ណាម»។ សេចក្តីថ្លែងការណ៍​ដដែល​នេះ បាន​បញ្ជាក់​បន្ថែមថា «ប្រទេស​វៀតណាម ដែល​​ជាស​មាជិក​អង្គការ​សហប្រជា​ជាតិ (UN) ជាសមាជិក​​អាស៊ាន (ASEAN) និង​​ជាប្រទេស​​ហត្ថលេខី​នៃ ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុងប៉ារីស​ ​ដែរ​​នោះ ត្រូវ​តែ​​គោរព​អធិបតេយ្យភាព​ និង​បូរណ​ភាព​​​ទឹកដី​កម្ពុជា និង​​ត្រូវទទួល​ខុសត្រូវ​​ ចំពោះ​​មុខ​គោលការណ៍​ និង​​ច្បាប់​​អន្តរជាតិ»។ (មាន​អត្ថបទ៖ អ្នកនយោបាយខ្មែរ ត្រូវរកដំណោះ​ស្រាយ​​នយោ​បាយ​​​​រួម រួម​គ្នា​​ការ​ពារ​បូរណ​ភាព​​​ទឹក​​ដី និង​​ដោះ​ស្រាយ​​រឿង​​កោះត្រល់)។

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យ​សភាកម្ពុជា និង​ប្រធានក្រុម​​អ្នកស្រាវជ្រាវ​​ព្រំដែន ​របស់​​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​បាន​សារព័ត៌មាន​ ឌីខេបូឌា ដេលី (The Cambdia Daily) ដក​ស្រង់​សំដី​កាល​ពីថ្ងៃទី ១៧ ខែ​មិថុនា ឆ្នាំ​២០២០ ថា​ ការអំពាវនាវ​របស់​ចលនានិស្សិតខ្មែរ ដែល​លើកបញ្ហា ​កោះត្រល់ និងចង្កោម​កោះក្រចកសេះ ជាកម្មសិទ្ធិ​របស់​កម្ពុជានោះ «គឺជាការធ្វើឡើង​ចង់បាន​ល្បីឈ្មោះ​តែ​ប៉ុណ្ណោះ»។ លោក​បន្តថា «ការទាមទារ​កោះត្រល់​មក​វិញ លុះ​ត្រាណា​កម្ពុជា​ មាន​សេដ្ឋកិច្ច​ខ្លាំង មាន​ត្រៀម​ខ្លួន​ជាស្រេច​ពី​សំណាក់​មហាជន និង​មាន​កម្លាំយោធាខ្លាំង​ជាមុន»។ លោក បានបញ្ជាក់​ទៀត​ថា «គ្មាន​ផែនទី​ណា​មួយ​ដែល​បញ្ជាក់​ថា កោះត្រល់ ជារបស់​ខ្មែរ​នោះ​ទេ សូម្បីសៀវ​ភៅ​ លោក ស៊ាន ប៉េងសែ {អ្នកជំនាញផែនទីខ្មែរ នៅ​ប្រទេស​បារាំង} ក៏​សរសេរខុស ពាក់ព័ន្ធ​នឹង​បញ្ហា​កោះត្រល់ ​នេះ​ដែរ»

ទោះជាយ៉ាងក៏ដោយ លោក ម៉ែន ណាត អនុប្រធាន​​​ក្រុមប្រឹក្សាភិបាល នៃ​​​ចលនា​​និស្សិត​​​ដើម្បី​​​លទ្ធិ​​ប្រជា​ធិបតេយ្យ បាន​ប្រតិកម្ម​​ប្រាប់​សារព័ត៌មាន The Cambdia Daily ថា «ចលនា​​និស្សិត កំណើត​ទី២ នេះ មិន​មែន​បង្កើត​ឡើង​ដើម្បី​ចង់​​ល្បី​ឈ្មោះ​​ដូច​​លោក សុខ ទូច និយាយ​​ទាំង​​ខ្វះការ​ពិចារណា​​នោះ​​​ទេ»។ លោកបន្តថា ចលនា​និស្សិត​នេះ បង្កើត​ឡើង​តាំងពី {ថ្ងៃទី០២} ខែកញ្ញា ឆ្នាំ១៩៩៨ មកម៉្លេះ។ ចលនា​និស្សិត​នេះ ត្រូវបាន​រៀបចំឡើង​វិញ​ក្នុងទស្សន​វិស័យ និង​គោលបំណង​ច្បាស់លាស់ ព្រមទាំង​មាន​ការចូលរួម​ពីក្រុម​អ្នកជំនាញ​ព្រំដែន អ្នកច្បាប់ និង​បញ្ញវន្ត​ជា​ឥស្សរជន​ជាច្រើន​ទៀត​ផង»។ អ្នកឃ្លាំមើល​ព្រំដែនរូបនេះ បាន​អះអាង​ថា ចលនានិស្សិត កំណើតទី២ នេះ មាន​ទស្សនវិស័យ «ចង់ឃើញ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ ឯកភាពជាតិ អធិបតេយ្យ និងបូរណភាព​​ទឹកដី​ពេញលេញ» និងមានគោល​បំណង «ធ្វើ​​ការ​តស៊ូ​មតិ​​អហិង្សា​​ ជា​មួយ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ ក្នុង​ការ​​​ស្តារ​លិទ្ធិប្រជាធិបតេយ្យ​ ការ​ពារ​បូរណភាព​ទឹកដី​ និង​​លើកកម្ពស់​ការចូលរួម​ថែរក្សាស្ថេរភាព និង​សន្តិភាព​នៅ​កម្ពុជា»

លោក ម៉ែន ណាត បញ្ជាក់បន្ថែមប្រាប់ The Cambdia Daily ដដែល​ថា «ចំពោះ​ករណី​រឿង​រ៉ាវ​​កោះត្រល់ មិន​អាច​និយាយ​ថា ជាការបាត់​បង់​យូរ​ហើយ​នោះ​ទេ ឬ​​បាត់​​បង់​​តាំង​​ពីឆ្នាំ ១៩៣៩ ដូច​ការអះអាង​របស់​លោក ហ៊ុន សែន និង​លោក សុខ ទូច នោះ​ទេ»។ លោក​បន្តថា «ការអះអាង​របៀបនេះ គឺ​ជាករ​សម្លាប់ខ្លួនឯង ជាកា​រចង់បំបាត់​ប្រវត្តិសាស្ត្រ​ខ្លួន​ឯង​​តែប៉ុណ្ណោះ»។ លោកបន្តទៀតថា «រឿង​កោះត្រល់នេះ គឺត្រូវបាន​វៀតណាម បង្ខំឲ្យលោក ហ៊ុន សែន ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ស្តីពី​ដែន​ទឹក​ប្រវត្តិសាស្ត្រ នៅ​ខែ​កក្កដា ឆ្នាំ​១៩៨២ ដែល​បានគូសផែនទី លេបត្របាក់​យក​កោះត្រល់ និង​ចង្កោមកោះ​ក្រចកសេះ ផង​ដែរ»។ លោក ម៉ែន ណាត បង្ហាញ​ជូន​ឯកសាររឿង «កោះត្រល់» ថា៖
– ឯកសារ​ចរាចររបស់លោក ប្រវីយេ (Brévié) ដែលចុះថ្ងៃទី ៣១ មករា ១៩៣៩ បាន​បញ្ជាក់​លំអិត​ថា ​«កោះត្រល់ ជា​របស់​ប្រទេស​កម្ពុជា ហើយ​ដែន​កូសាំងស៊ីន​របស់​បារាំង គ្រប់​គ្រ​ង​កោះត្រល់ ​តែ​ផ្នែក​ប៉ូលីស និងរដ្ឋបាលប៉ុណ្ណោះ»។ មានលិខិតលោក ប្រវីយេ៖ កោះ​ត្រល់ ​​ជា​​កម្មសិទ្ធិ​​​របស់​​​​ខ្មែរ គឺ​ផ្ទុយ​ពី​ការអះអាង​​​របស់​​លោក ហ៊ុន សែន)។
– ព្រះរាជក្រឹត្យរបស់ស្តេចព្រះ នរោត្តម សុរាម្រិត ឆ្នាំ១៩៥៧ បញ្ជាក់ថា «កោះ​ត្រល់ ឬ កោះ​​ភូកុក គឺ​ជា​ឈ្មោះ​កោះតែមួយ ដែលជាកម្មសិទ្ធិរបស់កម្ពុជា»
– លុះដល់រដ្ឋាភិបាល ក្នុងសម័យលោកសេនាប្រមុខ លន់ នល់ និងរបប​​ខ្មែរ​ក្រហម ក៏​នៅ​តែ​បញ្ជាក់​ថា «កោះត្រល់ គឺជាកម្មសិទ្ធិរបស់កម្ពុជា» ហើយ​នៅ​ឆ្នាំ​១៩៧៦ កងទ័ព​ខ្មែរ​ក្រហម បាន​លើកទ័ព​ឈរ​ជើង​នៅ​លើ​​កោះត្រល់ បាន​មួយ​រយៈ​ផង​ទៀត។
– រហូតមកដល់ឆ្នាំ ២០០៥ អតីតព្រះមហាក្សត្រ សម្តេចឪ នរោត្តម សីហនុ ក៏​បាន​រំលឹក​ទៅ​លោក ហ៊ុន សែន ជាប្រមុខ​រដ្ឋាភិបាល​ថា «គ្មានសម័យណា គ្មាន​មេដឹកនាំ​ណា ដែល​ហ៊ាន​និយាយ​ថា កោះត្រល់ ត្រូវបាន​កាត់​ទៅ​ឲ្យ​វៀតណាម​ទេ»។ ព្រះអង្គមាន​បន្ទូល​ថា «កោះត្រល់ ជា​របស់​កម្ពុជា»

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី ០៩ សីហា ២០១២ បាន​​ថ្លែង​​​ក្នុង​​កិច្ច​ប្រជុំ​​រដ្ឋសភា​​ថា «កោះត្រល់ លែង​ជា​របស់​កម្ពុជា តាំង​ពីឆ្នាំ១៩៣៩ មក​ម្ល៉េះ ដោយសារ​អគ្គទេសាភិបាល​បារាំង លោក ប្រវីយេ បាន​​ដាក់​កោះត្រល់ ទៅ​ឲ្យ​ដែន​ដី​​កូសាំងស៊ីន​ (កម្ពុជា​ក្រោម) របស់​បារាំង ជា​អ្នកគ្រប់គ្រង»។ រួចហើយនៅឆ្នាំ១៩៤៩ បារាំង បាន​​ផ្ទេរ​កម្ពុជា​ក្រោម ទៅ​ឲ្យ​​វៀតណាម ជា​អ្នក​គ្រប់គ្រង​​បន្ត ដែល​​លោក​​ថា «កោះត្រល់ លែងជារបស់កម្ពុជា» នោះ។ ការលើកឡើង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​​ក្រុម​អ្នកជំនាញ​​ព្រំដែន និង​​សកម្មជន​ព្រំដែន​ខ្មែរ ច្រាន​ចោល ដោយ​ពន្យល់ថា «ចរាចរ​បស់លោក ប្រវីយេ នៅ​​ឆ្នាំ​​១៩៣៩ នោះគឺបារាំង នៅ​ដែន​កូសាំងស៊ីន គ្រប់គ្រង​កោះត្រល់ តែផ្នែកប៉ូលីស និងរដ្ឋបាល។ ហើយរឿងដោយឡែកនេះ កោះនេះនៅតែ​របស់​កម្ពុជា»

ថ្លែងប្រាប់ The Cambdia Daily ថ្ងៃទី​១៧ មិថុនា ​២០២០ លោក ម៉ែន ណាត បាន​​សង្កត់​ធ្ងន់​​ថា «បើតាមឯកសារផ្លូវច្បាប់ រួមទាំងច្បាប់សមុទ្រ និងកិច្ចព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស​ឆ្នាំ​​១៩៩១ ផង គឺថា​ភាគី​កម្ពុជា មាន​អាទិភាពផ្លូវ​ច្បាប់​ពេញលេញ ជាម្ចាស់​កោះត្រល់។ ម្ល៉ោះ​ហើយ​​បាន​​ជាយើង {ចលនានិស្សិត}ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​លោក ហ៊ុន សែន ធ្វើ​​មោក្ខភាព ឬ​លុបចោលរាល់សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ក្នុង​ទសវត្សរ៍​ទី៨០ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន និង​​រឿង​កោះត្រល់ ទៅតាមយន្តការអន្តរជាតិ ដែលអាចធានាយុត្តិធម៌ ទាំងភាគីកម្ពុជា និងវៀតណាម»

សម្តេចតា រោត្តម សីហនុ បាន​ផ្ញើព្រះរាជសារ​​​​ពី​ទី​ក្រុងប៉េកាំង ថ្ងៃទី ១៦ តុលា ២០០៤ ថា «ចំពោះ​​​ខ្ញុំ ក្រោយ​ពី​បារាំង​​សែស ថ្វាយ​​​រាជសម្បត្តិ​​ឲ្យខ្ញុំ ខ្ញុំ​​បាន​​​រារាំង​​ប្រទេស​​ថៃ ប្រទេស​​​វៀត​ណាម ដែល​​ខ្លាំង​​​ជាង​​យើង កុំ​ឲ្យ​មក​​​លេប​​ត្របាក់​​​ពង្រួញ​​ទំហំ​ទឹកដី​ខ្មែរ​​​យើង​​​តទៅ​ទៀត​​បាន»។ «កើត​មក​ជាខ្មែរ គ្មាន​​អ្នក​ណា​ម្នាក់ ដែល​​មិន​ស្រលាញ់​ជាតិ ស្រលាញ់​កម្ពុជា​ក្រោម និង កោះត្រល់ នោះ​ទេ»។ «ដូច្នេះ ខ្ញុំសូម​​ជនរួមជាតិ មេត្តា​​បែង​ចែក​ឲ្យ​ច្បាស់លាស់​​ពី៖ {គឺថា} នរោត្តម សីហនុ មិន​ដែល​​ទទួល​ស្គាល់​ថា ស្របច្បាប់ និង​​សមហេតុផល​​អំពី ​កម្ពុជា​ក្រោម កោះត្រល់ បាន​​ទៅ​បារាំង ឬ វៀតណាម នោះ​ទេ»

agreement-july-kh-vn-1982koh-tral-map-1939

.